ប័ណ្ណសារ

កាសែត​​​ប៉ាណាម៉ា៖ រដ្ឋ​​​មន្ត្រី​​​​​​យុត្តិធម៌​​​​​​ជាប់​​​ពាក់​​​ព័ន្ធ​​​នៅក្នុង​ក្រុមហ៊ុនបរទេស​

By

April 05, 2016

យោង​​​តាម​​​ទិន្នន័យ​​​ចេញ​​​ផ្សាយ​​​ជា​​​សាធារណៈ​​​កាល​​​ពី​​​ថ្ងៃអាទិត្យ​​​ បាន​​​ឲ្យ​​​ដឹង​​​ថា លោក​​​ អង្គ វង្សវឌ្ឍានា រដ្ឋ​​​មន្ត្រីក្រសួង​​​យុត្តិធម៌​​​មាន​​​ជាប់​​​​​​ពាក់​​​ព័ន្ធ​​​នៅក្នុង​​​​​​ក្រុម​​​ហ៊ុន​​បរទេស​មួយ​​​ឈ្មោះ​​​ British Virgin Islands នៅ​​​ក្នុង​​​អ្វី​​​ដែល​​​ត្រូវ​​​បាន​​​ចាត់​​​ទុក​​​ថា ជា​​​ការ​​​បែក​ធ្លាយ​​​ឯកសារ​​​សម្ងាត់​​​​​​ដ៏​​​ធំ​​​បំផុត​​​​​​នៅ​​​ក្នុង​​​ប្រវត្តិសាស្ត្រ​​​។

ទោះជាយ៉ាង​​​ណា​​​ លោក ​​​អង្គ ​​​វង្ស​​​វឌ្ឍានា ​​​​​​បាន​​​បដិសេធ​​​យ៉ាង​​​ដាច់​​​អហង្ការ​​​ចំពោះ​​​ការ​​​ចោទ​​​ប្រកាន់​​​កាល​​​ពី​​​ម្សិលមិញ ដោយ​​​អះ​​​អាង​​​ថា លោក​​​មិន​​​ដែល​​​ឮឈ្មោះ​​​ក្រុម​​​ហ៊ុន​​​ដែល​​​កំពុង​​​មាន​​​បញ្ហា​​​នេះ​​​ឡើយ​​​ ហើយ​​​បាន​​​គំរាម​​​ប្តឹង​​​អង្គការ​​​ដែល​​​ចេញ​​​ផ្សាយ​​​ឯកសារ​​​ទាំង​​​នេះ​​​។

កាសែត​ The “Panama Papers” ជា​​​​​​កន្លែង​ប្រមូល​ផ្តុំ​ឯកសារ​​​ជាង​​​១១លាន​​​ដែល​​​បែក​​​​ធ្លាយ​​​​​​ចេញ​​​ពី​​​​​​ក្រុម​​​ហ៊ុន​​​ច្បាប់​​​ Mossack Fonseca ​​​មានមូលដ្ឋាន​ក្នុង​​​ប្រទេស​​​ប៉ាណាម៉ា និងដែល​កំពុង​​​ត្រូ​​​វ​​​បាន​​​វិភាគ​​​ដោយ​​​ក្រុម​​​អ្នក​​​កាសែត​​​សើុប​​​អង្កេត​​​អន្តរជាតិ​​​ (ICIJ) បាន​​​បង្ហាញ​​​​​​ពី​អតិថិជន​ ក្នុង​​​នោះ​​​រួម​​​មាន​​​អ្នក​​​នយោបាយ​​​ចំនួន​​​១៤០​​​នាក់​​​មក​​​ពី​​​ទូទាំង​​​ពិភព​​​លោក​​​ ក៏​​​ដូច​​​ជា​​​អ្នក​​​មាន​​​ទ្រព្យ​​​សម្បត្តិ​​​ស្តុកស្តម្ភ​​​ផ្សេង​​​ៗ​​​ទៀត ​​​ដែល​​​ក្រុម​​​ហ៊ុន​​​នេះ​​​ជួយ​​​ឲ្យ​​​គេច​​​រួច​​​ផុត​​​ពី​​​ការ​​​បង់​​​ពន្ធ និង​​​ទណ្ឌកម្ម​​​ ហើយ​​​នៅ​​​ក្នុង​​​ករណី​​​​​​ខ្លះ​​​លាង​​​លុយ​​​ដោយ​​​ប្រើ​​​ប្រាស់​​​ក្រុម​​​ហ៊ុន​​​បរទេស​។

ក្រុមអ្នក​កាសែត​ស៊ើប​អង្កេត​អន្តរជាតិ​ បានរាយការណ៍ថា ឯកសារ​​​បែក​ធ្លាយ​​​ទាំង​​​នេះ​​​បាន​​​បង្ហាញ​​​ថា លោក អង្គ ​​​វង្សវឌ្ឍានា ​​​បាន​​​ចំណាយ​​​ប្រាក់​​​៥.០០០ដុល្លារ​​​សម្រាប់​​​ភាគ​​​ហ៊ុន​​​នៅ​​​ក្នុង​​​ក្រុមហ៊ុន​​​ RCD International Limited និង​​​ជា​​​មនុស្ស​​​ម្នាក់​​​ក្នុង​​​ចំណោម​​​ម្ចាស់​​​ភាគ​​​ហ៊ុន​​​៥​​​នាក់​​​ ដែលជា​​​ “មន្ត្រី​អ្នក​​​ជំនួញ​​​” ជន​​​ជាតិ​​​ចិន​​​ និង​​​ជន​​​ជាតិខែ្មរ​​​​។

ក្រុម​​​ហ៊ុន​​​ ​​​ RCD International Limited មាន​ឈ្មោះត្រឹម​​​តែ​​​ជាង​​​៣​​​ឆ្នាំ​​​ប៉ុណ្ណោះ​​​ បន្ទាប់​​​ពី​​​ត្រូវ​​​បាន​​​​​​ចុះ​​​បញ្ជី​​​នៅ​​​ក្នុង​​​ដើម​​​ឆ្នាំ​​​២០០៧។ ​​​ក្រុម​​​ហ៊ុន​​​នេះ​​​ត្រូវ​​​បាន​​​លុប​​​ឈ្មោះ​​​ចេញ​​​ពី​​​ការ​​​ចុះ​​​បញ្ជី​​​មូល​​​ដ្ឋាន​​​នៅ​​​ក្នុង​​​ខែ​​​តុលា ​​​ឆ្នាំ​​​២០១០ ហើយ​​​​​​​​​លែង​​​ដំណើរ​​​ការ​​​នៅ​​​ក្នុង​​​ខែ​​​វិច្ឆិកា​​​ ក្នុង​​​ឆ្នាំ​​​ដដែល​​​នោះ ​​​ហើយ​​​គោល​​​បំណង​​​របស់​​​ក្រុមហ៊ុន​​​នេះ​​​គេ​​​នៅ​​​មិន​​​ទាន់​​​ដឹង​​​នៅ​​​ឡើយ​​​ទេ​​​ នេះ​​​បើ​​​យោង​​​តាម​​​ក្រុម​​​អ្នក​​​កាសែត​​​សើុប​​​អង្កេត​​​អន្តរជាតិ​​​។

ក្រុម​​​ហ៊ុន​​​បរទេស​​​​ត្រូវ​​​បាន​​​ប្រើ​​​ប្រាស់​​​ដើម្បី​​​លាង​​​លុយ​​​ដែល​​​ទទួល​​​បាន​​​តាម​​​រយៈ​​​មធ្យោបាយ​​​ខុស​​​ច្បាប់​​​ ទោះ​​​បី​​​ប្រហែលជា​មាន​​​ហេតុ​​​ផល​​​ផ្លូវ​​​ច្បាប់ដើម្បី​​​ចុះ​​​បញ្ជី​​​ក្រុម​​​ហ៊ុន​​​បែប​​​នេះ​​​ក៏​​​ដោយ។

ទោះ​​​ជាយ៉ាង​​​ណា ក្រោយ​​​ពេល​​មានការ​បង្ហាញ​​​អំពី​​​ភាគ​​​ហ៊ុន​​​របស់​​​លោក អង្គ ​​​វង្សវឌ្ឍានា​​​ នៅ​​​ក្នុង​​​ក្រុមហ៊ុន​​​ RCD International Limited ក្រសួង​​​យុត្តិធម៌​​​បាន​​​ចេញ​​​សេចក្តី​​​​​​ថ្លែង​​​ការណ៍​​​មួយ​​​កាល​​​ពី​​​រសៀល​​​ម្សិលមិញ ដោយ​​​បដិសេធ​​​​​​យ៉ាង​​​ដាច់​​​អហង្ការ​​​ថា រដ្ឋ​​​មន្ត្រី​​​រូប​​​នេះ​​​គ្មាន​​​ជាប់​​​ពាក់​​​ព័ន្ធ​​នៅ​ក្នុង​​​ក្រុម​​​ហ៊ុន​​​​​​នេះ​​​ឡើយ​​​។​​​

សេចក្តី​​​ថ្លែង​​​ការណ៍​​​នេះ​​​ដែល​​​ចុះ​​​ហត្ថ​​​លេខា​​​ដោយ​​​លោក សាន សោភ័ណ អ្នក​​​នាំ​​​ពាក្យ​​​ក្រសួង​​​យុត្តិធម៌​​​នោះ​មាន​​​ខ្លឹមសារ​​​ដូច្នេះ​​​ថា “ឯកឧត្តម​​​រដ្ឋ​​​មន្ត្រី​​​មិន​​​ដែល​​​ស្គាល់​​​ឈ្មោះ​​​ក្រុម​​​ហ៊ុន​​​ខាង​​​លើ​​​នេះ​​​ឡើយ​​​ ហើយ​​​ក៏មិន​​​ដែល​​​បាន​​​ទិញ​​​ភាគ​​​ហ៊ុន​​​ពី​​​ក្រុមហ៊ុន​​​បរទេស​​​មួយ​​​នេះ​​​ដែរ​​​។ ហេតុ​​​ដូច្នេ​​​ះ​​​ព័ត៌មានខាង​​​លើ​​​ គឺជា​​​ព័ត៌​​​មាន​​​មិន​​​ពិត​​​ ហើយ​​​ភូត​​​កុហក ដែល​​​ធ្វើ​​​​​​ឲ្យសាធារណជន​​​មាន​​​ការ​​​យល់​​​ច្រឡំ​​​ហើយ​​​ធ្វើ​​​ឲ្យ​​​ប៉ះ​​​ពាល់​​​ដល់​​​កេរ្តិ៍​​​ឈ្មោះ​​​ឯក​​​ឧត្តម​​​រដ្ឋ​​​មន្ត្រី”។

សេចក្តី​​​ថ្លែង​​​ការណ៍​​​នេះ​​​បាន​​​បន្ថែម​​​ថា ​​​ក្រសួង​​​យុត្តិធម៌​​​កំពុង​​​តែ​​​ទាក់​​​ទង​​​ក្រុម​​​អ្នក​​​កាសែត​​​សើុប​​​អង្កេត​​​អន្តរជាតិ​​​ដើម្បី​​​ទាម​​​ទារ​​​ឲ្យ​​​ពួក​​​គេ​​​ផ្តល់​​​ប្រភព​​​ឯកសារ​​​ដែល​​​មាន​​​ឈ្មោះ​​​ លោក អង្គ វង្សវឌ្ឍានា ​​​។

នៅ​​​​​​ក្នុង​​​កិច្ច​​​សម្ភាសន៍​​​តាម​​​ទូរស័ព្ទ​​​ជាមួយ​​​គេហទំព័រ​​​ព័ត៌មាន​​​ថ្មីៗ​​​ រដ្ឋ​​​មន្ត្រី​​​រូប​​​នេះ​​​បាន​​​ព្រមាន​​​ថា នឹង​​​មាន​​​ការ​​​ដាក់​​​ពាក្យ​​​បណ្តឹង​​​ប្រសិន​​​បើ​​​ក្រុម​​​អ្នក​​​កាសែត​​​សើុប​​​អង្កេត​​​អន្តរជាតិ​​​មិន​​​អាច​​​ផ្តល់​​​ភ័ស្តុ​​​តាង​​​គ្រប់​​​គ្រាន់​​​ដែល​​​បញ្ជាក់​​​ថា លោក​​​មាន​​​ភាគ​​​ហ៊ុន​​​នៅ​​​ក្នុង​​​ក្រុម​​​ហ៊ុន​​​ RCD InternationalLimited នោះ​​​​។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា”ខ្ញុំ​​​អត់​​​ស្គាល់​​​ក្រុម​​​ហ៊ុន​​​នោះ​​​ទេ​​​ តើ​​​ខ្ញុំ​​​ទិញ​​​ភាគ​​​ហ៊ុន​​​​​​ម្តេច​​​នឹង​​​កើត​​​ទៅ​​​?។ ប្រសិន​​​បើ​​​​​​​​​ពួក​​​គេ​​​ផ្តល់​​​ការ​​​ឆ្លើយ​​​តប​​​មិន​​​ត្រឹម​​​ត្រូវ​​​ ខ្ញុំ​​​នឹង​​​ប្តឹង​​​ពួក​​​គេ​​​។ ឥឡូវ​​​នេះ​​​ខ្ញុំ​​​ចង់​​​ឲ្យ​​​ពួកគេ​​​បង្ហាញ​​​ភ័ស្តុតាង​​​ដាក់​​​បន្ទុក​​​ ព្រោះ​​​ខ្ញុំ​​​មិន​​​ដឹង​​​អ្វី​​​នោះ​​​ឡើយ​​​”។

លោក សុន ឆ័យ​​​ អនុប្រធាន​​​គណៈ​​​កម្មការ​​​​​​ធនាគារ​​​ និង​​​ហិរញ្ញវត្ថុ​​​នៃ​​​រដ្ឋ​​​សភា​​​បាន​​​​​​លើក​​​ឡើង​​​ថា អង្គភាព​​​ប្រឆាំង​​​អំពើ​​​ពុក​​​រលួយ​​​តម្រូវ​​​​​​ឲ្យ​​​សើុប​​​អង្កេត​​​ក្រុម​​​ហ៊ុន​​​នេះ​​​ដើម្បី​​​កំណត់​​​ថា តើ​​​មាន​​​សកម្មភាព​​​ខុស​​​ច្បាប់​​​ណា​​​មួយ​​​ដែរ​​​ ឬ​​​ក៏​​​អត់​​​។

លោក​​​បាន​​​​​​មាន​​​ប្រសាសន៍​​​ថា “ភ័ស្តុ​​​តាង​​​ត្រូវ​​​តែ​​​មាន​​​ការ​​​សើុប​​​អង្កេត​​​។ ពេល​​​មាន​​​ព័ត៌មាន​​​បែបនេះ​​​ ហើយ​រឹង​​​មាំ​​​បែប​​​នេះ​​​នោះ​ អង្គភាព​​​ប្រឆាំង​​​អំពើ​​​ពុក​​​រលួយ​​​គួរ​​​តែ​​​បើ​​​កការ​​​សើុប​​​អង្កេត​​​ភ្លាម​​​។ ពួក​​​​​​គេ​​​ត្រូវ​​​តែ​​​ធ្វើ​​​អ្វី​​​មួយ​​​ពាក់​​​ព័ន្ធ​​​បញ្ហា​​​នេះ​​​”។

លោក ព្រាប​​​ កុល នាយក​​​ប្រតិបត្តិ​​​អង្គការ​​​តម្លាភាពកម្ពុជា​​​បាន​​​លើក​​​ឡើង​​​ថា ខណៈ​​​ព័ត៌​​​មាន​​​បន្ថែម​​​អំពី​​​ការ​​ធ្វើជំនួញនេះ​​​​ត្រូវ​​​ការ​​​ជា​​​ចាំបាច់​​​មុន​​​ពេល​​​ថ្កោល​​​ទោស​​​សកម្មភាព​​​របស់​​​ លោក អង្គ វង្សវឌ្ឍានា នោះ​ ​​​​​​ការ​​​បង្ហាញ​​​នេះ​​​ទោះជាយ៉ាងណា​​​​គឺបញ្ហា​​​ ដែល​”ធ្វើ​​​ឲ្យ​​​មាន​​​ការ​​​ព្រួយ​​​បារម្ភ”។ លោក​​​បាន​​​សរសេរ​​​ក្នុង​​​អីុម៉េល​​​មួយ​​​ថា​​​ “វា​​​គួរ​​​ឲ្យ​​​ព្រួយបារម្ភ​​​ណាស់​​​ ប្រសិន​​​បើ​​​រដ្ឋ​​​មន្ត្រីមួយ​​​រូប​​​ប្រើ​​​ប្រាស់​​​ក្រុម​​​ហ៊ុនបរទេស​សម្រាប់​​​​ជំនួញ​​​​របស់​​​ខ្លួន​​​”។

លោក​​​បាន​​​បន្ត​​​ថា “ក្នុង​​​នាម​​​ជា​​​មន្ត្រី​​​រដ្ឋ​​​បាល​​​ជាន់​​​ខ្ពស់​​​ រដ្ឋ​​​មន្ត្រី​​​ត្រូវ​​​បាន​​​គេរំពឹង​​​ថា ជា​​​គំរូ​​​សម្រាប់​​​​​​​​​សង្គម​​​​​​ ហើយមិនត្រូវ​មាន​ទំនាក់​​​ទំនាក់​ជាមួយ​ក្រុមហ៊ុន​​​​​​បរទេស​​​​ដែល​​​ម្ចាស់​​​ក្រុម​​​ហ៊ុន​​​ត្រូវ​​​បាន​​​​​​គេ​​​លាក់​​​ឈ្មោះ​​​ជា​​​សម្ងាត់​​​នោះឡើយ”៕ស៊ុយឈាង​​​​