យោងតាមដីកាតុលាការមួយដែលបានឃើញកាលពីថ្ងៃសុក្រ ឲ្យដឹងថា ស្ត្រីម្នាក់ដែលតាមពាក្យចចាមអារ៉ាមថា ជាស្រីកំណាន់របស់លោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិត្រូវបានកោះហៅឲ្យបង្ហាញមុខនៅតុលាការក្រុងភ្នំពេញ បន្ទាប់ពីនគរបាលបានដាក់របាយការណ៍មួយទៅព្រះរាជអាជ្ញាដោយចោទនាងថា បានផ្តល់សក្ខីកម្មក្លែងក្លាយ និងមានអំពើ “ពេស្យាចារ” ។
ដីកាកោះ ដែលចេញកាលពីថ្ងៃទី២២ ខែមីនា បង្គាប់ឲ្យអ្នកកាត់សក់ ខុម ចាន់ដារ៉ាទី ដែលជាប់ពាក់ព័ន្ធក្នុងរឿងអាស្រូវផ្លូវភេទ ក្រោយពីត្រូវគេកំណត់ជាស្ត្រីដែលគេបានឮនិយាយជាមួយលោក កឹម សុខា ក្នុងការសាសងផ្តោះផ្តងស្នេហាជាច្រើនវគ្គ ហើយជួនកាលខ្សែអាត់សំឡេងនិយាយរឿងរួមរ័កដែលលេចធ្លាយតាមអីុនធឺណិតកាលពីខែមុននោះ នឹងបង្ហាញមុខនៅតុលាការនៅថ្ងៃទី៨ ខែមេសា ដើម្បីឆ្លើយសំណួរអំពីបទល្មើសដែលគេចោទនាង។

ដីកាកោះនោះចុះហត្ថលេខាដោយព្រះរាជអាជ្ញារង សៀង សុខ ។ នៅពេលសុំឲ្យអត្ថាធិប្បាយពន្យល់កាលពីថ្ងៃសុក្រ លោក សុខ បានដាក់ទូរស័ព្ទចុះមិនឆ្លើយនឹងអ្នកកាសែត។
កញ្ញា ចាន់ដារ៉ាទី ដែលបានបដិសេធដាច់អហង្ការថាមិនមានស្នេហាជាមួយលោក កឹម សុខា នោះ ត្រូវបានសាកសួរដោយនាយកដ្ឋានប្រឆាំងភេរវកម្មនៃក្រសួងមហាផ្ទៃកាលពីខែមុនពាក់ព័ន្ធនឹងបណ្តឹងបរិហារកេរ្តិ៍ដែលប្តឹងដោយ ធី សុវណ្ណថា សកម្មជនប្រឆាំងរដ្ឋាភិបាល ដែលឈ្មោះរបស់នាងត្រូវបានលើកមកនិយាយដោយបុរសនិងស្ត្រីដែលគេឮនិយាយក្នុងខ្សែអាត់សំឡេងមួយក្នុងចំណោមខ្សែអាត់សំឡេង ដែលបែកធ្លាយ។
គេមិនច្បាស់ថា ហេតុអ្វីបានជានគរបាលប្រឆាំងភេរវកម្មជាប់ពាក់ព័ន្ធក្នុងករណីនេះទេ ប៉ុន្តែ នាយកដ្ឋាននេះបានទទួលយករឿងក្តីនេះដោយការសាទរ។ លោក អីុ សុខឃី ប្រធាននាយកដ្ឋាន្របឆាំងភេរវកម្មក្រសួងមហាផ្ទៃបានបញ្ជាក់កាលពីថ្ងៃសុក្រថា លោកបានសរសេរទៅតុលាការក្រុងដោយនិយាយថា នគរបាលជឿថា កញ្ញា ចាន់ដារ៉ាទី មានទោសពេស្យាចារ និងការផ្តល់សក្ខីកម្មមិនពិត បើទោះជាគ្មានទោសណាមួយត្រូវប្រឈមនឹងបណ្តឹងដំបូងរបស់កញ្ញា ធី សុវណ្ណថា ក៏ដោយ។
លោកបាននិយាយថា “ជំហានដំបូង យើងបានបញ្ជូនរបាយការណ៍មួយទៅព្រះរាជអាជ្ញា។ជំហានទី២ គឺថា យើងនឹងអនុវត្តអ្វីដែលតុលាការបញ្ជា”។
លោកស្រី ទ្រី ឈួន មេធាវីរបស់កញ្ញា ចាន់ដារ៉ាទី បានបញ្ជាក់ថា កូនក្តីរបស់លោកស្រីត្រូវបានកោះហៅទៅតុលាការ ប៉ុន្តែ បាននិយាយថា នាងមិនទាន់ប្រាកដនៅឡើយថា តើនាងនឹងបង្ហាញមុខ ឬយ៉ាងណាទេ។
លោក នី សុខា ប្រធានផ្នែកសើុបអង្កេតនៃសមាគមអាដហុក ដែលផ្តល់ប្រឹក្សាច្បាប់ និងតំណាងកញ្ញា ចាន់ដារ៉ាទី បាននិយាយថា ដីកាកោះនោះមិនសមរម្យទេ ហើយថា គ្មានការចោទប្រកាន់លើកឡើងណាមួយអាចអនុវត្តបានក្នុងរឿងក្តីនេះទេ។
ដោយលើកឡើងថា កញ្ញា ចាន់ដារ៉ាទី ត្រូវគេសួរក្នុងនាមជាជនសង្ស័យម្នាក់ និងមិនបានស្បថនោះ លោកបាននិយាយថា តាមក្រមព្រហ្មទណ្ឌ មានតែសាក្សីដែលបានស្បថនៅមុខតុលាការ ឬមន្ត្រីនគរបាលយុត្តិធម៌ទេគឺអាចត្រូវកាត់ទោសពីបទផ្តល់សក្ខីកម្មក្លែងក្លាយ។
លោកបាននិយាយថា “គ្មានការអះអាងណាមួយដែលធ្វើឡើងដោយជនសង្ស័យម្នាក់អាចត្រូវបញ្ចូលក្នុងការផ្តល់សក្ខីកម្មក្លែងក្លាយទេ”។ លោកបាននិយាយបន្ថែមថា បើទោះជាកញ្ញា ចាន់ដារ៉ាទី បានជាប់ពាក់ព័ន្ធជាមួយលោក កឹម សុខា ក៏ដោយ ក៏នោះមិនមែនជាអំពើពេស្យាចារដែរ។
នៅថ្ងៃសុក្រនោះដែរ និស្សិតមួយក្រុមដែលតាមអុកឡុកឲ្យលោក កឹម សុខា បញ្ជាក់ច្បាស់អំពីរឿងស្នេហាដែលគេចោទនេះ បាននាំគ្នាតវ៉ានៅក្រៅទីស្នាក់ការរបស់គណបក្សសង្គ្រោះជាតិក្នុងក្រុងភ្នំពេញ ដូចដែលពួកគេបានធ្វើជាច្រើនលើកពីមុនក្នុងពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ។
បាតុកម្មចុងក្រោយនេះបានធ្វើឡើងដើម្បីតវ៉ានឹងបណ្តឹងមួយដែលគណបក្សសង្គ្រោះជាតិបានគំរាមប្តឹងនិស្សិត ព្រោះរំលោភកម្មសិទ្ធិបញ្ញារបស់គណបក្ស។ ស្រី ចំរើន មេដឹកនាំក្រុមនិស្សិតនេះបាននិយាយថា លោកខកចិត្តណាស់ដែលការប្រឹងប្រែងរបស់ក្រុមនេះដើម្បីដាក់ញត្តិទៅគណបក្សមិនទទួលបានផល។
លោកបាននិយាយថា “យើងបានទៅទីស្នាក់ការគណបក្សសង្គ្រោះជាតិ ប៉ុន្តែ យើងត្រូវប្រឈមមុខជាមួយអ្នកគាំទ្រគណបក្សសង្គ្រោះជាតិដែលបានប្រើពាក្យប្រមាថចំពោះយើង”។
លោកបាននិយាយបន្ថែមថា “គួរឲ្យអស់សំណើចណាស់ដែលមិនមានមន្ត្រីគណបក្សសង្គ្រោះជាតិនៅការិយាល័យរបស់ពួកគេពីម៉ោងប្រហែល៣ដល់ម៉ោង៤ល្ងាចចេញមកទទួលញត្តិរបស់យើង។ នេះបញ្ជាក់ថា ពួកគេជាមនុស្សមិនទទួលខុសត្រូវ”។
មន្ត្រីគណបក្សសង្គ្រោះជាតិមិនអាចទាក់ទងសុំការពន្យល់បានទេ៕និត