យោងតាមសេចក្តីប្រកាសព័ត៌មានឲ្យដឹងថា បន្ទាប់ពីចេញការព្រមានជាសាធារណៈនៅដើមខែនេះសម្រាប់ខេត្តកែបដោយសារកំណើនស្លែក្នុងទឹកតាមឆ្នេរ កាលពីថ្ងៃសុក្រ រដ្ឋាភិបាលបានដកបម្រាមបង្ការជាមុនលើការហែលទឹក នេសាទនិងបរិភោគអាហារសមុទ្រក្នុងខេត្តនេះ។
ទឹកសមុទ្រតាមឆ្នេរមានកំណើនស្លែច្រើន គឺជាបាតុភូតធម្មជាតិដែលកើតមានឡើងក្នុងតំបន់នោះរាល់ឆ្នាំ ដែលធ្វើឲ្យមានការព្រួយបារម្ភ នៅពេលដែលមួយផ្នែកនៃជីវិតងាប់ក្នុងសមុទ្របានចាប់ផ្តើមហូរមកច្រាំង។
ប៉ុន្តែបន្ទាប់ពីការធ្វើតេស្តទឹកពីប្រាំពីរតំបន់ដែលប៉ះពាល់ ក្រសួងបរិស្ថានបាននិយាយក្នុងសេចក្តីប្រកាសដែលចេញកាលពីថ្ងៃសុក្រថា ក្រសួងរកមិនឃើញភ័ស្តុតាងដែលថាការឡើងស្លែអាចធ្វើឲ្យគ្រោះថ្នាក់ដល់ជីវិតមនុស្សឬជីវិតសត្វសមុទ្រទេ។
សេចក្តីប្រកាសដដែលបានឲ្យដឹងថា “លទ្ធផលបង្ហាញថា គុណភាពទឹកនៅតំបន់រងផលប៉ះពាល់មិនមានជាតិពុលទេ”។
លោក កែន សត្ថា អភិបាលខេត្តកំពត បានមានប្រសាសន៍កាលពីថ្ងៃអាទិត្យថា ទឹកសមុទ្រតាមឆ្នេរគឺក្តៅប្លែកពីធម្មតា នៅពេលដែលការឡើងស្លែបានលេចឡើងដំបូងនៅថ្ងៃទី៣១ខែមីនា បណ្តាលឲ្យទឹកប្រែជាបៃតង ប៉ុន្តែទឹកសមុទ្រឡើងថ្លាវិញ ខណៈដែលធាតុអាកាសចុះត្រជាក់មកត្រឹមកម្រិតធម្មតា៣២អង្សា។
លោក សត្ថា បាននិយាយថា “នៅពេលនោះ សីតុណ្ហភាពខ្ពស់ណាស់ ដែលបានបង្កើនចំនួនប្លង់តុងក្នុងតំបន់ទឹករាក់ ធ្វើឲ្យខ្វះអុកស៊ីហ្សែនបណ្តាលឲ្យងាប់ជីវិតនៅក្នុងសមុទ្រ”។
លោកបានបន្ថែមថា ក្រុមមន្ត្រីខេត្តមានផែនការដោះស្រាយបញ្ហានេះនៅពេលខាងមុខ។
លោកបាននិយាយថា “នៅពេលណាការរីកសាយនៃសារាយលេចឡើង មន្ត្រីរបស់យើងនឹងបើកកាណូតកាត់វា ដើម្បីបំបែកវា ធ្វើដូច្នេះមិនមានការថយចុះអុកស៊ីហ្សែន ហើយជីវិតនៅក្នុងសមុទ្រមិនងាប់ទេ”។
លោក សត្ថា បាននិយាយបន្ថែមថា ជាធម្មតាភ្ញៀវទេសចរប្រហែល៥.០០០នាក់មកលេងកែបក្នុងមួយសប្តាហ៍ ប៉ុន្តែតួលេខនេះបានធ្លាក់ចុះក្រោម២.០០០នាក់កាលពីសប្តាហ៍មុន។
លោក ហេង សុធារិទ្ធ អ្នកគ្រប់គ្រងភោជនីយដ្ឋាន Holy Crab នៅផ្សារក្តាមខេត្តកែប បាននិយាយថា នៅពេលលោកបានឮដំបូងអំពីកំណើនជាតិពុលដែលអាចមាន លោកសម្រេចថានឹងបិទហាងមួយសប្តាហ៍ ប៉ុន្តែលោកបានបើកវិញកាលពីថ្ងៃសៅរ៍។
ទោះជាយ៉ាងនេះក្តី លោកបាននិយាយថា ការរកស៊ីមិនទាន់វិលមកភាពធម្មតាវិញទេ។
លោកបាននិយាយថា “តាមធម្មតាយើងមានមនុស្សប្រហែល២០ទៅ២៥នាក់ក្នុងមួយពេល ប៉ុន្តែថ្ងៃនេះយើងមានភ្ញៀវតែ៦នាក់ប៉ុណ្ណោះ”៕ និត