32 C
Phnom Penh

ស្ត្រី​ម្នាក់​​​ស្លាប់​​ដោយ​សារ​ការ​គប់​​កាំបិត​ផ្គាក់​ អំឡុង​ពេល​វ៉ៃគ្នា​​ក្នុង​ពិធី​មង្គល​ការ​នៅ​​ខេត្ត​កំពង់ស្ពឺ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នគរ​បាល​បាន​​និយាយ​កាលពី​ម្សិលមិញ​ថា ​ស្ត្រី​ម្នាក់​​បាន​ស្លាប់​ដោយ​សារ​ត្រូវ​នឹង​​​កាំបិត​ផ្គាក់​​​ ​​​​​ដែល​​​​​​ជន​ល្មើស​មិន​ស្គាល់​អត្តសញ្ញាណ​ម្នាក់​​​​​គប់​​អំឡុង​ពីធី​មង្គល​ការ​មួយ​​នៅ​ខេត្ត​កំពង់ស្ពឺ កាលពី​ថ្ងៃ​អង្គារ  ដែល​បាន​ផ្ទុះ​ការ​វាយ​តប់​គ្នា​​រវាង​សាច់​ញាតិ​​កូន​ក្រមុំ និង​កូន​កំលោះ​​។

លោក ទី ពៅ អធិការ​រង​នគរ​បាល​ស្រុក​ឧដុង្គ​ ​មាន​ប្រសាសន៍​ថា ស្ត្រី​រង​គ្រោះ​​ឈ្មោះ ​​សេះ ស្រីឌឿង ​អាយុ​៣៣​ឆ្នាំ ដែល​មិន​ជាប់​សាច់​ញាតិ​​​ជាមួយ​​កូន​កំលោះ​ និង​កូន​ក្រមុំ​ បាន​​រង​របួស​​ត្រង់​ក​អំឡុង​ពេល​​ផ្ទុះ​អំពើ​ហិង្សា​​​​​នៅ​ក្នុង​ពិធី​រាំរែក​​ក្រោយ​រៀប​អាពាហ៍​ពិពាហ៍​​​​ក្នុង​ស្រុក​នេះ​កាលពី​យប់​ថ្ងៃ​អង្គារ​។

លោក​បន្ត​ថា “​នៅ​ម៉ោង​ប្រហែល​៩​យប់ ​ពេល​ភ្ញៀវ​ និង​សាច់​ញាតិ​ខាង​កូន​កំលោះ​​​​និង​​​​កូន​ក្រមុំ​រាំជាមួយ​គ្នា​ មនុស្ស​ម្នាក់​ដែល​យើង​មិន​ទាន់​​កំណត់​អត្តសញ្ញាណ​បាន​ បាន​ផ្ទុះ​កំហឹង​​​​​​​​​អំឡុង​​ពេល​រាំ​ ពេល​ពួកគេ​ត្រូវ​គេវ៉ៃ​។ បន្ទាប់​​​​​​មក​​​​ការ​វ៉ៃតប់​គ្នា​ក៏​​​ផ្ទុះ​ឡើង​”។

លោក​បាន​បញ្ជាក់​ថា ​ការ​វ៉ៃ​តប់​គ្នា​នេះ​មាន​រយៈ​ពេល​១០​នាទី​ ដោយ​​អ្នក​ដែល​ចូលរួម​រាំ​រែក​សប្បាយ​បាន​ចាប់​ផ្ដើម​យក​វត្ថុ​ផ្សេងៗ​គប់គ្នា​​យ៉ាង​រញ៉េរញ៉ៃ​ ក្នុង​នោះ​រួម​មាន​ទាំង​កាំបិត​ផ្គាក់​ផង​។

លោក​បាន​​មាន​ប្រសាសន៍​បន្ត​ថា “​ពួកគេ​បាន​យក​កែវ​គប់​គ្នា​​ទៅ​វិញ​ទៅ​មក ហើយ​ពេល​​​​នោះ​​មនុស្ស​ម្នាក់​​​​ដែល​មិន​ស្គាល់​អត្ត​សញ្ញាណ​​​​បាន​យក​កាំបិទ​ផ្គាក់​​​ដែល​យើង​មិន​ដឹង​ថា យក​ពី​កន្លែង​ណា​ គប់​ត្រូវ​ស្ត្រី​ម្នាក់​ដែល​ឈរ​នៅ​ក្បែរ​​​​នោះ”។

​លោក​បាន​​ថ្លែង​ថា ស្ត្រី​​រងគ្រោះ​បាន​ស្លាប់​​ដោយ​សារ​របួស​ធ្ងន់ធ្ងរ​នៅ​តាម​ផ្លូវ​ឆ្ពោះ​ទៅ​​​​​កាន់​មន្ទីរ​ពេទ្យ​បង្អែក​ស្រុក ហើយ​​ពេល​នេះ​​​​​នគរ​បាល​ស៊ើប​​​​អង្កេត​កំពុង​​សាកសួរ​សមាជិក​ទាំង​អស់​នៅ​ក្នុង​គ្រួសារ​ដែល​មាន​វត្តមាន​​អំឡុង​ពេល​វ៉ៃ​គ្នា​ដើម្បី​កំណត់​អត្តសញ្ញាណ​ជន​គប់​កាំបិត​ផ្គាក់​៕ សុខុម​

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស