ថ្លែងតាមវីដេអូលីងកាលពីថ្ងៃម្សិលមិញ ក្នុងពិធីរំឭកខួបលើកទី១៩នៃហេតុការណ៍គប់គ្រាប់បែកឆ្នាំ១៩៩៧ ក្នុងរាជធានីភ្នំពេញ លោក សម រង្ស៊ី ប្រធានគណបក្សប្រឆាំងដែលនិរទេសនៅបរទេសបានប្រកាសថា តុលាការបារាំង បានបើកការសើុបអង្កេតឡើងវិញលើករណីវាយប្រហារដ៏សាហាវដែលលោកបានបន្ទោសលើលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជាយូរមកហើយ។
ជនល្មើសមិនស្គាល់អត្តសញ្ញាណបានគប់គ្រាប់បែកចំនួន៤គ្រាប់ចូលក្រុមមនុស្សក្នុងបាតុកម្មមួយដែលរៀបចំឡើងដោយលោក សម រង្ស៊ី នៅជិតរដ្ឋសភាចាស់នៅខែមីនា ឆ្នាំ១៩៩៧ បណ្តាលឲ្យមនុស្សយ៉ាងហោចណាស់១៦នាក់បាត់បង់ជីវិត និងជាង១២០នាក់ទៀតរងរបួស ហើយនេះគឺជាឃាតកម្មទ្រង់ទ្រាយធំដ៏អាក្រក់បំផុតក្នុងសម័យទំនើបរបស់កម្ពុជា។ រហូតមកទល់ពេលនេះ មិនទាន់មានការចោទប្រកាន់នរណាម្នាក់នៅឡើយទេទាក់ទិនការវាយប្រហារេនះ។

លោក សម រង្ស៊ី បានមានប្រសាសន៍តាមប្រព័ន្ធ Skype ដែលចាក់បញ្ចាំងលើស្គ្រីនក្នុងពិធីនោះថា “ខ្ញុំចាំបានថា នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ១៩៩៧ យើងបានជួបជុំគ្នានៅទីនេះដើម្បីទាមទារយុត្តិធម៌ ទាមទារតុលាការឯករាជ្យ និងលទ្ធិប្រជាធិបតេយ្យ ហើយពេលនេះ អ្វីៗដែលយើងចង់បាន គឺយើងនៅតែគ្មានដដែល”។
ទោះជាយ៉ាងណា លោកបានធានាអះអាងចំពោះអ្នកចូលរួមថា ការសើុបអង្កេតលើករណីវាយប្រហារនេះមិនទាន់ចប់ឡើយ ដោយប្រកាសបើកឡើងវិញនូវសំណុំរឿងមួយដែលតុលាការបានផ្អាកកាលពីមុន។
លោកថ្លែងថា “តុលាការបារាំងនៅទីក្រុងបា៉ារីស បានបើកសំណុំរឿងនេះឡើងវិញដោយសារមានការវិវឌ្ឍថ្មីដែលពួកគេដាក់ចូលក្នុងសំណុំរឿង។ ពួកគេឯករាជ្យ ពួកគេមានវិជ្ជាជីវៈណាស់ ពួកគេមានមធ្យោបាយពួកគេមិនបម្រើអ្នកណា និងមិនខ្លាចនរណាឡើយ។ ដូច្នេះវាមិនមែនសម្រាប់តែខ្មែរទេ។ ពិភពលោកទាំងមូលចាំថា វាជាភេរវកម្មដែលប្រើប្រាស់ដោយរដ្ឋាភិបាល”។
លោកបានលើកឡើងជាក្រោយតាមរយៈសារអេឡិចត្រូនិកថា សំណុំរឿងនេះត្រូវបានបើកឡើងវិញនៅប្រទេសបារាំងកាលពីឆ្នាំមុន ដោយសារ “ជនរងគ្រោះ” បានដាក់ពាក្យបណ្តឹងនៅតុលាការនេះ ប៉ុន្តែ បានបដិសេធមិនបញ្ជាក់ថាមានភ័ស្តុតាងថ្មីអ្វីខ្លះដែលគេរកឃើញទេ។ លោកសរសេរថា ”មានធាតុផ្សំថ្មីៗដែលតុលាការប្រហែលជាមិនយល់ថាស័ក្តិសមនឹងបញ្ចេញនៅពេលនេះ”។
វាមិនមែនជាលើកទី១ទេដែលតុលាការបរទេសបានចាត់វិធានការសើុបអង្កេតករណីវាយប្រហារនេះ។ជនជាតិអាមេរិកម្នាក់ដែលបានរងរបួសដោយសារការផ្ទុះគ្រាប់បែក បានដាក់ពាក្យបណ្តឹងនៅតុលាការសង្កាត់ញូវយ៉ក ក្នុងទសវត្សរ៍ឆ្នាំ២០០០ដោយចោទប្រកាន់ថាលោក ហ៊ុន សែន គឺជាអ្នកទទួលខុសត្រូវ។
តុលាការនេះបានយល់ព្រមសើុបអង្កេត ប៉ុន្តែដើមបណ្តឹងគឺលោក រ៉ប់ អែបនី (Rob Abney) នាយកប្រចាំប្រទេសនៃវិទ្យាស្ថានសាធារណរដ្ឋអន្តរជាតិ (International Republican Institute) បានដកពាក្យបណ្តឹងចេញវិញមុនពេលសំណុំរឿងនេះគ្រោងចាប់ផ្តើមដំណើរការក្នុងឆ្នាំ២០០៦ ជាផ្នែកនៃកិច្ចព្រមព្រៀងមួយរវាងលោក ហ៊ុន សែន និងលោក សមរង្ស៊ី ដើម្បីអនុញ្ញាតឲ្យប្រធានគណបក្សប្រឆាំងរូបនេះបានវិលចូលស្រុក។
ដោយសាររបួសរបស់លោក រ៉ប់ អែបនី គារិយាល័យសហព័ន្ធស៊ើបអង្កេត FBI បានសើុបអង្កេតសំណុំរឿងនេះក្នុងទសវត្សរ៍ឆ្នាំ១៩៩០ ដោយភ្នាក់ងាររបស់ខ្លួនចង្អុលទៅអង្គរក្សផ្ទាល់ខ្លួនរបស់លោក ហ៊ុន សែន ដោយការស្ទាក់ស្ទើរ មុនពេលបញ្ចេញរបាយការណ៍សាធារណៈដែលមិនទាន់ឈានដល់ការសន្និដ្ឋាន។
សាក្សីឃើញហេតុការណ៍វាយប្រហារនេះបានអះអាងថា សមត្ថកិច្ចដែលឈរជើងជុំវិញបាតុកម្មនោះ បានបង្កើតរបាំងការពារនៅពីក្រោយជនល្មើស បន្ទាប់ពីពួកគេគប់គ្រាប់បែក ហើយគេចខ្លួន ដោយរារាំងមិនឲ្យអ្នកចូលរួមបាតុកម្មណាម្នាក់ដេញតាមពួកគេឡើយ។
លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាបានមានប្រសាសន៍កាលពីម្សិលមិញថា ការសើុបអង្កេតបន្ថែមទៀតណាមួយលើករណីគប់គ្រាប់បែកនេះ នឹងទទួលបានការស្វាគមន៍ ប៉ុន្តែការសើុបអង្កេតរបស់បរទេសកន្លងមកខ្វះភ័ស្តុតាងបញ្ជាក់ថាអ្នកណាជាអ្នកអនុវត្តការវាយប្រហារនោះ។
លោកថ្លែងថា “យើងស្វាគមន៍ ប៉ុន្តែ FBI បានបិទការសើុបអង្កេតរបស់ខ្លួនទៅហើយ។ ពួកគេរកមិនឃើញពលរដ្ឋរបស់ខ្លួនពាក់ព័ន្ធក្នុងព្រឹត្តិការណ៍នោះទេ” ហើយថា កម្ពុជាបើកទ្វាររង់ចាំស្វាគមន៍មន្ត្រីបារាំង។ លោកបានមានប្រសាសន៍ទៀតថា “ពួកគេត្រូវតែគោរពច្បាប់នៅកម្ពុជា ប្រសិនបើពួកគេចង់មកស៊ើបអង្កេតឡើងវិញ”។
ក្នុងពេលជាមួយនេះដែរ លោក សម រង្ស៊ី បានអំពាវនាវឲ្យអ្នកគាំទ្ររបស់លោកចងចាំការស្លាប់របស់ពួកគេ ខណៈការបោះឆ្នោតឃុំសង្កាត់នៅឆ្នាំក្រោយ និងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនៅឆ្នាំ២០១៨ កាន់តែខិតជិតមកដល់។
លោកបានប្រាប់អ្នកចូលរួមក្នុងពិធីនោះថា “យើងនឹងទទួលបានទាំងលទ្ធិប្រជាធិបតេយ្យ ទាំងយុត្តិធម៌នៅឆ្នាំ២០១៧ និងឆ្នាំ២០១៨។ ខ្ញុំសូមអំពាវនាវទៅដល់យុវជនទាំងអស់ថា៖ ត្រូវមានស្មារតីរឹងមាំ ហើយចងចាំការបូជារបស់យុវជននៅថ្ងៃទី៣០ខែមីនាឆ្នាំ១៩៩៧”៕ ខុម (រាយការណ៍បន្ថែមដោយ Alex Willemyns)