26 C
Phnom Penh

គណបក្ស​សង្គ្រោះ​ជាតិ​​ជំទាស់​ការ​ផ្លាស់ប្តូរ​គណៈ​រដ្ឋមន្ត្រីថ្មី និង​ពិចារណា​សេចក្តី​ព្រាង​ច្បាប់សហ​ជីព

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អ្នក​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ​បាន​មាន​ប្រសាសន៍​កាល​ពី​ម្សិល​មិញ​ថា គណបក្ស​​មាន​គម្រោង​បោះ​ឆ្នោត​ជំទាស់​ការ​ផ្លាស់​ប្ដូរ​គណៈរដ្ឋមន្ត្រី​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​​អំឡុង​សម័យ​ប្រជុំ​សភា​ពេញ​អង្គ​នៅ​ថ្ងៃ​នេះ ប៉ុន្តែ​នឹង​រង់​ចាំ​មើល​ថា តើ​​​មាន​ការ​​ផ្លាស់​ប្ដូរ​អ្វី​ខ្លះ​ចំពោះ​ច្បាប់​សហជីព​ដ៏ចម្រូង​ចម្រាស​ជា​​​មុន​​​​​សិន​មុន​​ពេល​សម្រេច​ថាតើ​ត្រូវ​​បោះ​ឆ្នោត​​តាម​​​​​របៀប​ណា​។

​លោក យឹម សុវណ្ណ អ្នក​នាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ​បាន​មាន​ប្រសាសន៍​ថា ការ​ផ្លាស់​​​​ប្ដូរ​រដ្ឋមន្ត្រី​​ដែល​ស្នើ​ឡើង​​ដោយ​លោក​នាយក​​​​រដ្ឋមន្ត្រី ហ៊ុន សែន កាលពី​ខែ​មុន​នឹង​គ្មាន​ប្រយោជន៍​ឡើយ។

លោក​បាន​ថ្លែង​ថា “​អំពី​គណៈរដ្ឋមន្ត្រី យើង​​​នឹង​មិន​បោះ​ឆ្នោត​អនុម័ត​ឡើយ។ យើង​គិត​ថា ​គ្មាន​លទ្ធផល​​ប្រសើរ​ជាង​មុន​ឡើយ ព្រោះ​​​​មុខ​ដដែលៗ​ នឹង​មាន​លទ្ធផល​​តែ​ដដែល​ហ្នឹង​”។

លោក ហ៊ុន សែន បាន​​ស្នើ​ឲ្យ​មាន​ការ​ផ្លាស់​ប្ដូរ​រដ្ឋ​មន្ត្រី​ចំនួន​ប្រាំបី​រូប ប៉ុន្តែ​​មាន​តែ​​លោក ហោ ណាំហុង រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស​ និង​លោក អុឹម ឈុនលឹម រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​​​ទេ​ដែល​​​គ្រោង​នឹង​លាលែង​ពី​តួនាទ​ី​ ដោយ​​រដ្ឋមន្ត្រី​ផ្សេងៗ​ទៀត​គ្រាន់​តែ​ប្ដូរ​មុខ​តំណែង​​ប៉ុណ្ណោះ​។

រដ្ឋមន្ត្រី​ដែល​គ្រោង​នឹង​ផ្លាស់​ប្ដូរ​ រួម​មាន​រដ្ឋមន្ត្រីកាន់​​​ក្រសួង​កសិកម្ម ក្រសួង​អភិវឌ្ឍន៍​ជនបទ ក្រសួង​ពាណិជ្ជកម្ម ក្រសួង​សាធា​រណ​​ការនិង​ដឹក​ជញ្ជូន​ ក្រសួង​​ប្រៃសណីយ៍ និង​ក្រសួង​ធម្មការ។

យោង​តាម​លោក សុខ ឥសាន អ្នក​នាំ​ពាក្យ​គណបក្ស​​ប្រជាជន​កម្ពុជា​បាន​ឲ្យ​ដឹង​ថា ​ដោយ​មាន​អាសនៈ​សភាភាគ​ច្រើន​ សមាជិក​សភា​គណបក្ស​ប្រជាជន​កម្ពុជា​នឹង​នៅ​តែ​អនុម័ត​ការ​​ផ្លាស់​ប្ដូរ​រដ្ឋមន្ត្រី​​បាន​ដដែល​។

ច្បាប់​សំខាន់ៗ​ផ្សេង​ទៀត​គ្រោង​​បោះ​ឆ្នោត​​​នៅ​ថ្ងៃ​នេះ គឺ​​ច្បាប់​សហជីព​ដែល​​​ស្ថិត​ក្នុង​ដំណើរ​ការ​​​ច្រើន​ឆ្នាំ​​មក​ហើយ ហើយ​ត្រូវ​បាន​រិះគន់​ឥត​ឈប់​ឈរ​ដោយ​សហជីព និង​នយោជក​។ លោក យឹម សុវណ្ណ បាន​មាន​ប្រសាសន៍​ថា គណបក្ស​សង្គ្រោះជាតិ​នឹង​ពិនិត្យ​​​​​​មើល​ការ​ផ្លាស់​ប្ដូរ​ច្បាប់​​​កាលពី​ពេលថ្មីៗនេះ​ មុន​ពេល​សម្រេច​ថា​តើ​ត្រូវ​​បោះ​ឆ្នោត​តាម​របៀប​ណា​​។

លោក​បាន​ថ្លែង​ថា “​អំពី​ច្បាប់​សហជីព​ សូម​​​​រង់​ចាំ​មើល។ យើង​ស្នើ​ឲ្យ​មាន​ការ​កែប្រែ​មួយ​​​​ចំនួន​ ប្រសិន​បើ​ពួកគេ​យល់​ព្រម ​យើង​នឹង​បោះ​ឆ្នោត​គាំទ្រ ប្រសិន​បើ​​ពួកគេ​មិន​ធ្វើ​ការ​កែប្រែ​ទេ ខ្ញុំ​គិត​ថា យើង​នឹង​មិន​បោះ​ឆ្នោត​អនុម័ត​ឡើយ”។

​អង្គការ​ពលកម្ម​អន្តរជាតិ​​ (ILO) ក៏​បាន​រិះ​គន់​​​ចំពោះ​ច្បាប់​នេះ​ដែរ ដោយ​លើក​ឡើង​ថា ​រដ្ឋាភិបាល​អាច​នឹង​មាន​ការ​​រំលោភ​អនុសញ្ញា​អន្តរជាតិ​ និង​ច្បាប់​ក្នុង​ស្រុក​ទាក់​ទិន​បទប្បញ្ញត្តិ​​​មួយ​ចំនួន​។ នៅ​ក្នុង​លិខិត​មួយ​ច្បាប់​ចុះ​ថ្ងៃ​ទី​១០ ខែ​មីនា ​អង្គការ​ពលកម្ម​អន្តរជាតិ​បាន​សរសេរ​​ផ្ញើជូន​លោក អុិត សំហេង រដ្ឋមន្ត្រី​ក្រសួង​ការ​ងារ​ ហើយ​បាន​លើក​ឡើង​ថា សេច​​ក្ដី​ព្រាង​ច្បាប់​ថ្មី​បំផុត​នេះ​​នៅ​តែ​ខ្វះ​ការ​ប្ដេជ្ញាចិត្ត​។

​បើ​ទោះ​ជា​មានការ​បញ្ជាក់​អំពី​ការ​វិវឌ្ឍ​មួយ​ចំនួន​ចំពោះ​សេចក្ដី​ព្រាង​ច្បាប់​នេះ​ក៏ដោយ ​​ក៏​អង្គការ​ពលកម្ម​អន្តរជាតិ​បាន​លើក​ឡើង​ថា នៅ​មាន​ការ​ងារ​​ច្រើន​​ទៀត​ត្រូវ​ធ្វើ​ដែរ។ ជា​ពិសេស​​ច្បាប់​ដែល​កំណត់​ថា នរណា​នឹង​មាន​សិទ្ធិ​​​ដឹកនាំ​សហជីព​អាច​មាន​​ទំនាស់​ជាមួយ​​សិទ្ធិមូលដ្ឋាន​ក្នុង​ការ​ជួបជុំគ្នា។

​លិខិត​នេះ​ក៏​បាន​បន្ត​​ផង​ដែរ​ថា ច្បាប់​ថ្មី​នេះ​​​​ដែល​​​តម្រូវ​ឲ្យ​​ប្រធាន​សហជីពគ្មាន​ប្រវត្តិ​​ប្រព្រឹត្ត​បទល្មើស​​នោះ​ គួរ​តែ​អនុវត្ត​ចំពោះ​បទ​ល្មើសជាក់​លាក់​​​ ដើម្បី​ឲ្យ​ស្រប​តាម​​អនុសញ្ញា​អង្គការ​ពលកម្ម​អន្តរជាតិ​​ស្ដីពី​សេរី​ភាព​ក្នុង​ការ​ជួបជុំគ្នា និង​សិទ្ធិ​ក្នុង​ការ​បង្កើត​សហជីព។

លិខិត​ដដែល​នេះ​​បន្ត​ថា ”​លក្ខណៈ​ទូលំ​ទូលាយ​​នៃ​​លក្ខខណ្ឌ​បច្ចុប្បន្ន​ដែល​សំដៅ​ដល់​បទល្មើស​ណាមួយ​ ​ត្រូវ​គេ​រក​ឃើញ​ថា ​ទំនង​ជា​ផ្ទុយ​ទៅ​នឹង​​បទប្បញ្ញត្តិ​នៃ​អនុសញ្ញា​​​ ជា​ពិសេស​លទ្ធភាពនៃ​អនុសញ្ញា​សម្រាប់​​សកម្មភាព​សហជីព​ រួម​ទាំង​ការ​ធ្វើ​កូដកម្ម​ជាដើម​”។

តំណាង​រដ្ឋមន្ត្រី​ក្រសួង​ការ​ងារ​មិន​អាច​ទាក់​ទង​​បាន​ឡើយ​ដើម្បី​បំភ្លឺ​ថា តើ​កង្វល់​របស់​អង្គការ​ពលកម្ម​អន្តរជាតិ​ត្រូវ​បាន​លើកឡើង​​​នៅ​ក្នុង​សេចក្ដីព្រាង​ច្បាប់​ដែល​បាន​ដាក់​ជូន​សភា​ឬ​​ក៏​អត់​៕ សារុន (រាយការណ៍​បន្ថែម​ដោយ កង​ សុធា)​​

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស