ក្រសួងការបរទេសរុស្ស៊ីបានឱ្យដឹងកាលពីម្សិលមិញថា ក្រុមមន្ត្រីកម្ពុជាមិនបានជូនដំណឹងដល់អាជ្ញាធររុស្ស៊ីអំពីការចាប់ខ្លួនអ្នកឆបោកប្រាក់ម្នាក់នៅក្នុងក្រុងព្រះសីហនុកាលពីខែមុនទេបើទោះជាមានការចាប់ខ្លួនជននេះតាមសំណើរបស់ពួកគេក៏ដោយ។
ដោយអនុវត្តដីកាចាប់ខ្លួនរាប់ខែមកហើយពីសាលាឧទ្ធរណ៍ នគរបាលក្រុងព្រះសីហនុបានចាប់ខ្លួនលោក វ៉្លា ឌីមៀ បាតាលីន (Vladimir Batalin) អាយុ៣៧ឆ្នាំ ជាជនជាតិរុស្ស៊ីនៅរសៀលថ្ងៃទី២៨ខែមីនា ហើយក្រោយមកបានបញ្ជូនជននេះបន្តមករាជធានីភ្នំពេញ។ យោងតាមដីកាចាប់ខ្លួនបានឲ្យដឹងថា នគរបាលបានតាមចាប់ខ្លួនជននេះនៅក្នុងប្រទេសកំណើតរបស់ខ្លួនចាប់តាំងពី “មានការបោកប្រាស់យកប្រាក់ពីក្រុមហ៊ុនមួយ” កាលពីឆ្នាំ២០០៧ និង២០០៨មក។
ក្រុមមន្ត្រីបាននិយាយនៅពេលនោះថា បើទោះជា បាតាលីន បដិសេធមិនសហការជាមួយមន្ត្រីមកពីនាយកដ្ឋានប្រឆាំងភេរវកម្មក្រសួងមហាផ្ទៃកាលពីថ្ងៃពុធក៏ដោយ ក៏ជននេះត្រូវបានបញ្ជូនទៅពន្ធនាគារ PJ ដែលមានសន្តិសុខមិនសូវតឹងរ៉ឹងដើម្បីរង់ចាំការនិរទេសដែរ។
ប៉ុន្តែ កាលពីម្សិលមិញ ក្រសួងការបរទេសរុស្ស៊ីបានលើកឡើងតាមអីុម៉េលថា ស្ថានទូតរុស្ស៊ីប្រចាំរាជធានីភ្នំពេញមិនត្រូវបានជូនដំណឹងអំពីការចាប់ខ្លួននេះទេ។
អីុម៉េលនេះបន្តថា “ រហូតមកទល់ពេលនេះពួកគេមិនបានទទួលដំណឹងផ្លូវការពីអាជ្ញាធរកម្ពុជាអំពីការចាប់ខ្លួន វ៉្លាឌីមៀ បាតាលីន ទេ”។
ក្រសួងមហាផ្ទៃមិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំអត្ថាធិប្បាយបន្ថែមឡើយ។ស្ថានទូតរុស្ស៊ីប្រចាំរាជធានីភ្នំពេញមិនបានឆ្លើយតបសំណើសុំអត្ថាធិប្បាយជាច្រើនលើកច្រើនសា។
លោក ហ៊ាន រិទ្ធ ព្រះរាជអាជ្ញារងអមសាលាឧទ្ធរណ៍ដែលបានចុះហត្ថលេខាលើដីកាចាប់ខ្លួន បាតាលីន ដែលចុះថ្ងៃទី១៨ ខែកក្កដា និងដែលបានចេញតាមសំណើរបស់អាជ្ញាធររុស្ស៊ីនោះ បានមានប្រសាសន៍ថា លោកបានជូនដំណឹងទៅក្រសួងយុត្តិធម៌អំពីការចាប់ខ្លួនបុរសរូបនេះ ប៉ុន្តែ លោកមិនដឹងថា តើព័ត៌មាននេះត្រូវបានបញ្ជូនបន្ត ឬយ៉ាងណាឡើយ។ ក្រុមមន្ត្រីនៅក្រសួងយុត្តិធម៌មិនអាចទាក់ទងបានទេ។
លោក ហ៊ាន រិទ្ធ បានមានប្រសាសន៍ទៀត ថា សាលាឧទ្ធរណ៍នឹងសម្រេចថា តើត្រូវនិរទេស បាតាលីន ទៅប្រទេសរុស្សីវិញនៅចុងខែនេះ ឬយ៉ាងណា។
លោកបានថ្លែងថា“ យើងគ្រោងបើកសវនាការនៅក្រោយចូលឆ្នាំខ្មែររួច ពីព្រោះឥឡូវនេះសាលាឧទ្ធរណ៍មមាញឹកជាមួយរឿងក្តីផ្សេងទៀត។ ប៉ុន្តែ បើសាលាឧទ្ធរណ៍សម្រេច ធ្វើបត្យាប័នគាត់ ហើយគាត់មិនចង់ទៅ គាត់អាចប្តឹងសាទុក្ខទៅតុលាការកំពូលបាន”។
យោងតាមអនុប្រធាននាយកដ្ឋាននេះបានឱ្យដឹងថា បន្ទាប់ពីការចាប់ខ្លួន បាតាលីន បានប្រាប់នគរបាលថា គាត់មកកាន់ប្រទេសកម្ពុជាក្នុងនាមជា “ភ្ញៀវទេសចរ” ហើយគ្មានការងារធ្វើទេ។តាមការសាកសួររបស់នាយកដ្ឋានប្រឆាំងភេរវកម្មកាលពីចុងសប្តាហ៍ គាត់មិនព្រមឆ្លើយបំភ្លឺឡើយ។
ប៉ុន្តែ មុនពេលចាប់ខ្លួន គេឃើញ បាតាលីននៅជាមួយលោក សេរហ្គេ ប៉ូលុនស្គី ពាណិជ្ជករជនជាតិរុស្សី ដែលកំពុងដំណើរការអភិវឌ្ឍកោះជាច្រើននៅសមុទ្រក្រុងព្រះសីហនុកាលពីឆ្នាំមុននៅពេលគាត់ត្រូវបាននិរទេសឲ្យទៅប្រឈមមុខការចោទប្រកាន់ពីបទឆបោកជាយូរមកហើយនៅក្នុងទីក្រុងមូស្គូ។
លោក ឯម វលក្ខណ៍ ស្នងការរងនគរបាលខេត្តព្រះសីហនុ បានមានប្រសាសន៍ថា បាតាលីន ក៏ដូចជាលោក ប៉ូលុនស្គី ដែរ ស្ថិតក្នុងបញ្ជីតាមស្វែងរកចាប់ខ្លួនបំផុតរបស់នគរបាលអាំងទែប៉ូល។ ប៉ុន្តែ គិតមកដល់ថ្ងៃម្សិលមិញ បាតាលីន មិនមានឈ្មោះក្នុងគេហទំព័ររបស់នគរបាលអាំងទែប៉ូលទេ៕ សារុន