យោងតាមក្រុមមន្ត្រីបានឲ្យដឹងថា ទាហានប្រដាប់អាវុធមួយក្រុមមានគ្នា១០នាក់បានសម្រុកចូលការិយាល័យរដ្ឋបាលព្រៃឈើនៅក្នុងខេត្តឧត្តរមានជ័យកាលពីម្សិលមិញ ហើយបានព្យាយាមទាមទារយករថយន្តយោធាមួយគ្រឿងដែលត្រូវបានរឹបអូសមកវិញ បន្ទាប់ពីពួកគេបានប្រើប្រាស់វាដើម្បីដឹកឈើខុសច្បាប់ ជាហេតុនាំឲ្យមានការប្រឈមមុខដាក់គ្នារយៈពេល១ម៉ោង។
ទាហានដែលជាសមាជិកកងអនុសេនាតូចលេខ២៤៣នៃកងពលធំលេខ២របស់កងយោធពលខេមរភូមិន្ទបានសម្រុកចូលទៅក្នុងការិយាល័យសង្កាត់រដ្ឋបាលព្រៃឈើស្រុកអន្លង់វែង កាលពីព្រឹកម្សិលមិញ ហើយបានទាមទារឲ្យគេប្រគល់រថយន្តរបស់ខ្លួនមកវិញ នេះបើយោងតាមលោក ខន ខែម នាយសង្កាត់រដ្ឋបាលព្រៃឈើនេះ។
លោក ខន ខែម បានចោទប្រកាន់កងអនុសេនាតូចថា បានប្រកបរបរកាប់ឈើខុសច្បាប់ ហើយថា អង្គភាពនេះធ្លាប់បានស្ថិតក្រោមការសើុបអង្កេតរបស់រដ្ឋបាលព្រៃឈើ មុនពេលរថយន្តយោធាដែលជាអង្គហេតុនៃជម្លោះកាលពីម្សិលមិញត្រូវបានរឹបអូសកាលពីសប្តាហ៍មុន។លោកបានលើកឡើងថា សមាជិក កងអនុសេនាតូចធ្លាប់បានភូតកុហកជាយូរមកហើយថា ខ្លួនបានដឹកឈើគឺសម្រាប់យកទៅប្រើប្រាស់ដើម្បីសាងសង់បន្ទាយយោធា។
នាយសង្កាត់ព្រៃឈើរូបនេះ បានមានប្រសាសន៍ថា “ទាហានទាំងនោះកាប់ឈើខុសច្បាប់ ហើយដឹកជញ្ជូនឈើដោយគ្មានលិខិតអនុញ្ញាតណាមួយឡើយ ហើយមន្ត្រីព្រៃឈើរបស់យើងបានសហការជាមួយកងរាជអាវុធហត្ថដើម្បីបញ្ឈប់ពួកគេ ប៉ុន្តែ ពួកគេតែងតែប្រាប់យើងថា ឈើគឺទុកសម្រាប់សាងសង់បន្ទាយទាហាន ហើយពួកគេតែងតែដឹកឈើយ៉ាងអនាធិបតេយ្យអស់រយៈពេលជាច្រើនឆ្នាំមកហើយ”។
លោកបានបន្ថែមថា “តាមពិតពួកគេកំពុងលក់ឈើខុសច្បាប់ដើម្បីយកប្រាក់ដាក់ហោប៉ៅរបស់ខ្លួន។ ពួកគេកាប់ឈើលក់។ យើងបានសើុបអង្កេតរកឃើញថា រថយន្តរបស់ពួកគេបានដឹកឈើខុសច្បាប់យកទៅលក់។ ពួកគេមិនបានយកឈើទាំងនេះទៅសាងសង់បន្ទាយទាហានសោះឡើយ”។
លោក ខន ខែម បានលើកឡើងទៀតថា កាលពីសប្តាហ៍មុន មន្ត្រីរដ្ឋបាលព្រៃឈើបាន ឃាត់ហើយរឹបអូសរថយន្ត២តោនកន្លះមួយគ្រឿងរបស់កងអនុសេនាតូចលេខ២៤៣ដែលដឹកឈើប្រភេទលេខ២ ចំនួន៦ម៉ែត្រគូបឆ្លងកាត់ស្រុកអន្លង់វែងដោយខុសច្បាប់។
ហើយនៅម៉ោងប្រហែល៩និង៣០នាទីព្រឹកម្សិលមិញ ទាហានបានសងសឹកដោយសម្រុកចូលទៅខាងក្នុងការិយាល័យមូលដ្ឋានរបស់រដ្ឋបាលព្រៃឈើដោយមានទាំងការសម្ញែងបង្អួតកាំភ្លើងខ្លីផងដែរ។ លោកបានបន្ថែមថា មេបញ្ជាការកងអនុសេនាតូចដែលលោកប្រាប់អត្តសញ្ញាណថា ជាវរសេនីយ៍ឯកមួយរូបឈ្មោះ ឆម ឡាំ គឺជាអ្នកដឹកនាំក្រុមនេះ។លោកបានមានប្រសាសន៍ទាក់់ទិននឹងវរសេនីយ៍ឯករូបនេះថា “គាត់និយាយថា ពួកគេត្រូវតែយករថយន្តរបស់ខ្លួនត្រឡប់ទៅវិញ មិនថា យើងអនុញ្ញាតឬមិនអនុញ្ញាតឡើយ”។
លោក ខន ខែម បានលើកឡើងទៀតថា មន្ត្រីរដ្ឋបាលព្រៃឈើមួយចំនួនតូចដែលនៅក្នុងអគារអំឡុងពេលនោះមានការភ័យខ្លាចហើយបានទូរស័ព្ទហៅកងរាជអាវុធហត្ថស្រុកឲ្យមកជួយ។ បន្ទាប់មកដោយធ្វើការជាមួយគ្នា កងរាជអាវុធហត្ថនិងមន្ត្រីរដ្ឋបាលព្រៃឈើបានយករថយន្តម៉ាក តូយ៉ូតា ឡង់គ្រីស័រ មួយគ្រឿងមកបាំងបិទផ្លូវការិយាល័យនេះមិនឲ្យទាហានយករថយន្តរបស់ខ្លួនចេញទៅវិញឡើយ ប៉ុន្តែ ទោះបីជាមានវត្តមានរបស់កងរាជអាវុធហត្ថក៏ដោយ ក៏ទាហានទាំងនេះនៅបង្អែបង្អង់នៅក្នុងបរិវេណការិយាល័យរដ្ឋបាលព្រៃឈើដែរ រហូតដល់ម៉ោង២រសៀល ទើបចាកចេញទៅវិញ។
លោកបានថ្លែងថា “ប្រហែលជាមេបញ្ជាការ របស់ពួកគេហៅពួកគេឲ្យត្រឡប់ទៅវិញហើយមើលទៅ”។
ទាំងលោក ឆម ឡាំ និងលោក សន សៀ មេបញ្ជាការកងពលធំលេខ២នៃកងយោធពលខេមរភូមិន្ទ្ទសុទ្ធតែមិនអាចទាក់ទងសុំការធ្វើអត្ថាធិប្បាយបានឡើយ។ កងរាជអាវុធហត្ថមូលដ្ឋានក៏មិនអាចទាក់ទងបានដែរ។
លោក យឹម បញ្ញា មេបញ្ជាការរងកងពលធំលេខ៤នៃកងយោធពលខេមរភូមិន្ទ ដែលមានទីតាំងជាប់កងពលធំលេខ២ក្នុងខេត្តឧត្តរមានជ័យបានលើកឡើងថា លោកបានដឹងពីហេតុការណ៍កាលពីម្សិលមិញ ប៉ុន្តែ បាន បន្ទោសរដ្ឋបាលព្រៃឈើថា មានការយឺតយ៉ាវ នៅក្នុង”ការរៀបចំចាត់ចែង “ ប្រគល់រថយន្តនេះត្រឡប់ទៅឲ្យកងអនុសេនាតូចវិញ។
ឧត្តមសេនីយ៍ទោ យឹម ផាន់ណា បានថ្លែងថា “យើងទទួលបានដំណឹងថា ទហានមកពីកងពលធំលេខ២បានទៅយករថយន្តរបស់ខ្លួនពីការិយាល័យរដ្ឋបាលព្រៃឈើវិញនៅព្រឹកមិញនេះ”។
លោកបានបន្ថែមថា “នៅក្នុងករណីនេះ ប្រហែលការរៀបចំចាត់ចែងរបស់ពួកគេមានការយឺតយ៉ាវដោយធ្វើឲ្យទាហានមកពីកងអនុសេនាតូចលេខ២៤៣នៃកងយោធពលខេមរភូមិន្ទដែលស្ថិតនៅក្រោមកងពលធំលេខ២ចង់ទៅយករថយន្តរបស់ខ្លួនត្រឡប់មកវិញ។ ខ្ញុំទទួលបានដំណឹងថា នៅក្នុងករណីនេះអភិបាលខេត្តរបស់យើងបានយល់ព្រមប្រគល់រថយន្តយោធានេះទៅឲ្យទាហានទាំងនេះវិញ ប៉ុន្តែ មន្ត្រីរដ្ឋបាលព្រៃឈើរបស់យើងមានការយឺតយ៉ាវនៅក្នុងការប្រគល់រថយន្តនេះទៅឲ្យពួកគេ “។
លោក ស ថាវី អភិបាលខេត្តនេះមិនអាច ទាក់ទងបានទេ៕ស៊ុយឈាង