34 C
Phnom Penh

លោក ឡុង ឌីម៉ង់ ត្រូវ​បាន​តែ​ង​តាំង​ជា​ឯក​អគ្គ​រាជទូត​ថ្មី​ប្រចាំ​ប្រទេស​​​កូរ៉េ​ខាងត្បូង

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោក ឡុង ឌីម៉ង់​ អ្នក​នាំពាក្យ​សាលា​រាជ ធានី​ភ្នំពេញ និង​ជា​កូន​ប្រុស​របស់​​រដ្ឋ​លេខា​ធិការ​​មួយ​រូប​នៅ​ក្រសួង​ការ​បរទេស​ ត្រូវ​បាន​តែង​តាំងឲ្យ​​​​ជំនួស​លោក ស៊ុត ឌីណា អតីត​ឯក​អគ្គរាជទូត​ប្រចាំ​ប្រទេស​កូរ៉េខាង​ត្បូង​ដែល​អប​យស។

លោក ស៊ុត ឌីណា ត្រូវ​បាន​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​​កាលពី​សប្ដាហ៍​មុន​តាមការ​ចោទ​ប្រកាន់​ពីបទ​ពុករលួយ ​​ដោយ​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​អះអាង​ថា ​គាត់​ប្រមូលបាន​​ប្រាក់​​៣លាន​ដុល្លារ​​កាលពី​៣​ឆ្នាំ​កន្លង​មក​នេះ​ ហើយ​បាន​ប្រព្រឹត្ត​បទ​ល្មើស ជាច្រើន​ទៀត​​រួម​មានការ​​យក​ប្រាក់​សំណង​សម្រាប់​ក្រុម​គ្រួសារ​សព​ពលករ​​ចំណាក​ស្រុក​​ដាក់​​ហោប៉ៅ​ខ្លួន​ឯង។

លោក ឡុង​ ឌីម៉ង់ អាយុ​៣៦​​ឆ្នាំ ​កូន​ប្រុស​​របស់​លោក ឡុង វីសាលោ ​ជា​មន្ត្រី​ម្នាក់​ក្នុង​ចំណោម​មន្ត្រី​ដ៏មាន​អំណាច​​បំផុត​នៅ​ក្រសួង​ការ​បរទេស​។ លោក ឡុង ឌីម៉ង់ ដែល​បច្ចុប្បន្ន​នេះ​ជា​អ្នក​នាំពាក្យ​សាលា​រាជធានី​ និង​ជា​អនុប្រធាន​រដ្ឋបាល​ បាន​បញ្ចប់​​ការ​សិក្សា​ថ្នាក់​​អនុ​បណ្ឌិត​ផ្នែក​ទំនាក់​ទំនង​អន្តរ ជាតិ​​ពី​សាកលវិទ្យាល័យ​មួយ​នៅ​បារាំង​ក្នុង​ឆ្នាំ​២០០៤ ​ហើយ​ចាប់​តាំង​ពីពេល​នោះ​មក​បាន​បម្រើ​ការ​ងារ​នៅ​សាលា​រាជធានី ដែល​ពី​ដំបូង​ជា​ជំនួយ​ការ​របស់​​លោក កែប ជុតិមា អតីត​អភិបាល​​រាជធានី​ភ្នំពេញ​។

លោក​បាន​ចូល​រួម​ជា​​​មួយ​​​​​សមាជិក​​​​ផ្សេង​​​ៗ​​​ របស់​​​គណ​​​បក្ស​​ប្រជាជន​កម្ពុជា ដែល​បាន​ឡើង​​​​ឋានៈ​ដ៏​ឆាប់​រហ័ស​​ក្នុង​រដ្ឋាភិបាល​ខណៈ​ដែល​​គណបក្ស​កាន់អំណាច​​ស្វះស្វែង​​ធ្វើ​ឲ្យ​មាន​តុល្យភាព​​រវាង​ការ​សន្យា​របស់​ខ្លួន​ចំពោះ​​​​កំណែ​​ទម្រង់ និង​រចនាសម្ព័ន្ធ​អំណាច​។

cam-dimanche-photoលោក ឡុង ឌីម៉ង់ បាន​មាន​​ប្រសាសន៍​កាលពី​ម្សិល​មិញ​ថា បើ​ទោះ​ជា​ឪពុក​របស់​លោក​ជា​អ្នកទូន្មាន​​ប្រៀនប្រដៅ​​ក៏ដោយ ​ក៏​គាត់​​​មិន​ទទួល​ខុស​ត្រូវ​ចំពោះ​ការ​ដំឡើង​តួនាទី​នេះ​ដែរ។

លោក​បាន​មាន​ប្រសាសន៍​ថា “​ឪពុក​របស់​ខ្ញុំ​បាន​អប់រំ​ខ្ញុំ​ច្រើនណាស់​​ឱ្យ​​​បម្រើ​ប្រជា​ពល រដ្ឋ និង​មាន​ទំនាក់​ទំនង​ជា​មួយ​សង្គម។ តាម​រយៈ​​បទ​ពិសោធន៍​របស់​ខ្ញុំ​នៅ​សាលា​រាជធានី​ភ្នំពេញ ខ្ញុំ​បាន​បម្រើ​ប្រជាពលរដ្ឋ​ក្នុង​មូល ដ្ឋាន បាន​ដោះ​ស្រាយ​បញ្ហាជាច្រើន​​ដែល​ប្រជាពលរដ្ឋ​កំពុង​ប្រឈម​​ និងបាន​​រៀបចំ​ប្រព័ន្ធ​រដ្ឋបាលជាដើម​”។

លោក​បាន​ថ្លែង​ថា លោក​ទទួល​បាន​​ព័ត៌ មាន​ពី​ការ​ងារ​​ថ្មី​នេះ​តាម​រយៈ​ការ​ហៅ​ទូរស័ព្ទ​ ផ្ទាល់​ពី​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាលពី​សប្ដាហ៍​មុន​។

លោក ឡុង ឌីម៉ង់ បាន​មាន​ប្រសាសន៍​ថា  “​សម្ដេចតេជោ យល់​ថា ខ្ញុំ​អាច​ធ្វើ​ការ​ងារ​នេះ​បាន​។ វា​មិន​ទាក់​ទង​សាច់ញាតិរបស់​ខ្ញុំ​ ឬ​ឪពុក​របស់​ខ្ញុំ​ឡើយ”។

លោក​​បាន​មាន​ប្រសាសន៍​​ថា ”​ខ្ញុំ​ត្រូវ​​​ប្រយ័ត្ន​ប្រយែង​ ពីព្រោះ​​នេះ​ជា​កន្លែង​ថ្មី​សម្រាប់​ខ្ញុំ។ ប៉ុន្តែ​ ខ្ញុំ​មាន​បទ​ពិសោធន៍​មួយ​ចំនួន​ទាក់​ទង​ទំនង​អន្តរជាតិ​ដូច​ជា ខ្ញុំ​បាន​សិក្សា​អំពី​ទ្រឹស្ដី ខ្ញុំ​មាន​បទ​ពិសោធន៍​ផ្នែក​រដ្ឋ បាល ជា​ពិសេស​ក្នុង​​​ទំនាក់​ទំនង​សាធារណៈ​ជាមួយ​សង្គម”។

​អ្នក​​​មុន​​​លោក​​​ដែល​​​​កាន់​តំណែងក្នុង​នាម​ជា​បេសកជន​កំពូល​ប្រចាំ​​ប្រទេស​កូរ៉េ​ខាង​ត្បូង​​​​បាន​​​ពីរ​​​ឆ្នាំ​​​ត្រូវ​បាន​​ចោទ​ប្រកាន់​ពីបទ​រំលោភអំណាច​ រួម​មាន​​​ទាំង​​​​ការ​ព្រមាន​ពី​លោក ហោ ណាំហុង ​អតីត​រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស​​រឿង​​បក្ខ​ពួកនិយម​ផង​​​ដែរ​​​។

​គណបក្ស​ប្រឆាំង​​ក៏​បាន​រិះគន់​លោក ស៊ុត ឌីណា ​ផងដែរ​ចំពោះ​ការ​ប្រើ​ប្រាស់​ស្ថានទូត​បម្រើ​ឱ្យ​ការ​ងារ​គណបក្ស​​ប្រជាជន​កម្ពុជា​ ហើយ​បាន​គំរាម​​​ពលករ​ចំណាក​ស្រុក​​ដែល​បាន​ចូល​រួម​​​ក្នុង​ការ​ជួបជុំ​គ្នា​របស់​គណបក្ស​សង្គ្រោះជាតិ​។

លោក ស៊ុត ឌីណា ដែល​មាន​បទ​ពិសោធន៍​ ដំបូង​ជា​សកម្មជន​និស្សិត និង​ជា​អ្នក​រិះគន់​រដ្ឋា​ភិបាល​ បាន​ចូល​រួម​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ក្នុង​ឆ្នាំ​២០០៩ ហើយ​ត្រូវ​បាន​តែង​តាំង​ ជា​អនុរដ្ឋលេខាធិការ​ក្រសួង​ការ​បរទេស។ លោក​បាន​ក្លាយ​ជា​ឯក​អគ្គរាជទូត​ប្រចាំ​ប្រទេស​កូរ៉េខាងត្បូង​ក្នុង​ឆ្នាំ​២០១៤។

លោក ឡុង ឌីម៉ង់ បាន​មាន​ប្រសាសន៍​ថា លោក​ត្រូវ​សិក្សា​ពី​ស្ថានភាពនោះ​​​ដោយ​ប្រុងប្រយ័ត្ន​មុន​ពេល​​ចូល​ប្រឡូក​ក្នុង​ឆាក​នយោបាយ។ លោក​បាន​ថ្លែង​ថា ”​នេះ​ជា​សមរភូមិ​នយោបាយ​ថ្មី​​សម្រាប់​ខ្ញុំ ដូច្នេះ​ខ្ញុំ​ត្រូវ​ការ​ពេល​ វេលា​ដើម្បី​សិក្សា ស្រាវជ្រាវ និង​ដោះ​ស្រាយ​បញ្ហា​ទាំង​នោះ​​​”។

លោក ជុំ សុន្ទរី អ្នក​នាំពាក្យ​ក្រសួង​ការ​បរទេស​មិន​អាច​ទាក់​ទង​បាន​ទេ​កាលពី​ម្សិល មិញ ប៉ុន្តែ​លោក​បាន​និយាយ​ការ​ពារ​ការ​តែង​តាំង​លោក ឡុង ឌីម៉ង់ នៅ​ក្នុង​បទ​សម្ភាសន៍​​ជាមួយ​​គេហ​ទំព័រ​​ព័ត៌មាន​​ Fresh News។

​លោក ជុំ​ សុន្ទរី ត្រូវ​បាន​ដក​ស្រង់​សម្ដី​ដែល​និយាយ​ថា “​ការ​ជ្រើស​រើស​លោក ឡុង ឌីម៉ង់ ជា​ឯកអគ្គរាជទូត​ប្រចាំ​ប្រទេស​កូរ៉េ​ខាង​ត្បូង​នេះ​ផ្អែក​តាម​គុណសម្បត្តិ​របស់​គាត់ ​មិន​មែន​ផ្អែក​លើ​ទំនាក់​ទំនង​គ្រួសារ​ ឬ​ហេតុ​ផលអ្វី​​ផ្សេង​ឡើយ​”។ លោក​បាន​បន្ថែម​ថា ការ​ងារ​របស់​គាត់​នៅ​សាលា​រាជធានី​បាន​ធ្វើ​ឲ្យគាត់​​រៀប​ចំ​ខ្លួន​សម្រាប់​ការ​ងារ​នេះ​។

លោក​ត្រូវ​បាន​ដក​ស្រង់​សម្តី​ទៀត​ថា “​គាត់​ មាន​បទពិសោធន៍​ក្នុង​ការ​​ទំនាក់​ទំនង​ជា​មួយ​ភ្ញៀវ​អន្តរជាតិ និង​គណៈប្រតិភូ​នៃ​ស្ថានទូត​នានា​ជាដើម​​”៕ សារុន​​​​​​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស