ព្រះសង្ឃដ៏លេចធ្លោមួយអង្គកាលពីថ្ងៃសុក្របានជំរុញឲ្យរដ្ឋាភិបាលបង្ខំកាស៊ីណូណាហ្គាវើលឲ្យគោរពពាក្យសន្យារបស់ខ្លួនក្នុងការសាងសង់ខ្លោងទ្វារ និងរបងសម្រាប់វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យក្នុងក្រុងភ្នំពេញ បន្ទាប់ពីកាស៊ីណូបានធ្វើឲ្យខូចខាតដល់រចនាសម្ព័ន្ធពេលសាងសង់។
ខ្លោងទ្វារត្រូវបានវាយចោលកាលពីខែឧសភា ឆ្នាំ២០១៤ ដើម្បីសាងសាងសំណង់ក្រោមដីនៅចន្លោះណាហ្គាវើល និងបរិវេណកម្សាន្តនៅខាងក្រោមផ្លូវ ចំណែកឯរបងទទួលរងការខូចខាតជាអន្លើៗក្នុងពេលមានការសាងសង់គម្រោងនោះ។

ថ្លែងទៅកាន់អ្នកយកព័ត៌មាន និងព្រះសង្ឃមួយក្រុមតូចនៅឯវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យកាលពីព្រឹកថ្ងៃសុក្រ ព្រះតេជគុណ ប៊ុត ប៊ុនតិញ ប្រធានបណ្តាញព្រះសង្ឃឯករាជ្យដើម្បីយុត្តិធម៌សង្គម បានមានសង្ឃដីកាថា ណាហ្គាវើលបានចុះហត្ថលេខាជាមួយក្រសួងធម្មការ និងសាសនាដែលគ្រប់គ្រងវិទ្យាស្ថាននេះ ដោយសន្យាថានឹងសាងសង់ឡើងវិញនូវខ្លោងទ្វារ និងរបង។
ប៉ុន្តែនៅពេលដែលកម្មករដែលជួលដោយណាហ្គាវើលមកជួសជុលត្រង់កន្លែងបាក់បែកនៃរបងកាលពីដើមខែនេះ ព្រះសង្ឃអង្គនេះបានមានសង្ឃដីកាថា ព្រះអង្គដឹងថា កាស៊ីណូមិនមានបំណងសាងសង់របងថ្មីទេ ហើយក៏ភ័យខ្លាចថា ខ្លោងទ្វារក៏មិនផ្លាស់ថ្មីដែរ។
ព្រះតេជគុណ ប៊ុត ប៊ុនតិញ បានមានសង្ឃដីកាដោយវាយតម្លៃទាបលើជំនួញកាស៊ីណូថា ” គេសន្យាសាងសង់ខ្លោងទ្វារថ្មីដោយមានរចនាប័ទ្មដើម ប៉ុន្តែពេលនេះគេគ្រាន់តែជួសជុលរបង”។
ព្រះសង្ឃអង្គនេះបានមានសង្ឃដីកាថា “អ្នកមកបើកល្បែងក្នុងស្រុកខ្មែរ សូមកុំបោកខ្មែរ”។ ព្រះសង្ឃអង្គនេះបានមានសង្ឃដីកាបន្លែមថា ព្រះអង្គនឹងសរសេរលិខិតទៅលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោក ហ៊ឹម ឆែម រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនាថ្មីដែលនឹងចូលកាន់តំណែងឆាប់ៗនេះ ដើម្បីស្នើសុំឲ្យលោកទាំងពីរជំរុញឲ្យណាហ្កាវើលគោរពពាក្យសន្យារបស់ខ្លួន។
លោក សេង សុមុនី អ្នកនាំពាក្យក្រសួងសាសនា បានមានប្រសាសន៍ថា កាស៊ីណូនឹងត្រូវផ្លាស់ប្តូរខ្លោងទ្វារថ្មី នៅពេលដែលការសាសង់បានបញ្ចប់ ប៉ុន្តែកាស៊ីណូនេះមិនដែលយល់ព្រមថាសាងសង់របងថ្មីទេ។
លោក សេង សុមុនី បានមានប្រសាសន៍ថា “តាមពិត របងមិនប៉ះពាល់ធ្ងន់ទេ ហើយឥឡូវនេះគេកំពុងជួសជុលហើយ”។
តំណាងណាហ្គាវើលមិនអាចទាក់ទងសុំការបំភ្លឺបានទេ៕