30 C
Phnom Penh

ប្រធាន ACU បក​ស្រាយ​ថា មន្ត្រី​​ការ​បរទេស​​ម្នាក់​​រារាំង​ការ​នាំ​ចេញ​ដើម្បី​កំហែង​ទារ​ប្រាក់​ពី​ក្រុម​ហ៊ុន​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាលពី​ម្សិលមិញ ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​​ (ACU) បាន​លាត​ត្រដាង​ភ័ស្តុ​​តាង​ប្រឆាំង​មន្ត្រី​​ក្រសួង​ការ​បរទេស​មួយ​រូប​ដែល​​​​​ជាប់​ពន្ធនាគារ​​ពីបទ​​កំហែង​ទារ​ប្រាក់​​ពី​ក្រុម​​ហ៊ុន​បរទេស​មួយ​ ដោយ​លើក​ឡើង​ថា ជន​សង្ស័យ​​បាន​​ប្រើ​ប្រាស់​មុខ​តំណែង​របស់​ខ្លួន​ដើម្បី​រារាំង​​ក្រុមហ៊ុន​នោះ​​​មិន​ឲ្យ​នាំ​ទំនិញ​ចេញទៅ​ក្រៅ​ប្រទេស​។

លោក អ៊ា សែ នាយការិយាល័យ​​ទំនាក់​ទំនង​​​ជាមួយ​អូស្ត្រាលី​ និង​នូវែលសេឡង់​​នៃ​ក្រសួង​ការ​បរទេស​ ត្រូវ​បាន​​​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​​ចាប់​ខ្លួន​​កាលពី​​ថ្ងៃទី​​៣១ ខែ​មីនា ​ និង​​​ត្រូវ​បានសាលា​ដំបូង​​រាជធានី​ភ្នំ​ពេញ ចោទ​ប្រកាន់​ពីបទ​គៃបន្លំ​​​​មូលនិធិ​សាធារណៈ​​កាលពី​ថ្ងៃ​អាទិត្យ​ ហើយ​​បន្ទាប់​មក​​បញ្ជូន​ចូល​ពន្ធនាគារ​រង់​ចាំ​សវនាការ​​។

ទាំង​មន្ត្រី​​អង្គភាព​​ប្រឆាំង​អំពើ​ពុករលួយ​ និង​មន្ត្រី​ក្រសួង​សុទ្ធតែ​មិន​​និយាយ​​អំពី​ករណី​នេះ​ ដោយ​កំណត់​ហេតុ​ផ្ទៃ​ក្នុង​​មួយ​របស់​ក្រសួង​​​គ្រាន់​តែ​លើក​ឡើង​ថា លោក អ៊ា សែ បាន​យក​ប្រាក់​​ពី“ ​ក្រុម​ហ៊ុន​បរទេស​” នៅ​ក្រៅ​​​​​​​​តួនាទី​របស់​លោក​​ជា​នាយ​ការិយាល័យ​។

​ទោះ​ជា​យ៉ាង​ណា កាលពី​ម្សិល​មិញ លោក ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​​បាន​​ចេញ​មុខ​​ទម្លាយ​ព័ត៌មាន​​។

អំឡុង​សន្និសីទ​កាសែត​​​ស្ដីពី​ការ​ចាប់​ខ្លួន​​លោក ស៊ុត ឌីណា ​ឯកអគ្គរាជទូត​កម្ពុជា​​ប្រចាំ​ប្រទេស​កូរ៉េ​ខាង​ត្បូងកាលពី​ពេល​ថ្មីៗ​នេះ​​ លោក​​មាន​ប្រសាសន៍​ថា លោក អ៊ា សែ បាន​​​ប៉ុន​ប៉ង​កំហែង​ទារ​ប្រាក់​ពី​រោងចក្រ​​​បរទេស​មួយ​នៅ​កម្ពុជា​។

លោក​បាន​បន្ថែម​ថា “​ដំបូង​​ គាត់​បាន​​ទារ​ប្រាក់​៣០០​ដុល្លារ​ពី​ពួកគេ ហើយ​​​​​​​ពេល​ក្រុម​ហ៊ុន​​មិន​ព្រម​សូក​ប៉ាន់​ គាត់​ក៏​​ទុក​ទំនិញ​​របស់​ពួកគេ​​ពី​៣ទៅ៤ខែ​។ គាត់​​​ម​ិន​អនុញ្ញាត​​ឲ្យ​នាំ​​ចេញ​ទំនិញ​របស់​ពួកគេ​​រយៈ​ពេល​៤ខែ ហើយ​​​​​​បន្ទាប់​មក​​គាត់​បាន​​​​​​ទារ​ប្រាក់​១.០០០​ដុល្លារ​ពី​ពួកគេ​” ហើយ​ថា ​លោក​បាន​ដឹង​​ពី​ស្ថាន​ភាព​នេះ​ តាម​រយៈ​អ្នក​តំណាង​​​ម្នាក់​របស់​រោង​ចក្រ​​​នៅ​ម៉ាកាវ​៕ សុខុម​

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស