សកម្មជនបរិស្ថានម្នាក់ដែលកំពុងល្បាតក្នុងព្រៃឡង់ស្ថិតក្នុងខេត្តក្រចេះ ត្រូវបានជនដៃដល់កាប់មួយកាំបិតផ្គាក់ខណៈពេលគាត់កំពុងដេកលង់លក់កាលពីថ្ងៃអាទិត្យ តែប៉ុន្មានម៉ោងប៉ុណ្ណោះបន្ទាប់ពីគាត់ និងសមាជិករបស់ខ្លួនបានដកហូតរណារយន្តចំនួនប្រាំមួយគ្រឿងពីអ្នកកាប់ឈើមួយក្រុម ដែលបានកាប់បំផ្លាញឈើដ៏មានតម្លៃ។
យោងតាមលោក ថៃ ប៊ុនលាង អ្នកសម្រប សម្រួលបណ្ដាញសហគមន៍ព្រៃឡង់បានឲ្យដឹងថា សកម្មជនរូបនេះឈ្មោះ ផន សុភក្ត្រ អាយុ២២ឆ្នាំ គឺជាសមាជិកម្នាក់ក្នុងចំណោមសមាជិកប្រហែល៦០នាក់នៃបណ្ដាញសហគមន៍ព្រៃឡង់ ដែលបានចាប់ផ្តើមល្បាតផ្នែកតូចនៃព្រៃទំហំប្រហែល៦៥០.០០០ហិកតា ក្នុងឃុំបឹងចារ ស្រុកសម្បូរ កាលពីដើមសប្ដាហ៍មុន។
លោក ប៊ុនលាង បានមានប្រសាសន៍ថា កាលពីថ្ងៃសៅរ៍ ជាថ្ងៃល្បាតចុងក្រោយ ពួកគាត់បានប្រទះឃើញរណាយន្តប្រាំមួយគ្រឿងនៅក្បែរឈើធ្នង់ដែលកាប់រួច ប៉ុន្តែមិនឃើញអ្នកកាប់ឈើទេ ដូច្នេះពួកគាត់បាន យកសម្ភារទាំងនេះទៅជាមួយ បន្ថែមពីលើរណារយន្តចំនួន១២គ្រឿងទៀតដែលពួកគាត់បានដកហូតរួចហើយ។
លោកបាននិយាយថា បន្ទាប់មកនៅព្រឹកថ្ងៃអាទិត្យ បុរសមិនស្គាល់ឈ្មោះម្នាក់បានដើរមកជិត សុភក្ត្រ ខណៈពេលគាត់កំពុងដេក នៅក្នុងព្រៃ ហើយបានយកកាំបិតកាប់ត្រូវចំប្រអប់ជើងរបស់គាត់តែម្តង ហើយរត់ចូលទៅក្នុងព្រៃបាត់នៅពេលគាត់ភ្ញាក់ ហើយស្រែកឲ្យជួយ។
លោក ប៊ុនលាង បានថ្លែងថា “យើងសន្និដ្ឋានថា អ្នកដែលបានកាប់គាត់មកពីក្រុមកាប់ឈើចុងក្រោយ។ នៅពេលក្រុមសកម្មជនបានដកហូតយករណារយន្តរបស់ពួកគេ ពួកគេចង់ធ្វើការសងសឹក”។ លោកបានបន្ថែម ថា លោកបានជូនដំណឹងទៅនគរបាលឃុំអំពីហេតុការណ៍នេះកាលពីថ្ងៃអាទិត្យ។
អាជ្ញាធរឃុំមិនអាចទាក់ទងបានទេកាលពីម្សិលមិញ ប៉ុន្តែលោក ប៊ុន ឈឿន អធិការនគរបាលស្រុកសម្បូរបានមានប្រសាសន៍ថា លោកបានទទួលព័ត៌មានអំពីការវាយប្រហារនេះ ហើយបានបញ្ជាឲ្យមន្ត្រីរបស់លោកចុះទៅស៊ើបអង្កេត។
និយាយពីគ្លីនិកឯកជនក្នុងក្រុងក្រចេះ ស្ត្រី ឈ្មោះ សុភក្ត្រ បានលើកឡើងថា មុខកាំបិតត្រូវចំបាតជើងស្ដាំរបស់គាត់ ហើយរយះឆ្អឹងជាច្រើនកន្លែងស្ទើរដាច់ប្រអប់ជើងទាំងស្រុង។
គាត់បាននិយាយថា “នៅម៉ោងប្រហែល១រសៀល ខ្ញុំកំពុងដេកក្នុងអង្រឹង ហើយជនសង្ស័យបានមកកាប់ជើងរបស់ខ្ញុំតែម្ដង។ ពេលនោះខ្ញុំបានស្រែកឲ្យគេជួយ ហើយជនសង្ស័យក៏រត់បាត់ទៅ”។ គាត់បានបន្ថែមថា គ្រូពេទ្យបានប្រាប់គាត់ថា គាត់មិនទាន់អាចចេញពីមន្ទីរពេទ្យបានទេ យ៉ាងហោចណាស់ក៏មួយសប្ដាហ៍ទៀតដែរ។
ប៉ុន្តែ សកម្មជនវ័យក្មេងរូបនេះបាននិយាយ ថា ការវាយប្រហារនេះធ្វើឲ្យខ្លួនមានទឹកចិត្តកាន់តែខ្លាំងក្នុងការការពារព្រៃឈើទៅវិញទេ។ គាត់បានបន្ថែមថា “បើទោះជារឿងនេះបានកើត ឡើង ក៏ដោយ ក៏ខ្ញុំមិនខ្លាចដែរ។ ប្រសិនបើខ្ញុំខ្លាច ខ្ញុំមិនធ្វើជាសមាជិកបណ្ដាញសហគមន៍ ព្រៃឡង់ទេ៕ សារុន