អង្គភាពប្រឆាំងអំពើពុករលួយ (ACU) មិនទាន់បើកការស៊ើបអង្កេតលើភាគហ៊ុនសម្ងាត់នៅបរទេសរបស់លោក អង្គ វង្សវឌ្ឍានា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌នៅឡើយទេប៉ុន្តែប្រធានអង្គភាពនេះបានបញ្ជាក់កាលពីម្សិលមិញថា អាចនឹងមានការស៊ើបអង្កេតនៅពេលខាងមុខ។
ពេលសួរថា តើលោកបានដឹងពីព័ត៌មានចុះផ្សាយថាលោក អង្គ វង្សវឌ្ឍានា ជាម្ចាស់ភាគហ៊ុនក្នុងក្រុមហ៊ុនមួយនៅកោះ British Virgin Islands ដែលពេលនេះលែងមានទៅហើយដែរឬទេ លោក ឱម យ៉ិនទៀង បានឆ្លើយថា “បើមិនសើម ក៏ជ្រាបដែរ។ យើងបានឮ”។
ភាគហ៊ុនរបស់រដ្ឋមន្ត្រីក្រសួងយុត្តិធម៌រូបនេះនៅក្នុងក្រុមហ៊ុន RCD International Limited ដែលលោកបានចំណាយប្រាក់ទិញ៥.០០០ដុល្លារ ត្រូវបានលាតត្រដាងជាផ្នែកនៃ “Panama Papers” ដែលជាការបែកធ្លាយមិនធ្លាប់មាននូវឯកសារប្រមាណជាង១១លានចេញពីក្រុមហ៊ុនច្បាប់ Mossack Fonseca មានមូលដ្ឋាននៅប្រទេសប៉ាណាម៉ា។ ឯកសារទាំងនោះត្រូវបានវិភាគដោយអ្នកកាសែតរាប់រយនាក់ដែលបម្រើការឲ្យបណ្ដាញអ្នកយកព័ត៌មានពិភពលោកមួយដែលមានឈ្មោះថា ”ក្រុមអ្នកកាសែតស៊ើបអង្កេតអន្តរជាតិ” (ICIJ)។
លោក ឱម យ៉ិនទៀង មានប្រសាសន៍កាលពីម្សិលមិញអំឡុងសន្និសីទកាសែតស្តីពីការអះអាងករណីអំពើពុករលួយដោយឡែកប្រឆាំងលោក ស៊ុត ឌីណា ឯកអគ្គរាជទូតកម្ពុជាប្រចាំកូរ៉េខាងត្បូងថា ”ផ្អែកតាមច្បាប់វាអាចទៅរួច [ដែលអង្គភាពប្រឆាំងអំពើពុករលួយអាចស៊ើបអង្កេត]។ កុំគិតថា យើងមិនធ្វើការងារលើរឿងទាំងនេះ។ យើងតែងតែធ្វើជាប្រចាំ” ហើយបន្ថែមថា នឹងត្រូវកំណត់ភាពពិតនៃព័ត៌មានក្នុងឯកសារដែលបែកធ្លាយទាំងនេះសិន មុននឹងបើកការស៊ើបអង្កេតផ្លូវការ។
លោកថ្លែងថា ”យើងមិនអាចប្រើពាក្យថា ‘ស៊ើបអង្កេត’ បានទេ បើមានវិធានការមួយទៀតដែលត្រូវចាត់។ វាជាព័ត៌មាន។ តើវាពិតទេ? តើយើងអាចជឿទុកចិត្តវាបានទេ? គោលបំណងគឺពិនិត្យមើល និងសម្រេចថា តើបញ្ហានេះត្រូវមានការពិភាក្សាគ្នា ឬស៊ើបអង្កេតឬយ៉ាងណា”។
ក្រុមហ៊ុន RCD International Limited មានវត្តមានចន្លោះពីឆ្នាំ២០០៧ ដល់ឆ្នាំ២០១០ ហើយខណៈគេមិនដឹងពីគោលបំណងរបស់ក្រុមហ៊ុននេះ ជាញឹកញាប់ក្រុមហ៊ុននានានៅឯបរទេសត្រូវបានប្រើប្រាស់សម្រាប់លាងលុយកខ្វក់ និងគោលបំណងគេចពន្ធ។
យោងតាម ICIJ ឲ្យដឹងថា អ្នកទទួលភ្ញៀវម្នាក់នៅក្រុមហ៊ុន Corporate Management Services Limited មានមូលដ្ឋាននៅហុងកុង ដែលបានចុះបញ្ជីក្រុមហ៊ុន RCD International Limited កាលពីឆ្នាំ២០០៧ បានលើកឡើងកាលពីថ្ងៃអង្គារថា ក្រុមហ៊ុនរបស់គាត់មានគោលការណ៍បំផ្លាញឯកសាររបស់ក្រុមហ៊ុនដែលអសកម្ម។
គាត់និយាយដោយសុំមិនបញ្ចេញឈ្មោះពីព្រោះនេះជាករណីរសើបថា ”បើវាលុបចេញពីបញ្ជី យើងគ្មានវាទេ។ ដូច្នេះ យើងមិនរក្សាទុកឯកសារទាំងនោះទៀតទេ។ វាក៏មិនពាក់ព័ន្ធនឹងយើងដែរ”។
នៅក្នុងសេចក្ដីថ្លែងការណ៍មួយកាលពីថ្ងៃច័ន្ទ ក្រសួងយុត្តិធម៌បានបដិសេធដាច់អហង្ការថា លោក អង្គ វង្សវឌ្ឍានា មិនជាប់ពាក់ព័ន្ធក្នុងក្រុមហ៊ុន RCD International Limited ទេ ដោយចាត់ទុករាល់ការអះអាងដែលផ្ទុយពីនេះថាជាការ “ កុហក”។ ក្នុងបទសម្ភាសន៍ក្នុងថ្ងៃដដែល លោក អង្គ វង្សវឌ្ឍានា បានគំរាមប្ដឹង ICIJ។
លោក សាន សោភ័ណ្ឌ អ្នកនាំពាក្យក្រសួងយុត្តិធម៌ដែលបានលើកទូរស័ព្ទរបស់លោក អង្គ វង្សវឌ្ឍានា កាលពីម្សិលមិញបានថ្លែងថា លោក “មិនទាន់ទទួលបានភ័ស្តុតាង” ពី ICIJ នៅឡើយទេ ហើយនឹងរង់ចាំមុនពេលបន្តបណ្ដឹងតាមផ្លូវច្បាប់។
នៅសប្ដាហ៍នេះ អ្នកនយោបាយមួយរូបបានទទួលរងការវាយសំពងដោយសារការបែកធ្លាយឯកសារទាំងនេះ ដោយនាយករដ្ឋមន្ត្រី ស៊ីកម៉ាន់ដឺ ដេវីត ហ្គាន់ឡូកសុន (Sigmundur David Gunnlaugsson) នៃប្រទេសអុីស្លង់ បានចុះចេញពីតំណែងកាលពីថ្ងៃអង្គារ បន្ទាប់ពីមានព័ត៌មានចុះផ្សាយថា ក្រុមហ៊ុនមួយនៅបរទេសដែលលោកគ្រប់គ្រង កំពុងប៉ុនប៉ងទាមទារប្រាក់ជួសមុខឲ្យធនាគារចំនួនបី៕ សុខុម