អ្នកតវ៉ាមកពីសហគមន៍ជុំវិញបឹងនានាទូទាំងរាជធានីភ្នំពេញ បានប្រឈមមុខដាក់នគរបាលរយៈពេលមួយម៉ោងកាលពីម្សិលមិញ នៅតាមផ្លូវលើអតីតបឹងកក់ មុនពេលត្រឡប់ក្រោយហែក្បួនតាមផ្លូវផ្សេងទៅកាន់រដ្ឋសភា កន្លែងដែលពួកគាត់បានទាមទារឱ្យបញ្ឈប់ការលុបបឹង និងការអភិវឌ្ឍលើបឹងដែលនៅសេសសល់ក្នុងរាជធានី។
អ្នកតវ៉ាប្រមាណ២០០នាក់ មកពីសហគមន៍ជុំវិញបឹងទំពុន បឹងត្របែក និងបឹងកក់ បានប្រមូលផ្តុំគ្នាលើគំនរខ្សាច់ដែលគេលុបបឹងកក់ ក្នុងរយៈពេលមួយទសវត្សរ៍មកនេះសម្រាប់គម្រោងអចលនទ្រព្យរបស់សមាជិកព្រឹទ្ធសភាមួយរូបមកពីគណបក្សប្រជាជនកម្ពុជា។

បណ្តាអ្នកជំនាញនិយាយថា បឹងនានាក្នុងរាជធានីភ្នំពេញ ក្រៅពីផ្តល់ជីវភាពរស់នៅដល់ប្រជាពលរដ្ឋមូលដ្ឋាន វាក៏ជាតំបន់ទ្រនាប់ដែរសម្រាប់ទប់ទឹកជន់លិចអំឡុងរដូវវស្សានិងជាតំបន់ប្រព្រឹត្តិកម្មធម្មជាតិសម្រាប់ទឹកសម្អុយនៅក្នុងរាជធានី។
អ្នកស្រី ទេព វន្នី ដែលត្រូវបានបណ្តេញចេញពីបឹងកក់ និងជាសកម្មជននិយាយថា អ្នកតវ៉ាទាំងនេះមកពីសហគមន៍ជុំវិញបឹងប្រមាណ៤០ ប៉ុន្តែពួកគាត់ចេញមុខនិយាយជួសមុខឲ្យប្រជាពលរដ្ឋទាំងអស់នៅទូទាំងរាជធានី ដែលជួបប្រទះផលលំបាកទាំងអស់គ្នាដោយសារការលុបបឹង។
អ្នកស្រីនិយាយទៀតថា “យើងចង់ឲ្យបញ្ឈប់ការលុបបឹងក្នុងក្រុង ពីព្រោះវាប៉ះពាល់ដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។ យើងតវ៉ាដើម្បីអ្នកគ្រប់គ្នា ពីព្រោះបើយើងគ្មានបឹង គ្មានផ្លូវបញ្ឈប់ការជន់លិចទេ”។
នៅម៉ោងប្រហែល៩ព្រឹក អ្នកតវ៉ាបានចាប់ផ្តើមហែក្បួនពីក្រោយព្រះសង្ឃដោយកាន់បដាដែលសរសេរថា “លុបបឹង លិចទីក្រុង” ឆ្ពោះទៅរដ្ឋសភា ប៉ុន្តែ ត្រូវបាននគរបាល និងសន្តិសុខខណ្ឌដូនពេញប្រហែល៦០នាក់បិទផ្លូវ។
អ្នកស្រី ទេព វន្នី បានធ្វើការកត់សម្គាល់ភ្លាមៗចំពោះស្ថានភាពដែលបានកើតឡើងតែប៉ុន្មានថ្ងៃបន្ទាប់ពីសមត្ថកិច្ចអនុញ្ញាតឲ្យនិស្សិតមួយក្រុមហែក្បួនក្នុងរាជធានីភ្នំពេញ ដើម្បីទាមទារឲ្យលោក កឹម សុខា អនុប្រធានគណបក្សប្រឆាំងចេញមុខបកស្រាយរឿងផិតក្បត់របស់លោក។
អ្នកស្រីបានចោទសួរថា “ប្រធានក្រុមយុវជន ស្រី ចំរើន ហែក្បួនប្រឆាំងការរួមភេទ ហើយយើងហែក្បួនដើម្បីផលប្រយោជន៍ជាតិ ដូច្នេះហេតុអីយើងធ្វើមិនបាន ហើយពួកគេធ្វើបាន?”។
ជុំវិញបញ្ហានេះ លោក គួច ចំរើន អភិបាលខណ្ឌដូនពេញបានមានប្រសាសន៍ថា អ្នកតវ៉ាទាំងនេះមិនទទួលបានការអនុញ្ញាតឲ្យហែក្បួនទេ ហើយបានបដិសេធមិនធ្វើអត្ថាធិប្បាយបន្ថែមឡើយ។
បន្ទាប់ពីប្រឈមមុខដាក់គ្នារយៈពេលមួយម៉ោង អ្នកតវ៉ាបានឡើងជិះរ៉ឺម៉កមូ៉តូកង់បីធ្វើដំណើរតាមផ្លូវផ្សេង ហើយបានជួបជុំគ្នាវិញនៅខាងមុខរដ្ឋសភា។ ពួកគាត់បានអំពាវនាវឲ្យលោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញបច្ចុប្បន្ន និងលោក កែប ជុតិមា អតីតអភិបាលរាជធានីភ្នំពេញ បកស្រាយពីមូលហេតុដែលពួកគាត់អនុញ្ញាតឲ្យក្រុមហ៊ុនអភិវឌ្ឍន៍ទិញយក និងលុបបឹងទាំងនេះ។
អ្នកស្រី ទេព វន្នី លើកឡើងថា “សូមរដ្ឋសភាស្នើឲ្យលោក កែប ជុតិមា និងលោក ប៉ា សុជាតិវង្ស បកស្រាយអ្វីដែលពួកគាត់បានធ្វើដាក់បឹងទាំងនេះ ពីព្រោះលោកអភិបាលទាំងពីរគឺជាអ្នកអនុញ្ញាតឲ្យក្រុមហ៊ុនសាងសង់គម្រោងអភិវឌ្ឍន៍ដោយមិនគិតពីបរិស្ថាន ឬអ្នកភូមិ”។
សូមបញ្ជាក់ថា ក្រុមនេះបានប្រមូលផ្តុំគ្នាប្រហែល២០នាទីនៅខាងក្រៅរដ្ឋសភា មុនពេលបំបែកគ្នា។
ពេលទាក់ទងតាមទូរស័ព្ទតាមក្រោយនៅក្នុងថ្ងៃដដែល លោក ប៉ា សុជាតិវង្ស បានមានប្រសាសន៍ថា ការតវ៉ានេះឥតប្រយោជន៍ទេដោយសារបឹងសំខាន់ៗភាគច្រើននៅក្នុងរាជធានីភ្នំពេញ ត្រូវខ្សាច់ចាក់លុបអស់ហើយ។លោកបានបន្ថែមថា “អ្នកតវ៉ាទាំងនេះគ្មានប្រយោជន៍ ទេ។ តើបឹងផ្សេងទៀតដែលក្រុមហ៊ុននឹងចាក់លុបនៅកន្លែងណា?”៕ សុខុម (រាយការណ៍បន្ថែមដោយ Ben Paviour)