កាលពីម្សិលមិញ អង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានប្រកាសថា ខ្លួនកំពុងបើកការស៊ើបអង្កេតជាផ្លូវការលើការចោទប្រកាន់ដែលថា លោក កឹម សុខា អនុប្រធានគណបក្សប្រឆាំងទិញដី និងផ្ទះល្វែងដោយខុសច្បាប់ឲ្យស្រីកំណាន់ម្នាក់។
ការប្រកាសនេះធ្វើឡើងបន្ទាប់ពីខ្សែអាត់សំឡេងមួយចំនួនបានបែកធ្លាយតាមហ្វេសប៊ុកកាលពីដើមខែនេះស្តីអំពីបុរសម្នាក់ដែលគេអះអាងថា ជាលោក កឹម សុខា កំពុងនិយាយទាក់ទិននឹងបញ្ហាផ្លូវភេទផ្សេងៗក៏ដូចជាផែនការទិញផ្ទះល្វែងចំនួន២ និងដីមួយកន្លែងជាមួយស្ត្រីម្នាក់ដែលគេចោទថា ជាស្រីកំណាន់របស់គាត់។
និស្សិតមួយក្រុមដែលតាមលោក កឹម សុខា គ្រប់ទីកន្លែងទូទាំងប្រទេសដើម្បីទាមទារឲ្យឆ្លើយអំពីរឿងសហាយស្មន់របស់គាត់នោះ បានដាក់ពាក្យប្តឹងទៅកាន់អង្គភាពប្រឆាំងអំពើពុករលួយកាលពីសប្តាហ៍មុន ដោយស្នើឲ្យស្ថាប័ននេះត្រួតពិនិត្យថា តើអចលនទ្រព្យទាំងនោះទិញដោយខុសច្បាប់ឬយ៉ាងណា។

កាលពីម្សិលមិញ លោក ឱម យិុនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយបានលើកឡើងថា ស្ថាប័នរបស់លោកបានសម្រេចបើកការសើុបអង្កេត បន្ទាប់ពីមានការវិភាគតាមលក្ខណៈបច្ចេកទេសយ៉ាងហ្មត់ចត់ដែលបង្ហាញយ៉ាងច្បាស់ថា លោក កឹម សុខា គឺជាបុរសដែលនៅក្នុងខ្សែអាត់សំឡេងទាំងនោះ។
លោកបានមានប្រសាសន៍ពេលថ្លែងទៅកាន់និស្សិតដែលមកចូលរួមកិច្ចប្រជុំសាធារណៈមួយកាលពីម្សិលមិញថា “អង្គភាពប្រឆាំងអំពើពុករលួយទទួលយកបណ្តឹងនេះដើម្បីចាត់វិធានការ”។
លោក ជា សំរ័ត្ន ប្រធាននាយកដ្ឋានផ្នែកកោសល្យវិច័យនៃអង្គភាពប្រឆាំងអំពើពុករលួយដែលបានវិភាគលើខ្សែអាត់សំឡេងបែកធ្លាយ នោះបានលើកឡើងថា មានការប្រៀបធៀបសំឡេងរបស់បុរសក្នុងខ្សែអាត់ជាមួយនឹងសំឡេងមួយចំនួនរបស់លោក កឹម សុខា នៅលើអីុនធឺណិត ទូរទស្សន៍ និងវិទ្យុ ដោយប្រើប្រាស់កម្មវិធីពិសេស៤ដាច់ដោយឡែកពីគ្នា។
លោកបានមានប្រសាសន៍ថា “ហេតុដូច្នេះ ខ្សែអាត់សំឡេងដែលបែកធ្លាយតាមបណ្តាញទំនាក់ទំនងសង្គម និងសំឡេងរបស់ឯកឧត្តម កឹម សុខា ពិតជាសំឡេងរបស់មនុស្សតែម្នាក់ វាដូចគ្នាទាំងស្រុង”។
លោក ឱម យិុនទៀង បានលើកឡើងទៀតថា អង្គភាពប្រឆាំងអំពើពុករលួយក៏នឹងបង្កើតគណៈកម្មការមួយដែលមានសមាជិកបួនរូប ដើម្បីត្រួតពិនិត្យឲ្យបានហ្មត់ចត់លើការប្រកាសទ្រព្យសម្បត្តិដាក់ក្នុងស្រោមសំបុត្របិទជិត ដែលលោក កឹម សុខា បានប្រកាសជូនអង្គភាពប្រឆាំងអំពើពុករលួយកាលពីឆ្នាំ២០១១ ២០១៣ និង២០១៥ដើម្បីស្វែងរកឲ្យឃើញថា តើដី និងផ្ទះល្វែងដែលមានការលើកឡើងនៅក្នុងខ្សែអាត់សំឡេង បានចុះបញ្ជីត្រឹមត្រូវ ឬអត់។
ទោះជាយ៉ាងណាក៏ដោយ វានៅមិនទាន់មានការបង្ហាញថា លោក កឹម សុខា ពិតជាបានទិញអ្វីៗដូចដែលមានការពិភាក្សាក្នុងខ្សែអាត់សំឡេងនៅឡើយទេ ជាលទ្ធភាពដែលលោក ឱម យិុនទៀង ទំនងជាមិនយកចិត្តទុកដាក់។
លោក ឱម យិុនទៀង បានទទួលស្គាល់ថា ក្នុងនាមជាសមាជិកសភាជាប់ឆ្នោត លោក កឹម សុខា មានអភ័យឯកសិទ្ធិ រួចផុតពីការផ្តន្ទាទោស ប៉ុន្តែ លោកបានបន្ថែមថា អភ័យឯកសិទ្ធិរបស់គាត់អាចដកហូតបាន។
លោកបានមានប្រសាសន៍ថា “សូមជ្រាបឲ្យច្បាស់ថា វាមិនអាចទៅរួចទេក្នុងករណីនេះបើចង់ឃាត់ចាប់ខ្លួន ឬផ្តន្ទាទោសនោះ ហេតុដូច្នេះយើងមិនអាចបញ្ជូនកងកម្លាំងទៅចាប់ខ្លួនគាត់បានឡើយ”។
លោកបានបន្តថា “ហេតុដូច្នេះនៅពេលអង្គភាពប្រឆាំងអំពើពុករលួយចាប់ផ្តើមសើុបអង្កេត និងប្រមូលឯកសារ… យើងមិនអាចចោទប្រកាន់លើឯកឧត្តម កឹម សុខា បានទេ។ ប៉ុន្តែ អង្គភាពនេះនឹងផ្ញើសំណើជូនព្រះរាជអាជ្ញាដើម្បីឲ្យពិនិត្យភ័ស្តុតាងដែលយើងប្រមូលបាន”។
ប្រធានអង្គភាពប្រឆាំងអំពើពុករលួយរូបនេះបានលើកឡើងទៀតថា ទីបំផុតព្រះរាជអាជ្ញាអាចស្នើឲ្យរដ្ឋសភាតាមរយៈក្រសួងយុត្តិធម៌ឲ្យដកអភ័យឯកសិទ្ធិរបស់គាត់បាន។
លោក ឱម យិុនទៀង ក៏បានព្រមានអ្នកដែលរិះគន់ការដោះស្រាយរបស់លោកនៅក្នុងករណីនេះដែរថា បណ្តឹងរបស់ពួកគេមានតែធ្វើឲ្យរឿងកាន់តែអាក្រក់សម្រាប់រូបលោក កឹម សុខា ទៅវិញទេ។
លោកបានថ្លែងថា “ប្រសិនបើអស់លោកចង់ធ្វើឲ្យវា [ករណីេនះ] ឆេះរលាយសាបសូន្យសូមអញ្ជើញដុតភ្លើងបន្ថែមទៀត។ អ្នកឯងកាន់តែជេរយើង វាកាន់តែធ្វើឲ្យម៉ាសីុនរបស់យើងឆេះកាន់តែក្តៅ ហើយវាកាន់តែប៉ះពាល់ដល់លោក កឹម សុខា”។
ស្រី ចំរើន និស្សិតដែលដឹកនាំយុទ្ធនាការសាធារណៈប្រឆាំងលោក កឹម សុខា បានលើកឡើងថា ខ្លួនស្វាគមន៍ការសើុបអង្កេតនេះ ប៉ុន្តែ បានប្តេជ្ញាបន្តដាក់សម្ពាធលើអនុប្រធានគណបក្សរូបនេះតទៅមុខទៀត ដើម្បីឲ្យគាត់ពន្យល់ដោយខ្លួនឯង។
និស្សិតរូបនេះបាននិយាយថា “យើងនឹងនៅតែទាមទារឲ្យលោក កឹម សុខា ចេញមកទទួលខុសត្រូវចំពោះមុខច្បាប់”។
អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិមិនអាចទាក់ទងបានទេ។ គណបក្សនេះប្រកាន់គោលនយោបាយមិនបង្កជម្លោះផ្នែកនយោបាយចាប់តាំងពីរឿងអាស្រូវនេះបានបែកធ្លាយមក៕ស៊ុយឈាង