40.6 C
Phnom Penh

សកម្ម​​​ជន​​​ជន​​​ជាតិ​​​អេស្ប៉ាញ​​​ដែល​​​ត្រូវ​​​បាន​​​និរទេស​​​ខ្លួន​​​ទទួល​​​បាន​​​ទិដ្ឋាការ​​​ទេសចរណ៍​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សកម្ម​​​ជន​​​ការ​​ពារ​​​បរិស្ថាន​​​ អាឡិច ហ្គន​​​ហ្សា​​​ឡេស​​​ ដេវីដសុន​​​ ដែល​​​ត្រូវ​​​បាន​​​និរទេស​​​ កាល​​​​​​ពី​​​ខែ​​​កុម្ភៈ​​​ឆ្នាំ​​​មុន​​​ ត្រូវ​​​បាន​​​ផ្តល់​​​​​​ទិដ្ឋាការ​​​ទេសចរណ៍​​​រយៈ​​​ពេល​​​មួយ​​​ខែ​​​តាម​​​រយៈ​​​សេវា “ទិដ្ឋាការអេឡិច​ត្រូនិក”​ ដែលស្នើសុំ​​​​​តាម​​​អីុនធឺណិត​​​​របស់​​​ក្រសួង​​​ការបរទេស ​​​ប៉ុន្តែ​​ មន្ត្រី​​​អន្តោប្រវេសន៍​​​មួយ​​​រូប​​​បាន​​​លើក​​​ឡើង​​កាល​​​ពី​​​ម្សិលមិញ​​​​ថា ​​​គាត់​​​​​​ទំនង​​​ជា​​​មិន​​​ត្រូវ​​​បាន​​​អនុញ្ញាត​​​ឲ្យ​​​ប្រើ​​​ប្រាស់​​​​​​​​វា​​​ទេ​​​។​

អីុម៉េល​​​មួយ​​​ពី​​​​​​សេវា​​​​ទិដ្ឋាការអេឡិច​ត្រូនិក​ដែល​​​ផ្ញើ​​​ជូន​​​លោក ​​​ហ្គនហ្សា​​​ឡេស ​​​ដេវីដសុន កាល​​​ពី​​​ថ្ងៃ​​​ពុធ​​​បាន​​​លើក​​​ឡើង​​​ថា ពាក្យ​​​សុំ​​​របស់​​​គាត់​​​ជោគ​​​ជ័យ​​​ហើយ​​​ ខណៈ​​​ច្បាប់​​​ចម្លង​​​នៃ​​​ទិដ្ឋាការ​​​អេឡិចត្រូនិក​​​ដែល​​​បង្ហាញ​​​ដោយ​​​សកម្ម​​​ជន​​​រូប​​​នេះ​​​បាន​​​លើក​​​ឡើ​​​ង​​​ ថា លោក​​​មាន​​​សិទ្ធិ​​​ប្រើ​​​វា​​​ដោយ​​​សេរី​​​នៅ​មុន​​​ថ្ងៃ​​​ទី​​​៦​ខែ​​​កក្កដា។

អីុម៉េល​​​នេះ​​​មាន​​​ខ្លឹម​​​សារ​​​ដូច្នេះ​​​ថា “យើង​​​សូម​​​ជម្រាប​​​អស់​​​លោក​​​អ្នក​​​ថា ពាក្យ​​​សុំ​​​ទិដ្ឋាការ​​​អេឡិចត្រូនិក​​​របស់​​​អស់​​​លោក​​​អ្នក​​​ដើម្បី​​​ចូល​​​មក​​​កាន់​​​ព្រះរាជា​​​ណាចក្រ​​​កម្ពុជា​​​ត្រូវ​​​បាន​​​យល់​​​ព្រម​​​ហើយ​​​។ សូម​​​ពិនិត្យ​​​ការ​​​ណែ​​​នាំ​​​ដូច​​​ខាង​​​ក្រោម​​​មុន​​​ពេល​​​អស់​​​លោក​​​អ្នក​​​ចាប់​​​ផ្តើម​​​ចេញ​​​ដំណើរ​​​កម្សាន្ត​​​​​​”។

cam-photo-alexទោះ​​​បី​​​ជា​​​យ៉ាង​​​ដូច្នេះ​​​ក្តី​​​ តែ​លោក អ៊ុក ​​​ហៃសិលា​​​ ប្រធាន​​​​​​ផ្នែក​​​សើុប​​​អង្កេត​​​នៃ​​​​នាយក​​​​​​ដ្ឋាន​​​អន្តោប្រវេសន៍​​​នៅ​​​​ក្រសួង​​​មហាផ្ទៃ​​​បាន​​​លើក​​​ឡើង​​​ថា លោក​​​ជឿ​​​ថា  ​លោក ហ្គន​ហ្សា​ឡេស​​​ ដេវីដសុន​​​ នឹង​​​មិន​​​ត្រូវ​​​បាន​​​អនុញ្ញាត​​​ឲ្យ​​​វិល​​​​​​ត្រឡប់មក​​​​វិញ​​​ឡើយ​​​។

ឧត្តម​​​សេនីយ៍​​​ទោ អ៊ុក ហៃសិលា ដែល​​​ជា​​​អ្នក​​​ចាប់​​​ខ្លួន​​លោក ​​​ហ្គនហ្សាឡេស​​​ ដេវីដ​​​សុន​​​ ដោយ​​​ផ្ទាល់​​​ មុន​​​ពេល​​​មាន​​​ការ​​​និរទេស​​​សកម្ម​​​ជន​​​រូប​​​នេះ​​​កាល​​​ពី​​​ឆ្នាំ​​​មុន​​​​​​នោះ​ បាន​​​លើក​​​ឡើង​​​ថា​​​ “តាម​​​ដែល​​​ខ្ញុំ​​​ដឹង​​​ គេ​នឹង​​​មិន​​​​​​អនុញ្ញាត​​​ឲ្យ​​​គាត់​ចូល​​​មក​​​ឡើយ​​​ ព្រោះ​​​គាត់​​​ត្រូវ​​​បាន​​​​​​កត់​​​ត្រា​​​ចូល​​​​​​ក្នុង​​​បញ្ជ​​​ី​​​ខ្មៅ​​​”។

តាម​​​ពិត​​​ទៅ​​​លក្ខខណ្ឌដែល​​​អ្នក​​​ដាក់​​​ពាក្យ​​​សុំ​​​នីមួយ​​​ៗ​​​ឯកភាព​​​ពេល​​​ដាក់​​​ពាក្យ​​​សុំ​​​​​​ទិដ្ឋាការ​​​អេឡិច​ត្រូនិក​នោះ​ បាន​​​លើក​​​ឡើង​​​ថា  លោក ​​​ហ្គនហ្សាឡេស​​​ ដេវីដសុន ដែល​​​លិខិត ​​​​​​ឆ្លង​​​ដែន​​​អេស្ប៉ាញ​​​របស់​​​លោក​​​​​​ត្រូវ​​​បានបោះ​​​​​​ត្រា​​​ថា “មិន​​​អនុញ្ញាត​​​ឲ្យ​​​ចូល​​​មក​​​កម្ពុជា​​​” នោះ​​​ នឹង​​​មិន​​​អនុញ្ញាត​​​ឲ្យ​​​ចូល​​​មក​​​ឡើយ។​

ពាក្យ​​​សុំ​​​នេះ​​​មាន​​​ខ្លឹម​​​សារ​​​ដូច្នេះ​​​ថា “ខ្ញុំ​​​យល់ថា ការមាន​​​​ទិដ្ឋាអេឡិចត្រូនិក​​​​​​មិន​​​ផ្តល់​សិទ្ធិុ​​​​ស្វ័យប្រវត្តិ​ដល់​សាមីខ្លួន​​​​ក្នុង​ការ​ចូលមក​ក្នុង​​​​ព្រះរាជា​​​ណា​​​ចក្រ​​​កម្ពុជា​​​ពេល​មក​ដល់​​​​កន្លែង​​​ច្រកចូល​ ប្រសិនបើ​បុគ្គល​នោះ​មិន​​​​ត្រូវ​​​បាន​អនុញ្ញាត​ឲ្យ​ចូល​”។

លោក ហ្គនហ្សាឡេស​​​ ដេវីដសុន ដែល​​​និយាយ​​​ខ្មែរ​​​បាន​យ៉ាង​​​ស្ទាត់នោះ​​​​​ បាន​​​ដឹក​​​នាំ​​​យុទ្ធនាការ​​​ប្រឆាំង​​​គម្រោង​​​ទំនប់​​​វារីអគ្គិសនី​​​ស្ទឹង​​​ឆាយ​​​អារ៉ែង​​​ក្នុង​​​ខេត្ត​​​កោះ​​​កុង​​​ហើយ​​​ត្រូវ​​​​​​បាន​​​និរទេស​​​បន្ទាប់​​​ពី​​​ត្រូវ​​​បានចោទ​​​ប្រកាន់​​​ពី​​​បទ​​​ដាក់​​​របាំង​​​​​​បិទ​​​ផ្លូវ​​​ខុស​​​ច្បាប់​​​ដើម្បីរារាំង​​​ក្បួន​​​របស់​​​មន្ត្រី​​​រដ្ឋបាល​​​មិន​​​ឲ្យ​​​ចូល​​​ទៅ​​​កាន់​​​តំបន់​​​គម្រោង​​​​​​ទំនប់​​​វារីអគ្គិសនី​​​​​​នេះ​​​ កាល​​​ពី​​​ខែ​​​កញ្ញា​​​ឆ្នាំ​​​មុន​​​។

សកម្ម​​​ជន​​​រូបនេះ​​​ចង់​​​វិល​​​ត្រឡប់​​​មក​​​វិញ​​​ដើម្បី​​ចូលរួម​សវនាការ​​​ពាក់​​​ព័ន្ធ​​​ការ​​​ចោទ​​​ប្រកាន់​​​ពី​​​បទ​​​ឃុប​​​ឃិត​​​ដែលត្រូវបាន​​​​​​ដាក់​​​ការ​​​ចោទ​​​ដោយ​​​សាលា​​​ដំបូង​​​ខេត្ត​​​កោះ​​​កុង​​​បន្ទាប់​​​ពី​​​លោក​​​ត្រូវ​​​បាន​​​​​​និរទេស​​​។ ការ​​​ចោទ​​​ប្រកាន់​​​នេះ​​​កើត​​​ចេញ​​​ពី​​​ការ​​​ជាប់​​​ពាក់​​​ព័ន្ធ​​​របស់​​​លោក​​​នៅ​​​ក្នុង​​​យុទ្ធនាការ​​​ដាច់​​​ដោយ​​​ឡែក​​​មួយ​​​ទៀត​​​​​​ ប្រឆាំង​​​នឹង​​​ក្រុមហុ៊ន​​​បូម​​​ខ្សាច់​​​ចំនួន​​ពីរ​។

កាល​​​ពី​​​ម្សិលមិញ លោក​​​បាន​​​លើក​​​ឡើង​​​ថា លោក​​​នឹង​​​សរសេរ​​​លិខិត​​​ផ្ញើ​​​ជូន​​​លោក ​​​ស ខេង រដ្ឋមន្ត្រីក្រសួង​​​មហាផ្ទៃ​​​ដើម្បី​​​​សួរ​​​ថា តើ​​​គេទទួលយក​ទិដ្ឋាការ​​​អេឡិចត្រូនិក​​​របស់​​​លោក​ឬមិន​​​​ទទួល​​​យក​​​ ​មុន​​​ពេល​​​កក់​​​សំបុត្រ​​​យន្តហោះ​ធ្វើ​​​ដំណើរ​​​មក​​​ប្រទេស​​​កម្ពុជា​​​។

លោក ហ្គនហ្សា​​​ឡេស​​​ ដេវីដសុន​​​ បាន​​​លើក​​​ឡើង​​​ក្នុង​​​សារ​​​មួយ​​​ថា “ទោះ​​​បី​​​ជា​​​ខ្ញុំ​​​សប្បាយ​​​ ចិត្ត​​​ដែល​​​បាន​​​ឃើញ​​​ពាក្យ​​​សុំ​​​ទិដ្ឋាការ​​​អេឡិច​​​ត្រូនិក​​​​​​ត្រូវ​​​បាន​​​យល់​​​ព្រម​​​ក៏​​​ដោយ តែ​​​ខ្ញុំ​​​គិត​​​ថា ​​​​​​​​នេះ​​​ប្រហែល​​​ជា​​​ដោយ​​​សារ​​​ស្មៀន​​​ថ្នាក់​​​ទាប​​​មួយ​​​ចំនួន​​​មិន​​​ខ្វាយ​​​ខ្វល់​​​​​​នឹង​​​ការ​​​​ពិនិត្យ​​​រកមើល​អត្ត​​​សញ្ញាណ​​​របស់​​​ខ្ញុំ​​​”។

លោក​​​បាន​​​បន្ថែម​​​ថា “ខ្ញុំ​​​គិត​​​ថា ខ្ញុំ​​ច្រឡំ​ ​​​តែ​តាម​​​ពិត​​​ទៅ​​​ការ​​​វិល​​​ត្រឡប់​​​មក​​​វិញ​​​របស់​​​ខ្ញុំ​​​ត្រូវ​​​បាន​​​ផ្តល់​​​ភ្លើង​​​ខៀវ​​​ហើយ​ ប៉ុន្តែថា ​​​ទិដ្ឋាការ ​​​អេឡិចត្រូនិក​​​ទំនង​​​ជា​​​ត្រូវ​​​បាន​​​យល់​​​ព្រម​​​ដោយ​​​សារ​​​​​​អ្នក​​​ទទួល​​​បន្ទុក​​​ក្រសួង​​​ការ​​​បរទេស​​​អសមត្ថភាព​​​​”។

លោក​​​បាន​​​បន្ថែម​​​ទៀត​​​ថា “ខ្ញុំ​​​មិន​​​ចង​​​់​​​ឲ្យ​​​​​​គេ​​​ចាប់​​​ខ្លួន​​​ [ពេល​​​មក​​​ដល់​​​]​​​នោះ​​​ទេ​​​ ប៉ុន្តែ ​​​ប្រសិន​​​បើ​​​ការ​​​ចាប់​​​ខ្លួន​​​ធានា​​​ថា ខ្ញុំ​​​នឹង​​​អាច​​​មាន​​​វត្តមាន​​​​​​អំឡុង​​​ការ​​​បើក​​​សវនាការ​​​ដែល​​​ នឹ​ង​​​មក​​​ដល់​​​ក្នុង​​​ពេល​​​ខាង​​​មុខ​​​នោះ ខ្ញុំ​​​ត្រៀម​​​ខ្លួន​​​រួច​​​ជា​​​ស្រេច​​​ដើម្បី​​​ធ្វើ​​​ដំណើរ​​​ទៅ​​​។ ការ​​​ចោទ​​​ប្រកាន់​​​មក​​​លើ​​​​​​រូប​​​ខ្ញុំ​​​ គឺជា​​​ការ​​​ប្រឌិត​​​ទាំង​​​ស្រុង​​​ ហើយ​​​វា​​​គ្មាន​​​អ្វី​​​ក្រៅ​​​ពី​​​ចង់​​​សង​​​សឹក​​​ចំពោះ​​​​​​​​​ការ​​​ងារ​​​ដែល​​​ខ្ញុំ​​​បាន​​​ធ្វើ​​​កន្លង​​​មក​​​ក្នុង​​​ខេត្ត​​​កោះ​​​កុង​​​នោះ​​​ទេ​​​”៕ស៊ុយឈាង​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស