34 C
Phnom Penh

នាយក​សាលា​ខេត្ត​ព្រៃវែងម្នាក់​​ដែល​​​​ជាប់​ចោទ​ថា​បាន​កិបកេង​ប្រាក់​ ត្រូវ​ផ្ទេរ​ទៅ​កាន់​ការ​ងារ​ថ្មី​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នាយក​វិទ្យាល័យ​​​ខេត្ត​ព្រៃវែងម្នាក់​​​ដែល​​ត្រូវ​បាន​​ចោទ​ប្រកាន់​ថា បាន​​កិបកេង​ប្រាក់​រាប់​ពាន់​ដុល្លារ ត្រូវ​បាន​ផ្ទេរ​ទៅ​កាន់​ការ​ងារ​ថ្មី​នៅមន្ទីរអប់រំខេត្ត​កាលពី​ថ្ងៃ​ពុធ បន្ទាប់ពី​មាន​ការ​តវ៉ាដោយ​​សិស្ស​ និង​គ្រូបង្រៀន​។

លោក វ៉ែន ប្រណី ​អនុប្រធាន​មន្ទីរ​អប់រំ​ខេត្ត​បាន​បញ្ជាក់​កាលពី​ម្សិលមិញ​ថា លោក ហាក់​ និន ​នាយក​វិទ្យាល័យ​​ ហ៊ុន សែន ពាមរក៍ ​​​ក្នុង​ស្រុក​ពាមរក៍ ត្រូវ​បាន​ដក​ចេញពី​សាលា​នេះ​ ហើយ​ផ្តល់​ការ​ងារ​ថ្មី​នៅ​មន្ទីរ​​។ លោក​បាន​​​​បដិសេធ​មិន​ធ្វើ​អត្ថា​ធិប្បាយ​បន្ថែម​ទេ។ គេ​មិន​អាច​ទាក់​ទង​លោក ហាក់ និន បាន​ឡើយ​​​។

អ្នកស្រី​ ដែត កញ្ញារស្មី គ្រូបង្រៀន​​រូប​វិទ្យា​​​​នៅ​វិទ្យាល័យ​នេះ​បាន​អះអាង​ថា លោក ​​​ហាក់ និន បាន​ប្រើ​​ឈ្មោះ​គ្រូ និង​បុគ្គលិក​ដែល​​​​គេ​មិន​​​សង្ស័យ​​​ចាប់​​​ថ្នាក់​​​ដើម្បី​​​​​ស្នើ​សុំ​មូល​​​និធិ​ពី​មន្ទីរ​អប់រំ​សម្រាប់​ការ​ទិញ​ក្នុង​​​គោល​​​​​​បំណង​​​ជាក់លាក់​​ ប៉ុន្តែ​បាន​យក​លុយ​នោះ​ទុក​ខ្លួន​ឯង​​ពេល​​លុយ​​ធ្លាក់​មក​ដល់​​។

អ្នកស្រី​បាន​មាន​ប្រសាសន៍​ថា ខ្លួន​គាត់​ផ្ទាល់​បាន​ឃើញ​សំណើ​មូលនិធ​​​ិ​​​ដែល​​​មាន​​​ឈ្មោះ​​​គ្រូ​​​ផ្សេងៗ​ទៀត​ដែល​អះអាង​ថា មិន​បាន​​ធ្វើ​ទេ​​​រឿង​​​ហ្នឹង​​​។

គាត់​បាន​និយាយ​ថា “​លោក ហាក់ និន បាន​យក​លុយ​ដាក់​ហោប៉ៅ​ខ្លួន​ឯង”។ គាត់​បាន​បន្ថែម​ថា នាយក​សាលា​រូប​នេះ​ក៏​បាន​​ដណ្តើម​កាន់​មុខងារ​ជា​មន្ត្រី​ហិរញ្ញវត្ថុ និង​គណ​នេយ្យករ​នៅ​សាលា​នេះ​ផង​ដែរ​។

ផាត សុធាវី អនុប្រធាន​សមាគម​គ្រូបង្រៀន​​​​កម្ពុជា​ឯករាជ្យ​នៅ​ក្នុង​ខេត្ត​នេះ​បាន​​មាន​ប្រសាសន៍​ថា ការ​កិប​កេង​ប្រាក់​តាម​ការ​ចោទប្រកាន់​​ចំនួន​ប្រហែល​១០.០០០​ដុល្លារ​ ហើយ​ថា គ្រូ​និង​សិស្ស​ប្រហែល​១០០​នាក់​បាន​ធ្វើ​ការ​តវ៉ា​នៅ​សាលា​នេះ​កាលពី​ថ្ងៃ​អង្គារ ទាមទារ​​ឲ្យ​ដក​លោក ហាក់ និន ​ចេញ។

លោក​ស្រី អ៊ុក ឆាយាវី ​ប្រធាន​ស្ដីទី​​សមា​​​គម​​នេះ​បាន​មាន​ប្រសាសន៍​ថា មន្ទីរ​អប់រំ​ខេត្ត​​ គួរ​ធ្វើ​​ឲ្យ​​​លើស​​​ពី​​​នេះ​​​ មិន​​​មែន​​​គ្រាន់​​​តែ​​​ផ្តល់​​​​ការ​​​​ងារ​​ផ្សេង​ដល់​លោក ហាក់​ និន អ៊ីចឹង​​​ទេ​​​។

លោកស្រី​បាន​មាន​ប្រសាសន៍​ថា “​វា​ដូច​ជា​បាយ​ឡុក​បាយ​ឡ​អ៊ីចឹង​។ ពួកគេ​គ្រាន់​តែ​ដក​គាត់​ចេញពី​សាលា​នេះ​ ហើយ​ផ្ដល់​ការ​ងារ​​​​ថ្មី​ដល់​គាត់​​ប៉ុណ្ណោះ។ ប្រសិន​បើ​គេ​រក​ឃើញ​ថា គាត់​មាន​កំហុស​មែន​នោះ​ គេ​គួរ​តែ​បណ្ដេញ​គាត់​ចេញ”។

សិស្ស​ម្នាក់​នៅ​វិទ្យាល័យ​នេះ​ដែល​បដិសេធ ​មិន​ប្រាប់​ឈ្មោះ​ ដោយ​ខ្លាច​ការ​រក​រឿង​ពី​អ្នក​គាំទ្រ​លោក ហាក់ និន បាន​និយាយ​ថា គាត់​បាន​ចូល​រួម​តវ៉ា​ដើម្បី​ឲ្យ​​សាលា​បើក​បង្រៀន​ឡើង​វិញ។ សិស្ស​រូប​នេះ​បាន​បន្ថែម​ថា “​យើង​បាន​​ចូល​រួម​ជាមួយ​គ្រូផ្សេង​ទៀត​តវ៉ា​ប្រឆាំង​លោក ហាក់ និន។ ប្រសិន​បើ​គាត់​មិន​ត្រូវ​បាន​ដក​ចេញពី​​​នាយក​សាលា​ទេ​នោះ គ្រូ​ទាំង​អស់​នឹង​មិន​មក​បង្រៀន​ឡើយ ហើយ​ខ្ញុំ​នឹង​​​​គ្មាន​ថ្នាក់​រៀន​ទេ”៕ សារុន​​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស