34 C
Phnom Penh

អ្នក​គ្រប់គ្រង​ផ្ទះ​បន​ជាប់​ចោទ ម្ចាស់​ផ្ទះ​ត្រូវ​ដោះលែង

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុម​មន្ត្រី​បាន​និយាយ​កាលពី​ថ្ងៃ​ច័ន្ទ​ថា អ្នក​គ្រប់គ្រង​ផ្ទះ​បន ដែល​នគរបាល​ក្រុង​ពោធិ៍សាត់​ឆ្មក់​ចូល​ចាប់​កាលពី​សប្តាហ៍​មុន ត្រូវ​ជាប់​ពន្ធនាគារ​ពី​បទ​ធ្វើ​សញ្ចរ​កម្ម​កុមារ រីឯ​ម្ចាស់​ផ្ទះ​បន​ត្រូវ​បាន​ដោះលែង​ពី​ការ​ឃុំឃាំង ប៉ុន្តែ​ត្រូវ​ស្ថិត​ក្នុង​ការ​ស៊ើបអង្កេត។

ក្មេង​ស្រី​និង​ស្ត្រី​៦​នាក់​ត្រូវ​បាន​សង្គ្រោះ​ក្នុង​ការ​ឆ្មក់​ចូល​ឆែកឆេរ​ក្នុង​ផ្ទះ​មួយ​នៅ​សង្កាត់​បន្ទាយ​ដី​ក្នុង​ក្រុង​នេះ​កាលពី​ល្ងាច​ថ្ងៃ​អង្គារ​មុន ដែល​ធ្វើ​ឡើង​ដោយ​នគរបាល​ប្រឆាំង​ការ​ជួញដូរ​មនុស្ស និង​សមាជិក​អង្គការ Agape International Missions’ AIM SWAT team ជា​អង្គភាព​ស៊ើបអង្កេត​របស់​អង្គការ​មិនមែន​រដ្ឋាភិបាល។

យោង​តាម​អង្គការ Agape ឲ្យ​ដឹង​ថា ស្ត្រី​ដែល​រង​ការ​ចោទ​ប្រកាន់​ថា​គ្រប់គ្រង​ផ្ទះ​បន ឈ្មោះ គឹម ដានី អាយុ​៤៥​ឆ្នាំ ត្រូវ​បាន​ចាប់​ខ្លួន​ក្នុង​ប្រតិបត្តិការ​នោះ ហើយ​អ្នក​រកស៊ី​ផ្លូវ​ភេទ​ម្នាក់​ក្នុង​ចំណោម​៦​នាក់​បាន​ប្រាប់​ថា មាន​អាយុ​ត្រឹមតែ​១៦​ឆ្នាំ​ប៉ុណ្ណោះ។

លោក រស់ ប៊ុនណាន ស្នងការ​រង​នគរបាល​ខេត្ត​ពោធិ៍សាត់ បាន​និយាយ​ថា អ្នក​ស្រី ដានី ត្រូវ​ចោទ​ពី​បទ​សញ្ចរ​កម្ម​កុមារ​នៅ​តុលាការ​ខេត្ត​កាលពី​ថ្ងៃ​ព្រហស្បតិ៍ និង​បញ្ជូន​ទៅ​ពន្ធនាគារ​រង់ចាំ​ការ​កាត់​ក្តី។

លោក ប៉ុល ចំរើន នាយ​ការិយាល័យ​នគរបាល​ខេត្ត​ប្រឆាំង​ការ​ជួញ​ដូរ​មនុស្ស បាន​និយាយ​ថា កាលពី​ថ្ងៃ​ពុធ សមត្ថកិច្ច​ក៏​បាន​ចាប់​ខ្លួន ឌី រ៉ាស៊ី អាយុ​៤២​ឆ្នាំ ​ម្ចាស់​ផ្ទះ ដែល​បើក​ផ្ទះ​បន​នោះ​ដែរ។ លោក​បាន​និយាយ​ថា អ្នក​ស្រី រ៉ាស៊ី បាន​ប្រាប់​នគរបាល​ថា អ្នក​ស្រី​បាន​ជួល​ផ្ទះ​ឲ្យ​ស្ត្រី​ម្នាក់ ដែល​បាន​ក្លាយ​ខ្លួន​ជា​ស្ត្រី​ម្នាក់​ក្នុង​ចំណោម​ស្ត្រី​រក​ស៊ី​ផ្លូវ​ភេទ​៦​នាក់​នោះ។

លោក ចំរើន បាន​និយាយ​ថា “គាត់​បាន​និយាយ​ថា គាត់​មិន​បាន​ដឹង​អំពី​បញ្ហា​នៅ​ផ្ទះ​នោះ​ទេ។ គាត់​ថា គាត់​គ្រាន់តែ​បាន​ជួល​ផ្ទះ​ឲ្យ​[ស្ត្រី​ម្នាក់]​តម្លៃ​៥០​ដុល្លារ​ក្នុង​មួយ​ខែ”។ លោក​បាន​និយាយ​បន្ថែម​ថា អ្នក​ស្រី រ៉ាស៊ី ត្រូវ​បាន​ដោះលែង​ពី​ការ​ឃាត់ខ្លួន​ហើយ។

លោក​បាន​និយាយ​ថា “យើង​មិន​មាន​ភ័ស្តុតាង​គ្រប់គ្រាន់​ដើម្បី​កំណត់ ថា​តើ​គាត់​ពាក់ព័ន្ធ​ក្នុង​ករណី​នេះ​ឬ​អត់​ទេ។ យើង​កំពុង​ស៊ើប​អង្កេត​គាត់​នៅ​ឡើយ”។

លោក ចំរើន បាន​និយាយ​ថា នគរបាល​ជឿ​ថា ស្ត្រី​រក​ស៊ី​ផ្លូវ​ភេទ ដែល​បាន​ជួល​ផ្ទះ​នោះ បាន​ទទួល​បង្គាប់​ពី​អ្នក​ស្រី ដានី ឲ្យ​ធ្វើ​ដូច្នេះ ដោយ​លោក​បាន​និយាយ​បន្ថែម​ថា ផ្ទះ​បន​នោះ​បាន​បើក​រយៈ​ពេល​ពីរ ឬ បី​ឆ្នាំ​មក​ហើយ។

យោង​តាម​របាយការណ៍​មួយ​ពី​នាយក​ស៊ើបអង្កេត​របស់​ក្រុម AIM SWAT លោក អេរិក មែល​ដ្រាំ កាលពី​សប្តាហ៍​មុន​ឲ្យ​ដឹង​ថា នាយ​ការិយាល័យ​រូប​នេះ​បាន​និយាយ​ថា ម្នាក់​ក្នុង​ចំណោម​ក្មេង​ស្រី​និង​ស្ត្រី​ប្រាំមួយ​នាក់​នោះ​ដែល​ត្រូវ​បាន​សង្គ្រោះ បាន​សារភាព​ថា​មាន​អាយុ​តែ​១៦​ឆ្នាំ​ប៉ុណ្ណោះ នៅ​ពេល​ដែល​អ្នក​ផ្សេង​ទៀត​ប្រាប់​ក្រុម​អ្នក​ស៊ើបអង្កេត​ថា ពួកគេ​មាន​អាយុ​រវាង​ពី​១៩​ឆ្នាំ​ដល់​២៨​ឆ្នាំ។ លោក​បាន​និយាយ​ថា លោក​មិន​ជឿ​ពួកគេ​ទេ។

នាយ​ការិយាល័យ ចំរើន បាន​និយាយ​ថា “ខ្ញុំ​គិត​ថា ស្ត្រី​ទាំង​នោះ​បាន​ព្យាយាម​លាក់​ព័ត៌មាន​មិន​ឲ្យ​នគរបាល​ដឹង ប៉ុន្តែ​ខ្ញុំ​មិន​ដឹង​មូលហេតុ​ទេ”។ លោក​បាន​និយាយ​បន្ថែម​ថា អ្នក​ទាំង​ប្រាំមួយ​នាក់​បាន​ស្នាក់នៅ​ឯ​កន្លែង​មួយ​គ្រប់គ្រង​ដោយ​អង្គការ​ក្រៅ​រដ្ឋាភិបាល​ក្នុង​ក្រុង​ភ្នំពេញ៕ និត

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស