មន្ត្រីរដ្ឋាភិបាលបានឲ្យដឹងកាលពីម្សិលមិញថា នគរបាលអន្តោប្រវេសន៍បានចាប់ខ្លួនបុរសជនជាតិបែលហ្ស៊ិកម្នាក់នៅក្នុងរាជធានីភ្នំពេញកាលពីថ្ងៃច័ន្ទ ពីបទប្រើប្រាស់ លិខិតឆ្លងដែនក្លែងក្លាយដើម្បីដកប្រាក់ជិត៥០.០០០ដុល្លារពីធនាគារកាណាឌីយ៉ា ។
Kanzi Francis Olivier អាយុ៣៨ឆ្នាំត្រូវបានចាប់ខ្លួនមិនយូរប៉ុន្មានបន្ទាប់ពីបានព្យាយាមដកប្រាក់ពីសាខាធនាគារកាណាឌីយ៉ា នៅក្នុងខណ្ឌទួលគោកនាវេលាម៉ោងប្រហែល១១ព្រឹកថ្ងៃច័ន្ទ នេះបើយោងតាមលោក លួ រ៉ាបូ ស្នងការរងនគរបាលរាជធានីដែលទទួលបន្ទុកដោះស្រាយករណីនេះ។
យោងតាមរបាយការណ៍នគរបាលដែលផ្តល់ដោយលោក លួ រ៉ាបូ បានឲ្យដឹងថា លោក Olivier បានមកដល់ប្រទេសកម្ពុជាកាលពីថ្ងៃទី៣ ខែមីនា ហើយបានប្រើប្រាស់លិខិតឆ្លងដែនដើម្បីដកប្រាក់ពីទីស្នាក់ការកណ្តាលរបស់ធនាគារកាណាឌីយ៉ានៅក្នុងខណ្ឌដូនពេញកាលពីថ្ងៃសុក្រ។
របាយការណ៍នេះមានខ្លឹមសារដូច្នេះថា “ធនាគារបានប្តឹងថា ជននេះបានប្រើប្រាស់លិខិតឆ្លងដែនបែលហ្ស៊ិកក្លែងក្លាយដើម្បីដកប្រាក់នៅធនាគារ។ ជននេះបានដកប្រាក់ចំនួន៤៨.០០០ដុល្លារកាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៦។ នៅថ្ងៃទី២១ ខែមីនា ជននេះបានព្យាយាមដកប្រាក់មួយចំនួនទៀត ប៉ុន្តែ បុគ្គលិកធនាគារបានសហការជាមួយនគរបាលដើម្បីឃាត់ខ្លួនជននេះ”។
លោក Tommy Bourkhis អ្នកគ្រប់គ្រងគម្រោងនៅធនាគារកាណាឌីយ៉ាបានលើកឡើងថា ធនាគាររបស់លោកបានទាក់ទងជាមួយអាជ្ញាធរបន្ទាប់ពីមានការជូនដំណឹងឲ្យបុគ្គលិក “ប្រុងប្រយ័ត្នចំពោះការដែលអាចមានការបញ្ជូនទូរលេខក្លែងក្លាយចូលមកក្នុងធនាគារដោយធនាគារនៅក្នុងទីក្រុងហុងកុង”។ លោកបានបដិសេធមិនពិភាក្សាបន្ថែមអំពីករណីនេះឡើយ។
លោក លួ រ៉ាបូ បានលើកឡើងថា លោក Olivier បានសារភាពថា ពិតជាបានប្រព្រឹត្តបែបនេះមែនពេលត្រូវបានសាកសួរនៅស្នងការដ្ឋាននគរបាលរាជធានីកាលពីរសៀលថ្ងៃច័ន្ទ។
លោកបានមានប្រសាសន៍ថា “ជននេះបានសារភាពថា ខ្លួនបានប្រើឯកសារក្លែងក្លាយ ហើយយើងបានសម្រេចបញ្ជូនគាត់ទៅតុលាការ”។
លោក ប្រាក់ វណ្ណា នាយការិយាល័យនគរបាលអន្តោប្រវេសន៍រាជធានីបានលើកឡើងថា លោក Olivier ត្រូវបានសាកសួរនៅសាលាដំបូងរាជធានីភ្នំពេញកាលពីម្សិលមិញ។
លោកថ្លែងថា “តុលាការមិនទាន់បញ្ចប់ការសាកសួរជននេះនៅឡើយទេហើយបានបញ្ជូនគាត់ត្រឡប់ទៅកន្លែងឃុំខ្លួនរបស់នគរបាលវិញ។នៅថ្ងៃស្អែកយើងនឹងបញ្ជូនជននេះត្រឡប់ទៅ [តុលាការ] ម្តងទៀត”។
ប្រព័ន្ធផ្សព្វផ្សាយបានចុះផ្សាយអំពីធនាគារកាណាឌីយ៉ាយ៉ាងព្រោងព្រាតនៅក្នុងឆ្នាំ២០១៤ ពេលអតីតអ្នកគ្រប់គ្រងម្នាក់ត្រូវបានកាត់ឲ្យជាប់ទោសពីបទក្លែងបន្លំ និងរំលោភសេចក្តីទុកចិត្ត បន្ទាប់ពីសារភាពថា បានកិបកេងប្រាក់ចំនួន២,៣លានដុល្លារពីធនាគារនេះចន្លោះខែមីនា ដល់ខែតុលា ឆ្នាំ២០១៣ ជាករណីមួយក្នុងចំណោមករណីក្លែងបន្លំធំបំផុតមិនធ្លាប់មាននៅក្នុងវិស័យធនាគារក្នុងស្រុក៕ស៊ុយឈាង (រាយការណ៍បន្ថែមដោយ Ben Paviour)