34 C
Phnom Penh

យុវជន​​​ម្នាក់​ត្រូវ​សមត្ថកិច្ច​ចាប់​ខ្លួន​ពីបទ​រំលោភ​ ហើយ​សម្លាប់​ក្មេងស្រី​ជំទង់​​​ជនជាតិ​វៀតណាម​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នគរ​បាល​បាន​និយាយ​កាលពី​ម្សិលមិញ​​ថា ​​យុវជន​​ម្នាក់​អាយុ​២១​ឆ្នាំ ត្រូវ​បាន​ចាប់​ខ្លួន​​​​នៅ​​​​​ក្នុង​ខេត្ត​តាកែវ​កាលពី​ថ្ងៃ​អាទិត្យ ពីបទ​​រំលោភ​សម្លាប់​ក្មេងស្រី​ជំទង់​​ជនជាតិ​វៀត​ណាម​វ័យ​១៥​ឆ្នាំ នៅ​រាជធានី​ភ្នំពេញ​កាលពី​ខែ​មុន។

សាកសព​ក្មេងស្រី​​ជនជាតិ​វៀតណាម​ឈ្មោះ ជួប ស្រីពៅ ​ជា​អ្នកស្រុក​ខេត្ត​ព្រៃ​វែង ​​​ដែល​បាន​​មក​​លក់​ផ្កា​នៅ​រាជធានី​ភ្នំពេញ ត្រូវ​​​​គេ​ប្រទះ​ឃើញ​អណ្ដែត​ទឹក​ក្បែរ​ច្រាំង​ទន្លេ​ខាង​ក្រោយ​វត្ត​ចាក់អង្រែក្រោម ក្នុង​ខណ្ឌ​មាន​ជ័យ កាលពី​ថ្ងៃទី​៧ ខែ​កុម្ភៈ។

លោក ហួ មេងវ៉ាង ​អធិការរង​ខណ្ឌ​មាន​ជ័យ​បាន​មាន​​​ប្រសាសន៍​ថា ដាង យ៉ាង​ ដូ ដែល​​​រស់​នៅ​ចម្ងាយ​ប្រមាណ​២០​ម៉ែត្រ​ពី​កន្លែង​កើត​ហេតុ​​​ ត្រូវ​បាន​ឃាត់​ខ្លួន​នៅ​ស្រុក​គិរីវង្ស ខេត្ត​តាកែវ ​វេលា​ម៉ោង​ប្រមាណ​១១​ព្រឹក​ថ្ងៃ​​អាទិត្យ។

ក្រោម​ការ​សាកសួរ​ ជន​សង្ស័យ​​សារភាព​ថា ខ្លួន​ពិត​ជា​បាន​រំលោភ​សម្លាប់​ក្មេងស្រី​រង​គ្រោះ​មែន បន្ទាប់ពី​ផឹកស៊ី​ស្រវឹង​ជោកជាំ​ពេញ​មួយ​ថ្ងៃ​។ លោក ហួ មេងវ៉ាង ​ថ្លែង​​ថា “​ជន​​​​សង្ស័យ​ឃើញ​ជន​រងគ្រោះ​ដើរ​ទៅ​កន្លែង​​​ស្ងាត់​ ហើយ​ពេល​នោះ​​ក៏​ចាប់​​ច្បាម​ក​​ជន​រងគ្រោះ​​ ហើយ​​ធ្វើ​សកម្មភាព។ ជន​សង្ស័យ​​​​សារភាព​ថា ខ្លួន​បាន​ច្របាច់​ក​ជន​រងគ្រោះ​ ហើយ​បន្ទាប់​មក​ក៏​រំលោភ​នាង​តែ​ម្ដង​”។ លោក​បាន​លើក​ឡើង​បន្ថែម​ថា យុវជន​រូប​នេះ​​នឹង​ត្រូវ​បញ្ជូន​ខ្លួន​​មក​សាលា​ដំបូង​​រាជធានី​​​ភ្នំពេញ​នៅ​ថ្ងៃ​នេះ ដើម្បី​ប្រឈម​ការ​ចោទ​ប្រកាន់​៕ សុខុម​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស