27.5 C
Phnom Penh

ការ​ស៊ើបអង្កេត​អំពើ​ពុករលួយ​របស់​រដ្ឋាភិបាល​​​ទៅ​លើ​​លោក កឹម សុខា បណ្ដាល​ឲ្យ​មាន​សំណួរ​ជាច្រើន​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

បន្ទាប់ពី​ការ​ប្រកាស​ថា អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​នឹង​បើក​ការ​ស៊ើប អង្កេត​ទៅលើ​ការ​ចោទ​ប្រកាន់​ថា លោក កឹម សុខា អនុប្រធាន​គណបក្ស​ប្រឆាំង​​បាន​ទិញ​ទ្រព្យ​សម្បត្តិ​​​​ដោយ​ខុស​ច្បាប់​ឲ្យ​ស្រី​កំណាន់​ម្នាក់​នោះ អ្នក​វិភាគ​នយោបាយ​​ និង​​សាធារណជន​កាលពី​ថ្ងៃ​សុក្រ​មាន​ចម្ងល់ថា ហេតុ​អ្វី​​​​ករណីមិន​រឹង​មាំ​ប្រឆាំង​នឹង​លោក កឹម សុខា ត្រូវ​បាន​​ធ្វើ​យ៉ាង​ឆាប់រហ័ស​ និង​មិន​ដក​ថយ​។

លោក សុខា បាន​ជំពាក់​វាក់​វិន​ក្នុង​រឿង​អាស្រូវ​ផ្លូវ​ភេទ​កាលពី​ដើម​ខែ​នេះ ​នៅ​ពេល​ដែល​ខ្សែអាត់​សំឡេង​បែក​ធ្លាយ​តាម​អុីនធឺណិត​ទាក់​ទង​នឹង​បុរស​ម្នាក់​​ដែល​គេ​អះអាង​ថា​​ជា​អ្នក​នយោបាយ​ម្នាក់​​ ដោយ​និយាយ​សាសង​​ណាត់​​រួម​​ភេទ​ជាមួយ​​​ស្ត្រី​ម្នាក់​​ដែល​មិន​ស្គាល់​ឈ្មោះ​ ដោយ​សន្យា​ថា​ឲ្យ​ប្រាក់​កាស​ និង​មាន​គម្រោង​ទិញ​ផ្ទះល្វែង​ពី​រ​ខ្នង​ និង​ដី​មួយ​ឡូតិ៍​​ឲ្យ​នាង​។

កាលពី​ថ្ងៃ​ព្រហស្បតិ៍​ ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ​បាន​មាន​ប្រសាសន៍​ថា អង្គភាព​របស់​លោក​នឹង​បើក​ការ​ស៊ើបអង្កេត​​បន្ទាប់ពី​សន្និដ្ឋាន​ថា បុរស​ម្នាក់​នៅ​ក្នុង​ខ្សែអាត់​សំឡេង​នោះ​​គឺ​ជា​លោក សុខា ដោយ​ផ្អែក​លើ​ពាក្យ​បណ្ដឹង​​របស់​និស្សិត​មួយ​ក្រុម​ ដែល​ឈឺ​ឆ្អាល​ទាមទារ​ឲ្យ​អនុប្រធាន​​បក្ស​ប្រឆាំង​រូប​េនះ​ចេញ​មក​បក​ស្រាយ​ការ​ចោទ​ប្រកាន់​អំពី​ការ​ផិត​ក្បត់។

​ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​រូប​នេះ​ក៏​បាន​ប្រកាស​ថា មន្ត្រី​របស់​លោក​នឹង​វិភាគ​ការ​ប្រកាស​ទ្រព្យ​សម្បត្តិ​​ដែល​បិទ​ស្រោម​សំបុត្រ​ ដែល​លោក​ សុខា ដាក់​ជូន​អង្គភាព​នេះ​ ព្រោះ​ថា អ្នក​នយោបាយ​គ្រប់រូប​ត្រូវ​ប្រកាស​ទ្រព្យ​សម្បត្តិ​​ស្ថិត​ក្រោម​ច្បាប់​ប្រឆាំង​អំពើ​ពុករលួយ​នា​ឆ្នាំ​២០១០ ដើម្បី​​បញ្ជាក់​ឲ្យ​ច្បាស់​ថាតើ​លោក​អនុប្រធាន​បក្ស​ប្រឆាំង​រូប​នេះ​បាន​ប្រកាស​​​​ទ្រព្យ​​​ទិញ​ដោយ​ត្រឹម​ត្រូវ​ដែល​មាន​ការ​ជជែក​គ្នា​នៅ​ក្នុង​សម្ដី​សាសង​ ឬ​យ៉ាង​ណា។

លោក អ៊ូ វីរៈ អ្នក​វិភាគ​នយោបាយ និង​ជា​ប្រធាន​វេទិកា​អនាគត​ បាន​មាន​ប្រសាសន៍​កាលពី​ថ្ងៃ​សុក្រ​ថា ករណី​នេះ​គួរ​ជា​កម្លាំង​ចលករ​មួយ​សម្រាប់​មន្ត្រី​រដ្ឋាភិបាល​ដទៃ​ទៀត​​ត្រូវ​ធ្វើ​តាម ហើយ​​អនុញ្ញាត​ឲ្យ​ទ្រព្យធន​របស់​គេ​ស្ថិត​ក្រោម​ការ​​ត្រួត​ពិនិត្យ​យ៉ាង​ហ្មត់ចត់​។ ​អ្នក​វិភាគ​រូប​េនះ​បាន​បញ្ជាក់​ថា ​​ក្នុង​ឆ្នាំ​២០១១លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ប្រកាស​ចំពោះ​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​ថា ប្រាក់​បៀវត្សរ៍​ប្រចាំ​ខែ​របស់លោក​គឺ​ត្រឹម​តែ​១.១៥០​ដុល្លារ​តែ​ប៉ុណ្ណោះ។

​អ្នក​វិភាគ​រូប​នេះ​បាន​មាន​ប្រសាសន៍​ថា “​រឿង​មួយ​ដែល​គេ​គួរ​ធ្វើ​​គឺ​ត្រូវ​បើក​​លិខិត​​​ប្រកាស​ទ្រព្យ​សម្បត្តិ​គ្រប់ៗ​គ្នា​​​ ពីព្រោះ​មនុស្ស​ទាំង​នេះ​ភាគច្រើន​​គឺ​ពិត​ជា​មាន​ទ្រព្យ​សម្បត្តិ​​មាន​តម្លៃ​ច្រើន​ណាស់​ ដូច​ជា​ផ្ទះ​សំបែង វីឡា រថយន្ត​ផ្សេងៗ​គ្នា និង​លុយ​ច្រើន អ៊ីចឹង​បើក​ទាំង​អស់​តែ​ម្ដង​ទៅ​​”។

អ្នក​វិភាគ​រូប​នេះ​បាន​មាន​ប្រសាសន៍​ថា “ដូច្នេះ​មន្ត្រី​ជាច្រើន​មាន​ប្រាក់​កាស​ច្រើន ហើយ​ដាក់​ចូល​ធនាគារ ​គឺ​ភាគច្រើន​មិន​បាន​ពន្យល់​ទេ​។ ជា​ឧទាហរណ៍​ លោក​ក្រឡេក​មើល​លោក ហ៊ុន សែន និង​ប្រាក់​ចំណូល​របស់​លោក ​​គឺ​លោក​បាន​មាន​ប្រសាសន៍​ថា លោក​មិន​មាន​លុយ​កាក់​ច្រើន​ទេ”។

អ្នក​វិភាគ​រូប​នេះ​បាន​និយាយ​ថា ការ​ផ្ដោត​ចំៗ​​ទៅ​លើ​លោក សុខា គឺ​ផ្ដល់​ចំណាប់​អារម្មណ៍​ថា ការ​ស៊ើបអង្កេត​នេះ​គឺ​លម្អៀង​ខាង​នយោបាយ​។

​អ្នក​វិភាគ​​រូប​នេះ​បាន​មាន​ប្រសាសន៍​បន្ត​ថា “​បើ​លោក​ក្រឡេក​មើល​ករណី​នេះ ​វា​ជា​រឿង​នយោបាយ​សុទ្ធសាធ​។ ច្បាស់​ណាស់​ចំពោះ​មនុស្ស​ភាគច្រើន​ដែល​ថា កឹម សុខា ​កំពុង​ត្រូវ​គេ​សំដៅ​មក​រក​ ពីព្រោះ​លោក​ជា​មេដឹកនាំ​គណបក្ស​ប្រឆាំង​ម្នាក់​​ក្នុង​បណ្ដា​មេដឹកនាំ​គណបក្ស​ប្រឆាំង​ដទៃ​ទៀត​។ សារ​ទាំង​ស្រុង​ទំនង​ជា​មាន​គម្រោង​​យ៉ាង​ល្អ​ ហើយ​រៀបចំ​​យ៉ាង​ល្អិត​ល្អន់​”។

លោក ព្រាប កុល នាយក​ប្រតិបត្តិ​​នៃ​អង្គការ​តម្លាភាព​កម្ពុជា ក៏​​មានស​ំណួរ​ទៅ​លើ​ហេតុផល​របស់​រដ្ឋាភិបាល​ក្នុង​ការ​​សំដៅ​ទៅ​លើ​លោក សុខា ដែរ ដោយ​បញ្ជាក់​ថា ​ក៏​មាន​ភ័ស្តុតាង​គ្រប់​គ្រាន់​ទាក់​ទង​នឹង​អំពើ​ពុករលួយ​ក្នុង​បណ្ដា​អ្នក​នយោបាយផ្សេង​ទៀត។

នាយក​ប្រតិបត្តិ​នៃ​អង្គការ​តម្លាភាព​កម្ពុជា​រូប​នេះ​បាន​មាន​ប្រសាសន៍​នៅ​ក្នុង​សារ​អុីម៉េល​ថា “​អាច​មាន​​​​​ដាន​គ្រប់គ្រាន់ មាន​ដូច​​ជា វីឡា ឬ​ភូមិគ្រឹះ​ធំ​ស្ដុកស្ដម្ភ​ រថយន្ត​ប្រណីត​ៗ​​ ជីវភាព​ហ៊ឺហា​​​​របស់​ពួកគេ​ ឬ​របស់​សមាជិក​គ្រួសារ​ពួកគេ​​ ហើយ​របៀប​ដែល​គេ​​ចាយ​វាយ​លុយ​​កាក់​​ គឺ​ស្រដៀង​គ្នា​ទៅ​នឹង​ការ​ចោទ​ប្រកាន់​ប្រឆាំងលោក​​ កឹម សុខា ដែរ​”។

ប្រធាន​​ប្រតិបត្តិ​នៃ​អង្គការ​​​តម្លាភាព​កម្ពុជា​រូប​នេះ​បាន​មាន​ប្រសាសន៍​បន្ថែម​ថា “​បើ​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​​បាន​ចាត់វិធានការ​ទៅ​លើ​ពាក្យ​បណ្ដឹង​ផ្សេង​ទៀត​​ដូច​គ្នា​ដែរ ​វា​នឹង​មាន​អត្ថប្រយោជន៍​ធំធេង​សម្រាប់​សង្គម​កម្ពុជា​។ បើ​ពុំ​នោះ​ទេ នឹង​មាន​ការ​យល់​​​ឃើញ​​ខ្លះ​ថា វិធានការ​ទៅ​លើ​ករណី​​លោក កឹម សុខា អាច​មាន​ឥទ្ធិពល​​ ឬ​មាន​ហេតុផល​ខាង​នយោបាយ​ប៉ុណ្ណោះ​”។

លោក សន ជ័យ តំណាង​បណ្ដាញ​គណនេយ្យភាព​សង្គម​ ជា​ក្រុម​តស៊ូ​មតិ​ដែល​ផ្ដោត​លើ​អភិបាល​កិច្ច​ល្អ​ បាន​មាន​ប្រសាសន៍​ថា ​មិន​​អាច​ទៅ​រួច​ទេ​​ដែល​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​អាច​សន្និដ្ឋាន​ថា សំឡេង​នៅ​ក្នុង​​ខ្សែអាត់​សំឡេង​នោះ​ជា​របស់​លោក កឹម សុខា។

លោក សន ជ័យ បាន​មាន​ប្រសាសន៍​ថា “​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​មិន​បាន​ចំណាយ​ពេល​គ្រប់គ្រាន់​ដើម្បី​រក​ឲ្យ​ឃើញ​ប្រភព​នៃ​ការ​ចាយ​វាយ​ ហើយ​ក៏​មិន​បាន​បញ្ជាក់​ថា ​សំឡេង​នោះ​ជា​របស់​លោក កឹម សុខា ដែរ…គឺ​វា​គ្រាន់តែ​ផ្អែក​លើ​សេចក្ដី​សន្និដ្ឋាន​ផ្ទាល់​​ [របស់​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ] ប៉ុណ្ណោះ​។

​លោក​​បាន​​និយាយ​ថា “​តាម​ខ្ញុំ​យល់​ ការ​សម្រេច​ចិត្ត​របស់​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​ក្នុង​ការ​ទទួល​យក​ពាក្យ​បណ្ដឹង​ គឺ​មាន​ចំណុច​គួរ​ឲ្យ​សង្ស័យ​ជាច្រើន​ ហើយ​ធ្វើ​ឲ្យ​ពលរដ្ឋ​ជឿ​ថា វា​មាន​ហេតុផល​ផ្នែក​នយោបាយ​”។

លោក កែវ រ៉េមី អ្នកនាំពាក្យ​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​បាន​ចុច​បិទ​ទូរស័ព្ទ​ពី​អ្នក​យក​ព័ត៌មាន​នៅ​ពេល​សុំ​ឲ្យ​​ធ្វើ​ការ​អត្ថាធិប្បាយ​ ហើយ​មន្ត្រី​ផ្សេង​ទៀត​នៅ​អង្គភាព​នេះ​​​ក៏​មិន​អាច​ទាក់​ទង​បាន​ដែរ​។

​សាធារណជន​ក៏​មាន​ចម្ងល់​ថា ហេតុ​អ្វី​​ក៏​ករណី​មួយ​នេះ​ត្រូវ​គេ​ធ្វើ​យ៉ាង​យក​ចិត្ត​ទុក​ដាក់​ដូច្នេះ​ទេ។

លោក ភួន ផា អ្នក​បើក​រ៉ឺម៉ក​ម៉ូតូ​កង់​បី​​បាន​និយាយ​ថា “​ខ្ញុំ​សង្ស័យ​ខ្លាំង​ណាស់​ចំពោះ​រឿង​នេះ។ ហេតុ​អី​ក៏​គេ​ទាម​ទារ​បើក​លិខិត​ប្រកាស​ទ្រព្យ​សម្បត្តិ​​របស់​លោក កឹម សុខា ប៉ុន្តែ​មន្ត្រី​ផ្សេង​ទៀត​អត់ទៅវិញ​? ចុះ​ហេតុ​អី​គេ​គ្រាន់​តែ​ផ្ដោត​លើ​លោក កឹម សុខា? ខ្ញុំ​គិត​ថា ជា​រឿង​នយោបាយ​”។

អ្នក​បើក​រ៉ឺម៉កម៉ូតូ​កង់ប​ី​រូប​នេះ​​​បាន​និយាយ​​បន្ថែម​ថា “តាម​គំនិត​​ខ្ញុំ​​ផ្ទាល់ ខ្ញុំ​ចង់​ឃើញ​​សម្ដេច​ ហ៊ុន សែន ប្រកាស​ការ​ចំណាយ​របស់​លោក​ ពីព្រោះ​សម្ដេច​គឺ​ជា​មេដឹកនាំ​ ហើយ​ធំ​ជាង​គេ​ក្នុង​ជួរ​រដ្ឋាភិបាល។ គឺ​ចាប់​ផ្ដើម​ពី​គាត់​មុន​ ហើយ​បន្ទាប់​មក​ទៅ​ដល់​ថ្នាក់ក្រោម​។ ប្រាក់​ខែ​គាត់​មិន​ច្រើន​ទេ អ៊ីចឹង​មាន​ន័យ​ថា ​[​ប្រាក់​កាស​គាត់​] ​​ប្រហែល​បាន​មកពី​អំពើ​​ពុករលួយ”។

មន្ត្រី​នគរ​បាល​មួយ​រូប​​ដែល​សុំ​​មិន​បញ្ចេញ​ឈ្មោះ​​​បាន​និយាយ​ថា ​មាន​​ការ​លាក់​ពុតត្បុត​ចំពោះ​​បញ្ហា​ទាំង​មូល​នេះ​។

មន្ត្រី​នគរ​បាល​រូប​នេះ​បាន​សួរ​ថា “​នេះ​ជា​រឿង​ផ្ទាល់​ខ្លួន​ទាក់​ទង​នឹង​លោក កឹម សុខា។ ខ្ញុំ​​ជឿច្បាស់​ថា មន្ត្រី​ដទៃ​ទៀត​គឺ​ធ្វើ​ដូច​តែ​គ្នា​។ ចុះ​ហេតុ​អី​គេ​ត្រូវ​បើក​សំបុត្រ​ប្រកាស​​ទ្រព្យ​សម្បត្តិ​របស់​គាត់​? សូម្បី​តែ​ខ្ញុំ​ក៏​មាន​ស្រី​ស្នេហ៍​ដែរ នរណា​នឹង​ប្ដឹង​ខ្ញុំ​”៕ រើន​​​​​​​​​​​​​​​​​​​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស