កាលពីម្សិលមិញ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្ដេជ្ញាចាប់ខ្លួនមន្ត្រីរាជការដែលធ្វើឲ្យរដ្ឋាភិបាលខូចកេរ្តិ៍ឈ្មោះ ហើយបានរិះគន់អ្នកធ្វើអត្ថាធិប្បាយនយោបាយខ្លាំងៗដែលរិះគន់ការរុះរើគណៈរដ្ឋមន្ត្រីរបស់លោក។
ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់អគារថ្មីមួយដែលមានកម្ពស់១២ជាន់នៅក្នុងបរិវេណសាលារាជធានីភ្នំពេញ លោក ហ៊ុន សែន មានប្រសាសន៍ថា មន្ត្រីរដ្ឋមួយចំនួនតូចមកពីគណបក្សផ្សេងក្រៅពីគណបក្សប្រជាជនកម្ពុជា ដែលលោកមិនបញ្ចេញឈ្មោះ មានចេតនាបំភាន់មតិសាធារណជនឲ្យយល់ខុសចំពោះប្រសិទ្ធភាពធ្វើការងាររបស់រដ្ឋាភិបាល។
លោកបានថ្លែងថា “មន្ត្រីមួយចំនួនតូចណានោះមានចេតនារុញឲ្យខ្លោច រោចឲ្យឆៅ។ ហើយតាមការស្រាវជ្រាវខ្លះ គឺជាមនុស្សរបស់បក្សផ្សេង គេចង់ធ្វើរឿងហ្នឹងដើម្បីឲ្យរដ្ឋបាលរបស់យើងខូចឈ្មោះ។ មានបក្សនយោបាយខ្លះបានប្រើប្រាស់នូវមនុស្សដែលខ្លួនចាត់តាំងនៅក្នុងរដ្ឋបាលសាធារណៈ ដើម្បីបំផ្លាញកេរ្តិ៍ឈ្មោះនៃមន្រ្តីរដ្ឋបាលសាធារណៈ”។

លោកបន្តថា មន្ត្រី “ល្អៗ” ត្រូវស៊ើបអង្កេតមន្ត្រីដែលលោកចោទប្រកាន់ថាឃុបឃិតប្រឆាំងរដ្ឋាភិបាល។ “ខ្ញុំសូមស្នើឲ្យមន្រ្តីដែលល្អៗចាប់ខ្លួនអាមនុស្សហ្នឹងដើម្បីផ្តន្ទាទោស ហើយសងភាពស្អាតស្អំសម្រាប់យើងវិញ”។
ការអត្ថាធិប្បាយបែបនេះធ្វើឡើងស្របពេលអង្គភាពប្រឆាំងអំពើពុករលួយចាត់វិធានការគគ្រឹកគគ្រេងភ្លាមៗគួរឲ្យភ្ញាក់ផ្អើលដោយកាលពីសប្ដាហ៍មុនបានចាប់ខ្លួនប្រធានការិយាល័យមួយរូបនៅក្រសួងការបរទេសទាក់ទិនការគៃបន្លំ ហើយនៅសប្ដាហ៍នេះបានឃាត់ខ្លួនឯកអគ្គរាជទូតកម្ពុជា ប្រចាំនៅប្រទេសកូរ៉េខាងត្បូង ដើម្បីសាកសួរពាក់ព័ន្ធអំពើពុករលួយ។
លោកនាយករដ្ឋមន្ត្រីក៏បានឆ្លៀតឱកាសនេះដើម្បីរិះគន់ខ្លាំងៗទៅលើអ្នកធ្វើអត្ថាធិប្បាយនយោបាយមិនបញ្ចេញឈ្មោះដែលធ្វើឲ្យលោកខឹងចំពោះការឆ្លើយតបមិនសូវសាទររបស់ពួកគេទៅនឹងការរុះរើគណៈរដ្ឋមន្ត្រីគួរឲ្យភ្្ញាក់ផ្អើលដែលត្រូវបានប្រកាសកាលពីខែមុន និងអនុម័តដោយរដ្ឋសភាកាលពីថ្ងៃច័ន្ទ។
លោកថ្លែងថា “នៅស្រុកខ្មែរ ឥឡូវខ្ញុំអត់ប្រើពាក្យថាអ្នកវិភាគទៀតទេ មានអ្នកខ្លះនិយាយថា ‘ដោះដូរ ឬមិនដោះដូរគឺវាមិនសំខាន់ទេ ព្រោះទីបំផុតអំណាចមកប្រមូលផ្តុំសម្រាប់មនុស្សម្នាក់’ គឺសំដៅមកលើខ្ញុំ”។
លោកគូសបញ្ជាក់ថា អ្នកធ្វើអត្ថាធិប្បាយទាំងនោះយល់ខុសទាំងស្រុង ពីព្រោះធាតុពិតលោកបានផ្ដល់ឆន្ទានុសិទ្ធិឲ្យរដ្ឋមន្ត្រីស្នើសុំជ្រើសរើសរដ្ឋលេខាធិការ និងអនុរដ្ឋលេខាធិការដោយខ្លួនឯង ហើយទីបំផុតការតែងតាំងធ្លាក់លើនាយករដ្ឋមន្ត្រី។
លោកបានថ្លែងទៅកាន់រដ្ឋមន្ត្រីដែលចូលរួមក្នុងពិធីនោះថា “ផ្ទុយទៅវិញ អស់លោកខ្លះបំពានសិទ្ធិខ្ញុំទៅទៀត។ ម៉េចបានខ្ញុំថាបំពានសិទ្ធិ? តែខ្ញុំសុខចិត្តឱ្យបំពានដើម្បីខ្ញុំស្រូបយកនូវធាតុចូល។ រដ្ឋមន្ត្រីខ្លះបែរជាលើកសំណូមពរតែងតាំង តែខ្ញុំក៏នៅតែគោរពដោយសារតែថា អស់លោកជាអ្នកស្គាល់មនុស្ស”។
លោក ហ៊ុន សែន បានរិះគន់ខ្លាំងៗចំពោះការអនុវត្តការងាររបស់លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ដែលហាក់ដូចជាផ្ទុយស្រឡះពីអ្វីដែលលោកបានលើកឡើងមុននេះថា មានតែមន្ត្រីមកពីគណបក្សផ្សេងប៉ុណ្ណោះដែលធ្វើឲ្យសាធារណជនគិតមិនល្អមកលើរដ្ឋាភិបាល។
លោកមានប្រសាសន៍ថា “ខ្ញុំមានការងឿងឆ្ងល់មួយដែលសុំនិយាយជាសាធារណៈតែម្តង រឿងគឺត្រង់ថា អាផ្លូវចេះតែធ្វើវ៉ី តែត្រង់ជួសជុលវាមិនសូវជួសជុល។ តើភ្នែកមានបានមើលទេអាផ្លូវនេះ? ពេលខ្លះទាល់តែខ្ញុំហៅទូរស័ព្ទរកអភិបាលក្រុងថា ណែ! អាផ្លូវអាកន្លែងនេះ វាអញ្ចេះ វាអញ្ចុះ ទាល់តែប្រាប់។ កន្លែងខ្លះ ថ្ងៃហ្នឹងវាខូចប៉ុនចានចង្កឹះ ស្អែកវាខូចប៉ុនចានគោម។ ឯណា សាំ ពិសិដ្ឋ? មានភ្នែកមើលផ្លួវទេវ៉ី? ហ្អះ! លោកឯងមានភ្នែកមើលផ្លូវអត់? និយាយត្រង់ៗជាមួយគ្នាតាហ្មង។ តាំងពីលោកឯងឡើងមក គឺផ្លូវវាយ៉ាប់”។
ទាក់ទិនបញ្ហានេះ លោក សាំ ពិសិដ្ឋ មិនអាចទាក់ទងសុំការបំភ្លឺបានទេ។
លោកនាយករដ្ឋមន្ត្រីក៏បានបញ្ជាឲ្យបង្កើតគណៈកម្មការមួយដឹកនាំដោយមន្ត្រីសាលារាជធានីភ្នំពេញ ដើម្បីដកទីតាំងមួយចំនួនដែលប្រជាពលរដ្ឋបានកាន់កាប់ជាយូរមកហើយចេញពីបញ្ជីសារពើពន្ធដីរដ្ឋ។
លោកមានប្រសាសន៍ដោយមិនបញ្ចេញឈ្មោះតំបន់ជាក់លាក់ណាមួយថា “ពួកគាត់រស់នៅ ៣០ ឆ្នាំហើយហ្នឹងហ្អះ ហើយនៅតែស្ថិតក្នុងបញ្ជីសារពើពន្ធរបស់រដ្ឋ។ បន្ទាប់ពីស្តាប់ហើយ ហ៊ុន សែន សុំប្រកាសនៅថ្ងៃនេះថា សុំតែមួយមុខទេ គឺសុំកុំតែទន្ទ្រានចូល បើទន្ទ្រានចូលគឺអាហ្នឹងដឹងតែរឿងរ៉ាវដល់តុលាការហើយ”។
ទាក់ទិនបញ្ហានេះ លោក ឡុង ឌីម៉ង់ អ្នកនាំពាក្យសាលារាជធានីបានមានប្រសាសន៍ថា ដោយសារវាឆាប់រហ័សពេក លោកមិនអាចនិយាយបានទេថា តើមានប៉ុន្មានទីតាំងដែលរងប៉ះពាល់ដោយសារបទបញ្ជារបស់លោក ហ៊ុន សែន៕ សុខុម