27 C
Phnom Penh

តំណាង​រាស្ត្រ​គណ​​​បក្ស​​​​​​​​​​​ប្រឆាំង​​​​​​ត្រូវ​​​​បាន​​​ចាប់​ខ្លួន ខណៈ​អភ័យ​​ឯក​​​សិទ្ធិ​រង​ការ​វាយ​ប្រហារ​​ធ្ងន់​​​​​​ធ្ងរ​​​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នគរ​បាល​បាន​ចាប់​ខ្លួន​លោក អ៊ុំ សំអាន តំណាង​រាស្ត្រ​គណបក្ស​ប្រឆាំង​​កាលព​​ី​​​​​​​រំលង​​​អាធ្រាត្រ​​​ឈាន​​​ចូល​​​ព្រឹក​ម្សិលមិញ​នៅ​ក្រុង​សៀមរាប ទាក់​​​​​​​​​​​​ទិន​​​​​​​​​ការ​តស៊ូ​​មតិ​របស់​លោក​ប្រឆាំង​ការ​ទន្ទ្រាន​ចូល​ព្រំដែន​​​​​ពី​សំណាក់​វៀតណាម​ ហើយ​​​​​​​​​នេះ​​​​​​​​​ឆ្លុះ​​​​​​បញ្ចាំង​​​​​​ពី​​​​​​​​​ការ​​​បំផ្លាញ​​​​​​​​​​ការ​ការ​ពារ​​ដោយ​រដ្ឋធម្មនុញ្ញ​ដែល​ហាម​ប្រាម​ការ​ចាប់​ខ្លួន​តំណាង​រាស្ត្រ​ដោយ​គ្មាន​ការ​យល់​ព្រម​​ពី​រដ្ឋសភា​​​។

លោក អ៊ុំ សំអាន ដែល​​​ជា​អ្នក​ផ្ដើម​គំនិត​មួយ​រូប​​​​​​នៃ​​​​យុទ្ធនាការ​មួយ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​​កាលពី​ឆ្នាំ​មុន ដើម្បី​ធ្វើ​​ឲ្យ​រដ្ឋា​ភិបាល​​អាម៉ាស់​មុខ​​​​​​ចំពោះ​​​​ការ​​​​បណ្តែត​​​​​​បណ្ដោយ​​​ឲ្យ​​ជន​ស៊ីវិល​ និង​ទាហាន​វៀតណាម​ អះ​អាង​​​​​​​សិទ្ធិ​កាន់​កាប់​អធិបតេយ្យ​របស់​កម្ពុជា ​តាម​តែ​​​​​​អំពើ​ចិត្ត​​​​នោះ ត្រូវ​បាន​ចាប់​ខ្លួន​​ប៉ុន្មាន​ម៉ោង​បន្ទាប់ពី​វិល​ត្រឡប់ពី​ការ​​និរទេស​ខ្លួន​នៅ​សហរដ្ឋអាមេរិក និង​អឺរ៉ុប។

​​​យោង​​​​​តាម​​​ការ​​​​​​​​​លើក​​​ឡើង​​​​​​​​​​​​​​​​​​​របស់​​​លោក ជិន ម៉ាលីន ​អ្នក​នាំពាក្យ​​ក្រសួង​យុត្តិធម៌ ឲ្យដឹងថា ក្រោម​ការ​បក​ស្រាយ​​ដ៏ទូលំទូលាយ​​​​​​នៃ​​​មាត្រា​មួយ​ក្នុង​រដ្ឋធម្មនុញ្ញ​​​ដែល​អនុញ្ញាត​ឲ្យ​​ចាប់​ខ្លួន​តំណាង​រាស្ត្រ​​នៅ​ពេល​កំពុង​ប្រព្រឹត្ត​បទ​ល្មើស​ដែល​គេ​ហៅ​ថា ”បទ​ល្មើស​ជាក់​ស្ដែង”​ លោក​ត្រូវ​បាន​ចាប់​ខ្លួន​​​ពាក់​​​ព័ន្ធ​​​​​​សារ​​​បង្ហោះ​​​​​​​តាម​​​ហ្វេសប៊ុក​ដែល​លោក​សរសេរ​​​កាលពី​​ឆ្នាំ​មុន​។​

​​​​​​​អ្នក​​​នាំ​​​ពាក្យ​​​​​​​​​រូប​​​នេះ​​​​​​មាន​​​​​​​​​ប្រសាសន៍​​​​តាម​ទូរស័ព្ទ​កាលពី​ម្សិលមិញ​ថា ”​យើង​ចាប់​ខ្លួន​គាត់​ពីបទ​រើស​អើង​​​ការ​​​​ប្រើ​ប្រាស់​ផែនទី​​ក្លែង​ក្លាយ និង​បទ​ញុះញង់​​ដែល​បង្ក​អសន្តិ​សុខ​​​​​ក្នុង​សង្គម​។ នគរ​បាល​​​មើល​​​​​​​ឃើញ​​​​​​​​​​ថា ទាំង​

នេះ​ជា​​​​​​​បទ​ល្មើស​ ដូច្នេះហើយ​​​​គេ​ក៏​ចាប់​ខ្លួន​គាត់​យក​ទៅ​សាកសួរ។ គេ​នឹង​បញ្ជូន​សំណុំ​រឿង​នេះ​ទៅ​តុលាការ​ ហើយព្រះ​រាជអាជ្ញា​នឹង​ចោទ​ប្រកាន់​គាត់​​យោង​ទៅ​លើ​បទល្មើស​​​​​ទាំង​នេះ​”។

លោក អ៊ុំ សំអាន តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវ​សមត្ថកិច្ច​ចាប់​ក្រៀក​​ចេញពី​ក្រសួង​មហាផ្ទៃ​កាលពី​ម្សិល​មិញ បន្ទាប់ពី​ត្រូវ​ឃាត់​ខ្លួន​នៅ​ក្រុង​សៀមរាប​ នៅ​ពេល​​រំលង​អធ្រាត្រ។ រូបថតៈ Thmey Thmey
លោក អ៊ុំ សំអាន តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវ​សមត្ថកិច្ច​ចាប់​ក្រៀក​​ចេញពី​ក្រសួង​មហាផ្ទៃ​កាលពី​ម្សិល​មិញ បន្ទាប់ពី​ត្រូវ​ឃាត់​ខ្លួន​នៅ​ក្រុង​សៀមរាប​ នៅ​ពេល​​រំលង​អធ្រាត្រ។ រូបថតៈ Fresh News

លោក​បាន​បន្ថែម​ថា លោក អ៊ុំ សំអាន កំពុង​​​​​​​​​​​​ជាប់​​​ឃុំ​​​នៅ​ក្រសួង​មហាផ្ទៃ​។ “គាត់​នឹង​ត្រូវ​បញ្ជូន​ខ្លួន​ទៅ​តុលាការ​​​នៅ​​​​​​​​​​​​ថ្ងៃ​​​​​​​​​​​​ស្អែក​​​​”។

​​​​​​ទោះ​​​​​​ជា​​​​​​​​​​​​យ៉ាង​​​ណា កាលពី​រសៀល​ម្សិល​មិញ លោក អ៊ុំ សំអាន ក៏​ត្រូវ​បាន​​​​​​​​​បញ្ជូន​​​​​​​​​​​​​​​ខ្លួន​​​ពី​ក្រសួង​ទៅ​​សាលា​ដំបូង​រាជធានី​​​ផង​​​ដែរ​​​ដើម្បី​​ធ្វើការ​សាកសួរ ហើយ​​​​បាន​​​​​​​​​​​​​​​​​ឆ្លៀត​​​​​​ឱកាស​​នេះ​​ដើម្បី​អំពាវនាវ​ទៅ​ដល់​អ្នក​កាសែត​។ លោក​​​​ថ្លែង​ថា “នេះ​ជា​រឿង​​​​ក្តីអយុត្តិធម៌។ ខ្ញុំ​ត្រូវ​បាន​​​​ចោទ​ប្រកាន់​ពីបទ​ញុះញង់ និង​បង្ក​ចលា​ចល​ក្នុង​សង្គម​”។

លោក ជិន ម៉ាលីន​​​មាន​​​​​​​​​ប្រសាសន៍​​​​​​​​​​​​ថា ​សារ​​​​​​បង្ក​​​​​​ហេតុ​​​​​​ដែល​​​​​​លោក អ៊ុំ​​ សំអាន ​​​បាន​​​បង្ហោះ​​​​​​​​​​ជា​​​​​​សាធារណៈ​​​តាម​​​​​​​​​​​​​​​​​​​​​ហ្វេស​​​ប៊ុក​​​ពី​​​សហ​​​រដ្ឋ​​​​​​​អាមេរិក ​​​កាល​​ពី​​​ឆ្នាំ​​​មុន ដែល​​​បាន​​​​​​​​​ចោទ​​​​​​ប្រកាន់​​​ថា​​​​​​គណ​​​បក្ស​​​ប្រជា​​​ជន​​​កម្ពុជា​​​ថា​​​ឃុប​​​ឃិត​​​​​​​​​​​​ឲ្យ​​​វៀតណាម ចូល​​​លុក​​​លុយ​​​កម្ពុជាចូល​​​លុក​​​លុយ​​​កម្ពុជា​​​ និង​​​ដែល​ត្រូវ​​​បាន​​​ប្រព័ន្ធ​ផ្សព្វ​​​ផ្សាយ​​​ចុះ​​​ផ្សាយ​​​ព្រោង​​​ព្រាត​​​ បាន​​​ធ្វើ​​​ឲ្យ​​​ករណី​​​របស់​​​គាត់​​​ក្លាយ​ជា​បទ​ល្មើស​ជាក់​​​ស្តែង​​​។​​

លោក​បាន​គូស​បញ្ជាក់​ថា “​ខ្ញុំ​ផ្ដល់​ឧទាហរណ៍​​​មួយ​ថា បើ​លោក អ៊ុំ សំអាន សម្លាប់​មនុស្ស​ម្នាក់​ ហើយ​​រត់គេច​ខ្លួន​ ប៉ុន្តែ​ក្រោយ​មក​ត្រឡប់​មក​​​វិញ នគរ​បាល​អាច​ចាប់​ខ្លួន​​គាត់​បាន​ ដោយ​សារ​តែ​គាត់​បាន​ប្រព្រឹត្ត​បទល្មើស​ជាក់​ស្ដែង ហើយ​គេ​គ្រប់គ្នា​ដឹង​ថា​​គាត់​​​​បាន​​​​​​ធ្វើ​​​​​​​​​វា​​​​​ពីមុន។ ​អ្វី​ដែល​គាត់​បាន​ធ្វើ​កាល​​​ពី​​​​ឆ្នាំ​២០១៥ គឺ​ចាត់​ទុក​ជា​បទល្មើសជាក់​ស្ដែង។ ទោះ​បី​ជា​វា​កើត​​​​ឡើង​​កន្លង​ហួសទៅ​​​​ហើយ​ក្ដី វា​ក៏​​​នៅ​តែ​ចាត់​ទុក​ជា​បទល្មើស​ជាក់​ស្ដែង​​ដដែល បើ​គិត​ពី​​​​ទិដ្ឋ​​​ភាព​​​​​​ផ្លូវ​ច្បាប់ និង​បច្ចេកទេស​”។

គេ​មិន​ច្បាស់​ថា តើ​សារ​ជាច្រើន​ដែល​លោក អ៊ុំ សំអាន បាន​បង្ហោះ​តាម​ហ្វេសប៊ុក​​​​បាន​​​​​​​បំពាន​​ច្បាប់​ឬ​យ៉ាង​ណា​ទេ ប៉ុន្តែ​​​​កាល​​​ពី​​​​​​ឆ្នាំ​​​​​​មុន​​​តំណាង​រាស្ត្រ​រូប​នេះ​បាន​បន្ត​ចោទ​ប្រកាន់​គណបក្ស​ប្រជាជន​កម្ពុជា ថា​​​ប្រើ​ប្រាស់​ផែនទី​​​​​​ព្រំ​​​ដែន​ក្លែង​ក្លាយ​ក្រោយ​ថ្ងៃ​ទី២១ ខែ​សីហា ជា​ពេល​ដែល​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ព្រមាន​ថា ការ​អះអាង​បែប​នេះ​អាច​នឹង​ឈាន​ដល់​ការ​ចាប់​ខ្លួន​។

ជា​ញឹកញាប់​តំណាង​រាស្ត្រ​រូប​នេះក៏​​​​បាន​បង្ហោះ​ដែរ​​​​​​នូវ​​​អ្វី​ដែល​លោក​និយាយ​ថាជា​​​​​​​ផែន​​​​​​ទី​​​​បារាំង ត្រឹម​​​​​​ត្រូវ​​​ដែល​​​បង្ហាញ​​​ពី​​ព្រំដែន​​​​​​ភាគឦសាន​​​​​​​របស់​​​កម្ពុជា ជាមួយ​​​​វៀតណាម ​ដែល​រដ្ឋធម្មនុញ្ញ​ទទួល​​​ស្គាល់​​​ គឺ​ជា​​​​អ្វីដែល​អាច​​​​​​​គេ​​​ប្រើ​ប្រាស់​បាន​សម្រាប់​ការ​​កំណត់​ព្រំដែន​។

លោក អ៊ុំ សំអាន បាន​សរសេរ​កាលពី​ខែ​កញ្ញា​​​​​​​ថា “ខ្ញុំ​​​​​​និយាយ​​​​​​ថា ផែន​​​ទី​​​របស់​​​​​​​​​រដ្ឋាភិបាល​​​ខុស​​​​​​ច្បាប់ ព្រោះ​​​ផែន​​​​​ទីទាំង​​​នោះ​​​ខុស​​​​​​ពី​​​​​​​​​​​​​​​ផែន​​​​​ទី​​​​ដែល​​​មាន​​​​​​ចែង​​​​​​​​​​​​​ក្នុង​​​មាត្រា២ នៃ​​​​​​​​​រដ្ឋធម្មនុញ្ញ” ​​​ដោយ​​​​​​​​​​​​​​​​​​ហៅ​​​ផែនទី​​ព្រំដែន​កម្ពុជា​-វៀត​ណាម​​​​​​​ដែល​​​​​​​​​​​​​​​​​​​​​លោក ហ៊ុន សែន មាន​​​ថាជា​ “​មរតក​បន្សល់​​​​ទុក​​​ពី​យួន​នៅ​​​ទស​​​វត្សរ៍​​​​​​​ឆ្នាំ​១៩៨០”។

“យួន​” គឺ​ជា​ពាក្យ​​​ហៅ​​​​​​សំដៅ​លើ​​​​​ជនជាតិ​វៀតណាម ​​ដែល​​​​​​មនុស្ស​​​​​​​​​ជា​​​​​​​​​​​​ច្រើន​​​​​​​​​​​​យល់​​​ថា​​​ជា​​​​​​ការ​​​ប្រមាថ ប៉ុន្តែ​​​​​​ត្រូវ​​​បាន​​​​​​ប្រើ​​​ប្រាស់​​​​​​​ជាញឹក​​​ញាប់​​​ដោយ​គណបក្ស​ប្រឆាំង​ដែល​ជាយូរ​មក​​​​​ហើយ​តែង​តែ​ព្យាយាម​កេង​ចំណេញ​ពី​​​​ការ​​​​ពិត​ដែល​វៀតណាម ​​​បាន​លើក​បន្តុប​លោក ហ៊ុន សែន និង​រដ្ឋាភិបាល​របស់​​​​​​​​​លោក​​​​​​​​​ឲ្យ​​​​​​ឡើង​​​​​​​​​​​​​កាន់​អំណាច​​​អំឡុង​​​​​​​​​​​យោធា​​​​​​វៀតណាមត្រួត​​​ត្រា​​​​​​កម្ពុជាពីឆ្នាំ​១៩៧៩​ដល់​ឆ្នាំ​១៩៨៩។

យោង​​​តាម​​​លោក ហួត សុធី ស្នង​​​ការ​​​​​​​​​រង​​​ខេត្ត​​​​​​សៀម​​​រាប បាន​​​ឲ្យ​​​​​​ដឹង​​​ថា លោក អ៊ុំ សំអាន ​​​​​​​ត្រូវ​​​​​​​​​បាន​​ចាប់​ខ្លួន​កាលពី​ម្សិលមិញ​ដែល​ធ្វើ​ឡើង​២​ខែ​​​​​​បន្ទាប់​​​​​​ពី​​​​​​​​​រង​​​​​​​​​​​​​​​ការ​​​​​​​​​​​​​​​​​​​​​ប្រកាន់ថា​​​លោក​​​​​​ប្រព្រឹត្ត​​​បទ​​​ល្មើស ហើយ​​​​​​​​​ការ​​​​​​​​​ចាប់​​​​​​​​​ខ្លួន​​​​​​​ខណៈ​គាត់​​​​កំពុង​​​ដក​ប្រាក់​ពី​ទូអេធីអឹម​​​នេះ បង្ក​ឲ្យ​មាន​ការ​ចោទ​សួរ​កាន់​តែ​ច្រើន​អំពី​អនាគត​​​នៃ​​​​​​​​​​អភ័យ​​​​​​ឯក​​​សិទ្ធិ​​​​​​​​ដែល​​​​​​ផ្តល់​​​​​​ជូន​​​​​តំណាង​​​រាស្ត្រ​​​​។

អភ័យឯកសិទ្ធិ​​ផ្ដល់​ឲ្យ​តំណាង​រាស្ត្រ​ជាប់​ឆ្នោត​ទាំង​អស់​​តាម​មាត្រា​៨០​នៃ​រដ្ឋធម្មនុញ្ញ​​ចែង​ថា “ការ​ចោទ​ប្រកាន់ ការ​ចាប់​ខ្លួន ការ​ឃាត់​ខ្លួន ឬ​ការ​ឃុំខ្លួន​សមាជិក​ណាមួយ​នៃ​រដ្ឋ​សភា​​នឹង​អាច​ធ្វើ​ទៅ​កើត​លុះ​ត្រា​តែ​មាន​ការ​យល់​ព្រម​ពី​រដ្ឋសភា​…​វៀរ​លែងតែ​​ក្នុង​ករណី​បទ​ល្មើស​ព្រហ្មទណ្ឌ​ជាក់​ស្ដែង”។

សំឡេង​ភាគច្រើន​ពីរ​ភាគបី​ក្នុង​រដ្ឋសភា​​ត្រូវ​​​ការ​ចាំបាច់​​ដើម្បី​ដក​អភ័យឯកសិទ្ធិ​តំណាង​រាស្ត្រ ជា​នីតិវិធី​មួយ​ដែល​គណបក្ស​ប្រជាជន​កម្ពុជា​​បាន​ទទួល​ប្រយោជន៍​ពេញលេញ​ក្នុង​អាណត្តិ​កន្លង​មក ដើម្បី​ដាក់​ពន្ធនាគារ​តំណាង​​​រាស្ត្រ​​គណបក្ស​ប្រឆាំង។ ប៉ុន្តែ​គណបក្ស​ប្រជា​​​ជន​កម្ពុជា​ចាប់​តាំង​ពី​ការ​បោះ​ឆ្នោត​ឆ្នាំ​២០១៣​​​​​មក មិន​មាន​សំឡេង​​ភាគច្រើន​បែប​នេះ​ទេ។

លោក គល់ បញ្ញា នាយក​ប្រតិបត្តិ​​នៃ​គណៈ​​កម្មាធិការ​ដើម្បី​ការ​បោះ​ឆ្នោត​​ដោយ​សេរី និង​យុត្តិធម៌​នៅ​កម្ពុជា បាន​និយាយ​ថា ការ​បក​ស្រាយ​ទូលំទូលាយ​​នូវ​ពាក្យ​ “បទល្មើស​ជាក់​ស្ដែង” ​ដែល​ត្រូវ​គេ​ប្រើ​ដើម្បី​ចាប់​ខ្លួន​លោក អ៊ុំ សំអាន ទាក់​ទិន​ទៅ​នឹង​ការ​បង្ហោះ​តាម​អុីន​​​ធឺណិត​​៦​ខែ​មក​ហើយ បាន​ធ្វើ​ឲ្យ​ការ​ការ​ពារ​ដែល​ ផ្ដល់​ដោយ​មាត្រា​៨០​​គ្មាន​ន័យ​​ជា​សំខាន់។

លោក គល់ បញ្ញា ​និយាយ​ថា “រដ្ឋធម្មនុញ្ញ​លែង​បាន​ការ​ហើយ​ពេល​​នេះ ពាក់​ព័ន្ធ​ការ​ការ​ពារ​តាម​ផ្លូវ​ច្បាប់​របស់​ខ្លួន​​ចំពោះ​​សមាជិក​រដ្ឋសភា​គឺ​មិន​បាន​ការ​។ រដ្ឋាភិបាល​ឥឡូវ​នេះ​​អាច​បន្ត​​ការ​ចាប់​ខ្លួន​សមាជិក​​រដ្ឋសភា​តាម​ដែល​ខ្លួន​ចង់”។

លោក​បាន​​និយាយ​ថា ”រដ្ឋសភា​​ត្រូវ​តែ​ចាត់​​​វិធានការ​​ជា​បន្ទាន់​ និង​សួរ​រដ្ឋាភិបាល​​ហេតុ​អ្វី​ពួកគេ​រំលោភ​រដ្ឋធម្មនុញ្ញ។ គេ​អាច​ស្នើ​ញត្តិ​មួយ​ដើម្បី​សួរ​រដ្ឋាភិបាល​​ឲ្យ​ពន្យល់​មូលហេតុ​ដែល​ពួកគេ​បាន​ធ្វើ​ដូច​នេះ”។

ទោះ​ជា​យ៉ាង​នេះ​ក្ដី លោក ឡេង ប៉េងឡុង ​​អ្នកនាំពាក្យ​រដ្ឋសភា និង​ជា​អគ្គលេខាធិការ​​ជើង​ចាស់ បាន​និយាយ​ថា លោក​​បាន​យល់​ព្រម​​ឲ្យ​ចាប់​ខ្លួន​លោក​​ សំអាន លើ​ហេតុផល​​នៃ​ចរិត​គឃ្លើន​យ៉ាង​ច្បាស់​​​នៃ​ការ​បង្ហោះ​តាម​​​​​អុីនធឺណិត​​របស់​គាត់។

លោក ឡេង ប៉េងឡុង បាន​និយាយ​ថា “ខ្ញុំ​មិន​​ទាន់​បាន​ទទួល​​របាយការណ៍​ណា​មួយ​ពី​សមត្ថកិច្ច​​​នៅ​ឡើយ ប៉ុន្តែ​ខ្ញុំ​គិត​ថា សមត្ថកិច្ច​ប្រហែល​មាន​ភ័ស្តុតាង​គ្រប់គ្រាន់​ដើម្បី​ចាប់​ខ្លួន​លោក អ៊ុំ សំអាន។ ខ្ញុំ​គិត​ថា ការ​ចាប់​ខ្លួន​នេះ​​មិន​ល្មើស​ច្បាប់​ទេ ពីព្រោះ​លោក អ៊ុំ សំអាន បាន​ប្រព្រឹត្ត​បទល្មើស​ជាក់​ស្ដែង”។ ​​​

​នេះ​មិន​មែនជា​លើក​ដំបូង​ទេ​ដែល​តំណាង​​​​រាស្ត្រ​មួយ​រូប​ត្រូវ​បាន​ចាប់​ខ្លួន បើ​ទោះ​ជា​មាន​​​​​​អភ័យឯកសិទ្ធិ​របស់​ខ្លួន​ក៏ដោយ។ តាម​បញ្ជា​របស់​លោក ហ៊ុន សែន កាលពី​ខែ​សីហា សមា​​​​ជិក​ព្រឹទ្ធសភា​គណបក្ស​ប្រឆាំង គឺ​លោក ហុង​ សុខហួរ ត្រូវ​បាន​​គេ​ចាប់​ដាក់​ពន្ធនាគារ​​ពី​បទ​ក្លែង​ឯកសារ និង​ញុះញង់​ទាក់​ទិន​នឹង​សន្ធិ​សញ្ញា​​​ព្រំដែន​​ក្លែង​ក្លាយ​ជាមួយ​ប្រទេស​វៀត​ណាម ​​ដែល​គាត់​ប្រើ​​ក្នុង​បទ​បង្ហាញ​ដែល​បាន​បង្ហោះ​​​​តាម​ហ្វេសប៊ុក។

នៅ​ពេល​ដែល​គណបក្ស​ប្រជាជន​កម្ពុជា​​មាន​សំឡេង​ពីរ​ភាគបី​ចាំបាច់​​ក្នុង​ព្រឹទ្ធសភា ដើម្បី​ដក​អភ័យ​ឯកសិទ្ធិ​របស់​លោក ហុង សុខហួរ សមាជិក​ព្រឹទ្ធសភា​របស់​គណបក្ស​​កាន់​អំណាច​នេះ​បាន​ជួប​ប្រជុំ ហើយ​បាន​សម្រេច​មិន​​ដក​អភ័យ​ឯកសិទ្ធិ​គាត់ទេ ដោយ​លើក​ឡើង​​នូវ​វីដេអូ​ដែលគេ​លុប​ចោល​នៅ​ពេល​នោះ ថា​ជា​​ករណី​នៃ “បទល្មើស​ជាក់​ស្ដែង” ដែល​​​អនុញ្ញាត​​ឲ្យ​ដាក់​ពន្ធនាគារ​រូប​គាត់​ដដែល។

កាលពី​ម្សិលមិញ ភាព​ស្រដៀង​គ្នា​រវាង​ករណី​ទាំង​ពីរ​គឺ​ច្បាស់​លាស់​ដដែល​ចំពោះ​លោក​ ខៀវ សុភ័គ អ្នក​នាំពាក្យ​ក្រសួង​មហា​ផ្ទៃ​​​ដែល​បាន​លើក​ឡើង​​ដើម​ចម​នៃ​ការ​ចាប់​ខ្លួន​លោក ហុង សុខហួរ ក្នុង​ការ​ការ​ពារ​ការ​ចាប់​ខ្លួន​លោក អ៊ុំ សំអាន។

លោក​​និយាយ​ថា “ករណី​​លោក អ៊ុំ សំអាន ​មិន​ខុសគ្នា​ពី​ករណី​លោក ហុង សុខហួរ ទេ ពីព្រោះ​គាត់​បាន​រិះគន់​រដ្ឋាភិបាល​​អំពី​ការ​លក់​ដី​​ឲ្យ​វៀតណាម ហើយ​គាត់​ក៏​បាន​រិះគន់​រដ្ឋាភិបាល​​ថា​បាន​ប្រើ​ផែនទី​ក្លែងក្លាយ​ដែរ”។

នៅ​ពេល​ដែល​ក្រុម​មន្ត្រី​បាន​​ទទួល​យក​ការ​បក​ស្រាយ​ទូលំទូលាយ​​នៃ​ពាក្យ “បទ​ល្មើស​​​ជាក់​ស្ដែង” លោក ហ៊ុន សែន បាន​​បញ្ចេញ​ទស្សនៈ​តិច​តួច​​អំពី​​អភ័យ​ឯកសិទ្ធិ​សភា​​ ដោយ​​​​​លោក​បាន​ព្រមាន​ថា តំណាង​រាស្ត្រ​​គណបក្ស​សង្គ្រោះ​​ជាតិ​​ប្រាំពីរ​រូប​ផ្សេង​​ទៀត​​ដែល​ជាប់​ចោទ​ពីបទ​ “ដឹកនាំ​កុបកម្ម” មុន​ពេល​ទទួល​អាសនៈ​របស់​ខ្លួន​​នៅ​ខែ​សីហា​ឆ្នាំ​២០១៤ ​​​​អាច​ជាប់​ពន្ធនាគារ។

លោក ហ៊ុន សែន បាន​និយាយ​ក្នុង​សុន្ទរ​កថា​​​​​​​​នៅ​ខែ​មករា​ឆ្នាំ​២០១៥​ថា “​តំណាង​រាស្ត្រ​​​ប្រាំពីរ​រូប​នោះ​នឹង​នៅ​តែ​ជាប់​ពន្ធនាគារ ព្រោះ​​​អ្នក​ឯង​បាន​ទទួល​អភ័យ​ឯកសិទ្ធិ​​បន្ទាប់ពី​​អ្នក​ឯង​ត្រូវ​រង​ការ​ចោទ​ប្រកាន់”។ សូម​សិក្សា​ច្បាប់​​​មើល​ទៅ។ ខាង​អ្នក​ឯង​ចេះ​ច្បាប់ ហើយ​ខាង​​​​​យើង​ក៏​ចេះ​ច្បាប់​ដែរ”។

លោក សម រង្ស៊ី មេដឹកនាំ​គណបក្ស​ប្រឆាំង ដែល​​លោក​ខ្លួន​ឯង​​​ឥឡូវ​នេះ​​​កំពុង​រស់​នៅ​និរទេស​ដោយ​ខ្លួន​ឯង​នៅ​ប្រទេស​បារាំង ដើម្បី​​​គេច​ចេញពី​ការ​ចោទ​ប្រកាន់​ និង​ទោស​​​​កាន់​​​តែ​ច្រើន​ឡើង​មិន​ធ្លាប់​មាន​ពីមុន​មក បាន ​និយាយ​​​​​​កាលពី​ម្សិលមិញ​ថា ការ​ចាប់​ខ្លួន​លោក​ ​​​អ៊ុំ សំអាន គឺ​ជា​សញ្ញា​អាក្រក់​មួយ​ចំពោះ​ការ​បោះ​ឆ្នោត​ឃុំ-សង្កាត់​ឆ្នាំ​២០១៧ និង​ការ​បោះ​​​​ឆ្នោត​ជាតិ​ឆ្នាំ​២០១៨​ដែល​ជិត​មក​ដល់។

លោក សម រង្ស៊ី បាន​សរសេរ​ក្នុង​អុីម៉េល​មួយ​ពី​ទីក្រុង​ប៉ារីស​ថា ”ការ​ចាប់​ខ្លួន​នេះ​​ឲ្យ​ប្រផ្នូល​អាក្រក់​ចំពោះ​បរិយាកាស​ជុំវិញ​ការ​បោះ​ឆ្នោត​ដែល​ជិត​មក​ដល់​។​វា​ជា​ការ​ព្រមាន​​​​​ដល់​​អ្នក​ដែល​ទន្ទឹង​រង់ចាំ​​ការ​បោះ​ឆ្នោត​​ដែល​អាច​ទទួល​យក​បាន​នៅ​ឆ្នាំ​២០១៧​និង​២០១៨ ក្នុង​នោះ​មាន​សហគមន៍​អន្តរជាតិ​ផង”៕ សុខុម និង និត

 

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស