លោក ឡេង ប៉េងឡុង អ្នកនាំពាក្យរដ្ឋសភាបានមានប្រសាសន៍កាលពីម្សិលមិញថា សភាមានអំណាចកោះហៅលោក កឹម សុខា អនុប្រធានគណបក្សប្រឆាំងមកសាកសួរជុំវិញការសន្ទនាតាមទូរស័ព្ទដែលត្រូវបានថតទុកជាច្រើនភាគហើយបានបែកធ្លាយកាលពីខែមុន ដែលតាមចោទថា លោកកំពុងនិយាយជាមួយស្រីកំណាន់នោះ។
ការអត្ថាធិប្បាយទាំងនេះធ្វើឡើងបន្ទាប់ពីមានការព្រមានកាលពីថ្ងៃអង្គារដោយលោក ឈាង វុន អ្នកនាំពាក្យរដ្ឋសភាមកពីគណបក្សប្រជាជនកម្ពុជាថា គណៈកម្មាធិការ “ចំពោះកិច្ច” រដ្ឋសភាអាចត្រូវបានបង្កើតឡើងដើម្បីពិនិត្យការអះអាងដែលថា លោកកឹម សុខា មានស្នេហាក្រៅអាពាហ៍ពិពាហ៍ច្រើន ជាការចោទប្រកាន់ដែលលោកបានបដិសេធមិនទទួលស្គាល់ជាសាធារណៈ។
បន្ទាប់ពីមានកិច្ចប្រជុំរបស់គណៈកម្មាធិការអចិន្ត្រៃយ៍សភា ដែលត្រូវបានគ្រប់គ្រងដោយគណបក្សប្រជាជនកម្ពុជា និងដែលកំណត់របៀបវារៈរដ្ឋសភានេះ លោក ឡេង ប៉េងឡុង អគ្គលេខាធិការរដ្ឋសភាបានមានប្រសាសន៍ថា លោក កឹម សុខា អាចត្រូវបានកោះហៅ។
ដោយលើកឡើងពីមាត្រា៨៩នៃរដ្ឋធម្មនុញ្ញ លោកបានមានប្រសាសន៍ថា “ប្រសិនបើរដ្ឋសភាគិតថា ករណីលោក កឹម សុខា សំខាន់ និងពិសេសនោះ សមាជិកមួយភាគដប់យ៉ាងតិចអាចធ្វើញត្តិ…អញ្ជើញ និងកោះហៅលោក កឹម សុខា មកបំភ្លឺបាន”។
មាត្រា៨៩នៃរដ្ឋធម្មនុញ្ញចែងថា “តាមការសុំពីសមាជិកមួយភាគដប់យ៉ាងតិចរដ្ឋសភាអាចអញ្ជើញឥស្សរជនដ៏ឧត្តមណាមួយមកបំភ្លឺរដ្ឋសភាអំពីបញ្ហាដែលមានសារៈសំខាន់ពិសេស”។
ប៉ុន្តែលោក ឡេង ប៉េងឡុង បានមានប្រសាសន៍ថា លោកមិនបានទទួលសំណើណាមួយពីរដ្ឋសភាឱ្យសាកសួរពីករណីលោក កឹម សុខា ដូចដែលត្រូវបានស្នើដោយលោក ឈាង វុន កាលពីថ្ងៃអង្គារឡើយ។
លោកបានថ្លែងថា “ចំពោះករណីលោក កឹម សុខា ខ្ញុំមិនទាន់បានទទួលព័ត៌មានពីការបង្កើតគណៈកម្មាធិការពិសេសនៅឡើយទេ ហើយខ្ញុំក៏មិនមានព័ត៌មានដែលថា សមាជិកសភាធ្វើញត្តិអំពីករណីនេះដែរ”។
និស្សិតមួយក្រុមដែលដឹកនាំយុទ្ធនាការទាមទារឱ្យលោក កឹម សុខា ឆ្លើយតបចំពោះការអះអាងនោះ បានដាក់ញត្តិទៅរដ្ឋសភាពកាលពីសប្តាហ៍មុន ហើយលោក ឡេង ប៉េងឡុង បាននិយាយការពារសេចក្តីសម្រេចក្នុងការសរសេរលិខិតផ្ញើជូនលោក កឹម សុខា សុំឱ្យគាត់មកពន្យល់អំពីហេតុការណ៍ដែលបានកើតឡើង។
លោក ឡេង ប៉េងឡុង បានមានប្រសាសន៍ ថា “នៅពេលយើងទទួលបានញត្តិថ្មី យើងបានផ្ញើលិខិតមួយច្បាប់ជូនលោក កឹម សុខា ប៉ុន្តែមិនមែនមានន័យថា យើងបានកោះហៅទេ។វាគ្រាន់តែជាលិខិតជម្រាបគាត់ថា មានញត្តិប៉ុណ្ណោះ ហើយយើងស្វែងរកការបំភ្លឺពីគាត់”។ លោកបានបន្ថែមថា “ប្រសិនបើគាត់មិនឆ្លើយ យើងមិនដឹងធ្វើម្តេចទេ។ ប៉ុន្តែលិខិតនេះមិនមែនជាការកោះហៅទេ ព្រោះយើងគ្មានសិទ្ធិឡើយ”។
នៅពេលទាក់ទងតាមទូរស័ព្ទកាលពីម្សិលមិញ លោក ឈាង វុន បានបដិសេធមិនធ្វើអត្ថាធិប្បាយទេ ពីព្រោះលោកមិនសប្បាយចិត្តនឹងអត្ថបទរបស់កាសែត ខេមបូឌា ដេលី កាលពីពេលថ្មីៗនេះដែលលើកឡើងថា លោកបានប្រើក្បាលលិខិតរដ្ឋសភាសម្រាប់បញ្ហាផ្ទាល់ខ្លួន។
ប៉ុន្តែនៅខាងក្រៅរដ្ឋសភាកាលពីថ្ងៃអង្គារ លោក ឈាង វុន បានមានប្រសាសន៍ថា ការសើុបអង្កេតរបស់រដ្ឋសភាលើករណីលោក កឹម សុខា អាចមានការចូលរួមពីអ្នកពាក់ព័ន្ធមួយចំនួនដោយលើកឡើងពីនីតិវិធីចោទប្រកាន់លោក ប៊ីល គ្លីនតុន អតីតប្រធានាធិបតីសហរដ្ឋអាមេរិកជាឧទាហរណ៍។
លោកបានថ្លែងថា “ដើម្បីបំភ្លឺករណីនេះ ចាំបាច់ត្រូវមានសាក្សីមួយចំនួនដែលដឹងអំពីរឿងនេះមកផ្តល់ចម្លើយដល់រដ្ឋសភា។ សមាជិកសភាបង្កើតគណៈកម្មាធិការពិសេសនេះដើម្បីស៊ើបអង្កេត នឹងអញ្ជើញអ្នកពាក់ព័ន្ធទាំងអស់មកផ្តល់ចម្លើយ”។
នៅពេលសួរថា តើនឹងពាក់ព័ន្ធការកោះហៅស្រីកំណាន់ច្រើននាក់ ដែលម្នាក់ក្នុងចំណោមនោះត្រូវបានកំណត់អត្តសញ្ញាណជាសាធារណៈឬយ៉ាងណានោះ លោក ឈាង វុន បានឆ្លើយតបថា “អ្នកពាក់ព័ន្ធទាំងអស់”។
គណបក្សសង្គ្រោះជាតិបានលើកឡើងថា គំនិតឱ្យមានការស៊ើបអង្កេតបែបនេះគួរឱ្យអស់សំណើច ដោយគួសបញ្ជាក់ថា រដ្ឋសភាមិនបានបង្កើតគណៈកម្មាធិការដើម្បីស៊ើបអង្កេតហេតុការណ៍មួយចំនួនដូចជាការវាយដំលើតំណាងរាស្ត្រគណបក្សប្រឆាំងពីររូបនៅមុខទ្វាររបងសភាកាលពីឆ្នាំមុនឡើយ៕សារុន