កាលពីម្សិលមិញ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានលុបចោលប្រព័ន្ធដាក់ដេញថ្លៃឈើរឹបអូសបានខុសច្បាប់ទាំងអស់ដែលមិនដំណើរការក្នុងប្រទេស ដោយលើកឡើេងថា នៅពេលអនាគត ឈើដែលរឹបអូសបានទាំងអស់នឹងត្រូវប្រគល់ឱ្យក្រសួងអប់រំដើម្បីយកទៅសាងសង់សាលារៀន និងធ្វើតុសិស្ស។
លោកនាយករដ្ឋមន្ត្រីក៏បានប្រកាសផងដែរថា ព្រៃឡង់ ជាព្រៃស្រោងនៅតំបន់ទំនាប ដ៏ធំបំផុតនៅអាស៊ីអាគ្នេយ៍ ដែលលាតសន្ធឹងកាត់ខេត្តចំនួនបួននៅក្នុងប្រទេសកម្ពុជា នឹងក្លាយជាតំបន់ការពារ ជាមួយនឹងព្រៃនៅភ្នំក្រវាញក្នុងខេត្តពោធិ៍សាត់ផងដែរ។
ថ្លែងនៅពិធីបិទសន្និបាតបូកសរុបការងារ របស់ក្រសួងអប់រំក្នុងរាជធានីភ្នំពេញកាលពីម្សិលមិញ លោក ហ៊ុន សែន បានមានប្រសាសន៍ថា គំនិតផ្តួចផ្តើមថ្មីយកឈើមកប្រើឡើងវិញនេះគឺជាដំណោះស្រាយរបស់លោកចំពោះការត្អួញត្អែររបស់លោក ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ ដែលថា ក្រសួងមិនមានធនធានគ្រាប់គ្រាន់។ លោកនាយករដ្ឋមន្ត្រីបានថ្លែងថា ប្រព័ន្ធបច្ចុប្បន្នដោះស្រាយឈើដែលរឹបអូសបានទាំងអស់មិនដំណើរការទេ។
លោក ហ៊ុន សែន បានមានប្រសាសន៍កាលពីម្សិលមិញថា “ក្នុងពេលកន្លងមក នៅពេលយើងរឹបអូសបាន យើងតែងតែរកអ្នកដេញថ្លៃដើម្បីធ្វើការនាំចេញ។ ប៉ុន្តែ នៅពេលពួកគេទទួលបានសិទ្ធិនាំចេញ ការកាប់ឈើនៅតែកើតមានដដែល”។
លោកបានថ្លែងថា “ចាប់ពីថ្ងៃនេះតទៅ ឈើទាំងអស់ដែលកាប់ដោយខុសច្បាប់ ហើយក្រោយមកត្រូវបានរឹបអូសនោះ នឹងលែងដាក់លក់ដេញថ្លៃទៀតហើយ។ ឥឡូវនេះសូមបញ្ឈប់…។ ចាប់ពីថ្ងៃនេះតទៅ យើងនឹងប្រគល់ឈើដែលរឹបអូបបានទាំងអស់ទៅប្រើក្នុងវិស័យអប់រំវិញ”។
បើទោះជាច្បាប់ព្រៃឈើឆ្នាំ២០០២ចែងថា រដ្ឋាភិបាលត្រូវដាក់ឈើដែលរឹបអូសបានពីអ្នកកាប់ឈើខុសច្បាប់ដេញថ្លៃជាសាធារណៈក៏ដោយ ក៏មិនមានភ័ស្តុតាងថា ការដាក់ដេញថ្លៃនេះពិតជាត្រូវបានធ្វើដែរថ្វីបើការពិតថា ជំនួយការផ្ទាល់របស់លោក ហ៊ុន សែន ជាប្រធានគណៈកម្មាធិការដែលចាត់ចែងរឿងនេះក៏ដោយ។ ផ្ទុយទៅវិញលោក ទ្រី ភាព ឧកញ៉ាខាងរកស៊ីឈើ ទទួលបានសិទ្ធិដំបូងក្នុងការទិញឈើដែលរឹបអូសបានទាំងអស់ជាថ្នូរនឹងការបង់ប្រាក់ក្នុងតម្លៃចរចាមួយដល់រដ្ឋាភិបាល។
លោកនាយករដ្ឋមន្ត្រីបានថ្លែងថា ការសាងសង់សាលារៀន និងការយកឈើធ្វើតុនឹងចាប់ផ្តើម ដោយឈើចំនួនពី៣០.០០០ ទៅ៤០.០០០ម៉ែត្រគូប ដែលត្រូវបានរឹបអូសដោយក្រុមការងារពិសេសដឹកនាំដោយលោក សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលេើផ្ទៃប្រទេសដែលត្រូវបានបង្កើតឡើងកាលពីខែមករា ដើម្បីលុបបំបាត់ការកាប់ឈើខុសច្បាប់នៅក្នុងខេត្តភាគឦសានប្រទេស។
លោកបានថ្លែងថា“ ប្រសិនបើឈើនោះពី៣០.០០០ ឬ៤០.០០០ម៉ែត្រគូប សូមឯកឧត្តម ហង់ ជួន ណារ៉ុន ចាត់ចែងទៅ ចង់យកទៅធ្វើសាលាក៏យកទៅ ចង់យកទៅធ្វើទ្វារធ្វើបង្អួចសាលាក៏ធ្វើទៅ ធ្វើតុ ធ្វើកៅអី ក៏ធ្វើទៅ ចង់យកទៅធ្វើផ្ទះគ្រូក៏ធ្វើទៅ ចូលក្នុងវិស័យអប់រំទាំងអស់”។
លោក ហ៊ុន សែន ក៏បានប្រកាសផងដែរថា លោកទទួលបានសំណើរួមមួយពីក្រសួងបរិស្ថាន និងក្រសួងកសិកម្មឲ្យកំណត់ព្រៃឡង់និងព្រៃនៅភ្នំក្រវាញជាតំបន់ការពារ។ ច្រើនឆ្នាំមកហើយ ក្រុមសកម្មជនបានប្រឹងប្រែងធ្វើឱ្យព្រៃឡង់ដែលមានទំហំ៦៥០.០០០ហិកតាទទួលបានឋានៈផ្លូវការជាព្រៃការពារ ដោយលើកឡើងថា វាជាធនធានធម្មជាតិដ៏មានតម្លៃបំផុត។
លោកបានថ្លែងថា “យើងបានសម្រេចដាក់ព្រៃមួយចំនួនទៅជាព្រៃការពារតែម្តង ដូចជាព្រៃឡង់នេះ ទុកវាធ្វើអីទៀត ដូច្នេះដាក់វាជាព្រៃការពារតែម្តងទៅ”។ លោកបានបន្តថា សកម្មជនព្រៃឈើ និងអ្នកភូមិមូលដ្ឋានដែលបានហែក្បួនជាច្រើនលើកកាត់ព្រៃឡង់អំពាវនាវឲ្យមានការយកចិត្តិទុកដាក់ចំពោះការកាប់បំផ្លាញព្រៃឈើ និងការសឹករេចរឹលបរិស្ថាននោះ គួរចូលរួមជាមួយរដ្ឋាភិបាលដើម្បីធ្វើឲ្យប្រាកដថា បទបញ្ជាឱ្យមានការការពារនេះត្រូវបានគោរព។
លោកបានមានប្រសាសន៍ថា “អ្នកណាដែលទៅបំបួសឈើ ឬអង្គការសង្គមស៊ីវិល ទាំងអ្នកដែលទៅបំបួស រុំឈើស្អីៗហ្នឹង ដាក់ឲ្យចូលរួមក្នុងចលនាការពារព្រៃឈើតែម្តងទៅ”។
លោកបានជំរុញឲ្យរដ្ឋមន្ត្រីក្រសួងបរិស្ថានបន្តដាក់ស្នើព្រៃថ្មីៗជាព្រៃសម្រាប់ការពារ។
លោកបានស្នើថា “ព្រៃណាល្អៗ ដាក់វាឲ្យជាព្រៃការពារទៅ ដូច្នេះយើងអាចរក្សាព្រៃឈើរបស់យើង”។
លោក ហឿន សុភាព សមាជិកបណ្តាញមូលដ្ឋានព្រៃឡង់បានសាទរសេចក្តីសម្រេចដាក់ព្រៃឡង់ជាតំបន់ការពារ ប៉ុន្តែ បានលើកឡើងថា វានឹងជាការល្អបំផុតប្រសិនបើបណ្តាញមូលដ្ឋាននេះត្រូវបានអនុញ្ញាតឲ្យបន្តការងាររបស់ខ្លួន រួមមានការល្បាតព្រៃជាប្រចាំដែលអំឡុងការល្បាតនោះ ក្រុមសកម្មជនប្រឈមមុខជាមួយអ្នកកាប់ឈើ ហើយរឹបអូសយកសម្ភារទាំងនោះ។
លោកបានថ្លែងថា “យើងបានឃើញព្រៃការពារជាច្រើនដែលឡាយព្រះហស្តលេខាដោយព្រះមហាក្សត្រ ទទួលរងការកាប់បំផ្លាញ ដូច្នេះសហគមន៍ និងសកម្មជនគួរត្រូវអនុញ្ញាតឲ្យធ្វើការជាមួយរដ្ឋាភិបាលដើម្បីការពារតំបន់ព្រៃការពារទាំងនេះ”៕សារុន