រដ្ឋមន្ត្រីចំនួនពីររូបដែលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែនបានបន្ទោសជាសាធារណៈកាលពីខែកុម្ភៈ ចំពោះការងារ “ស្ទក់ខ្លាំង” របស់ពួកគាត់ បានផ្ទេរតំណែងរបស់ខ្លួនទៅឲ្យអ្នកជំនួសពួកគាត់នៅក្នុងពិធីផ្ទេរតំណែងចំនួនពីរដែលធ្វើឡើងនៅរាជធានីភ្នំពេញកាលពីម្សិលមិញ ជាផ្នែកនៃការរុះរើគណៈរដ្ឋមន្ត្រីដែលត្រូវបានអនុម័តដោយសភាកាលពីថ្ងៃច័ន្ទ។
នៅក្នុងសុន្ទរកថាដែលធ្វើឲ្យលោក អ៊ុករ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងកសិកម្ម និងលោក ត្រាំ អីុវតឹក រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនអាម៉ាស់មុខកាលពីចុងខែកុម្ភៈនោះលោក ហ៊ុន សែន បានដាក់ចំណាត់ថ្នាក់ ”F” ដោយមិនផ្លូវការលើពួកគាត់ទាំងពីរចំពោះអ្វីដែលលោកហៅថា ជាការបំពេញការងារដ៏ស្ទក់ ហើយលោកបានព្រលយពាក្យថា នឹងមានការផ្លាស់ប្តូរ។

នៅឯក្រសួងកសិកម្មកាលពីម្សិលមិញ លោក អ៊ុក រ៉ាប៊ុន ទំនងជាព្យាយាមជាលើកចុងក្រោយដើម្បីស្រោចស្រង់កេរ្តិ៍ឈ្មោះរបស់ខ្លួនដោយបន្ទោសលើអាកាសធាតុមិនអំណោយផលថា ជាមូលហេតុដែលធ្វើឲ្យវិស័យកសិកម្មធ្លាក់ចុះគួរឲ្យកត់សម្គាល់ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ។
លោកបានមានប្រសាសន៍ថា “ជាក់ស្តែង នៅក្នុងឆ្នាំ២០១៥ យើងមានគ្រោះធម្មជាតិហើយវាបានប៉ះពាល់ដល់ការបង្កបង្កើនផលយ៉ាងខ្លាំង។ ទោះជាយ៉ាងណា វិស័យកសិកម្មនៅតែមានការរីកចម្រើន ហើយយើងផលិតបាន[ស្រូវ]ជាង៩,៣៣លានតោន ហើយបានសល់អង្ករជិត៣លានតោនសម្រាប់នាំចេញ”។
កម្ពុជាផលិតបានស្រូវជាង៩លានតោនកាលពីឆ្នាំមុនក៏ពិតមែន ប៉ុន្តែ នាំចេញអង្ករបានមិនដល់៥៤០.០០០តោនផង ពោលគឺតិចជាងគោលដៅ១លានតោនដែលលោកនាយករដ្ឋមន្ត្រីដាក់ចេញឆ្ងាយណាស់។
លោក អ៊ុក រ៉ាប៊ុន ត្រូវបានប្តូរឲ្យទៅកាន់ក្រសួងអភិវឌ្ឍន៍ជនបទវិញ។ អ្នកដែលជំនួសលោកនៅក្រសួងកសិកម្មគឺលោក វេង សាខុន ដែលធ្លាប់បម្រើការជារដ្ឋលេខាធិការនៅក្រសួងធនធានទឹក។
នៅឯក្រសួងសាធារណការ និងដឹកជញ្ជូន លោកឧបនាយករដ្ឋមន្ត្រី ប៊ិន ឈិន បានធ្វើជាអធិបតីនៅក្នុងពិធីផ្ទេរតំណែងរបស់លោក ត្រាំ អីុវតឹក ដែលនឹងផ្លាស់ទៅក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍នោះ ទៅឲ្យលោក ស៊ុន ចាន់ថុល ដែលធ្លាប់គ្រប់គ្រងក្រសួងពាណិជ្ជកម្ម។
លោកបានដាស់តឿន លោក ស៊ុន ចាន់ថុល និងរដ្ឋមន្ត្រីផ្សេងៗទៀតទាំងអស់ឲ្យខិតខំធ្វើការដើម្បីធ្វើឲ្យក្រសួងរបស់ខ្លួនបានប្រសើរឡើង បើពុំដូច្នោះទេនឹងប្រឈមការបាត់បង់សំឡេងភាគច្រើនសម្រាប់គណបក្សប្រជាជនកម្ពុជានៅក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រឆ្នាំ២០១៨ ដោយក្រើនរំឭកពួកគាត់អំពីការបោះឆ្នោតក្នុងឆ្នាំ២០១៣ ដែលគណបក្សប្រជាជនកម្ពុជាស្ទើរតែចាញ់ឆ្នោតនោះ។ លោកបានមានប្រសាសន៍ថា “នៅក្នុងអាណត្តិនេះ គេបានធ្វើឲ្យគណបក្សប្រជាជនកម្ពុជាធ្លាក់ពី៩០ ឬ៨៥អាសនៈមកត្រឹម៦៨អាសនៈ ហេតុដូច្នេះសូមកុំបណ្តោយឲ្យពួកគេធ្វើឲ្យយើងធ្លាក់ម្តងទៀតដល់៦១អាសនៈ។ ខ្ញុំសូមណែនាំដល់ក្រសួងទាំងអស់”៕ស៊ុយឈាង