យោងតាមនគរបាលបានឲ្យដឹងកាលពី ម្សិលមិញថា ប្រធានសន្តិសុខនៅរោងចក្រកាត់ដេរមួយក្នុងខេត្តកណ្តាលដែលគ្រប់គ្រង ដោយជនជាតិចិនមកពីហុងកុង ត្រូវបានចាប់ខ្លួនកាលពីថ្ងៃច័ន្ទ ពីបទរំលោភសន្តិសុខអាយុ១៩ឆ្នាំម្នាក់នៅក្នុងការិយាល័យរបស់ខ្លួនមួយថ្ងៃមុនពេលចាប់ខ្លួន ខណៈមិត្តភក្តិរបស់ជនសង្ស័យដែលជាប្រធានសន្តិសុខនៅរោងចក្រមួយ ទៀតជាប់គ្នានោះត្រូវបានចាប់ខ្លួនដោយសារជាអ្នកសមគំនិត។
ជនចាប់រំលោភរូបនេះដែលមានឈ្មោះ Xieshao Xuan ជាជនជាតិចិនអាយុ៣៧ឆ្នាំ ធ្វើការនៅរោងចក្រ Meng Yan ក្នុងស្រុកស្អាងបានប្រហែលមួួយឆ្នាំមកហើយ ហើយអំឡុងពេលនោះជនជាតិចិនរូបនេះបានធ្វើជាមិត្តជាមួយ យូ សុភ័ក្រ ជនជាតិខ្មែរ ដែលធ្វើការនៅរោងចក្រ Meng Tong នេះបើយោងតាមលោក សេង សុជាតិ អធិការនគរបាលស្រុកនេះ។
យោងតាមសមាគមឧស្សាហកម្មកាត់ដេរបានឲ្យដឹងថា រោងចក្រដែលនៅជាប់គ្នាទាំងពីរនេះផលិតខោខូវប៊យ និងសម្លៀកបំពាក់ធ្វើពីសាច់ក្រណាត់ខូវប៊យផ្សេងៗទៀត ហើយមានកម្មករជាង២.០០០នាក់។
លោក សេង សុជាតិ បានលើកឡើងទៀតថា កាលពីរសៀលថ្ងៃអាទិត្យ ពេលកម្មករចេញទៅផ្ទះអស់ ហើយនៅសល់តែបុគ្គលិកសន្តិសុខធ្វើការនោះ Xieshao បានប្រាប់ យូ សុភ័ក្រ ឲ្យនាំសន្តិសុខស្រីអាយុ១៩ឆ្នាំរូបនេះមកកាន់ការិយាល័យរបស់ខ្លួនដើម្បី ”ជជែកគ្នាលេង” ដោយឲ្យសន្តិសុខជនជាតិខ្មែររូបនេះធ្វើជាអ្នកបកប្រែ។
អធិការនគរបាលស្រុករូបនេះ បានលើកឡើងដោយរៀបរាប់អំពីហេតុការណ៍ដែលបានកើតឡើងលើជនរងគ្រោះថា ”បន្ទាប់មកជនជាតិចិនរូបនេះបានប្រាប់នាងថា ខ្លួនស្រឡាញ់នាង ហើយ សុភ័ក្រ ក៏បានព្យាយាមបញ្ចុះបញ្ចូលជនរងគ្រោះឲ្យស្រឡាញ់ជនជាតិចិនរូបនេះវិញ ដោយនិយាយថា ‘អូននឹង ក្លាយជាថៅកែធំ បើអូនព្រមស្រឡាញ់គាត់ ‘”។
សន្តិសុខស្រីវ័យជំទង់រូបនេះបាននិយាយថា នាងមិនចាប់អារម្មណ៍ក្នុងការធ្វើជាមិត្តស្រីរបស់ Xieshao ទេ ហើយបានចាកចេញពីការិយាល័យនោះ ប៉ុន្តែ យូ សុភ័ក្រ បានរត់តាមនាង ហើយបានបង្ខំឲ្យនាងត្រឡប់មកបន្ទប់វិញ ជាកន្លែងដែលជនជាតិចិនរូបនេះបានរំលោភនាង។
លោក សេង សុជាតិ បានលើកឡើងបន្ថែម ទៀតថា ជនរងគ្រោះបានដាក់ពាក្យប្តឹងមកកាន់នគរបាលឃុំកាលពីព្រឹកថ្ងៃច័ន្ទ ហើយជនសង្ស័យទាំងពីរត្រូវបានចាប់ខ្លួននៅពេលល្ងាច។
លោក សឿន រិទ្ធី នាយរងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តនេះបានលើកឡើងថា Xieshao និង យូ សុភ័ក្រ ត្រូវបានសាកសួរនៅសាលាដំបូងខេត្តកាលពីរសៀលម្សិលមិញ ប៉ុន្តែ បានបញ្ជូនទៅកន្លែងឃុំខ្លួនរបស់នគរបាលវិញដោយសារគ្មានអ្នកបកប្រែ។
លោកបានបន្ថែមថា “ជនសង្ស័យជនជាតិចិនរូបនេះអះអាងថា ខ្លួនគ្រាន់តែយកម្រាមដៃលេងប្រដាប់ភេទប៉ុណ្ណោះ ប៉ុន្តែ នៅក្នុងក្រម ព្រហ្មទណ្ឌមិនថា ប្រើម្រាមដៃ ឬប្រដាប់ភេទ ទេ គឺចាត់ទុកថា ជាការរំលោភហើយ”៕ ស៊ុយឈាង