35 C
Phnom Penh

មន្ត្រី​ក្រសួង​ការបរទេស​ត្រូវ​ចាប់​ខ្លួន​ពី​បទ​ទទួល​​​សំណូក​ពី​ក្រុមហ៊ុន​បរទេស

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

យោង​តាម​មន្ត្រី​ឲ្យ​ដឹង​ថា ប្រធាន​ការិយាល័យ​ម្នាក់​នៅ​ក្រសួង​ការបរទេស​​នឹង​ប្រឈម​មុខ​នៅ​តុលាការ​ក្នុង​សប្តាហ៍​នេះ បន្ទាប់ពី​ត្រូវ​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​របស់​រដ្ឋាភិបាល​ចាប់​ខ្លួន​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ទាក់​​​ទង​​​នឹង​​​​ការ​ទទួល​យក​សំណូក​ក្នុង​ការ​រៀបចំ​បែបបទ​ឯកសារ​របស់​ក្រុមហ៊ុន​បរទេស​មួយ។

ការ​ចោទ​ប្រកាន់​ត្រូវ​បាន​បង្ហាញ​ក្នុង​សេចក្តី​ជូន​ព័ត៌មាន​ផ្ទៃ​ក្នុង​ក្រសួង​​​​នេះ​​​ដែល​ទទួល​បាន​កាលពី​ថ្ងៃ​សុក្រ។

សេចក្តី​ជូន​ព័ត៌មាន ដែល​ចុះ​ហត្ថលេខា​ដោយ​លោក ហោ ណាំហុង រដ្ឋមន្ត្រី​ក្រសួង​ការបរទេស មាន​ខ្លឹមសារ​ថា “សូម ឯកឧត្តម លោក​ជំទាវ លោក លោក​ស្រី ថ្នាក់​ដឹកនាំ និង​មន្ត្រី​រាជការ​ទាំង​អស់ កុំ​មាន​ការ​ភ្ញាក់ផ្អើល​ចំពោះ​ករណី អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​បាន​ចាប់​មន្ត្រី​ក្រសួង​ការបរទេស​មួយ​រូប​នៅ​ព្រឹក​ថ្ងៃ​ទី​៣១​ខែ​មីនា​ឆ្នាំ​២០១៦​នេះ។ មាន​ភ័ស្តុតាង​ច្បាស់លាស់​អំពី​ការ​ទទួល​លុយ​ពី​ក្រុមហ៊ុន​បរទេស ដើម្បី​ប្រថាប់​ត្រា​បញ្ជាក់​លើ​ឯកសារ ដែល​មិន​ពាក់ព័ន្ធ​នឹង​ក្រសួង​ការបរទេស​ទេ”។

សេចក្តី​ជូន​ព័ត៌មាន​បាន​បន្ត​ទៀត​ថា “អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​កំពុង​ធ្វើការ​ស៊ើបអង្កេត​បន្ត​ទៀត​ទាក់ទង​នឹង​បញ្ហា​នេះ។ សូម​ថ្នាក់​ដឹកនាំ​និង​មន្ត្រីរាជការ​ទាំង​អស់ រក្សា​ភាព​ស្ងប់ស្ងាត់ និង​បន្ត​ការងារ​របស់​ខ្លួន​ក្នុង​ស្មារតី​ទទួល​ខុសត្រូវ​ខ្ពស់”។

ជំរុញ​​​​​​ឲ្យ​​​ផ្តល់​​​ព័ត៌មាន​ពិស្តារ​អំពី​ករណី​នេះ​កាលពី​ថ្ងៃ​សុក្រ ទាំង​ក្រសួង​​​ការបរទេស​​​​​​ ទាំង​មន្ត្រី​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​បាន​លាក់​មិន​បញ្ចេញ​ឲ្យ​ដឹង ដោយ​មិន​ប្រាប់​ឈ្មោះ​មន្ត្រី​ជាប់​ចោទ​នោះ ឬ​ប្រាប់​ទោស​របស់​គាត់​ដែល​ត្រូវ​ចោទ​នោះ​ទេ។

លោក ជុំ សុន្ទរី អ្នកនាំពាក្យ​ក្រសួង​ការបរទេស បាន​និយាយ​ថា “គាត់​ត្រូវ​បាន​ចាប់​ខ្លួន​នៅ​ម៉ោង​ប្រហែល​១០​ព្រឹក​នៅ​ក្រសួង”។

ដោយ​មិន​ឆ្លើយ​សំណួរ​ទៀត លោក​បាន​និយាយ​បន្ថែម​ថា “វា​ពាក់ព័ន្ធ​នឹង​អំពើ​ពុករលួយ ហើយ​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​​មាន​ភ័ស្តុតាង​គ្រប់គ្រាន់” ដើម្បី​បញ្ជាក់​ភាព​មាន​ទោស​របស់​គាត់។

លោក ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​គ្រាន់តែ​បាន​និយាយ​ថា តាម​ច្បាប់ ជនសង្ស័យ​ត្រូវ​គេ​បញ្ជូន​ទៅ​តុលាការ​ក្រុង​ភ្នំពេញ​ក្នុង​ពេល​៤៨​ម៉ោង​នៃ​ការ​ចាប់​ខ្លួន​របស់​គាត់ ក្នុង​ករណី​នេះ គឺ​ត្រឹម​ថ្ងៃ​សៅរ៍។

ចំណាត់​ការ​ដ៏​ប្រយ័ត្ន​ប្រយែង​របស់​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​លើ​ការ​ចោទ​ប្រកាន់​ទទួល​សំណូក​នេះ​គឺ​​​ផ្ទុយ​គ្នា​ស្រឡះ​នឹង​របៀប​ដែល​ខ្លួន​បាន​ចាត់ការ​ករណី​ជាច្រើន​កន្លង​មក​ពាក់ព័ន្ធ​នឹង​ការ​ចោទ​ពុករលួយ​ដែល​គ្មាន​ភ័ស្តុតាង​បញ្ជាក់។ ក្នុង​ករណី​ទាំង​នោះ អង្គភាព​នេះ​បាន​ផ្សព្វផ្សាយ​ការ​ចោទ​ប្រកាន់​លម្អិត​ ប៉ុន្តែ​អនាមិក​លើ​មន្ត្រី​រដ្ឋ​​​ ដែល​​​អម​ដោយ​ការ​ឆ្លើយ​តប​ហ្មត់ចត់​ស្មើភាព​ពី​សំណាក់​មន្ត្រី​មាន​ឈ្មោះ​ទាំង​នោះ។

ភាព​ប្រយ័ត្នប្រយែង​នេះ​ក៏​ផ្ទុយ​នឹង​ការ​ស៊ើបអង្កេត​កំពុង​ធ្វើ​របស់​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​លើ​ការ​ចោទ​ប្រកាន់​ដែល​ថា លោក កឹម សុខា អនុប្រធាន​គណបក្ស​ប្រឆាំង បាន​ទិញ​ដី​និង​ផ្ទះ​ឲ្យ​ស្រី​កំណាន់​ជាច្រើន​នាក់ ដោយ​ផ្អែក​លើ​ខ្សែ​អាត់​សំឡេង​បែក​ធ្លាយ​នៃ​ការ​សា​​​សង​​​តាម​ទូរស័ព្ទ​របស់​គាត់​ជាមួយ​ស្ត្រី​ទាំង​នោះ។ មុន​ការ​បើក​ការ​ស៊ើបអង្កេត​កាលពី​សប្តាហ៍​មុន អង្គភាព​នេះ​បាន​ធ្វើការ​ប្រជុំ​ពីរ​លើក បើក​​​ឲ្យ​​​សាធារណជន​​​និង​​​សមាជិក​​​បណ្តាញ​​​សារព័ត៌មាន​​​ចូល​​​រួម​​​ ​​​ ដែល​​​ក្នុង​​​ការ​​​ប្រជុំ​​​នោះ​​​ខ្សែ​​​អាត់​​​សំឡេង​​​ត្រូវ​​​បាន​​​​​​លើក​​​យក​​​មក​​​ពិភាក្សា​​​យ៉ាង​​​យូរ​​​។

លោក សុន ឆ័យ តំណាង​​​រាស្ត្រ​​​ជាន់​​​ខ្ពស់​​​គណបក្ស​​​ប្រឆាំង​​​មួយ​​​រូប​​​ បាន​​​និយាយ​​​ថា លោក​​​មិន​​​ទុក​​​ចិត្ត​​​​​​ចំពោះ​​​កិច្ច​​​ការ​​​របស់​​​អង្គភាព​​​ប្រឆាំង​​​អំពើ​​​ពុក​​​រលួយ​​​ទេ ព្រោះ​​​អង្គ​​​ភាព​​​នេះ​​​កម្រ​​​សើុប​​​អង្កេត​​​មន្ត្រី​​​រដ្ឋាភិបាល​​​ដែល​​​មាន​​​ឋានៈ​​​ខ្ពស់​​​ណាស់​​​។

លោក សុន ឆ័យ បាន​​​និយាយ​​​ថា “ខ្ញុំ​​​មិន​​​ចាប់​​​អារម្មណ៍​​​ពួក​​​គេ​​​ទេ​​​ ពីព្រោះ​​​មាន​​​ករណី​​​ពុក​​​រលួយ​​​ច្រើន​​​ណាស់​​​ក្នុង​​​ប្រទេស​​​កម្ពុជា​​​ ហើយ​​​មនុស្ស​​​មាន​​​អំណាច​​​កំពុង​​​ប្រព្រឹត្ត​​​អំពើ​​​ពុក​​​រលួយ​​​រាប់​​​លាន​​​ដុល្លារ​​​ ប៉ុន្តែ​​​ ខ្ញុំ​​​មិន​​​ឃើញ​​​ពួក​​​គេ​​​ធ្វើ​​​អ្វី​​​មួយ​​​ទេ​​​​​​។ យើង​​​មិន​​​ចាប់​​​អារម្មណ៍​​​ទេ​​​ ពីព្រោះ​​​យើង​​​មិន​​​ជឿ​​​លើ​​​សកម្មភាព​​​របស់​​​ពួក​​​គេ​​​”៕និត

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស