លោក ស៊ុត ឌីណា ដែលទទួលបានតំណែងពីមួយទៅមួយនៅក្រសួងការបរទេសរហូតដល់បានក្លាយជាអ្នកការទូតជាន់ខ្ពស់របស់កម្ពុជាប្រចាំប្រទេសកូរ៉េខាងត្បូងនៅក្នុងឆ្នាំ២០១៤ បានធ្លាក់ខ្លួនអស់បុណ្យស័ក្តិកាលពីម្សិលមិញ ខណៈលោកត្រូវបានផ្ដន្ទាទោសដាក់ពន្ធនាគារតាមការចោទប្រកាន់ពីបទពុករលួយ និងរំលោភអំណាច នេះបើយោងតាមការលើកឡើងរបស់មេធាវីរបស់លោក និងអង្គភាពប្រឆាំងអំពើពុករលួយ (ACU)។
លោក ស៊ុត ឌីណា ត្រូវបានចាប់ខ្លួនកាលពីរសៀលថ្ងៃច័ន្ទ បន្ទាប់ពីត្រូវបានកោះហៅទៅកាន់ទីស្តីការអង្គភាពប្រឆាំងអំពើពុករលួយ ហើយស្ថិតនៅក្នុងការឃុំខ្លួនរបស់អង្គភាពនេះរហូតដល់ព្រឹកម្សិលមិញ នៅពេលលោកត្រូវបានបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ។

ដោយស្ថិតក្នុងសម្លៀកបំពាក់អាវពណ៌ផ្កាឈូក និងខោឆ្នូត លោក ស៊ុត ឌីណា បានស្រែកទៅកាន់អ្នកយកព័ត៌មានខណៈដែលលោកត្រូវបាននាំទៅកាន់បន្ទប់សវនាការថា “អយុត្តិធម៌! រឿងនេះអយុត្តិធម៌ណាស់ចំពោះខ្ញុំ!។ បន្ទាប់ពីត្រូវបានចោទប្រកាន់នៅពេលល្ងាច លោកត្រូវបានបញ្ជូនយ៉ាងប្រញាប់ប្រញាល់ចូលក្នុងរថយន្តរបស់ACU ឆ្ពោះទៅកាន់ពន្ធនាគារព្រៃស។
លោក ហុក ផល្លា មេធាវីរបស់លោក ស៊ុត ឌីណា បានលើកឡើងថា “ចៅក្រម លាង សំណាត បានសម្រេចឃុំខ្លួនគាត់នៅពន្ធនាគារព្រៃសបន្ទាប់ពីចោទប្រកាន់ពីបទរំលោភអំណាចតាមមាត្រា៣៥នៃ “ ច្បាប់ប្រឆាំងអំពើពុករលួយ” និងការកេងយកផលប្រយោជន៍តាមមាត្រា៥៩៧ និង៥៩៨នៃក្រមព្រហ្មទណ្ឌ”។ ការចោទប្រកាន់នេះមានទោសជាប់ពន្ធនាគារអតិបរមារហូតដល់១០ឆ្នាំ។
លោក ឱម យ៉ិនទៀង ប្រធាន ACU បាននិយាយអំឡុងសន្និសីទកាសែតកាលពីរសៀល ម្សិលមិញថា ឯកអគ្គរាជទូតរូបនេះប្រឈមការចោទប្រកាន់ពីបទពុករលួយ រួមមានការយកប្រាក់សំណងដែលបង់ឲ្យពលករចំណាកស្រុកដែលបានស្លាប់ក្នុងប្រទេសកូរ៉េខាងត្បូង មិនព្រមជួយពួកគេផ្ញើប្រាក់មកស្រុកកំណើតបើគ្មានប្រាក់សគុណ យកកម្រៃដែលបង់សម្រាប់ទិដ្ឋាការដាក់ហោប៉ៅ និងខកខានមិនបានបង់ថ្លៃឈ្នួលជួលអគារស្ថានទូតក្នុងទីក្រុងសេអ៊ូល។
លោកបានថ្លែងថា “ពលករក្នុងប្រទេសកូរ៉េខាងត្បូងបានត្អូញត្អែរ។ យើងបានពិនិត្យករណីនេះយ៉ាងហ្មត់ចត់។ លោកបានបន្ថែមថា ACU មានភ័ស្តុតាងគ្រប់គ្រាន់ចោទប្រកាន់ លោក ស៊ុត ឌីណា ពីបទល្មើសបួនឬប្រាំខុសគ្នា ប៉ុន្តែបានសម្រេចលើកឡើងតែពីរករណីប៉ុណ្ណោះដល់សាលាដំបូងរាជធានី ដើម្បីឲ្យឃុំខ្លួនឯកអគ្គរាជទូតរូបនេះ។
លោក ឱម យ៉ិនទៀង បានថ្លែងថា ការមានទ្រព្យសម្បត្តិដ៏ឆាប់រហ័សរបស់លោក ស៊ុត ឌីណា មិនអាចគេចរួចពីការកត់សម្គាល់របស់ ACU បានឡើយ។ កាលពីថ្ងៃពុធ សមាជិកគ្រួសាររបស់ឯកអគ្គរាជទូតរូបនេះបានបញ្ចេញវីដេអូមួយតាមទំព័រហ្វេសប៊ុក ដែលក្នុងនោះពួកគេអះអាងថា រស់នៅក្នុងជីវភាពមិនសូវធូរធារ។
លោកបានបន្ថែមថា “គាត់ធ្វើពុតជាក្រីក្រដើម្បីការពារខ្លួន ហើយបំភាន់សាធារណជន។ គាត់មានប្រាក់៧,២លានដុល្លារ បើមិននិយាយពីប្រាក់នៅក្នុងគណនីធនាគាររបស់គាត់។ដោយគាំទ្រការរបាយការណ៍ចេញផ្សាយដោយ ACU កាលពីព្រឹកថ្ងៃនោះលោកបានថ្លែងថា បើយើងប្រៀបធៀបកាលពីឆ្នាំ២០១១ “គាត់មានប្រាក់តែ៤,២លានដុល្លារប៉ុណ្ណោះ” ដែលក្នុងនោះក៏បានអះអាងដែរថា ឯកអគ្គរាជទូតរូបនេះមានមាស៣៣៩តម្លឹង គិតជាទឹកប្រាក់ប្រហែល៥០០.០០០ដុល្លារ។
លោក ឱម យ៉ិនទៀង បានថ្លែងថា “ប្រសិនបើគាត់ក្រ តើគាត់បានលុយនេះពីណាមក? លោកបានថ្លែងថា លោក ស៊ុត ឌីណា បានព្យាយាមធ្វើឲ្យខ្លួនរួចពីការផ្តន្ទាទោសដោយការសងប្រាក់ចំនួន១២០.០០០ដុល្លារ ដែលជាប្រាក់ខុសច្បាប់បន្ទាប់ពីមន្ត្រី ACU បានទៅសួរសុខទុក្ខគាត់នៅក្នុងប្រទេសកូរ៉េខាងត្បូងកាលពីខែមីនា។ លោកបានថ្លែងថា “នៅពេលយើងមកជួបគាត់ គាត់ពិតជាបារម្ភមែន ហើយពីរសប្ដាហ៍ក្រោយមកគាត់បានផ្ទេរប្រាក់នោះមកវិញ។ ក្រុមរបស់គាត់និយាយថា នៅពេលគាត់សងប្រាក់វិញ បញ្ហានឹងចប់”។
លោកបានបន្ថែមថា “ប៉ុន្តែវាមិនអ៊ីចឹងទេ។ ឧទាហរណ៍បើអ្នកលួចកង់ទៅជិះ ហើយបីខែក្រោយមកអ្នកអាណិតគេ ហើយយកកង់នោះទៅឲ្យគេវិញ អ៊ីចឹងសួរថា បទល្មើសវាចប់ឬ វាមិនចប់ទេ”។
លោកបានថ្លែងថា “យើងភ្នាល់ថា គាត់ច្រានចោលការចោទប្រកាន់នេះ ប៉ុន្តែនៅពេលយើងបង្ហាញភ័ស្តុតាង គាត់បានសារភាពម្ដងមួយៗ”។
លោកបានបន្ថែមទៀតថា “ ACU នឹងបង្កក ទ្រព្យសម្បត្តិរបស់លោក ស៊ុត ឌីណា រង់ចាំធ្វើការស៊ើបអង្កេតបន្ថែម”។
លោក ស៊ុត ឌីណា បានចាប់ផ្តើមល្បីឈ្មោះពេលក្លាយជាសមាជិកនៃចលនានិស្សិតប្រឆាំងរដ្ឋាភិបាលដើម្បីប្រជាធិបតេយ្យនៅក្នុងចុងទសវត្សរ៍ឆ្នាំ១៩៩០ មុនពេលបង្កើតអង្គការមួយដាច់ដោយឡែកដោយសារតែមានការបែកបាក់គ្នាជាមួយមេដឹកនាំចលនាផ្សេងៗទៀត។
បន្ទាប់មកលោកបានបង្កើត និងដឹកនាំគណបក្សរណសិរ្សជាតិខ្មែរ មុនពេលចុះចូលជាមួយគណបក្ស នរោត្តម រណឫទ្ធិ ក្នុងឆ្នាំ២០០៦។ ទីបំផុតលោកបានផ្លាស់ទៅចូលរួមជាមួយគណបក្សប្រជាជនកម្ពុជានៅក្នុងឆ្នាំ២០០៩ហើយបានក្លាយជាអនុរដ្ឋលេខាធិការក្រសួង ការបរទេស មុនពេលត្រូវបានតែងតាំងជាប្រេសិតរបស់រដ្ឋាភិបាលប្រចាំកូរ៉េខាងត្បូងកាលពីពីរឆ្នាំមុន។
តំណែងជាឯកអគ្គរាជទូតរបស់លោកពោរពេញទៅដោយភាពចម្រូងចម្រាស។មិនយូរប៉ុន្មានបន្ទាប់ពីមានការតែងតាំងរូបលោក រដ្ឋមន្ត្រីក្រសួងការបរទេសបានសរសេរលិខិតផ្ញើទៅកាន់លោកដើម្បីរិះគន់អំពីការជាប់ពាក់ព័ន្ធរបស់សមាជិកគ្រួសារលោកនៅក្នុងកិច្ចការស្ថានទូត។ លោក ស៊ុត ឌីណា ក៏បានរងការរិះគន់យ៉ាងខ្លាំងពីគណបក្សប្រឆាំងផងដែរ ចំពោះការព្រមានពលរដ្ឋខ្មែរនៅក្នុងប្រទេសកូរ៉េខាងត្បូងកុំឲ្យចូលរួមព្រឹត្តិការណ៍រៀបចំឡើងដោយគណបក្សសង្គ្រោះជាតិ និងការគំរាមនិរទេសពលករចំណាកស្រុក។
លោក អ៊ូ វីរៈ អ្នកវិភាគនយោបាយមួយរូបដែលជាប្រធានវេទិកាអនាគតបានលើកឡើងថា លទ្ធភាពរបស់លោក ស៊ុត ឌីណា ក្នុងការទទួលបានប្រាក់ដ៏ច្រើនតាមរយៈអំពើពុករលួយបានធ្វើឲ្យមានការចោទសួរអំពីសុចរិតភាពរបស់មន្ត្រីរដ្ឋាភិបាលទាំងអស់។
លោកបានមានប្រសាសន៍ថា “វាធ្វើឲ្យមានការចោទសួរពាក់ព័ន្ធអគ្គរដ្ឋទូតគ្រប់រូប ក៏ដូចជាមន្ត្រីគ្រប់រូបក្នុងប្រទេសផងដែរ”។ លោកបានបន្ថែមថា ប្រវត្តិរបស់លោក ស៊ុត ឌីណា ដែលធ្លាប់តែជាអ្នកចុះចូលម្តងទៅនេះម្តងទៅនោះ ប្រហែលជាធ្វើឲ្យគាត់ក្លាយជាគោលដៅសំខាន់សម្រាប់អង្គភាពប្រឆាំងអំពើពុករលួយ។
លោកបានថ្លែងថា “វាគឺជារឿងនយោបាយ។ ខ្ញុំគិតថា វាមិនមែនដោយសារតែទំនាក់ទំនងនៅក្នុងគណបក្សចាស់របស់លោកទេ… ប៉ុន្តែ ខ្ញុំគិតថា មានហេតុផលមួយគឺដោយសារគាត់គ្មានមិត្តច្រើននៅក្នុងគណបក្សប្រជាជនកម្ពុជា”។
លោកបានមានប្រសាសន៍បន្ថែមទៀតថា “តើអ្នកដឹងទេ អ្វីដែលគួរឲ្យភ្ញាក់ផ្អើលកាន់តែខ្លាំងនោះគឺថា តើគាត់រកលុយបាន៤,៣លានដុល្លារតាមរបៀបណាទៅមុនពេលក្លាយជាឯកអគ្គរាជទូតនោះ។ វាពិតជាគួរឲ្យភ្ញាក់ផ្អើលណាស់ខ្ញុំស្គាល់គាត់ ហើយគាត់មិនសូវមានធនធានទេមុនពេលចូលរួមជាមួយគណបក្សប្រជាជនកម្ពុជា”៕ សារុន និងស៊ុយឈាង (រាយការណ៍បន្ថែមដោយ អ៊ូច សូនី និង Taylor O’Connell)