លោក ហ៊ុន ម៉ាណែត ជាកូនប្រុសច្បងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រឈមមុខនឹងដំណើរថយក្រោយមួយទៀតកាលពីថ្ងៃអង្គារចំពោះការប៉ុនប៉ងរបស់លោកក្នុងការទាក់ទងជាមួយសហគមន៍ខ្មែរ ក្រោយពីមន្ត្រីក្នុងក្រុងឡូវ៉ែល រដ្ឋម៉ាសេ្សតជូសេត ដែលមានជនជាតិខ្មែរអាមេរិកាំងប្រហែល៣០.០០០នាក់រស់នៅ គឺបានបោះឆ្នោតប្រឆាំងគម្រោងទស្សនកិច្ចរបស់លោកមកកាន់ទីក្រុងនេះនៅខែក្រោយ។
ការទាត់ចោលដំណើរទស្សនកិច្ចដោយក្រុមប្រឹក្សាក្រុងធ្វើឡើង បន្ទាប់ពីឧត្តមសេនីយ៍ឯក ម៉ាណែតបានប្រកាសថា លោកនឹងមិនចូលរួមក្បួនដង្ហែចូលឆ្នាំប្រពៃណីខ្មែរ ដែលគេអញ្ជើញលោកឲ្យធ្វើទស្សនកិច្ចក្នុងក្រុងឡុងប៊ិច រដ្ឋកាលីហ្វ័រញ៉ា ទេ ក្នុងពេលដែលមានការប្រឆាំងដាច់អហង្ការពីសំណាក់ខ្មែរអាមេរិកាំងជាច្រើននៅទីក្រុងនោះ។
ក្រុងឡូវ៉ែលមានប្រជាពលរដ្ឋខ្មែររស់នៅច្រើនបំផុតទីពីរនៅសហរដ្ឋអាមេរិកបន្ទាប់ពីក្រុងឡុងប៊ិច។ យោងតាមអត្ថបទមួយចុះផ្សាយក្នុងកាសែត ឡូវ៉ែល សាន់ ឲ្យដឹងថា មន្ត្រីក្រុមប្រឹក្សាក្រុងបានច្រានចោលដំណើរទស្សនកិច្ចលោកឧត្តមសេនីយ៍ឯក ម៉ាណែត ដែលមានគម្រោងមកនៅថ្ងៃទី១៦ និង១៧ ខែមេសា ក្នុងពេលនោះលោកមានគម្រោងជួបជាមួយមន្ត្រីក្រុង និងថ្លែងសុន្ទរកថានៅឯភោជនីយដ្ឋានមួយក្នុងក្រុង ហើយប្រគល់ជូនបដិមាខ្មែរនាសតវត្សរ៍ទី១២។
សារព័ត៌មានបានរាយការណ៍ថា ពលរដ្ឋសហគមន៍ខ្មែររាប់រយនាក់ប្រជ្រៀតគ្នានៅក្នុងវិចិត្រសាលសារធារណៈនៅឯសាលាក្រុងឡូវ៉ែលនៅល្ងាចថ្ងៃអង្គារ ដោយគ្រវីសញ្ញាដែលសរសេរថា “សូមកុំរោយអំបិលលើដំបៅយើង” និង “ភាពផ្តាច់ការមិនមានក្នុងក្រុងឡូវ៉ែលទេ”។ ការតវ៉ាបានកើតឡើងក្រោយពីមានញត្តិមួយដែលចុះហត្ថលេខាដោយពលរដ្ឋ៥០០នាក់ដែលថ្កោលទោសចំពោះដំណើរទស្សនកិច្ចនោះ។
លោក ស៊ីនួន ខាំ ជាសកម្មជនជនជាតិខ្មែរ និងអ្នកក្រុងឡូវ៉ែល បាននិយាយក្នុងហ្វេសប៊ុកអមដោយរូបថតតវ៉ាថា “ជោគជ័យថ្ងៃនេះ…សម្រាប់ខ្មែរអាមេរិកាំងនៅក្នុងក្រុងឡូវ៉ែល រដ្ឋម៉ាសេ្សតជូសេតដែលថា ក្រុមប្រឹក្សាក្រុងបានបោះឆ្នោតជំទាស់នឹងការទទួលជាផ្លូវការនៃដំណើរទស្សនកិច្ច ហ៊ុន ម៉ាណែត មកកាន់ក្រុងនេះ”។
ការបង្ហោះនោះសរសេរថា “ខ្ញុំចង់បញ្ជាក់ម្តងទៀតថា ហ៊ុន ម៉ាណែត គឺមិនទទួលស្វាគមន៍ក្នុងក្រុងឡូវ៉ែល រដ្ឋម៉ាសេ្សតជូសេត ទេ ដោយមានការសម្រេចជាឯកច្ឆន្ទក្នុងការទាត់ចោលវត្តមានរបស់លោក និងប្រតិភូផ្លូវការខ្មែរ”។
លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាបានមានប្រសាសន៍ថា ឧត្តមសេនីយ៍ឯក ម៉ាណែត ដែលចង់បញ្ជៀសការបង្កើតភាពប្រេះឆារវាងអ្នកគាំទ្ររបស់លោក និងអ្នកប្រឆាំងនៅក្នុងសហរដ្ឋអាមេរិក នឹងមានវិធីផ្សេងទៀត។
លោក សុខ ឥសាន បានមានប្រសាសន៍ថា “ខ្ញុំមិនខ្វល់នឹងអ្នកដែលបោះឆ្នោតមិនគាំទ្រឯកឧត្តម ហ៊ុន ម៉ាណែត ទេ។ លោកបានប្រកាសនៅលើហ្វេសប៊ុករួចហើយថា លោកនឹងទៅសហរដ្ឋមេរិកពេលចូលឆ្នាំខ្មែរ។ អ្នកខ្លះស្វាគមន៍លោក ហើយអ្នកខ្លះមិនស្វាគមន៍ទេ គឺលោកនឹងអញ្ជើញទៅកន្លែងផ្សេងវិញ”។
លោក អ៊ូ វីរៈ អ្នកវិភាគនយោបាយបានមានប្រសាសន៍ថា ប៉ុន្តែសម្រាប់បុរសម្នាក់ដែលមនុស្សមួយចំនួនចាត់ទុកថាជាអ្នកស្នងតំណែងពីឪពុករបស់លោក ហើយដែលទទួលភារកិច្ចកាលពីឆ្នាំមុនដើម្បីដឹកនាំកិច្ចប្រឹងប្រែងទាក់ទងសហគមន៍ក្រៅប្រទេសរបស់គណបក្សប្រជាជនកម្ពុជានោះ ការច្រានចោលមួយនេះមានន័យថាជាការឡកមកវិញប្រឆាំងនឹងយុទ្ធនាការទំនាក់ទំនងសាធារណៈជាអន្តរជាតិរបស់គណបក្សកាន់អំណាច។
លោក អ៊ូ វីរៈ បានមានប្រសាសន៍ថា “តាមធម្មតា មនុស្សមានលុយនិងអំណាចរំពឹងថាមានគេទទួលស្វាគមន៍ដោយកម្រាលព្រំក្រហម។ ខ្ញុំមិនដឹងថា យុទ្ធសាស្ត្ររដ្ឋាភិបាលធ្វើយ៉ាងម៉េចទេ ប៉ុន្តែគេបានធ្វើកំហុសមួយដោយសន្មតថា ពលរដ្ឋនឹងឆាប់ជឿណាស់”។
លោក អ៊ូ វីរៈ ដែលលោកផ្ទាល់ជាជនជាតិខ្មែរអាមេរិកាំង បានមានប្រសាសន៍ថា ឧត្តមសេនីយ៍ឯក ម៉ាណែត គឺជានិមិត្តរូបចំពោះអ្វីដែលខ្មែរអាមេរិកាំងជាច្រើនដែលបានចាកចោលប្រទេសក្នុងទសវត្សរ៍ឆ្នាំ១៩៨០ បន្តមានថ្នាក់ថ្នាំងក្នុងចិត្ត។
អ្នកវិភាគរូបនេះបាននិយាយថា “ខ្មែរនៅអាមេរិកត្រូវលងដោយអតីតកាល ពោលគឺភាគច្រើននៅតែមើលឃើញរដ្ឋាភិបាលលោក ហ៊ុន សែន ថាជាអាយ៉ងរបស់វៀតណាម។ គេមានចំណុចដែលត្រូវសាកល្បង។ ប៉ុន្តែជាគោល នេះគឺជាការឡកមកវិញទល់នឹងរដ្ឋាភិបាល”៕