របាយការណ៍ដែលចេញនៅថ្ងៃព្រហស្បតិ៍និយាយថា រដ្ឋាភិបាលមិនដឹងថា មានមណ្ឌលកុមារកំព្រាប្រហែលពាក់កណ្តាលនៃមណ្ឌលកុមារកំព្រាទាំងអស់ដែលមានដំណើរការនៅក្នុងខេត្តបួន និងក្រុងភ្នំពេញ មុននឹងមានការសិក្សាកាលពីឆ្នាំមុនទេ។
របាយការណ៍ដែលធ្វើឡើងដោយក្រសួងសង្គមកិច្ចសហការជាមួយអង្គការយូនីសេហ្វ បង្ហាញផែនទីទីតាំងថែរក្សាកុមារនៅក្នុងក្រុងភ្នំពេញ ខេត្តសៀមរាប បាត់ដំបង កណ្តាល និងព្រះសីហនុ។ ទីតាំងទាំងនោះរួមមានមណ្ឌលថែទាំ២៦៧កន្លែង ក៏ដូចជាអគារក្រៅផ្លូវការ១៣៤កន្លែង ដែលរួមមានផ្ទះជាក្រុមៗ សាលាអាហារូបករណ៍ វត្តអារាម ផ្ទះស្នាក់នៅបណ្តោះអាសន្ន និងប្រភេទនៃកន្លែងស្នាក់អាស្រ័យពេលមានអាសន្ន។
មានក្មេងៗចំនួនសរុប២៦.១៥៩នាក់ត្រូវគេរកឃើញថា កំពុងរស់នៅក្នុងអគារ៤០១កន្លែង ដោយមានក្មេងចំនួន១៨.៤៥១នាក់មានអាយុក្រោម១៨ឆ្នាំ។ របាយការណ៍និយាយថា ដោយសារតែមានមណ្ឌលថែទាំយ៉ាងច្រើនបានដំណើរការដោយរដ្ឋាភិបាលមិនបានដឹង នោះមិនមានការត្រួតពិនិត្យដើម្បីធានានូវគុណភាពនៃការថែទាំទេ។

របាយការណ៍និយាយថា “មានស្ថាប័នថែទាំស្នាក់អាស្រ័យ១៣៩កន្លែងនៅក្នុងខេត្តចំនួនប្រាំដែលក្រសួងបានដឹង ហើយត្រូវបានត្រួតពិនិត្យក្នុងឆ្នាំ២០១៤ ចំណែកឯការគូសផែនទីបង្ហាញថា មានស្ថាប័នថែទាំសម្រាប់ស្នាក់អាស្រ័យចំនួន២៦៧កន្លែង ពោលគឺកើនឡើង៩២ភាគរយ”។
របាយការណ៍និយាយបន្តថា “រឿងនេះគឺដោយសារតែហេតុការណ៍ថា មានស្ថានប័នថែទាំសម្រាប់ស្នាក់នៅដោយមានអនុស្សរណៈនៃការយោគយល់ជាមួយក្រសួងត្រូវបានត្រួតពិនិត្យ”។
លោក វង់ សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ចត្រូវបានដកស្រង់សម្តីនៅក្នុងសេចក្តីថ្លែងការណ៍ដែលអមរបាយការណ៍ដោយមានប្រសាសន៍ថា “ការរកឃើញបញ្ជាក់នូវកង្វល់យូរមកហើយរបស់យើងទៅលើកំណើនមិនអាចគ្រប់គ្រងបាននៃស្ថានប័នថែទាំសម្រាប់ស្នាក់នៅនៅទូទាំងប្រទេស ដោយបណ្តាលឲ្យគ្រោះថ្នាក់ដល់សុខុមាលភាពនិងសុវត្ថិភាពរបស់កុមារដែលរស់នៅក្នុងស្ថាប័នដែលមិនមានការត្រួតពិនិត្យទាំងនេះ”។
ក្រសួងសង្គមកិច្ចកាលពីឆ្នាំមុនបានតម្រូវឲ្យស្ថានប័នថែទាំកុមារទាំងអស់ចុះបញ្ជីជាមួយរដ្ឋាភិបាល ហើយត្រូវប្រកាន់ខ្ជាប់នូវស្តង់ដា បើពុំនោះទេប្រឈមមុននឹងការបិទទ្វារ។
វិធានការនេះបានធ្វើឡើងក្រោយពីការធ្វើយុទ្ធនាការជាច្រើនឆ្នាំដោយអង្គការយូនីសេហ្វ ដើម្បីយកកុមារចេញពីមណ្ឌល ហើយបញ្ចូលទៅក្នុងគ្រួសាររបស់គេ ឬទៅក្នុងការថែទាំតាមសហគមន៍។
យោងតាមអនុក្រឹតដែលផ្តល់សច្ចានុម័តកាលពីខែកញ្ញាឲ្យដឹងថា មណ្ឌលដែលមិនចុះឈ្មោះជាមួយក្រសួងមុនថ្ងៃទី២៨ ខែកុម្ភៈទេ នឹងត្រូវបិទទ្វារ ហើយមណ្ឌលដែលចុះបញ្ជីរួចហើយ ប៉ុន្តែ មិនបានបំពេញស្តង់ដា នឹងទទួលការព្រមានជាលាយលក្ខអក្សរមុននឹងផ្អាកជាបណ្តោះអាសន្ន។
របាយការណ៍និយាយថា ក្រសួងមានការប្តេជ្ញាចិត្តក្នុងការបញ្ចូលកុមារ៣០ភាគរយក្នុងបណ្តាកុមារទាំងអស់ទៅក្នុងគ្រួសារពួកគេវិញដែលមាននៅក្នុងការសិក្សាត្រឹមឆ្នាំ២០១៨។
លោក ប្រូស ហ្គ្រេន នាយកផ្នែកការពារកុមារនៃអង្គការយូនីសេហ្វកម្ពុជា បានមានប្រសាសន៍ថា រដ្ឋាភិបាលចាត់វិធានការវិជ្ជមានដើម្បីកាត់បន្ថយចំនួនកុមារដែលស្ថិតនៅក្នុងការគាំពារដោយគ្មានហេតុផលដែលគួរឲ្យជឿ ប៉ុន្តែត្រូវបង្កើនការខំប្រឹងប្រែង ដើម្បីឈានទៅដល់គោលដៅដ៏មហិច្ឆតា។
លោកបាននិយាយថា “រដ្ឋាភិបាលគួរលៃលកធនធានបន្ថែមទៀតសម្រាប់សេវាជាមូលដ្ឋាន ហើយត្រូវជ្រើសរើសបុគ្គលិកសង្គមកិច្ចឲ្យបានគ្រប់គ្រាន់ ដើម្បីសម្រេចគោលដៅ”។
លោក ទូច ចន្នី អ្នកនាំពាក្យក្រសួងសង្គមកិច្ច បានបង្វែរសំណួរទៅប្រធានរបស់លោកគឺលោក សួង ម៉េងឡុង ដែលបានចុចបិទទូរស័ព្ទ៕