34 C
Phnom Penh

លោក ហ៊ុន ម៉ាណែត លុបចោល​ដំណើរទស្សនកិច្ច​ទៅចូលរួម​ការ​ដង្ហែ​ក្បួន​​​នៅអាមេរិក​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោក ហ៊៊ុន ម៉ាណែត កូន​​​ប្រុស​​​ច្បង​​​របស់​​​លោក​​​នាយក​​​រដ្ឋ​​​មន្ត្រី ហ៊ុន សែន បាន​​​ប្រកាស ​​​កាល​​​ពី​​​ម្សិលមិញ​​​ថា លោក​​​នឹង​​​មិន​​​ទៅ​​​ចូល​​​រួម​​​ការ​​​ដង្ហែ​​​ក្បួន​​សម្រាប់​បុណ្យ​ចូល​​​ឆ្នាំ​​​ខ្មែរ​​​នា​​​ពេល​​​​ខាង​មុខ​​​​តាម​​​ការ​​​អញ្ជើញ​​ឲ្យ​​​ទៅ​​​កាន់​​​​​​ទីក្រុង​​​ឡុង​​​ប៊ិច រដ្ឋ​​​កាលីហ្វ័រញ៉ា​​​ឡើយ​​​ ​​​​​​ដោយ​​​ សារ​​​មាន​​​ការ​​​ជំទាស់​​​ពី​​សមាជិក​​​​មួយ​​​ចំនួន​​​​​​ក្នុង​​​ចំណោម​​​សមា​​​ជិក​សហគមន៍​​​ខ្មែរ-​​​អាមេរិកាំង​​​។

យោង​​​តាម​​​កាសែត Press -Telegram នៅ​​ក្នុង​ទីក្រុង​ឡុង​​​ប៊ិច​​​បាន​​​ឲ្យដឹង​​​ថា ឧត្តម​​​សេនីយ៍​​​ឯក ហ៊ុន ម៉ាណែត ត្រូវ​​​បាន​​​អញ្ជើញ​​​ឲ្យ​​​ទៅ​​​ចូល ​​​​​​រួម​​​​​​ការ​​​ដង្ហែ​​​ក្បួន​​​នៅ​​​ខែ​​​ក្រោយ​​​នេះ​​​ដោយ​​​ក្រុម​​​ប្រឹក្សា​​​សម្រប​​​សម្រួល​​​កម្ពុជា ​​​ជា​​​ក្រុមក្នុង​មូលដ្ឋាន​​​​ដែល​​​រៀប​​​ចំ​​​ព្រឹត្តិការណ៍​​​នៅក្នុង​​​​សហគមន៍​​​បន្ទាប់​​​ពី​​​មាន​​​សំណើ​​​ពី​​​កុង​​​ស៊ុល​​​កម្ពុជា​​​ប្រចាំ​​​ក្រុង​​​នេះ​​​។

ប៉ុន្តែ កាល​​​ពី​​​ថ្ងៃ​​​អង្គារ ​​​កាសែត​​​នេះ​​​បាន​​​ធ្វើ​​​សេចក្តី​​​រាយការណ៍​​​ថា អ្នក​​​តវ៉ា​​​ប្រហែល​​​២០០នាក់​​​បាន​​​ធ្វើ​​​បាតុកម្ម​​​នៅ​​​ខាង​​​ក្រៅ​​​អគារ​​​​​​ក្រុម​​​ប្រឹក្សា​​​ក្នុង​ក្រុង​​​ឡុង​​​ប៊ិច​​​ស្នើ​​​ឲ្យ​​​ជំទាស់​​​ដំណើរ​​​ទស្សនកិច្ច​​​របស់​​​ឧត្តម​​​សេនីយ៍​​​ឯក ​​​ហ៊ុន ម៉ាណែត ហើយ​​​សុំ​​​កុំ​​​ឲ្យ​​​អញ្ជើញ​​​កូន​​​ប្រុស​​​​​​​​​របស់​នាយក​​​រដ្ឋ​​​មន្ត្រី​​​រូប​​​នេះ​​​។

ក្រុម​អ្នក​​​តវ៉ា​​​បាន​​​គំរាម​​​ធ្វើ​ពហិការ​មិន​​​ចូល​​​រួម​​​ព្រឹត្តិការណ៍ដែលបាន​គ្រោង​​​ទុក​​​នេះ​​​ ​​​ប្រសិន ​​​បើ​​​ឧត្តម​​​សេនីយ៍​​​ឯក ហ៊ុន ម៉ាណែត មាន​​​វត្ត​​​មាន​​​។ ការ​​​តវ៉ា​​​ជំទាស់​​ដំណើរ​ទស្សនកិច្ច​​​​កូន​​​ប្រុស​​​របស់​​​នាយក​​​រដ្ឋ​​​មន្ត្រី​​​រូប​​​នេះ​​​ធ្វើ​​​ឡើង​​​បន្ទាប់​​​ពី​​​មាន​​​ការ​​​តវ៉ា​​​ដោយសមាជិក​​​​សហគមន៍​​​​​​ខ្មែរ​​​-អាមេរិកាំងមួយ​ចំនួន​​​​ប្រឆាំង​​​លោក ​​​ហ៊ុន ​​​សែន​ ផ្ទាល់​ អំឡុង​​​កិច្ច​​​ប្រជុំ​​​រវាង​លោក ​បារ៉ាក់​ អូប៉ាម៉ា ប្រធានាធិបតី​​​សហរដ្ឋ​​​អាមេរិក និង​​​មេដឹក​​​នាំ​​​អាស៊ាន​​​នៅក្នុង​​​រដ្ឋ​​​កាលីហ្វ័រ​​​ញ៉ា​​​កាល​​​​​​ពី​​​ខែ​​​មុន​​​។សមាជិក​​​សហគមន៍​​​ខ្មែរ​​​ក្នុង​​​មូល​​​ដ្ឋាន​​​ជា​​​សហគមន៍​​​ដ៏​​​ធំ​​​បំផុត​​​នៅ​​​ក្រៅ​​​ប្រទេស​​​កម្ពុជា ​​​បាន​​​ចោទ​​​ប្រកាន់​​​លោក ​​​ហ៊ុន ​​​សែន ​​​និង​​​ក្រុម​​​គ្រួសារ​​​របស់​​​លោក​​​ថា បាន​​​គ្រប់​​​គ្រង​​​រដ្ឋាភិ​​​បាល​​​ពុក​​​រលួយ​​​ដោយ​​​មាន​​​ការ​​​រំលោភ​​​បំពាន​​​សិទ្ធិ​​​មនុស្ស​​​។

កាល​​​ពី​​​ថ្ងៃ​​​អាទិត្យ លោក ហ៊ុន ​​​ម៉ាណែត​​​បាន​​​ប្រើ​​​ប្រាស់​​​ទំព័រ​​​ហ្វេសប៊ុក​​​របស់​​​លោក​​​ប្រកាស​​​ថា លោក​​​នឹង​​​មិន​​​ទៅចូល​​​រួម​​​ការ​​​ដង្ហែ​​​ក្បួន​​​នោះ​​​ទេ​​​ ដើម្បី​​ចៀស​​​​វាង​​​ការ​​​ប្រឈម​​​មុខ​​​គ្នា​រវាង​​​ក្រុម​​​នីមួយ​ៗ​ក្នុង​មូលដ្ឋាន និង​ក្រុមតវ៉ា​​​ប្រឆាំង​​​​​​រូប​​​លោក​​​។

លោក​​​បាន​​​សរសេរ​​​នៅ​​​ក្នុង​​​សារ​​​បង្ហោះ​​​តាម​​​ហ្វេសប៊ុក​​​ថា “ខ្ញុំ​​​ និង​​​ក្រុម​​​ការ​​​ងារ​​​របស់​​​ខ្ញុំ​​​បាន​​​សម្រេច​​​មិន​​​ទៅ​​​ចូល​​​រួម​​​ការ​​​ដង្ហែ​​​ក្បួន​​​នោះ​​​ទេ​​​ ពីព្រោះ​​​យើង​​​មិន​​​ចង់​​​ឃើញ​​​ជម្លោះ​​​កើត​​​ឡើង​​​រវាង​​​ខ្មែរ​​​ និង​​​ខ្មែរ​​​​​​ឡើយ ហើយ​ជា​​​ពិសេស​​​ដើម្បី​​​បញ្ចៀស​​​អំពើ​​​ហិង្សា​​​ណា​​​មួយ​​​រវាង​​​អ្នក​​​គាំទ្រ​​​ និង​​​អ្នក​​​មិន​​​​​​គាំទ្រ​​​ អំឡុង​​​ព្រឹត្តិ​​​ការណ៍​​​នោះ​​​ ដែល​​បណ្តាល​​​​ឲ្យ​​​ជាត​ិ​សាសន៍​​​របស់​យើង​បាត់​​​បង់​​​ផល​​​ប្រយោជន៍​​​”។

លោក​​​បាន​​​បន្ថែម​​​ថា “បុណ្យ​​​ចូល​​ឆ្នាំ​​​ខ្មែរ​​​គឺ​​​ជា​​​ឱកាស​​​ពិសេស​​​សម្រាប់​​​ប្រជា​​​ពល​​​រដ្ឋ​​​ខ្មែរ​​​របស់​​​យើង​​​ ហើយ​​​យើង​គួរ​​​រួប​​​រួម​​​គ្នា​​​ដើម្បី​​​គាំទ្រ​​​ជាតិ​​​សាសន៍​​​របស់​​​យើង​​​ ដោយ​​​ធ្វើ​​​ការ​​​រួម​​​គ្នា​​​ដើម្បីបង្ហាញ​​​អំពី​​​វប្បធម៌ និង​​​អរិយធម៌​​​ខ្មែរ​​​​​ដល់​​​ពលរដ្ឋ​អាមេរិក​​​ និង​​​ពលរដ្ឋដ​ទៃ​​​ទៀត​​​។ វា​​​មិន​​​មែន​​​ជា​​​ពេល​​​​​​ដែល​​​អ្នក​​​គាំទ្រ​​​និង​​​អ្នក​​​មិន​​​គាំទ្រ​​​បង្ហាញ​​​សាច់​​​ដុំ​​​របស់​​​ខ្លួន​​​ឡើយ​​​ ​​​ពីព្រោះ​​​វា​​​​​​បង្ហាញ​​​ពី​​​ការ​​​បែក​​​បាក់​​​រវាង​​​ខ្មែរ ​​​និង​​​ខ្មែរ​​​ ហើយ​​​ធ្វើ​​​ឲ្យ​ជាតិ​សាសន៍​របស់​យើង​​​​មាន​​​​កេរ្តិ៍​​​ឈ្មោះ​​​មិន​ល្អ​​​​”។

នៅ​​​ក្នុង​​​បទ​​​សម្ភាសន៍​​​ជាមួយ​​​ប្រព័ន្ធ​​​ផ្សព្វ​​​ផ្សាយ​​​ក្នុង​​​ស្រុក​​​នៅ​​​ល្ងាច​​​ថ្ងៃ​​​ដដែល​​​នេះ​​​ ឧត្តម​​​សេនីយ៍​​​ឯក ហ៊ុន ម៉ាណែត ដែល​​​ទទួល​​​បន្ទុក​​​កិច្ច​​​ការ​​​អន្តរជាតិ​​​របស់​​​គណបក្ស​​​ប្រជា​​​ជន​​​កម្ពុជា​​​បាន​​​បញ្ជាក់​​​ថា លោក​​​នឹងមិន​​​​លុប​​​ចោល​​​ដំណើរ​​​ទស្សន​កិច្ច​​​របស​​់​​​លោក​​​ទៅកាន់​​​សហរដ្ឋ​​​អាមេរិកទាំង​អស​់នោះទេ​​​។

លោក​បាន​លើកឡើង​ថា “ ខ្ញុំ​នឹង​ធ្វើ​ដំណើរ​​​​ទៅ​សហរដ្ឋ​អាមេរិក​​អំឡុង​បុណ្យ​ចូលឆ្នាំខ្មែរ​នៅពេល​ខាងមុខ​នេះ​តាម​ការ​គ្រោង​ទុក​ ប៉ុន្តែ​ខ្ញុំ​នឹង​មិន​ចូលរួម​ការ​ដង្ហែ​ក្បួន​នោះ​​​ទេ”។ ឧត្តម​​​សេនីយ៍​​​ឯក ហ៊ុន ម៉ាណែត បាន​​​បន្ថែម​​​ថា លោក​​​នឹង​​​ទៅ​​​ចូល​​​រួម​​​កម្ម​​​វិធី​​​ផ្សេង​​​ៗ​​​ទៀត​​​ ប៉ុន្តែ មិន​​​បរិយាយ​​​លម្អិត​​​ឡើយ​​​។

លោក​​​ ទូច វិបុល​​​ ប្រធាន​​​មូល​​​និធិ​​​សង្គ្រោះ​​​ ​​​ជាតិ​​​ដែល​​​ជំទាស់​​​នឹង​​​ដំណើរ​​​ទស្សនកិច្ច​​​នេះ​​​បាន​​​មាន​​​ប្រសាសន៍​​​ថា កូន​​​ប្រុស​​​របស់​​​លោក ​​​ហ៊ុន សែន គ្មាន​ការ​​​ងារអ្វី​​​ត្រូវ​​​និយាយ​​​អំពី​​​​​​សាមគ្គី​​​ ភាព​ឡើយ​​​។

លោក​​​បាន​​​លើក​​​ឡើង​​​នៅ​​​ក្នុង​​​សារ​​​តាម​​​ប្រព័ន្ធ​​​អីុនធឺណិត​​​ថា “គាត់​​​មិន​​​មែន​​​ជា​​​​មនុស្ស​ដែល​​​សម​​​នឹង​​​និយាយ​​​​អំពី​ការរួប​​​រួមគ្នា​ នៅ​​​ពេល​គណបក្ស​កាន់​អំណាច​របស់លោក​បាន​បន្ត​យារយី​ និង​បំភិត​បំភ័យអ្នក​ដែល​ប្រឆាំង​​​​​ពួកគេ​​​​។ ពួក​​​គេ​​​មិន​​​ធ្វើ​​​ការ​​​រួម​​​គ្នា​​​ដើម្បី​​​ដោះ​​​ស្រាយ​​​បញ្ហា​​​ព្រំដែន​​​ ការ​​​ចាប់​​​យក​​​ដី​​​​​​ខុស​​​ច្បាប់ ​​​ភាព​គ្មាន​ផ្ទះសំបែង​ដោយ​ការ​បង្ខំ អំពើ​​​ពុក​​​រលួយជាលក្ខណៈ​​​ប្រព័ន្ធ​​​​​​​ និង​​​ការ​​​រំលោភ​​​បំពាន​​​​​​សិទ្ធិ​​​មនុស្ស​​​ជាច្រើន​ទៀត​​​​។ គាត់​​​តំណាង​​​ឲ្យ​​​គណ​​​បក្ស​​មួយ​​​ដែល​​​បង្ហាញ​​​ថា​​​យក​​​ចិត្ត​​​ទុក​​​ដាក់​​​តែ​​​រឿង​​​ធ្វើ​​​ឲ្យ​​​ខ្លួន​​​ឯង​​​មាន​​​បាន និង​​​ការ​​​ពារ​​​ខ្លួន​​​ឯង​​​”។

លោក វិបុល​​​ បាន​​​ថ្លែង​​​ថា លោក​​​ ហ៊ុន​​​ម៉ាណែត ក៏​​​ខុស​​​ដែរ ដែល​​​​លើក​​​ឡើង​ថា មាន​​​​​​ការ​​​បែក​​​បាក់​​​ដ៏ធំនៅក្នុង​​​សហ​​​គមន៍​​​ខ្មែរ​​​​ក្នុង​​​រដ្ឋ​​​ឡុង​​​ប៊ិច ដោយ​​​អះ​​​អាង​​​ថា អ្នក​​​គាំទ្រ​​​គណ​​​បក្ស​​​​​​ ប្រជា​​​ជន​​​កម្ពុជា​​​មាន​​​ចំនួន​តិច​​​​។

លោក​​​បាន​​​ថ្លែង​​​ថា “គាត់​​​ហាក់​​​ដូច​​​ជា​​​គិត​​​ថា​​​ យើង​​​មាន​​​ការ​​​បែក​​​បាក់​​​ និង​ឈ្លោះគ្នា​​​ដែល​ខុស​ពីការ​ពិត​ឆ្ងាយណាស់​​​​។ មតិ​​​ភាគ​​​ច្រើនលើស​​​លប់​​​​​​រួម​​​គ្នា​​​ប្រឆាំង​​​គាត់​​​ និង​​​ការ​​គ្រប់​គ្រង​​​​របស់​​​ឪពុក​​​គាត់​​​។ យើង​​​នឹង​​​បន្ត​​​តស៊ូ​​​ ជំទាស់ និង​​​តតាំង​​​ជា​​​មួយ​​​គាត់ និង​​​ឪពុក​​​របស់​​​គាត់។​​​ សហគមន៍​​​របស់​​​យើង​​​នៅ​​​ទី​​​នេះ​​​សុខ​​​សប្បាយ​​​ បើ​គ្មាន​​​គណបក្ស​​​កាន់​​​អំណាច​​​ដែល​​​ព្យាយាម​​​​​​ជ្រៀត​​​ជ្រែកចូល​​​​​​ក្នុង​​​ការ​​​រស់​​​នៅ​​​ប្រចាំ​​​ថ្ងៃ​​​របស់​​​យើង​​​”៕​​​​​​សារុន (រាយការណ៍​​​បន្ថែម​​​ដោយ Colin Meyn)​​​​​​​​​​​​​​​​​​​​

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស