38 C
Phnom Penh

សមាជិករដ្ឋ​​សភា​បោះ​ឆ្នោត​គាំទ្រ​ការ​ផ្លាស់ប្តូរ​គណៈរដ្ឋមន្ត្រី​​ថ្មី

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោក ហោ ណាំហុង រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេសដែល​បម្រើ​ការ​ងារ​​ជាយូរ​មក​ហើយ​នោះ​ ត្រូវ​បាន​ជំនួស​ដោយ​លោក ប្រាក់ សុខុន អតីត​រដ្ឋមន្ត្រី​​ក្រសួង​ប្រៃសណីយ៍​ និង​ទូរ​គមនា​​​​គមន៍​ ហើយ​លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​​ត្រូវ​បាន​ផ្ទេរ​ទៅ​កាន់​​មុខ​តំណែង​ចាស់​របស់​លោក​គឺក្រសួង​សាធា​រណ​​​​​​​​​​​ការ​ និង​ដឹកជញ្ជូន​កាលពី​ម្សិលមិញ ខណៈ​​ការ​ផ្លាស់​ប្ដូរ​​តួនាទី​នៃ​​គណៈរដ្ឋមន្ត្រី​​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ត្រូវ​បាន​បោះ​ឆ្នោត​អនុម័ត​នៅ​ក្នុង​រដ្ឋសភា។

នៅ​ក្នុង​ការ​បោះ​ឆ្នោត​ដែល​បាន​ចាប់​ផ្ដើម​​​​នៅ​ម៉ោង​១០និង​៣០​នាទី​ព្រឹក សមាជិក​សភា​៧០​រូប​ក្នុង​ចំណោម​១០៧​រូប​ដែលមាន​វត្ត​មាន​​​​​ បាន​បោះ​ឆ្នោត​អនុម័ត​លើ​ការ​ផ្លាស់​ប្ដូរ​គណៈ​រដ្ឋមន្ត្រី​២៦​រូប រួម​ទាំង​​​​ការ​ចូល​និវត្ត​របស់​លោក​ឧបនាយករដ្ឋមន្ត្រី គាត ឈន់ ដែល​ដំបូង​ឡើយ​បម្រើ​ការ​ងារ​​ក្នុង​រដ្ឋាភិបាល ជា​រដ្ឋមន្ត្រី​ក្រសួង​ឧស្សាហកម្ម និង​ពាណិជ្ជកម្ម​ក្នុង​ទសវត្សរ៍​ឆ្នាំ​១៩៦០​ក្រោម​ការ​ដឹក​នាំ​របស់​​​ព្រះអង្គម្ចាស់ នរោត្តម សីហនុ។

​ដោយ​លោក ប្រាក់ សុខុន ទៅ​កាន់​តួនាទី​​នៅ​ក្រសួង​ការ​បរទេស​ រដ្ឋសភា​ក៏​បាន​បោះ​ឆ្នោត​អនុម័ត​តែង​តាំង​លោក ត្រាំ អុីវតឹក ​រដ្ឋមន្ត្រី​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន ដែល​នឹង​ចាក​ចេញពី​តំណែង​​​ ជា​រដ្ឋមន្ត្រី​ក្រសួង​​​​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​ ហើយ​​លោក​ បា៉ន សូរស័ក្តិ ​អតីត​រដ្ឋលេខា​ធិការ​ក្រសួង​ពាណិជ្ជកម្ម​​​ត្រូវ​បាន​ជំនួស​តំណែង​លោក ស៊ុន ចាន់​ថុល។

cam-photo-reshuffle-channaលោក អុឹម ឈុនលឹម រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែន​ដី​ នគរូបនីយកម្ម និង​សំណង់ ដែល​​​​​​នឹង​​ចាក​ចេញ​ពី​តំណែង​ ត្រូវ​បាន​ជំនួស​ដោយ​លោក ជា សុផារ៉ា ​អតីត​រដ្ឋមន្ត្រី​ក្រសួង​​​​​អភិវឌ្ឍន៍​ជនបទ​ ត្រូវ​បាន​បង្ហើប​ឲ្យ​ដឹង​​ថា ជា​សមាជិក​​ថ្មី​​​នៃ​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​។

មុន​ការ​បោះ​ឆ្នោត​ លោក ហ៊ុន សែន បាន​​​​និយាយ​​សរសើរ​បែប​ចំអក​​ចំពោះ​ការ​ប្រកាស​​​​​​របស់​​គណ​​បក្ស​សង្គ្រោះជាតិ​​កាលពី​យប់​ថ្ងៃ​អាទិត្យ​ថា ខ្លួន​នឹង​បោះ​ឆ្នោត​ជំទាស់​ការ​​ផ្លាស់​ប្ដូរ​​​​​​គណៈ​រដ្ឋមន្ត្រី​ ដោយ​សារ​តែ​​មុខ​ដដែល​ៗ​។

លោក ហ៊ុន សែន បាន​មាន​ប្រសាសន៍​ថា “ខ្ញុំ​សូម​យក​ឱកាស​នេះ​​ថ្លែង​អំណរគុណ​ចំពោះ​​​​សមាជិក​សមាជិកា​​នៃ​គណបក្ស​សង្គ្រោះជាតិ​ដែល​បាន​លើក​ឡើង​ថា នឹង​មិន​បោះ​ឆ្នោត​គាំទ្រ​នោះ​ទេ”។

លោក​បាន​បន្ថែម​ថា ”​សុំ​អរគុណ​​ណាស់​ ព្រោះ​ថា គណបក្ស​ប្រជាជន​កម្ពុជា​មិន​ត្រូវ​ការ​សំឡេង​​របស់​​អស់​លោក​អ្នក​នោះ​ទេ។ ប្រសិន​បើ​​បោះ​ឆ្នោត​​ នាំ​តែគណបក្ស​ប្រជា​ជន​កម្ពុជា​ជំពាក់​គុណ​របស់​ឯកឧត្ដម លោក​ជំទាវទេ”។

ប៉ុន្តែ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា​​មាន​តំណាង​រាស្ត្រ​តែ​៦៨រូប​ក្នុង​ចំណោម​សមា​ជិក​សភា​១២៣​រូប វា​បង្ហាញ​យ៉ាង​ច្បាស់​​ថា ​ក្រោយ​ការ​បោះ​ឆ្នោត​ យ៉ាង​ហោច​ណាស់​​សមាជិក​សភា​គណបក្ស​ប្រឆាំង​ពីរ​រូប​បាន​​​ចូល​រួម​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​គាំទ្រ​​​​ការ​ផ្លាស់​ប្ដូរ​នេះ ដោយ​បង្ហាញ​​ឲ្យ​ឃើញ​ជា​លើក​ដំបូង​​ដែល​​សមាជិក​​សភា​គណបក្ស​សង្គ្រោះ​ជាតិ​​បាន​បំពាន​យ៉ាង​ច្បាស់​ក្រឡែត​ចំពោះ​តួនាទី​គណបក្ស​ជា​សាធារណៈ។

លោក យឹម សុវណ្ណ អ្នកនាំពាក្យ​គណបក្ស​ប្រឆាំង​បាន​មាន​ប្រសាសន៍​តាម​ទូរស័ព្ទ​បន្ទាប់​​​ពី​ការ​បោះ​ឆ្នោត​ដែល​​ជា​ការ​​សម្ងាត់​​​​ថា ​​នឹង​មិន​មាន​ការ​​ចោទ​ប្រកាន់​ដាក់​គ្នា​​នៅ​ក្នុង​គណបក្ស​​លើ​សមាជិក​សភា​របស់​ខ្លួន​ឡើយ។

លោក​បាន​ថ្លែង​ថា “​គណបក្ស​សង្គ្រោះ​​ជាតិ​​​គឺ​ជា​គណបក្ស​ប្រជាធិបតេយ្យ ហើយ​​សមា​ជិក​​​​​សភាគ្រប់រូប​​មាន​សិទ្ធិ​សម្ដែង​មតិ​របស់​ខ្លួន​។ នេះជា​សេរីភាព​របស់​គណបក្ស​។ ប្រសិន​បើ​ពួកគាត់​​គិត​ថា វា​ជា​សិទ្ធិ​ក្នុង​ការ​បោះ​ឆ្នោត​​​​​​គាំទ្រនោះ​​ វា​ជា​សិទ្ធិ​របស់​ពួកគាត់​។ យើង​មិន​​​អាច​បង្ខំ​ពួក​គាត់​ដូច​គណបក្ស​ដទៃឡើយ”។

​ជាមួយ​នឹង​ការ​ផ្លាស់​ប្ដូរ​ដ្ឋមន្ត្រី​ប្រាំបី​រូប​នៅ​ក្នុង​ការ​រុះរើ​គណៈរដ្ឋមន្ត្រី​ គឺ​ការ​បន្ថែម​មន្ត្រី​កាន់តែ​ច្រើន​​ឡើង​ទៅ​ក្នុង​ស្ថាប័ន​នីតិ​ប្រតិបត្តិ​ រួម​ទាំង​ការ​តែង​តាំង​​លោក អុឹម សួស្ដី ​​​អតីត​ប្រធាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត (គ.ជ.ប.) ​​ជា​​ “​ទេសរដ្ឋមន្ត្រី​ទទួល​បន្ទុក​បេសកកម្ម​ពិសេស​”។

​បើ​ទោះ​ជារង​ការ​​រិះគន់ជា​ទូទៅ​​ចំពោះ​ការ​​​​ត្រួត​ពិនិត្យ​ការ​បោះ​ឆ្នោត​ជាតិ​ឆ្នាំ​២០០៣ ២០០៨ និង​២០១៣​ក៏ដោយ ក៏​លោក អុឹម សួស្ដី បាន​និយាយ​ការ​ពារ​អព្យាក្រឹតភាព​របស់​​លោក​ដែរ។

លោក គល់ បញ្ញា នាយក​ប្រតិបត្តិ​គណៈ​កម្មាធិការ​ដើម្បី​​ការ​បោះ​ឆ្នោត​ដោយ​សេរី និង​​​យុត្តិធម៌​បាន​មាន​ប្រសាសន៍​ថា ការ​តែង​តាំង​លោក អុឹម សួស្ដី ជា​សមាជិក​ជាន់​ខ្ពស់​នៃ​​រដ្ឋាភិបាល​របស់លោក​​ ហ៊ុន សែន ​ធ្វើ​ឲ្យ​មាន​ការ​សង្ស័យ​អំពី​ការ​បោះ​ឆ្នោត​​ដែល​គាត់​បាន​គ្រប់គ្រង។

លោក គល់ បញ្ញា បាន​មាន​ប្រសាសន៍​ថា “​វា​បញ្ជាក់ឱ្យ​ឃើញ​ពី​​អ្វី​ដែល​ប្រជាពលរដ្ឋ​សង្ស័យ​អំពី​​ គ.ជ.ប. ​និង​គណបក្ស​​កាន់​អំណាច​ ពីព្រោះ​តួនាទី​នេះ​​គឺ​ជា​មន្ត្រី​នយោបាយ​​របស់​​​​រដ្ឋាភិបាល ​ជាទេសរដ្ឋមន្ត្រី​” ដោយ​លោក​កត់​សម្គាល់​ថា គ.ជ.ប.​ ត្រូវ​បាន​មជ្ឈដ្ឋាន​ទូទៅ​ចាត់ទុក​ថា ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​គណបក្ស​ប្រជាជន​កម្ពុជា​។

លោក​បាន​មាន​ប្រសាសន៍​បន្ថែម​ថា “ពី​មុន​ ​យន្តការ​នេះ​ស្ថិត​ក្រោម​គណបក្ស​កាន់​អំណាច ​​​ដូច្នេះ​ហើយ​​ពួកគេ​​អាច​ជ្រើស​រើស​​នរណា​​ម្នាក់​​​​​​ដែល​​នឹង​តែង​តាំង​ពួកគេ​។ វា​បញ្ជាក់ពី​អ្វី​​ដែល​​សាធារណជន​​មិន​ជឿ​ជាក់​​លើ​ គ.ជ.ប. ហើយ​វា​បង្ហាញ​ថា គាត់​មាន​ទំនាក់​ទំនង​ជិត​ស្និទ្ធ​បំផុត​​ចំពោះ​គណបក្ស​។

លោក អុឹម សួស្ដី ត្រូវ​បាន​បណ្តេញ​​ចេញ​ពី​​​ប្រធាន​ គ.ជ.ប. ​កាលពី​ឆ្នាំ​មុន​ នៅ​​ពេល​គណៈកម្មាធិការ​រៀបចំ​​ការ​បោះ​ឆ្នោត​ថ្មី​​ត្រូវ​បាន​បង្កើត​ឡើង​កាល​ពី​ខែ​មេសា ឆ្នាំ​២០១៥ ​​​ដោយ​មាន​តំណាង​ស្មើ​គ្នា​មក​ពី​គណបក្ស​ប្រជា​​​​ជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ​ស្រប​តាម​កិច្ច​ព្រមព្រៀង​នយោបាយ​ខែ​កក្កដា ឆ្នាំ​២០១៤។ លោក ស៊ឹក ប៊ុនហុក អតីត​​​សមា​ជិក​សភា​គណបក្ស​ប្រជាជន​កម្ពុជា​ឥឡូវ​នេះ​ជា​ប្រធាន​ គ.ជ.ប.។

ថ្លែង​តាម​ទូរស័ព្ទ​ លោក អុឹម សួស្ដី បាន​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​ទេ​​អំពី​​បញ្ហា​ថា​តើ​ការ​តែង​តាំង​រូប​លោកឱ្យ​កាន់តួនាទី​​ក្នុង​ជួរ​រដ្ឋា​ភិបាល​​​នឹង​ធ្វើ​ឲ្យ​មាន​ការ​លើក​ឡើង​​​​ជា​សំណួរ​​អំពី​ភាព​លម្អៀង​របស់​លោក​​​ឬ​យ៉ាង​ណា​នោះ​។ លោក​បាន​ថ្លែង​ថា “​ខ្ញុំ​គ្មាន​យោបល់​ទេ។ ហេតុ​អ្វី​ក៏​អស់​លោក​សួរ​ខ្ញុំ​ពី​រឿង​នេះ​?”។

​ការ​លាលែងពី​​​តួនាទី​របស់​លោក ហោ ណាំហុង ​រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស​កត់​សម្គាល់​ឲ្យ​ឃើញ​ពី​ការ​ផ្លាស់​ប្ដូរ​លើក​ដំបូង​ពី​មុខ​តំណែង​នោះ​ចាប់​​ពី​ខែ​វិច្ឆិកា ឆ្នាំ​១៩៩៨​​​​មក​ នៅ​ពេលនោះ​​លោក​បាន​​ជំនួស​លោក អុឹង ​​ហួត ដែល​​ជា​រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស​​ និង​ជា​នាយករដ្ឋមន្ត្រី​​ទី១​ បន្ទាប់ពី​ជំនួស​តំណែង​​​​​ព្រះអង្គម្ចាស់​ នរោត្តម រណឫទ្ធិ ។

ការ​ចូល​និវត្ត​របស់​លោក គាត ឈន់ ក៏​កត់​សម្គាល់​ពី​ការ​បញ្ចប់​សករាជ​ផង​ដែរ ដោយ​ឧបនាយក​រដ្ឋមន្ត្រី​ដែល​នឹង​ចាក​ចេញ​​ពី​តំណែង​រូប​នេះ​បាន​បម្រើការ​ងារ​​នៅ​គ្រប់​ស្ថាប័ន​រដ្ឋាភិបាលកម្ពុជា​​​ក្នុង​សម័យ​ក្រោយ​អាណានិគម​លើក​លែង​ រប​ប លន់ នល់ ​គាំទ្រ​ដោយ​អាមេរិក​ ដែលក្នុង​នោះ​លោក​​​បាន​ជំទាស់​ អំឡុង​សង្គ្រាម​ស៊ីវិល​ទសវត្សរ៍​ឆ្នាំ​១៩៧០​។

ក្រៅពី​បម្រើការ​ងារ​ជា​​រដ្ឋមន្ត្រី​ក្រសួង​ឧស្សាហកម្ម​ក្នុង​ទសវត្សរ៍​ឆ្នាំ​១៩៦០ លោក គាត ឈន់ បាន​ធ្វើ​ជា​អ្នក​បក​ប្រែ​ឲ្យ ប៉ុល ពត ​ក្រោយ​​ឆ្នាំ​១៩៧៥។ គាត់​បាន​ផ្ដាច់​ខ្លួន​​ពី​ខ្មែរ​ក្រហម​ទៅ​ចូល​រួម​ជាមួយ​​របប​ ហ៊ុន សែន ​ក្នុង​ពាក់​កណ្ដាល​ទសវត្សរ៍​ឆ្នាំ​១៩៨០ ហើយ​បាន​​ជំនួស​​​តំណែង​លោក សម រង្ស៊ី ដែល​ឥឡូវ​​​​ នេះ​ជា​មេដឹកនាំ​គណបក្ស​ប្រឆាំង​ ជា​រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ ក្នុង​ឆ្នាំ​១៩៩៤ ហើយ​បាន​បម្រើ​​ការ​ងារ​រហូត​ដល់​ឆ្នាំ​២០១៣​៕ សារុន​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស