កាលពីម្សិលមិញ លោក ឈាង វុន អ្នកនាំពាក្យរដ្ឋសភាបានគំរាមលោក កឹម សុខា អនុប្រធានគណបក្សប្រឆាំងថា រដ្ឋសភាអាចនឹងបើកការស៊ើបអង្កេតលើការអះអាងថា លោកមានរឿងអាស្រូវស្នេហាលួចលាក់ ដោយលើកឡើងពីនីតិវិធីប្រឆាំងលោក ប៊ីល គ្លីនតុន ប្រធានាធិបតីសហរដ្ឋអាមេរិក។
ការគំរាមនេះកើតមានឡើងនៅពេលលោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយចេញមុខគំរាមបញ្ចេញព័ត៌មានដាក់បន្ទុកលើលោក សម រង្ស៊ី ប្រធានគណបក្សប្រឆាំង ប្រសិនបើលោកបន្តរិះគន់ស្ថាប័នប្រឆាំងអំពើពុករលួយមួយនេះចំពោះការពាក់ព័ន្ធរបស់ខ្លួនទៅនឹងការចោទប្រកាន់លោក កឹម សុខា។

លោក ឈាង វុន តំណារាស្ត្រជាន់ខ្ពស់របស់គណបក្សប្រជាជនកម្ពុជា បានគំរាមផ្តើមការស៊ើបអង្កេតពិសេសលើទង្វើរបស់លោក កឹម សុខា នៅខាងក្រៅរដ្ឋសភា បន្ទាប់ពីទទួលញត្តិប្រឆាំងលោក កឹម សុខា ពីនិស្សិតមួយក្រុមដែលបានដាក់ញត្តិរបស់ខ្លួនដែរនៅការិយាល័យសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ។
ដោយចោទប្រកាន់អនុប្រធានគណបក្សសង្គ្រោះជាតិថា “រំលោភច្បាប់ឯកពន្ធភាពធ្ងន់ធ្ងរ” លោក ឈាង វុន បានលើកឡើងថា “ក្នុងនាមតំណាងរាស្ត្រ មិនចាំបាច់គេកោះហៅមកសួរផង គាត់ត្រូវទទួលខុសត្រូវខ្លួនឯង តើតម្លៃស្ត្រីដែលរូបគាត់បោកប្រាស់យកទៅធ្វើអញ្ចឹង តើតម្លៃស្ត្រីខ្មែរយើងវាធ្លាក់ដល់ប៉ុណ្ណា។ មានផ្លូវមួយសម្រាប់យើងចាត់វិធានការដែលមិនបំពានច្បាប់ មានន័យថាគណៈកម្មាធិការអចិន្ត្រៃយ៍ តាមរដ្ឋធម្មនុញ្ញក្តី តាមបទបញ្ជាផ្ទៃក្នុងក្តី គឺមានសិទ្ធិបង្កើតគណៈកម្មការស៊ើបអង្កេត”។
លោកគូសបញ្ជាក់ថា ប្រសិនបើរកឃើញថា ការអះអាងទាំងនេះជាការពិត នឹងមានវិធានការតែមួយគត់សម្រាប់លោក កឹម សុខា។ “យើងមិនអាចលើកអភ័យឯកសិទ្ធិរបស់គាត់បានទេ ព្រោះទាល់តែ ២ ភាគ ៣ [ការបោះឆ្នោតសភា] ក៏ប៉ុន្តែវាបង្ហាញពីសីលធម៌របស់អ្នកតំណាងរាស្ត្រ បើសិនជារឿងហ្នឹងពិតប្រាកដ គាត់ត្រូវលាលែងចេញពីតំណែង”។
លោកបានបន្ថែមថា ករណីរបស់លោក កឹម សុខា គឺជារឿងធម្មតាក្នុងនយោបាយពិភពលោក ដោយលើកឡើងពីករណីយុត្តិសាស្ត្រទូទាំងពិភពលោកស្ដីពីរបៀបដោះស្រាយរឿងអាស្រូវផ្លូវភេទដូចនេះ។
លោកថ្លែងថា “យើងមើលឃើញហើយថា សភាអាមេរិក មានរឿងអាស្រូវផ្លូវភេទជាច្រើន។ មានប្រធានាធិបតី ៤ ឬ ៥ រូបជាប់ពាក់ព័ន្ធបញ្ហានេះ ហើយប្រធានាធិបតីចុងក្រោយគឺលោក ប៊ីល គ្លីនតុន។ លោក ប៊ីល គ្លីនតុន ត្រូវបានសួរដេញដោល។ ច្បាប់មិនអនុញ្ញាតឱ្យដកគាត់ចេញពីតំណែងទេ ប៉ុន្តែសភាអាចសួរដេញដោលគាត់បាន ហើយតម្រូវឱ្យគាត់លាលែងពីតំណែង។ ដូច្នេះសភាជាន់ទាបរបស់អាមេរិក បានអនុម័តឱ្យគាត់លាលែងពីតំណែង”។
លោកបានទទួលស្គាល់ថា លោក ប៊ីល គ្លីនតុន ត្រូវបានសម្រេចឲ្យរួចផុតពីការចោទប្រកាន់ក្នុងព្រឹទ្ធសភាសហរដ្ឋអាមេរិក ប៉ុន្តែបានគូសបញ្ជាក់ថា មេដឹកនាំជាច្រើនរូបផ្សេងទៀតទូទាំងពិភពលោកបានស្ម័គ្រចិត្តលាលែងពីតំណែងបន្ទាប់ពីលេចឮរឿងអាស្រូវផ្លូវភេទដូចនេះ។
ការអះអាងប្រឆាំងលោក កឹម សុខា បណ្ដាលមកពីខ្សែអាត់សន្ទនាតាមទូរស័ព្ទរាប់សិបភាគដែលគេបានបញ្ចេញតាមអុីនធឺណិតក្នុងរយៈពេល១ខែមកនេះ ដែលក្នុងនោះលោក កឹម សុខា និយាយជាមួយស្រីកំណាន់ ហើយពេលខ្លះបានសន្យាឲ្យផ្ទះដល់ពួកគេទៀតផង។
ដោយសារលោក កឹម សុខា បដិសេធមិនបញ្ចេញប្រតិកម្មតបជាសាធារណៈទៅនឹងការចោទប្រកាន់ទាំងនេះ និស្សិតមួយក្រុមដឹកនាំដោយយុវជននិស្សិត ស្រី ចំរើន អាយុ២៤ឆ្នាំ បានចាប់ផ្ដើមធ្វើយុទ្ធនាការព្យាយាមបង្ខំឲ្យមានការឆ្លើយតប ដោយដេញតាមលោក កឹម សុខា ដល់ពិធីជួបជុំអ្នកគាំទ្ររបស់គណបក្សសង្គ្រោះជាតិ នៅទូទាំងប្រទេសក្នុងរយៈពេលប៉ុន្មានសប្ដាហ៍ថ្មីៗនេះ។
ការដាក់ញត្តិរបស់ក្រុមនេះបានដាក់វេនគ្នាយ៉ាងចម្លែក ដោយនិស្សិតពាក់អាវយឺត និងមួករបស់គណបក្សប្រឆាំង នៅពេលពួកគេបើកបរជុំវិញរាជធានីភ្នំពេញ។
ពេលកំពុងដាក់ញត្តិ យុវជន ស្រី ចំរើន និយាយថា “យើងមិនពាក់ព័ន្ធ ឬមានគណបក្សនយោបាយណាមួយផ្តល់លុយឲ្យយើងខ្ញុំធ្វើយុទ្ធនាការនេះទេ ប៉ុន្តែវាចេញពីឆន្ទៈរបស់យើងខ្ញុំក្នុងការស្វែងរកការពិត”។
ក្រៅពីប្រគល់ញត្តិរបស់ខ្លួនដល់លោក ឈាង វុន និស្សិតដែលមានគ្នាប្រមាណ៧០នាក់នេះក៏បានទៅដល់ការិយាល័យសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ ហើយបានដាក់ញត្តិជូនលោកស្រី រ៉ូណា ស្មីត (Rhona Smith) អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា ដែលបច្ចុប្បន្នកំពុងបំពេញទស្សនកិច្ចនៅកម្ពុជា។
បន្ទាប់មក ក្រុមនេះបានឆ្ពោះទៅទីស្នាក់ការកណ្ដាលរបស់គណបក្សសង្គ្រោះជាតិក្នុងខណ្ឌមានជ័យ ហើយនៅទីនោះញត្តិរបស់ពួកគេត្រូវបានច្រានចោលបន្ទាប់ពីការឈ្លោះប្រកែកគ្នាមួយប្រាវជាមួយអ្នកគាំទ្រគណបក្សប្រឆាំង។ ដោយមានមិនពេញចិត្ត ពួកគេបានឆ្ពោះទៅគេហដ្ឋានរបស់លោក កឹម សុខា នៅភាគខាងជើងក្នុងរាជធានីភ្នំពេញ។
ក្រោយពេលមកដល់បន្ទាប់ពីធ្វើដំណើរអស់រយៈពេល១ម៉ោង ដោយមានពាក់អាវ និងមួកគណបក្សសង្គ្រោះជាតិ ប៉ុន្តែ បានស្រែកឡើងអំពីរឿងសហាយស្មន់របស់លោក កឹម សុខា នោះ និស្សិតទាំងនេះបានប្រគល់ញត្តិទៅឲ្យសន្តិសុខម្នាក់នៅខាងក្រៅផ្ទះរបស់អនុប្រធានបក្សរូបនេះ ហើយបន្ទាប់មកពួកគេបានបំបែកគ្នាទៅវិញ ប៉ុន្តែមុនពេលចាកចេញ ពួកគេបានចាក់ខ្សែអាត់សំឡេងថតចេញពីទូរស័ព្ទតាមរយៈឧគ្ឃោសនសព្ទដែលពួកគេបានយកមកជាមួយ។
ពេលឈរនៅក្នុងចំណោមអ្នកឈរមើល លោក មុត ចន្ថា នាយខុទ្ទកាល័យរបស់លោក កឹម សុខា បានលើកឡើងថា គណបក្សសង្គ្រោះជាតិបានសរសេរសំណើផ្ញើជូននគរបាលរាជធានីភ្នំពេញដោយស្នើសុំការការពារ ប៉ុន្តែ ត្រូវបានបដិសេធ។ អ្នកតវ៉ាបានគប់ដំថ្មដាក់ផ្ទះរបស់លោក កឹម សុខា ពេលពួកគេបានមកផ្ទះរបស់លោកលើកចុងក្រោយ បន្ទាប់ពីមានការវាយដំលើតំណាងរាស្ត្រពីររូបនៅក្នុងខែតុលានោះ។
លោក មុត ចន្ថា បានបន្ថែមថា លោក កឹម សុខា ដែលដឹងពីលទ្ធភាពដែលអាចកើតមានភាពចលាចលបន្ថែមទៀត មិនបាននៅផ្ទះទេ។ លោកមានប្រសាសន៍ថា ”ខ្ញុំគិតថា គាត់កំពុងធ្វើការនៅខាងក្រៅ។ ខ្ញុំពិតជាមិនចង់និយាយអំពីបញ្ហានេះទេ។ វាឆ្កួតៗហើយខុសច្បាប់ ហើយពួកគេមិនគួរត្រូវអនុញ្ញាតឲ្យមកទីនេះធ្វើរឿងអ៊ីចឹងទេ”។ លោកបានបដិសេធមិននិយាយបញ្ជាក់បន្ថែមឡើយ។
រហូតមកទល់ពេលនេះ ក្រុមនិស្សិតរបស់ស្រី ចំរើន ទទួលបានជោគជ័យក្នុងការដាក់ញត្តិជូនលោក ឱម យិុនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយដើម្បីស្នើឲ្យមានការសើុបអង្កេតផ្ទះដែលលោក កឹម សុខា សន្យាទិញឲ្យស្រីកំណាន់ ជាហេតុធ្វើឲ្យមានការរិះគន់ពីបុគ្គលមួយចំនួន ក្នុងនោះរួមទាំងលោក សម រង្ស៊ី ដែលនិយាយថា អង្គភាពនេះមិនដឹងពីតួនាទីរបស់ខ្លួនផងដែរ។
លោក ឱម យិុនទៀង បានចេញមុខនិយាយតាមវិទ្យុបារាំងអន្តរជាតិ (RFI) កាលពីម្សិលមិញ ដើម្បីព្រមានឲ្យលោក សម រង្ស៊ី ប្រយ័ត្នប្រយែងចំពោះការរិះគន់របស់លោក។ ប្រធានអង្គភាពប្រឆាំងអំពើពុករលួយរូបនេះបានមានប្រសាសន៍ថា ”សម្រាប់ករណីលោក សម រង្ស៊ី មិនមែនមានន័យថា យើងគ្មានរឿងពាក់ព័ន្ធជាមួយគាត់ទេ យើងប្រាកដជាមាន។ ប៉ុន្តែ យើងគិតថា ទុកពេលឲ្យគាត់សិនទាក់ទិនរឿងនេះ ហេតុដូច្នេះ [យើង] មិនទាន់និយាយទេអំពីបញ្ហានេះ”។
លោកបានបន្ថែមថា “ប៉ុន្តែបើគាត់នៅតែបន្តរារាំងការសើុបអង្កេតរបស់យើង អង្គភាពរបស់យើងនឹងបញ្ជាក់ឲ្យបានច្បាស់”។
លោក សម រង្ស៊ី បានលើកឡើងថា លោកមិនខ្លាចទេ។
លោកបានមានប្រសាតាមទូរស័ព្ទថា “គាត់ព្យាយាមគំរាមដាក់សម្ពាធខ្ញុំ ប៉ុន្តែ ខ្ញុំមិនខ្វាយខ្វល់ទាល់តែសោះ ព្រោះខ្ញុំគ្មានរឿងអ្វីត្រូវលាក់បាំងទេ”។ លោកបានពន្យល់នៅក្នុងអីុម៉េលដាច់ដោយឡែកមួយថា គណបក្សប្រជាជនកម្ពុជាទេ ដែលជាអ្នកគួរតែព្រួយបារម្ភអំពីការសើុបអង្កេតទាក់ទិនអំពើពុករលួយ។
លោកបានមានប្រសាសន៍បន្ថែមថា ”ការសើុបអង្កេតលើទ្រព្យសម្បត្តិ (ខុសច្បាប់?) របស់អ្នកនយោបាយទាំងអស់គួរតែបន្តក្នុងពេលនេះដោយមានការចូលរួមពីអ្នកអង្កេតការណ៍ឯករាជក្រោមក្រសែភ្នែករបស់ពលរដ្ឋទាំងអស់”។ដោយមានលទ្ធភាពថា រដ្ឋ សភានឹងពិនិត្យករណីលោក កឹម សុខា លោកអេង ឆៃអ៊ាង តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិបានលើកឡើងថា ការសើុបអង្កេតណាមួយបែបនេះមានតែធ្វើឲ្យមានរឿងកាន់តែច្រើនទៅវិញទេ។
លោកបានមានប្រសាសន៍តាមរយៈទូរស័ព្ទថា ”មានករណីមនុស្សមួយក្រុមវាយដំលើតំណាងរាស្ត្រនៅមុខរដ្ឋសភា។ យើងបានស្នើឲ្យមានការបង្កើតគណៈកម្មការមួយ ប៉ុន្តែ វាមិនទាន់ត្រូវបានបង្កើតឡើងនៅឡើយទេ”។
លោកបានបន្ថែមទៀតថា ”ប្រសិនបើគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាបង្កើតគណៈកម្មការចំពោះកិច្ចមួយដើម្បីសើុបអង្កេតបញ្ហាដោយមិនយុត្តិធម៌ វានឹងធ្វើឲ្យមនុស្សគ្រប់រូបសើចចំអកឲ្យ”៕សុខុម និង ស៊ុយឈាង