35 C
Phnom Penh

អាជ្ញាធរ​ចាប់ខ្លួនជន​ជាតិ​កូរ៉េ​បីនាក់​ដែលនាំចូល​ទូរស័ព្ទ​ស្មាតហ្វូន​គេច​ពន្ធ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អាជ្ញាធរ​មូលដ្ឋាន​បាន​លើកឡើង​កាល ពីម្សិលមិញ​ថា ជន​ជាតិ​កូរ៉េ​ខាង​ត្បូង​បីនាក់​ត្រូវ​​​​បាន​ចាប់ខ្លួន​នៅ​អាកាស​យាន​ដ្ឋាន​អន្តរ​​​ជាតិ​សៀម​រាប​កាល​ពី​យប់​ថ្ងៃ​សៅរ៍​បន្ទាប់ពី​​មកដល់​ជាមួយ​ទូរស័ព្ទស្មាត​ហ្វូន​គេចពន្ធ​ជាង​៤០០គ្រឿង​នៅក្នុង​វ៉ាលិស​របស់​ខ្លួន។

លោក គង់ សុផល្លាគុណ​ ប្រធាន​គយ​នៅ​អាកាស​យានដ្ឋាន​នេះ​បាន​មាន​ប្រសាសន៍​ថា អាជ្ញាធរ​បាន​ចាប់ខ្លួន​បុរស​ទី​១ ដែល​ទើប​តែ​បាន​ចុះ​ពី​ជើង​ហោះហើរ​មកពី​កូរ៉េ​ខាង​ត្បូង​ នៅ​ម៉ោង​ប្រហែល​​១១ និង​ ៣០​នាទី​យប់​ បន្ទាប់ពី​ម៉ាស៊ីន​ស្កែន​ផ្តល់​សញ្ញា​ប្រាប់ពួកគេ​ពី​ទូរស័ព្ទ​ម៉ាក Apple និង​ Samsung ជាង​១០០​​​គ្រឿង​នៅក្នុង​វ៉ាលិស​របស់ជន​នេះ​​។

លោក​បាន​ថ្លែង​ថា បុរស​រូបនេះ​បាន​ប្រាប​​​់ ពួកគាត់​ពី​គូកន​ពីរ​នាក់​ទៀត​ ដែល​ត្រូវ​បាន​ចាប់​ខ្លួន​​១៥នាទី​ក្រោយ​មក​ ជាមួយ​ទូរស័ព្ទ​៣០០គ្រឿង​ទៀត​​។

លោក​បាន​មាន​ប្រសាសន៍​ថា “​នៅពេល​យើង​ដឹង​ថា ពួកគេ​ពីរនាក់ទៀត​មកដល់ យើង​​​​បាន​សុំ​ឆែកឆេរ​​វ៉ាលិស​របស់​ពួកគេ​ ហើយ​បាន​រក​ឃើញ​​ទូរស័ព្ទ​ស្មាត​ហ្វូន​៣០០​​​គ្រឿង​ ហើយ​ពួកគេ​មិន​មាន​ការ​អនុញ្ញាត​នាំចូល​ដោយ​ស្រប​ច្បាប់ឡើយ​”។

លោក​បាន​បង្វែរ​សំណួរ​បន្ថែម​ទៅ​នាយក​​​ដ្ឋាន​គយ​ លោក ប៊ូ ប៊ុណ្ណារ៉ា ​ប្រធាន​ទំនាក់​​​ទំនង​សាធារណៈ​របស់​នាយក​ដ្ឋាន​នេះ​បាន​មាន​ប្រសាសន៍​ថា លោក​ទើប​តែ​ដឹងពី​របស់​នាំចូល​នេះ​តាម​ប្រព័ន្ធផ្សព្វផ្សាយ​ក្នុង​ស្រុក​​​ប៉ុណ្ណោះ​។

លោក​បាន​ថ្លែង​ថា “​ខ្ញុំមិនទាន់​ទទួលបាន​របាយការណ៍នៅឡើយ​ទេ ដូច្នេះ​ខ្ញុំ​នឹង​មើល​នៅ​ថ្ងៃស្អែក​ថា តើ​ពួកគេ​នឹង​ត្រូវពិន័យ​​​ជា​​​ប្រាក់​ ឬ​​ប្រឈមនឹង​ការ​ជាប់ពន្ធនាគារ​”៕​​​ សារុន​​​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស