35 C
Phnom Penh

សំណង់​ថ្មី​នៅ​ព្រំដែន​ឡាវ​បណ្តាល​ឲ្យ​មាន​ការ​តវ៉ា​នៅ​ថ្នាក់​ខេត្ត

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុម​មន្ត្រី​បាន​និយាយ​កាលពី​ថ្ងៃ​អាទិត្យ​ថា យោធា​របស់​ប្រទេស​ឡាវ​បាន​ចាប់​ផ្តើម​សាងសង់​មូលដ្ឋាន​មួយ នៅ​ចម្ងាយ​តែ​ប៉ុន្មាន​ម៉ែត្រ​ពី​កំណាត់​ព្រំដែន​ដែល​មិន​ទាន់​បោះ​បង្គោល​សម្គាល់​របស់​ខ្លួន​ជាមួយ​ប្រទេស​កម្ពុជា បណ្តាល​ឲ្យ​មាន​ការ​តវ៉ា​ពី​អាជ្ញាធរ​ខេត្ត​ស្ទឹងត្រែង។

លោក ឯក ស៊ីវ​វណ្ណ​ដន ស្នងការ​រង​ទទួល​បន្ទុក​កិច្ចការ​ព្រំដែន បាន​មាន​ប្រសាសន៍​ថា យោធា​ប្រទេស​ជិតខាង​បាន​ចាប់​ផ្តើម​ជីក​លេណដ្ឋាន​មួយ​សម្រាប់​ប៉ុស្តិ៍​យោធា​ថ្មី​នៅ​ជិត​ស្រុកថាឡាបរិវ៉ាត់​កាលពី​ថ្ងៃ​ព្រហស្បតិ៍។

លោក ស៊ីវវណ្ណដន បាន​មាន​ប្រសាសន៍​ថា ទីតាំង​នោះ​ស្ថិត​នៅ​ចម្ងាយ​តែ​៣០​ម៉ែត្រ​ពី​កំណាត់​ព្រំដែន ដែល​នៅ​មិន​ទាន់​បោះ​បង្គោល​ជា​ផ្លូវការ​នៅ​ឡើយ ទោះជា​កន្លែង​នោះ​ជា​បណ្តោះ​អាសន្ន​ស្ថិត​ក្នុង​ខេត្ត​ចំប៉ាសាក់​របស់​ឡាវ​ក៏ដោយ។

លោក​បាន​និយាយ​ថា “យើង​កំពុង​តវ៉ា ពីព្រោះ​យើង​បាន​ព្រមព្រៀង​ក្នុង​ការ​ប្រជុំ​ប្រចាំ​ឆ្នាំ [រវាង​ខេត្ត​ទាំង​ពីរ]​ថា យើង​អាច​រក្សា​ទុក​សំណង់​ដែល​មាន​ស្រាប់ ប៉ុន្តែ​យើង​នឹង​ហាម​មិន​ឲ្យ​មាន​សំណង់​ថ្មី​ទេ”។

លោក​បាន​និយាយ​ថា “ភាគី​ទាំង​ពីរ ខ្មែរ​និង​ឡាវ ត្រូវតែ​គោរព​កិច្ច​ព្រមព្រៀង​នេះ។ ប៉ុន្តែ​ឡាវ​ហាក់​ដូចជា​បំពាន​កិច្ច​ព្រមព្រៀង”។

លោក​ស្នងការ​រង​ខេត្ត​បាន​មាន​ប្រសាសន៍​ថា មន្ត្រី​របស់​លោក​បាន​ប៉ុនប៉ង​ទប់​ស្កាត់​សំណង់​នោះ ដោយ​ឃាត់​រថយន្ត​ដែល​ដឹក​ខ្សាច់​និង​ថ្ម​ទៅ​ប្រទេស​ឡាវ​កាត់​តាម​ផ្លូវ​ថ្នល់​ប្រទេស​កម្ពុជា ប៉ុន្តែ​ថា​រថយន្ត​មួយ​ចំនួន​បាន​ឆ្លង​កាត់​រួច។

លោក ស៊ីវវណ្ណដន បាន​ទទួល​ស្គាល់​ថា កិច្ច​ព្រមព្រៀង​ដែល​មាន​ស្រាប់​ពិបាក​នឹង​ត្រួត​ពិនិត្យ ប្រសិនបើ​សន្ធិសញ្ញា​ព្រំដែន​ទ្វេភាគី​មិន​ចូល​ជា​ធរមាន​ទេ​នោះ។

លោក​បាន​និយាយ​ថា “ទាល់តែ​យើង​មាន​កិច្ច​ព្រមព្រៀង​[ព្រំដែន]​មួយ​ទើប​យើង​អាច​ហាម​ពួកគេ​បាន ពីព្រោះ​[សកម្មភាព​ទាំង​នេះ]​ដូចជា​ស្ថិត​នៅ​ក្នុង​ទឹក​ដី​របស់​ពួកគេ”។

លោក ម៉ែន គង់ អ្នកនាំពាក្យ​សាលា​ខេត្ត បាន​និយាយ​ថា ខេត្ត​បាន​រៀបចំ​លិខិត​ការទូត​មួយ​ទាក់ទិន​នឹង​ការ​តវ៉ា​អំពី​សំណង់​នេះ​កាលពី​ចុង​សប្តាហ៍។

លោក គង់ បាន​និយាយ​ថា “ប្រសិនបើ​ពួកគេ​នៅ​បន្ត​[ការ​សាងសង់] ដូច្នេះ យើង​នឹង​ស្នើ​ឲ្យ​មាន​កិច្ច​ប្រជុំ​មួយ”។

លោក​បាន​និយាយ​ថា ការ​សម្រេច​សាងសង់​មិន​ត្រឹមតែ​រំលោភ​កិច្ចព្រមព្រៀង​ដែល​ធ្វើ​រវាង​ខេត្ត​ទាំង​ពីរ​ប៉ុណ្ណោះ​ទេ តែ​ថែម​ទាំង​ក៏​រំលោភ​អនុស្សរណៈ​នៃ​ការ​យោគ​យល់​គ្នា ដែល​ចុះ​ហត្ថលេខា​ដោយ​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​នៃ​ប្រទេស​ទាំង​ពីរ​ដែរ”។

“យើង​នឹង​ស្នើ​ឲ្យ​ប្រទេស​ឡាវ​ពិចារណា​បញ្ឈប់​សំណង់​ដោយ​គោរព​តាម​គោលការណ៍​និង​ព្រំដែន​ខេត្ត​រវាង​ប្រទេស​ទាំង​ពីរ”៕ និត

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស