កាលពីម្សិលមិញ លោក ឈាង វុន សមាជិកសភាគណបក្សកាន់អំណាចបានបដិសេធថា លោកមិនបានធ្វើអ្វីខុសទេ ក្រោយពេលប្រើប្រាស់តួនាទីក្នុងរដ្ឋាភិបាលបង្ខំឱ្យក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍រុះរើខ្សែភ្លើងដែលធ្លាក់រយីងរយោងនៅមុខភោជនីយដ្ឋានដែលលោកគ្រប់គ្រង។
លិខិតចុះថ្ងៃទី១៧ ខែធ្នូរបស់លោក ឈាង វុន ផ្ញើជូនលោក ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ព្រីនលើក្បាលលិខិតផ្លូវការរបស់រដ្ឋសភា មានការចែករំលែកតៗគ្នាតាមហ្វេសប៊ុកកាលពីម្សិលមិញ ហើយត្រូវបានបង្ហោះទៅក្នុងផេចរបស់សម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា (ANSA) ជាក្រុមតស៊ូមតិអភិបាលកិច្ចល្អ។
ដោយសំដៅដល់ភោជនីយដ្ឋាន Midnight របស់លោកនៅក្នុងរាជធានីភ្នំពេញដែលលោកគ្រប់គ្រងជាមួយកូនប្រុសរបស់លោក នោះ លោក ឈាង វុន បានសរសេរថា “ដូចខ្ញុំបានជម្រាបជូនឯកឧត្តមរដ្ឋមន្ត្រីហើយ ខ្ញុំនិងកូនប្រុសរបស់ខ្ញុំបានបើកភោជនីយដ្ឋានមួយនៅលើដីឡូត៍លេខ១ ផ្លូវរដ្ឋសភាជាតិ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ”។
លោកបន្ថែមថា “នៅមុខភោជនីយដ្ឋាន មានបង្គោលភ្លើងបីដើមដែលមានខ្សែទូរស័ព្ទ និងខ្សែអីុនធឺណិតខ្វាត់ខ្វែង ច្រូងច្រាង ជាហេតុឲ្យមានការបារម្ភពីគ្រោះថ្នាក់ដែលអាចកើតមានឡើងជាយថាហេតុ។ លើសពីនេះទៅទៀត បង្គោលភ្លើងមួយក្នុងចំណោមបង្គោលភ្លើងទាំងបីបានទ្រេតគ្មានជំហរ ដែលខ្ញុំយល់ថាអាចដួលរលំនៅពេលណាមួយក៏បានមកលើភោជនីយដ្ឋាននិងភ្ញៀវផងដែរ”។

នៅពេលទាក់ទងកាលពីម្សិលមិញ លោក ឈាង វុន បានមានប្រសាសន៍ថា លិខិតនេះ ជាលិខិតពិតប្រាកដ ហើយថា លោកមិនឃើញថាមានការទាស់ខុសអ្វីឡើយ។
សមាជិកសភាគណបក្សប្រជាជនកម្ពុជារូបនេះបានមានប្រសាសន៍ថា ”វាមិនទាស់ខុសអ្វីទេក្នុងការប្រើប្រាស់ក្បាលលិខិតនោះ” ដោយលោកបានបន្ថែមថា បញ្ហានេះត្រូវបានយកចិត្តទុកដាក់ត្រឹមត្រូវ។
លោកបានថ្លែងថា “ខ្ញុំបានសរសេរលិខិតនេះ ព្រោះប្រជាពលរដ្ឋសុំឱ្យសមាជិកសភាជួយ ដូច្នេះហើយវាជារឿងធម្មតាទេសម្រាប់សមាជិកសភាដូចខ្ញុំក្នុងការធ្វើអន្តរាគមន៍ក្នុងបញ្ហានេះ។ ហើយកូនប្រុសរបស់ខ្ញុំក៏ជាពលរដ្ឋម្នាក់ដែរ”។
លោក ឈាង វុ៉ន បានមានប្រសាសន៍ថា “ខ្ញុំមិនបានប្រើឥទ្ធិពលរបស់ខ្ញុំដើម្បីដាក់សម្ពាធទៅលើរដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ឡើយ។ ខ្ញុំបានសុំឱ្យគាត់ជួយ។ ប្រសិនបើយើងបណ្តោយឱ្យបង្គោលភ្លើងទ្រេតដូចនេះ វាអាចបង្កគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។ ហើយដោយការគាប់ជួនគ្នា កូនប្រុសរបស់ខ្ញុំបានចាប់ផ្តើមរបររកស៊ីនៅទីនោះដែរ ដូច្នេះខ្ញុំបានធ្វើរឿងនេះដោយសារការបារម្ភដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន និងអ្នកដើរកាត់”។
លោក សន ជ័យ តំណាងប្រចាំប្រទេសរបស់ ANSA បានមានប្រសាសន៍ថា ការប្រើប្រាស់ក្បាលលិខិតរបស់លោក ឈាង វុន ជាឧទាហរណ៍ច្បាស់ក្រឡែតពីការរំលោភអំណាច។
លោកបានថ្លែងថា “ការបើកភោជនីយដ្ឋានគឺជាបញ្ហាឯកជនសុទ្ធសាធ ដូច្នេះគាត់គួរប្រើក្បាលលិខិតឯកជន។ គាត់មិនគួរប្រើក្បាលលិខិតរដ្ឋសភាទេ ពីព្រោះការប្រើក្បាលលិខិតដោយមានរូបសញ្ញារដ្ឋសភា មានន័យថា ការប្រើឥទ្ធិពលរបស់រដ្ឋសភាដើម្បីជះឥទ្ធិពលទៅលើរដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍”។
ដោយលើកឡើងពីលិខិតរដ្ឋាភិបាលមួយទៀតដែលបង្ហោះលើទំព័រហ្វេសប៊ុកកាលពីម្សិលមិញ ដើម្បីអញ្ជើញព្រះរាជអាជ្ញាមួយរូបចូលរួមពិធីអាពាហ៍ពិពាហ៍កូនស្រីរបស់មន្ត្រីម្នាក់ លោក សន ជ័យ បានមានប្រសាសន៍ថា បទល្មើសរបស់សមាជិកសភារូបនេះគួរឱ្យភ្ញាក់ផ្អើលមែនទែន។
លិខិតចុះថ្ងៃទី២១ ខែមីនារបស់លោក ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំងមានត្រារដ្ឋាភិបាល អញ្ជើញលោក យូ ទិត្យវឌ្ឍនៈ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តទៅចូលរួមពិធីហែជំនូនពេលព្រឹកក្នុងពិធីរៀបអាពាហ៍ពិពាហ៍កូនស្រីលោក គុយ សុផល ទេសរដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការទូទៅព្រះបរមរាជវាំង។
នៅពេលទាក់ទងកាលពីម្សិលមិញ លោកអភិបាលខេត្ត ឈួរ ច័ន្ទឌឿន បានមានប្រសាសន៍ថា គ្មានអ្វីទាស់ខុសទេក្នុងការឱ្យបុគ្គលិករបស់លោកផ្ញើលិខិតអញ្ជើញភ្ញៀវចូលរួមពិធីអាពាហ៍ពិពាហ៍នោះ ប៉ុន្តែលោកបានទទួលស្គាល់ថា គេមិនគួរផ្ញើលិខិតដោយមានក្បាលលិខិតរដ្ឋាភិបាលឡើយ។
លោកបានថ្លែងថា ”រដ្ឋបាលមានកំហុសដោយការចេញលិខិតរដ្ឋបាល…។ វាក៏ជាកំហុសរបស់ខ្ញុំផងដែរ ពីព្រោះខ្ញុំប្រញាប់ពេក ហើយបានចុះហត្ថលេខាដោយមិនបានអាន ខ្ញុំសោកស្តាយខ្លាំងណាស់”។
លោកបានមានប្រសាសន៍ថា “ខ្ញុំបានជូនដំណឹងទៅនាយកដ្ឋានរដ្ឋបាលអំពីកំហុសនេះហើយ។ ពួកគេរីករាយក្នុងការទទួលបានការរិះគន់ ហើយបានប្រាប់ឱ្យប្តូរ”។
លោក សំ ចាន់គា អ្នកសម្របសម្រួលអង្គការសិទ្ធិមនុស្សអាដហុកប្រចាំខេត្តនេះបានមានប្រសាសន៍ថា លោកអភិបាលខេត្តគួរទទួលខុសត្រូវបន្ថែមទៀត។
លោកបានថ្លែងថា “វាជាការមិនត្រឹមត្រូវទេ ដែលលោកអភិបាលចេញលិខិតរដ្ឋបាលដោយមានត្រាផ្ញើលិខិតអញ្ជើញភ្ញៀវមកចូលរួមពិធីឯកជន”។
លោកបានមានប្រសាសន៍បន្ថែមទៀតថា “ការប្រើប្រាស់លិខិតរដ្ឋបាលដោយមានត្រា មានន័យថា វាជាការគំរាមឱ្យចូលរួម។ គាត់មិនគួរប្រើអំណាចរបស់រដ្ឋបញ្ជាឱ្យនរណាម្នាក់មកចូលរួមក្នុងពិធីលក្ខណៈឯកជនឡើយ”៕សារុន