38 C
Phnom Penh

កម្មករ​រោងចក្រ​កាត់ដេរ​​​​ដាក់​​​ញត្តិ​​​​​​ទៅ​​​លោក ហ៊ុន សែន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កម្មករ​កម្មការិនី​ប្រហែល​៣០០​នាក់​នៃ​រោងចក្រ​កាត់ដេរ វិន ស៊ីងតិច​​​ (Win Shing​​​tex) ដែល​បិទ​ទ្វារ បាន​ធ្វើ​ដំណើរ​ទៅ​កណ្តាល​ក្រុង​ភ្នំពេញ​កាលពី​ម្សិលមិញ សុំ​ឲ្យ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ជួយ​ដើម្បី​បាន​ប្រាក់ ដែល​ពួកគាត់​គិត​ថា ពួកគាត់​សម​ទទួល​បាន​តាម​កិច្ចព្រមព្រៀង​ការងារ​របស់​ពួកគាត់។

យោង​តាម​អ្វី​ដែល​កម្មករ​និយាយ គឺ​ការ​ជូន​ដំណឹង​មួយ​ដែល​ពួកគាត់​បាន​ទទួល​ពី​ក្រុម​អ្នក​គ្រប់គ្រង​កាលពី​ថ្ងៃ​ទី​៥​ខែ​មីនា ជា​ថ្ងៃ​ធ្វើការ​ចុង​ក្រោយ​របស់​ពួកគាត់ គឺ​​​​​​​រោងចក្រ​​​​របស់​ក្រុង​ហុងកុង ក្នុង​ខណ្ឌ​ពោធិ៍​សែន​ជ័យ ឲ្យ​ដឹង​ថា រោងចក្រ​បិទ​​​ទ្វារ​​​​ព្រោះ​ខ្វះ​ការ​បញ្ជា​​​​ទិញ និង​ថា​កិច្ចសន្យា​របស់​កម្មករ​ប្រហែល​៥៥០​របស់​ខ្លួន​បាន​បញ្ចប់​ហើយ។

សេចក្តី​ជូន​​​​ដំណឹង​មាន​ខ្លឹមសារ​ថា “ក្រុមហ៊ុន​របស់​យើង​មិន​បាន​ទទួល​ការ​បញ្ជា​ទិញ​ថ្មី​ពី​ក្រៅ​ប្រទេស​នៅ​ឆ្នាំ​នេះ​​​ទេ​​​។ ហេតុ​នេះ​ហើយ រោងចក្រ​កាត់ដេរ​របស់​យើង​មិន​អាច​បន្ត​ដំណើរការ​ផលិតកម្ម​​​បាន​​​​ទេ។ ក្រុមហ៊ុន​របស់​យើង​មិន​អាច​បើក​ប្រាក់​ខែ​ឲ្យ​បុគ្គលិក កម្មករ និង​និយោជិត​បាន​ទេ”។

cam-photo-workers-hawkinsលោក ប៉ាល់ មករា ជា​​​កម្មករ​​​​​​នៅ​រោងចក្រ វិន ស៊ីងតិច និង​ជា​តំណាង​នៃ​សហ​ព័ន្ធ​សហជីព​ប្រជាធិបតេយ្យ​កម្មករ​កាត់ដេរ​កម្ពុជា​នៅ​រោងចក្រ​នេះ បាន​និយាយ​ថា កម្មករ​​​​​​​ក៏​​​ចង់​ឲ្យ​គេ​បើក​ប្រាក់​ខែ​ពេញ​រហូត​ដល់​ថ្ងៃ​ចុង​ក្រោយ​នៃ​កិច្ចសន្យា​នីមួយៗ​របស់​ពួកគាត់ ក្នុង​នោះ​មាន​ប្រាក់​រង្វាន់​ប្រចាំ​ឆ្នាំ​និង​ប្រាក់​អតីតភាព​ការងារ​របស់​ពួកគាត់​ដែរ។

លោក មករា បាន​និយាយ​ថា រោងចក្រ​នេះ​ព្រម​បើក​ប្រាក់​ឲ្យ​ពួកគាត់​ម្នាក់ៗ​ពាក់​កណ្តាល​​​​នៃ​អ្វី​ដែល​ពួកគាត់​បាន​ស្នើ​​​សុំ​ក្នុង​កិច្ច​ប្រជុំ​មួយ ដែល​រៀបចំ​​​ឡើង​​​​ដោយ​អាជ្ញាធរ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ កាលពី​ថ្ងៃ​ទី​២២​ ខែ​មីនា ប៉ុន្តែ​ថា កម្មករ​បាន​បដិសេធ​​​​មិនទទួល​​​យក​​​សំណើ​នោះ។

លោក​បាន​និយាយ​កាលពី​ម្សិលមិញ​ថា “យើង​មិន​អាច​ទទួល​យក​បាន​ទេ ពីព្រោះ​ក្រុមហ៊ុន​រំលោភ​ច្បាប់​ការងារ និង​បោក​កម្មករ”។

តំណាង​សហជីព​រូប​នេះ​បាន​និយាយ​ថា កម្មករ​ក៏​សង្ស័យ​ដែរ​ថា ក្រុមហ៊ុន​នេះ​ប៉ុនប៉ង​ផ្លាស់​​​ការងារ​របស់​ខ្លួន​ទៅ​កន្លែង​ផ្សេង ដោយ​លោក​បាន​ពន្យល់​ថា កម្មករ​មួយ​ចំនួន​បាន​​​​ដេញ​​​តាម​រថយន្ត​ដឹក​ទំនិញ​ដែល​មិន​ទាន់​សម្រេច​​​​ចេញ​​​ពី​រោងចក្រ វិន ស៊ីងតិច ទៅ​អគារ​មួយ​ផ្សេងទៀត​ដែល​គ្មាន​សញ្ញា​សម្គាល់។

លោក​បាន​និយាយ​ថា ​​​កម្មករ​​​ប្រហែល​​​៣០០​​​នាក់​​​​​​បាន​​​​​​​​​ឡើង​​​​​​ជិះ​​​ឡាន និង​​​ម៉ូតូ​​​​​​កាលពី​​​ព្រឹក​​​ម្សិល​​​មិញ​​​ ហើយ​​​មាន​​​បំណង​​​ទៅ​​​ដល់​​​គេហដ្ឋាន​​​លោក ហ៊ុន សែន​​​ ដែល​​​នៅ​​​ក្បែរ​​​វិមាន​​​ឯករាជ្យ​​​ ដើម្បី​​​សុំ​​​ការ​​​ជួយ​​​ពី​​​លោកនាយករដ្ឋ​​​មន្ត្រី ប៉ុន្តែ​​​​​​នគរ​​​បាល​​​បាន​​​បង្វែរ​​​ពួកគេ​​​​​​ឲ្យ​​​ទៅ​​​ក្បែរ​​​​​​សួន​​​វត្ត​​​បុទម​​​វិញ។ លោក​​​បាន​​​និយាយ​​​ថា នៅ​​​ទី​​​នោះ​​​កម្មករ​​​បាន​​​​​​ជួប​​​ជាមួយ​​​​​​សមាជិក​​​នៃ​​​ខុទ្ទកាល័យ​​​​​​​​​លោក​​​នាយក​​​រដ្ឋ​​​មន្ត្រី​​​ គឺ​​​លោក​​​ ប៉ាល់ ច័ន្ទតារា ដែល​​​បាន​​​ទទួល​​​យក​​​ញត្តិ​​​ពួកគេ។

លោក ច័ន្ទតារា បាន​​​មាន​​​ប្រសាសន៍​​​ថា “ខ្ញុំ​​​​​​នឹង​​​ទៅ​​​​​​រក​​​ដំណោះ​​​ស្រាយ​​​ជា​​​មួយ​​​​​​មន្ត្រី​​​ក្រសួង​​​​​​ការងារ​​​នៅ​​​រសៀល​​​នេះ​​​ ហើយ​​​យើង​​​នឹង​​​​​​ប្រាប់​​​បងប្អូន​​​​​​នៅ​​​ថ្ងៃ​​​ស្អែក ឬ​​​ថ្ងៃ​​​ខាន​​​ស្អែក”។​​​

អ្នក​​​តំណាង​​​នៃ​​​ក្រុម​​​ហ៊ុន វិន ស៊ីងតិច មិន​​​អាច​​​ទាក់​​​ទង​​​សុំ​​​ការ​​​បំភ្លឺ​​​បាន​​​ទេ៕​​​​​​​​​និត

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស