37 C
Phnom Penh

នគរបាល​រារាំង​គ្រួសារ​របស់​សកម្មជន​មាតា​ធម្មជាតិ​​​មិន​​​ឲ្យ​​​ដើរ​​​ទៅ​​​កាន់​​​ភូមិ​គ្រឹះ​​​នាយក​​​រដ្ឋ​​​មន្ត្រី​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាលពី​ម្សិល​មិញ កម្លាំង​សន្តិសុខ​បាន​រារាំង​​​​ម្តាយ​ពីរ​នាក់​និង​ភរិយា​ម្នាក់​របស់​សកម្ម​​​ជន​ជាប់​ពន្ធនាគារ​មកពី​ក្រុម​បរិស្ថាន​អង្គការ​មាតា​ធម្មជាតិ មិន​ឲ្យ​ដើរ​ទៅ​ភូមិ​គ្រឹះ​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដើម្បី​តវ៉ា​ចំពោះ​ការ​ដាក់​ពន្ធនាគារ​សមាជិក​គ្រួសារ​របស់​ខ្លួន មុន​ពេល​តំណាង​ម្នាក់​របស់​ខុទ្ទកា​​​ល័យ​នាយករដ្ឋមន្ត្រី​ស្តី​បន្ទោស​ពួកគាត់​ចំពោះ​​​​ការ​ប្រើ​ពាក្យ “ធម្មជាតិ”​ផ្តេសផ្តាស។

កាលពី​​​ខែ​​​សីហា សកម្មជន​​​អង្គការ​​​មាតា​​​ធម្មជាតិ​​​បី​​​នាក់ គឺ​​​ ស៊ឹម សំណាង អាយុ​​​២៩​ឆ្នាំ ទ្រី សុវិជ្ជា អាយុ​​​២៦​ឆ្នាំ និង​​​ ស៊ុន ម៉ាឡា ​​​អាយុ​​​​​​២៤​​​ឆ្នាំ ត្រូវ​​​បាន​​​ចាប់​ខ្លួន ហើយ​​​ចោទ​​​ប្រកាន់​​​ពី​​​បទ​​​គំរាម​​​បង្ក​​​ការ​​​ខូច​​​ខាត ជា​​​ការ​​​ចោទ​​​ប្រកាន់​​​​​​​​​ដែល​​​កើត​​​ចេញ​​​ពី​​​ការ​តវ៉ា​​របស់​ពួក​​​គេ​​​ប្រឆាំង​​​​​​ការ​​​បូម​​​ខ្សាច់​​​នៅ​ពាម​​​មួយ​​​ក្នុង​ខេត្ត​​​កោះកុង។

ក្រោយ​ម៉ោង​១០​ព្រឹក​បន្តិច​កាលពី​ម្សិល​​​មិញ អ្នក​ស្រី សុខ សំណាង និង ប៊ូ សេងអីុម ជា​ម្តាយ​របស់​សកម្មជន​ពីរ​នាក់​រួម​ជាមួយ​នឹង ថា សុភា ភរិយា​របស់​លោក សំណាង និង​លោក សន ចាន់ដារ៉ាំ សកម្មជន​មាតា​ធម្មជាតិ បាន​ចេញ​ដំណើរ​ពី​វត្ត​ភ្នំ និង​ដើរ​តាម​មហា​វិថី​ព្រះ​នរោត្តម ដោយ​កាន់​បដា​មាន​រូបថត​របស់​សកម្មជន​ជាប់​ពន្ធនាគារ លោក ហ៊ុន សែន និង​ភរិយា ប៊ុន រ៉ានី របស់​លោក និង ព្រះ​មហាក្សត្រ នរោត្តម សីហមុនី។

មន្ត្រី​នគរបាល​បួន​នាក់​និង​សន្តិសុខ​ខណ្ឌ​ដូនពេញ​១០​នាក់​បាន​រាំង​ផ្លូវ​សកម្មជន​ទាំង​នេះ​នៅ​កែង​ផ្លូវ​១៨៤ បន្ទាប់មក​បាន​កៀង​​​ពួកគេ​ឲ្យ​ដើរ​ទៅ​សួន​វត្ត​បទុម កន្លែង​ដែល​ពួកគាត់់​បាន​ជួប​លោក គង់ ចំរើន តំណាង​មួយ​រូប​នៅ​ខុទ្ទកាល័យ​របស់​លោក​នាយក​រដ្ឋមន្ត្រី ដែល​បាន​ចាប់​ផ្តើម​រិះគន់​អាកប្ប​​​កិរិយា​​​​របស់​ក្រុម​នេះ។

លោក ចំរើន បាន​និយាយ​ថា “មនុស្ស​តែ​ពីរ​ឬ​បី​នាក់ ប៉ុន្តែ​អ្នក​ឯង​បាន​បង្ក​ការ​រំខាន​ដល់​គេ​ជាច្រើន។ តើ​អ្នក​ឯង​រាំង​ផ្លូវ​សាធារណៈ ពីព្រោះ​អ្នក​ឯង​ចង់​ឲ្យ ​[សាធារណជន] អាណិត​​​​អ្នក​ឯង​?”។

cam-photo-areng-hawkinsពេល​នោះ​មន្ត្រី​រូប​នេះ​បាន​អះអាង​ថា សកម្មជន​ទាំង​នោះ​ជាប់​ពន្ធនាគារ​ដោយ​​​សារ “រឹងរូស” ហើយ​ថែម​ទាំង​បាន​រិះគន់​ឈ្មោះ​របស់​អង្គការ​ពួកគេ​ទៀត​ផង។

ដោយ​សំដៅ​ដល់​ជនជាតិ​អេស្បាញ លោក ​​​អាឡិច ហ្គនហ្សាឡេស ដាវិដសុន សហ​ស្ថាបនិក​​​​របស់​អង្គការ​មាតា​ធម្មជាតិ លោក​បាន​និយាយ​​​​ថា “ធម្មជាតិ​បង្កើត​មនុស្ស មនុស្ស​មិន​បង្កើត​ធម្មជាតិ​ទេ។ សូម​គិត​អំពី​ឈ្មោះ​ដែល​អ្នក​ឯង​​​​បាន​ដាក់។​ជន​បរទេស​បាន​បកប្រែ​ឲ្យ​អ្នក​ខុស​ហើយ”។

នៅ​ពេល​លោក ចំរើន និយាយ​បន្ត អ្នក​ស្រី ​​​សុខ សំណាង អាយុ​៥៤​ឆ្នាំ ជា​ម្តាយ​របស់ ​​​ទ្រី សុវិជ្ជា បាន​កាត់​សម្ដី​គាត់​ថា​​​ពួកគាត់​គ្រាន់​​​តែ​ធ្វើ​តាម​ការ​អំពាវនាវ​របស់​លោក ហ៊ុន សែន ឲ្យ​ប្រជាជន​ខ្មែរ “ការពារ​ធនធាន​ធម្មជាតិ” ប៉ុណ្ណោះ។

មន្ត្រី​រូប​នេះ​បាន​បក​វិញ​ថា “ទេ បើ​អ្នក​ឯង​ធ្វើ​តាម​សម្តេច [ ហ៊ុន សែន] ពួកគេ​មិន​ជាប់​ពន្ធនាគារ​ទេ​នៅ​ពេល​នេះ”។

នៅ​ពេល​នោះ​ជម្លោះ​មួយ​ប្រាវ​បាន​កើត​ឡើង​រវាង​អ្នក​តវ៉ា​ទាំង​បួន​នាក់​និង​សន្តិសុខ ក្នុង​ពេល​ដែល​សន្តិសុខ​ប៉ុនប៉ង​នាំ​ពួកគាត់​ចូល​រថយន្ត។ នៅ​ទី​បញ្ចប់ អ្នក​តវ៉ា​បាន​យល់​ព្រម​ចាកចេញ​ពី​កន្លែង​នោះ​ដោយ​ខ្លួន​ឯង។

កាលពី​ថ្ងៃ​អង្គារ មន្ត្រី​តុលាការ​ម្នាក់​បាន​ប្រកាស​ថា បទ​ចោទ​រួម​គំនិត​លើ​ព្រះ​សង្ឃ​ពីរ​អង្គ​ដែល​បាន​រួម​បង្កើត​មាតា​ធម្មជាតិ ត្រូវ​បាន​លើក​លែង រីឯ​បទ​ចោទ​លើ​លោក ហ្គនហ្សា​​​ ឡេស ដាវិដសុន រក្សា​ទុក​ដដែល។

កាលពី​ម្សិលមិញ លោក ហ្គនហ្សាឡេស ដាវិដសុន បាន​និយាយ​ថា លោក​ត្រូវ​បាន​កោះ​ហៅ​ឲ្យ​មក​សាលា​ឧទ្ធរណ៍​នៅ​ថ្ងៃ​ទី​៥​ខែ​មេសា ទាក់ទិន​ញត្តិ​មួយ​ដែល​មេធាវី​របស់​លោក​បាន​ដាក់​ជុំវិញ​បទ​ចោទ​ប្រកាន់​ទាំង​នោះ។

លោក​បាន​លើក​ឡើង​តាម​រយៈ​សារ​អេឡិចត្រូនិក​ថា “ខ្ញុំ​បាន​ណែនាំ​ឲ្យ​មេធាវី​របស់​ខ្ញុំ​សុំ​ពន្យារ​ពេល​សវនាការ​ថ្ងៃ​ទី​៥​ខែ​មេសា ពីព្រោះ​ខ្ញុំ​មិន​ទទួល​បាន​ការ​អនុញ្ញាត​ឲ្យ​ត្រឡប់​ទៅ​វិញ​ទេ។ ប្រសិនបើ​សាលា​​​ឧទ្ធរណ៍​ច្រានចោល​សំណើ​របស់​ខ្ញុំ​សុំ​ពន្យារ​ពេល​សវនាការ​នោះ ខ្ញុំ​បាន​ណែនាំ​ [មេធាវី​របស់​ខ្ញុំ] ​កុំ​ឲ្យ​តំណាង​ខ្ញុំ ពីព្រោះ​វា​អាច​ផ្តល់​ប្រៀប​​​​ដល់​ជន​ដែល​នៅ​តែ​ធ្វើ​ពុត/កុហក​ថា នីតិវិធី​ច្បាប់​ត្រូវ​បាន​គោរព”។

ទាក់ទិន​បញ្ហា​នេះ មន្ត្រី​តុលាការ​ខេត្ត​កោះកុង​មិន​អាច​ទាក់ទង​បាន​ទេ៕ និត (រាយការណ៍​បន្ថែម​ដោយ George Wright)

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស