ភាពចម្រូងចម្រាសបានផ្ទុះឡើងនៅក្នុងចំណោមសហគមន៍ខ្មែរក្នុងទីក្រុងឡងប៊ិច រដ្ឋកាលីហ្វ័រញ៉ា ជុំវិញសេចក្តីសម្រេចអញ្ជើញ លោក ហ៊ុន ម៉ាណែត កូនប្រុសច្បងរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជាភ្ញៀវនៅពិធីហែក្បួនបុណ្យចូលឆ្នាំខ្មែរនាពេលខាងមុខនេះ ដោយមួយចំនួនគំរាមធ្វើពហិការមិនចូលរួមពិធីប្រចាំឆ្នាំ ប្រសិនបើលោក ហ៊ុន ម៉ាណែត មកចូលរួមនោះ។
យោងតាមកាសែតក្នុងស្រុក Press-Telegram ក្នុងទីក្រុងឡងប៊ិចបានឱ្យដឹងថា អ្នកតវ៉ាជាង២០០នាក់បានធ្វើបាតុកម្មនៅខាងក្រៅក្រុមប្រឹក្សាក្រុងឡងប៊ិចកាលពីថ្ងៃអង្គារស្នើឱ្យក្រុមប្រឹក្សានេះប្រកាសជំទាស់នឹងដំណើរទស្សនកិច្ចតាមការគ្រោងទុករបស់លោក ហ៊ុន ម៉ាណែត។ ក្រុមអ្នកតវ៉ាក៏បានស្វះស្វែងមិនឱ្យមានការអញ្ជើញលោក ហ៊ុន ម៉ាណែត ចូលរួមក្នុងពិធីហែក្បួននេះដែរ។
ជាការឆ្លើយតបចំពោះកង្វល់នេះ ក្រុមអ្នកតវ៉ាត្រូវបានផ្តល់ពេលវេលាឱ្យនិយាយទៅកាន់ក្រុមប្រឹក្សានេះនៅយប់ថ្ងៃអង្គារដើម្បីបង្ហាញពីករណីរបស់ពួកគាត់ចំពោះការធ្វើពហិការមិនចូលរួម។
កាសែត Press-Telegram បានរាយការណ៍ ថា “មតិសាធារណៈប្រឆាំងដំណើរទស្សនកិច្ចនេះមានរយៈពេលជាង១ម៉ោង ដោយមិនមាននរណាម្នាក់ផ្តល់យោបល់គាំទ្រដំណើរទស្សនកិច្ចនេះទេ”។
យោងតាមកាសែតនេះបានឱ្យដឹងថា បន្ទាប់ពីកិច្ចប្រជុំ ចៅហ្វាយក្រុងរង លោកស្រី Suja Lowenthal សមាជិកក្រុមប្រឹក្សាបានប្រកាសថា លោកស្រីនឹងមិនចូលរួមពិធីនោះទេ ហើយយ៉ាងហោចណាស់ សមាជិកក្រុមប្រឹក្សាម្នាក់បានធ្វើតាមដែរ។
កាសែត Press-Telegram ធ្លាប់បានធ្វើសេចក្តីរាយការណ៍ថា លោក ហ៊ុន ម៉ាណែត ត្រូវបានអញ្ជើញឱ្យមកចូលរួមក្នុងការហែក្បួនដោយក្រុមប្រឹក្សាសម្របសម្រួលកម្ពុជា ជាក្រុមក្នុងមូលដ្ឋានដែលរៀបចំកម្មវិធីបុណ្យចូលឆ្នាំខ្មែរក្នុងទីក្រុងឡងប៊ិច បន្ទាប់ ពីមានសំណើពីកុងស៊ុលកម្ពុជានៅក្នុងទីក្រុងនេះ ហើយថា លោក គិត ម៉េង ប្រហែលជាចូលរួមក្នុងសកម្មភាពរបស់គណបក្សប្រជាជនកម្ពុជានៅទីនោះដែរ។
លោក គិត ម៉េង ត្រូវគេស្គាល់យ៉ាងច្បាស់ថា ជាអ្នកស្និទ្ធជាមួយរដ្ឋាភិបាល ហើយក្រុមហ៊ុន Royal Group មានវិនិយោគធំៗនៅទីនេះ រួមមានក្រុមហ៊ុនទូរស័ព្ទចល័តសែលកាត និងដីសម្បទានដើម្បីដំណើរការបណ្តាញផ្លូវដែកដែលទើបជួសជុលនៅកម្ពុជា។
លោក ហ៊ុន ម៉ាណែត មិនអាចទាក់ទងសុំអត្ថាធិប្បាយបានទេ ប៉ុន្តែកាលពីដើមខែនេះ លោកបានឆ្លើយតបចំពោះការមិនពេញ ចិត្តអំពីដំណើរទស្សនកិច្ចរបស់លោកនៅពេលខាងមុខ ដោយចេញសេចក្តីថ្លែងការណ៍ មួយតាមទំព័រហ្វេសប៊ុកអំពាវនាវឱ្យមានការរួបរួមក្នុងចំណោមសហគមន៍ខ្មែរ-អាមេរិកាំង។
លោកបានសរសេរថា “ជំនួសឱ្យការពិភាក្សា ថា តើក្រុមខ្មែរណាគួរត្រូវបានអនុញ្ញាតឱ្យចូលរួម ហើយក្រុមណាគួរត្រូវរារាំង យើងគួរអង្គុយជាមួយគ្នាដើម្បីពិភាក្សាពីវិធីដែលយើងអាចគ្រោងរៀបចំព្រឹត្តិការណ៍នេះ ដូច្នេះយើងអាចចាប់ទាញយកប្រយោជន៍ពេញលេញពីឱកាសមាសនេះ ដើម្បីបង្ហាញពិភពលោកពីការរួបរួមរបស់ខ្មែរយើង និងមោទនភាពក្នុងនាមជាប្រទេសមួយ”៕ សារុន