31 C
Phnom Penh

ក្រសួង​​​ទូរគមនាគមន៍​​​​​​វាយ​​​បក​​​​​​ការ​​​រិះ​​​គន់​​​លើ​​​ច្បាប់​​​​​​ស្តី​​​ពី​​​ទូរ​​​គមនាគមន៍

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រសួង​​​ប្រៃសនីយ៍​​​និង​​​ទូរ​​​គមនាគមន៍​​​បាន​​​ការពារ​​​ច្បាប់​​​ស្តីពី​​​ទូរ​​​គមនាគមន៍​​​ថ្មី​​​​​​ដ៏​​​ចម្រូង​​​ចម្រាស ក្រោយ​​​ពី​​​​​​មាន​​​ការ​​​វិភាគ​​​ផ្នែក​​​ច្បាប់​​​យ៉ាង​​​មុត​​​ដោយ​​​អង្គការ​​​សិទ្ធិ​​​មនុស្ស​​​ លីកាដូ ដែល​​​និយាយ​​​ថា ច្បាប់​​​នេះ​​​គឺ​​​ជា​​​ឧបករណ៍​​​​​​លាក់​​​មុខ​​​ដើម្បី​​​​​​​​​បំបិទ​​​មាត់​​​អ្នក​​​រិះ​​​គន់ ហើយ​​​ក៏​​​​​​អាចដាក់​​​ឲ្យ​​​ទៅ​​​ជា​​​បទ​​​ឧក្រិដ្ឋ​​​​​​លើ​​​​​​ការ​​​បញ្ចេញ​​​មតិ​​​​​​ជា​​​ឯកជន​​​ដែរ។

ច្បាប់​​​នេះ​​​នឹង​​​អាច​​​ផ្តល់​​​ឲ្យ​​​រដ្ឋាភិបាល​​​​​​នូវ​​​សិទ្ធិ​​​ទទួល​​​បាន​​​ដោយ​​​សេរី​​​ចំពោះ​​​ការ​​​ប្រាស្រ័យ​​​ទាក់​​​ទង​​​តាម​​​ទូរ​​​ស័ព្ទ​​​និង​​​ឌីជីថល​​​ និង​​​អំណាច​​​ទូលំទូលាយ​​​​​​ក្នុង​​​ការ​​​ដាក់​​​ឲ្យ​​​ជា​​​ឧក្រិដ្ឋកម្ម​​​​​​លើ​​​ការ​​​ប្រាស្រ័យ​​​ទាក់​​​ទង​​​តាម​​​អេឡិក​​​ត្រូនិក​​​ ដែល​​​ខ្លួន​​​ចាត់​​​ទុក​​​ថា​​​បង្ក​​​ឲ្យ​​​មាន ​​​”អសន្តិសុខ​​​សង្គម”។​​​​​​​​​​​​

កាល​​​ពី​​​សប្តាហ៍​​​មុន អង្គការ​​​លីកាដូ​​​បញ្ចេញ​​​​​​​​​ការ​​​វិភាគ​​​ដែល​​​ទាត់​​​ចោល​​​​​​សេចក្តី​​​អះអាង​​​​​​​​​របស់​​​រដ្ឋាភិបាល​​​​​​​​​ដែល​​​ថា ច្បាប់​​​នេះ​​​គឺ​​​គ្រាន់តែ​​​​​​មាន​​​បំណង​​​​​​ធ្វើ​​​និយតកម្ម​​​​​​លើ​​​វិស័យ​​​ទូរ​​​គមនាគមន៍។​​​ ការ​​​វិភាគ​​​នេះ​​​​​​និយាយ​​​ថា បទ​​​បញ្ញត្តិ​​​​​​នឹង​​​អនុញ្ញាត​​​ឲ្យ​​​អាជ្ញា​​​ធរ​​​​​​ត្រួត​​​ពិនិត្យ​​​តាម​​​តែ​​​អំពើ​​​ចិត្ត​​​​​​លើ​​​​​​ការ​​​ប្រាស្រ័យ​​​ទាក់​​​ទង​​​​​​ជា​​​ឯកជន ហើយ​​​ដាក់ទណ្ឌ​​​កម្ម​​​​​​​​​​​​ចំពោះ​​​អ្នក​​​ដែល​​​​​​មាន​​​សម្តី​​​​​​​​​ចាត់​​​ទុក​​​ថា​​​​​​​​​ឧក្រិដ្ឋកម្ម​​​។

ក្នុង​​​លិខិត​​​បំភ្លឺ​​​ដែល​​​ចេញ​​​នៅ​​​ថ្ងៃ​​​អង្គារ ក្រសួង​​​​​​​​​បាន​​​បញ្ជាក់​​​សាជា​​​ថ្មី​​​ថា បំណង​​​របស់​​​ខ្លួន​​​​​​គឺ​​​ចង់​​​​​​ធ្វើ​​​និយត​​​កម្ម​​​​​​លើ​​​វិស័យ​​​ទូរ​​​គមនាគមន៍​​​ ហើយ​​​ទំនង​​​ជា​​​​​​វាយ​​​បក​​​ទៅ​​​លើ​​​​​​អង្គការ​​​លីកាដូ ទោះ​​​បី​​​​​​លិខិត​​​នោះ​​​​​​មិន​​​បាន​​​បញ្ជាក់​​​ឈ្មោះ​​​អង្គការ​​​ក៏​​​ដោយ។

សេចក្តី​​​បំភ្លឺ​​​បាន​​​និយាយ​​​ថា “ក្រសួង​​​មាន​​​ការ​​​សោក​​​ស្តាយ​​​ចំពោះ​​​ការ​​​បកស្រាយ​​​ផ្ទុយ​​​ពី​​​ការ​​​ពិត​​​នូវ​​​អត្ថ​​​ន័យ​​​​​​នៃ​​​ច្បាប់​​​ស្តី​​​ពី​​​ទូរ​​​គមនាគមន៍ ដែល​​​បាន​​​ធ្វើ​​​ឡើង​​​ដោយ​​​អង្គការ​​​មួយ​​​នោះ”​​​។ សេចក្តី​​​បំភ្លឺ​​​បាន​​​​​​និយាយ​​​បន្ត​​​ថា ​​​ការ​​​វិភាគ​​​បាន​​​ធ្វើ​​​ឡើង​​​ដោយ “​​​គ្មាន​​​​​​បាន​​​ធ្វើ​​​ការ​​​​​​ពិភាក្សា​​​ស្វែង​​​យល់​​​អំពី​​​ច្បាប់​​​ជា​​​មុន​​​ជាមួយ​​​ក្រសួង”។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សេចក្តី​​​បំភ្លឺ​​​បាន​​​និយាយ​​​ថា”​​​ក្រសួង​​​សូម​​​ច្រាន​​​ចោល​​​ទាំង​​​ស្រុង​​​ចំពោះ​​​ការ​​​លើក​​​ឡើង​​​ថា ច្បាប់​​​ស្តី​​​ពី​​​ទូរ​​​គមនាគមន៍​​​បាន​​​ប៉ះ​​​ពាល់​​​យ៉ាង​​​ធ្ងន់​​​ធ្ងរ​​​ដល់​​​សិទ្ធិ​​​សេរីភាព​​​ក្នុង​​​ការ​​​បញ្ចេញ​​​មតិ​​​និង​​​ឯកជន​​​ភាព​​​របស់​​​បុគ្គល​​​គ្រប់​​​រូប​​​នៅ​​​ក្នុង​​​ព្រះ​​​រាជា​​​ណាចក្រ​​​កម្ពុជា”។​​​​​​​​​​​​​​​​​​​​​​​​​​​

តំណាង​​​អង្គការ​​​លីកាដូ​​​មិន​​​អាច​​​ទាក់​​​ទង​​​សុំ​​​ការ​​​បំភ្លឺ​​​​​​កាល​​​ពីថ្ងៃ​​​អង្គារ​​​បាន​​​ទេ។​​​

ការ​​​វិភាគ​​​របស់​​​អង្គការ​​​លី​​​កាដូ​​​ទទួល​​​ស្គាល់​​​​​​នូវ​​​គោល​​​បំណង​​​របស់​​​ច្បាប់​​​នេះ ប៉ុន្តែ​​​​​​និយាយ​​​ថា​​​ច្បាប់​​​​​​​​​​​​នេះ​​​​​​មិន​​​មាន ​​​”​​​សេចក្តី​​​យោង​​​ទៅ​​​លើ​​​សិទ្ធិ​​​សេរី​​​ភាព​​​បញ្ចេញ​​​មតិ​​​ ឬ​​​ការ​​​ពារ​​​ ដែល​​​ធានា​​​ដោយ​​​​​​រដ្ឋ​​​ធម្មនុញ្ញ​​​និង​​​ច្បាប់​​​អន្តរជាតិ​​​ ឬ​​​ក៏​​​មិន​​​​​​សំដៅ​​​លើ​​​សិទ្ធិ​​​​​​​​​ឯកជន​​​ភាព​​​​​​នៃ​​​ការ​​​ឆ្លើយ​​​ឆ្លង​​​​​​តាម​​​មធ្យោបាយ​​​នៃ​​​​​​ទូរគមនាគមន៍​​​ដែល​​​មាន​​​ការ​​​ការពារ​​​ស្ថិត​​​ក្រោម​​​រដ្ឋ​​​ធម្មនុញ្ញនោះ​​​ទេ​​​”។​​​​​​

ការ​​​វិភាគ​​​និយាយ​​​ថា “​​​វា​​​ទំនង​​​ជា​​​បង្កើត​​​​​​អំណាច​​​​​​​​​​​​ដើម្បី​​​លួច​​​ស្តាប់​​​ជា​​​សម្ងាត់​​​​​​ដោយ​​​គ្មាន​​​គណ​​​នេយ្យ​​​​​​​​​​​​ភាព​​​សាធារណៈ ឬ​​​​​​ការ​​​ការ​​​ពារ​​​​​​ដើម្បី​​​ការពា​​​រ​​​សិទ្ធិ​​​​​​ឯកជនភាព​​​របស់​​​បុគ្គល​​​គ្រប់​​​រូប”។​​​​​​​​​

ការ​​​វិភាគ​​​និយាយ​​​ថា “​​​​​​នេះ​​​មាន​​​ន័យ​​​ថា បុគ្គល​​​​​​ណា​​​​​​​​​ដែល​​​សន្ទនា​​​​​​តាម​​​ទូរស័ព្ទ បញ្ជូន​​​​​​សារ​​​អត្ថបទ អីុម៉េល​​​ ឬ​​​ការ​​​ប្រាស្រ័យ​​​​​​ទាក់​​​ទង​​​តាម​​​រយៈ​​​​​​បណ្តាញ​​​សារព័ត៌មាន​​​​​​សង្គម​​​​​​អាច​​​​​​​​​ស្ថិត​​​ក្រោម​​​​​​ការ​​​ឃ្លាំ​​​មើល​​​ជា​​​សម្ងាត់​​​​​​នៅ​​​ពេល​​​ណា​​​មួយ​​​​​​ដោយ​​​គ្មាន​​​​​​ការ​​​ដឹង​​​របស់ពួក​​​​​​គេ”។

ការ​​​វិភាគ​​​​​​​​​​​​សន្និដ្ឋាន​​​ថា “សម្តី​​​ឯកជន​​​ណាមួយ​​​តាម​​​រយៈ​​​ទូរ​​​គមនាគមន៍​​​​​​មិន​​​អាច​​​​​​​​​ចាត់​​​ទុក​​​​​​ថា​​​ឯកជន​​​​​​ពិត​​​ប្រាកដ​​​ត​​​ទៅ​​​ទៀត​​​បាន​​​ទេ”៕

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស