ម្ចាស់ហាងធ្វើសក់ដែលជាកន្លែងស្រីកំណាន់ម្នាក់ក្នុងចំណោមស្រីកំណាន់របស់លោក កឹម សុខា អនុប្រធានគណបក្សប្រឆាំងត្រូវបានគេនិយាយថា បានជួបអ្នកនយោបាយរូបនេះខណៈលាបថ្នាំសក់ឱ្យគាត់នោះបានបង្ហាញខ្លួននៅចំពោះមុខសាលាដំបូងរាជធានី ភ្នំពេញ កាលពីម្សិលមិញដើម្បីឆ្លើយបំភ្លឺអំពីរឿងរា៉ាវស្នេហាដែលមានការចោទប្រកាន់នេះ។
លោក កឹម សុខា ប្រឈមការស៊ើបអង្កេត ដោយរដ្ឋាភិបាលទាក់ទងខ្សែអាត់សំឡេងដែលបានបែកធ្លាយតាមប្រព័ន្ធអីុនធឺណិតកាលពីខែមុនដែលតាមចោទថា លោកបាននិយាយជាមួយស្រីកំណាន់របស់លោក រួម មានកញ្ញា ខឹម ចាន់តារាទី អ្នកធ្វើសក់ ដែលប្រឈមការចោទប្រកាន់ពីបទពេស្យាចារ ជាដើម។
និយាយនៅក្រៅតុលាការកាលពីម្សិលមិញ លោក ទួន សុជាតិ ម្ចាស់ហាងកាត់សក់ខ្មែរអង្គរ ក្នុងខណ្ឌចំការមនបាននិយាយថា លោកបានទទួលយកកញ្ញា ចាន់តារាទី មកធ្វើការរយៈពេលមួយឆ្នាំមកហើយ ប៉ុន្តែមិនដែលកត់សម្គាល់ឃើញអ្វីប្លែកពីទំនាក់ទំនងរបស់នាងជាមួយលោក កឹម សុខា ទេ។
ដោយបង្វែរសំណួរបន្ថែមទៅកាន់បទសម្ភាសន៍ដែលលោកបានធ្វើកាលពីខែមុន លោក សុជាតិ បានមានប្រសាសន៍ថា “គាត់មកម្តងម្កាល។ មួយខែកន្លះ ឬមួយខែ គាត់មកម្តង។ គាត់មកកាត់សក់ ហើយឱ្យលាបសក់ តែប៉ុណ្ណឹង”។
នៅក្នុងបទសម្ភាសន៍ជាមួយវិទ្យុអាស៊ីសេរីបន្ទាប់ពីការសន្ទនាដែលថតទុក ត្រូវបានផ្សព្វផ្សាយជាសាធារណៈ លោក សុជាតិ បានលើកឡើងថា លោកមិនជឿថា កញ្ញា ចាន់តារាទី ដែលហៅក្រៅថាស្រីមុំ បានសរសេរសារដោយកំហឹងអមដោយខ្សែអាត់សំឡេងដែលលេចធ្លាយដំបូងគេឡើយ។
លោក សុជាតិ បាននិយាយថា “ពីមុនៗ នៅពេលស្រីមុំបានប្រើហ្វេសប៊ុក រាល់លើកនាងសរសេរអក្សរខ្មែរមិនបានល្អទេ។ នាងបានសុំឱ្យអ្នកដទៃជួយ។ ប៉ុន្តែនៅពេលខ្ញុំឃើញ ប្រូហ្វាល (Profile) នេះវាមានការសរសេរល្អឥតខ្ចោះតែម្តង”។
លោក សុជាតិ បានបន្ថែមថា លោកមិនដឹងថា តើការអះអាងប្រឆាំងលោក កឹម សុខា ពិតឬយ៉ាងណាឡើយ ប៉ុន្តែលោកជឿថា ខ្សែអាត់សំឡេងដែលលេចធ្លាយពិតជាបង្ហាញពីសំឡេងលោក កឹម សុខា និងកញ្ញា ចាន់តារាទី ។
លោកបាននិយាយថា “បញ្ហាបុគ្គលិកមានទំនាក់ទំនងជាមួយនរណាម្នាក់ គឺមិនមែនត្រឹម តែជាមួយលោក កឹម សុខា ឬជាមួយភ្ញៀវផ្សេងឡើយ។ ប្រសិនបើពួកគេមានទំនាក់ទំនង ពួកគេលាក់បាំងខ្ញុំ និងមិនឱ្យខ្ញុំដឹង ឡើយ”។
រហូតមកទល់ពេលនេះ លោក កឹម សុខា និងសមាជិកគណបក្សសង្គ្រោះជាតិផ្សេងទៀតនៅតែប្រកាន់ជំហរដាច់ខាតថា “មិនឆ្លើយ មិនឆ្លង និងមិនឈ្លោះ” ចំពោះការចោទប្រកាន់ដែលពួកគេនិយាយថា ត្រូវបានធ្វើ ឡើងជាសាធារណៈដោយគណបក្សប្រជាជនកម្ពុជាជាការវាយប្រហារនយោបាយ។
ប៉ុន្តែដោយកញ្ញា ចាន់តារាទី ត្រូវបានសាកសួរដោយនគរបាលប្រឆាំងភេរវកម្ម និងត្រូវបានកោះហៅឱ្យបង្ហាញខ្លួននៅតុលាការកាលពីថ្ងៃសុក្រដើម្បីសាកសួរពីបទពេស្យាចារ លោក សម រង្ស៊ី មេដឹកនាំគណបក្សប្រឆាំង កាលពីថ្ងៃច័ន្ទបានសុំឱ្យលោកស្រី មូរ សុខហួរ ប្រធានកិច្ចការសាធារណៈរបស់គណបក្សសង្គ្រោះជាតិធ្វើអន្តរាគមន៍ដើម្បីការពារស្ត្រីរូបនេះ។
លោកស្រី មូរ សុខហួរ បានលើកឡើងតាមអីុម៉េលកាលពីម្សិលមិញថា លោកស្រី និងសមាជិកសភាផ្សេងទៀតនឹងធ្វើអ្វីដែលពួកគេអាចធ្វើបានដើម្បីការពារកញ្ញា ចាន់តារាទី ពីយុទ្ធនាការប្រឆាំងលោក កឹម សុខា ប៉ុន្តែមិនបានផ្តល់ព័ត៌មានជាក់លាក់ទេ៕ សារុន (រាយការណ៍បន្ថែមដោយ Alex Willemyns)