យោងតាមនគរបាលបានឲ្យដឹងថា ស្ត្រីម្នាក់ដែលបានតដៃចំពោះការប៉ុនប៉ងចាប់រំលោភក្នុងខេត្តក្រចេះកាលពីយប់ថ្ងៃសៅរ៍ ត្រូវបានជនដៃដល់់សម្លាប់ ក្នុងអ្វីដែលយ៉ាងហោចណាស់ជាករណីមនុស្សឃាតលើទី៥ទាក់ទិនការចាប់រំលោភដែលអាជ្ញាធរបានកំណត់អត្តសញ្ញាណនៅឆ្នាំនេះ។
យោងតាមលោក ហួត លឹមហេង នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបានឲ្យដឹងថា សោម ចិន្តា អាយុ២៣ឆ្នាំត្រូវបានឈ្មោះ ចិត្រ ចាន់រិទ្ធ អាយុ១៩ឆ្នាំជាកម្មករឡឥដ្ឋប៉ងចាប់រំលោភ ខណៈពេលនាងកំពុងដើរចេញពីផ្ទះទៅកាន់តូបលក់ DVD មួយក្នុងស្រុកចិត្របុរី នៅម៉ោងប្រហែល៨យប់ថ្ងៃសៅរ៍។
លោក លឹមហេង បានថ្លែងថា “ជនសង្ស័យ ូបនេះបានប៉ុនប៉ងរំលោភ ខណៈនាងកំពុងដើេរតាមផ្លូវ”។ លោកបានបន្ថែមថា នៅពេលស្ត្រីរូបនេះព្យាយាមតដៃដោយក្រចៅមុខ និងខ្លួនរបស់ខ្លួន ជននេះមានកំហឹង ហើយវាយនាងរហូតដល់សន្លប់តែម្តង។
លោកបានថ្លែងថា “ជនសង្ស័យបានអូសសាកសពទៅកាន់ស្រះទឹកមួយ ប៉ុន្តែ ជននេះខ្លាចនាងនៅរស់ ក៏បានមួលកមុនពេលគ្រវែងសាកសពចូលក្នុងស្រះទឹក”។
នាយការិយាល័យនគរបាលរូបនេះបានមានប្រសាសន៍ថា សាកសពត្រូវបានរកឃើញ កាលពីព្រឹកថ្ងៃច័ន្ទនៅក្នុងស្រះទឹកទី ដែលកម្មករឡឥដ្ឋបានបូមទឹកយកទៅប្រើសម្រាប់អាជីវកម្មរបស់ខ្លួន។
លោក ស្រើ ជាលី អធិការរងនគរបាលស្រុកបានមានប្រសាសន៍ថា ក្រោយមកក្រុមសើុបអង្កេតបានស្វែងរកក្រុមជនសង្ស័យជាច្រើនទៀតរហូតដល់កម្មករដែលធ្វើការនៅឡឥដ្ឋក្បែរកន្លែងរកឃើញសាកសព ហើយបានកំណត់អត្តសញ្ញាណ ចាន់រិទ្ធ ថាជាជនដៃដល់ក្រោយពីកត់សម្គាល់ឃើញមានស្នាមក្រចៅលើដងខ្លួនជននេះ។
លោក ជាលី បានមានប្រសាសន៍ថា “ជនសង្ស័យរូបនេះសារភាពថា ពិតជាបានសម្លាប់ ជនរងគ្រោះមែន។ ជននេះបានវាយជនរងគ្រោះរហូតសន្លប់ ហើយបានយករបាដែកសង្កត់ក ហើយរឹតសម្លាប់តែម្តង”។
លោក ឌិន សីុវុទ្ធី ប្រធានសាលាដំបូងខេត្ត ក្រចេះបានមានប្រសាសន៍ថា មន្ត្រីតុលាការនឹងធ្វើការចោទប្រកាន់ ចាន់រិទ្ធ នៅថ្ងៃនេះ។
បទឧក្រិដ្ឋដ៏សាហាវនេះកត់សម្គាល់ឱ្យឃើញយ៉ាងហោចណាស់ជាលើកទី៥ហើយដែលជនរងគ្រោះដោយការចាប់រំលោភ ត្រូវបានជនដៃដល់សម្លាប់។
លោកស្រី រស់ សុភាព អ្នកតស៊ូមតិសិទ្ធិស្ត្រីដ៏ឆ្នើមមួយរូបបានមានប្រសាសន៍ថា លោក ស្រីជឿថា បទឧក្រិដ្ឋមកលើស្ត្រីកាន់តែសាហាវទៅក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ។
លោកស្រីថ្លែងថា “ខ្ញុំគិតថា វាសាហាវ ជាងពីមុន ប្រសិនបើខ្ញុំប្រៀបធៀបទៅ១០ឆ្នាំមុន”។ លោកស្រីបានមានប្រសាសន៍ថា កង្វះការគោរពដល់ប្រព័ន្ធតុលាការបណ្តាលឲ្យក្រុមជនដៃដល់សម្លាប់ជនរងគ្រោះ។
លោកស្រីបានមានប្រសាសន៍ថា “នៅពេលប្រជាពលរដ្ឋមិនជឿជាក់លើតុលាការជនដៃដល់គិតថា គ្មានបញ្ហាទេក្នុងការប្រព្រឹត្ត បទឧក្រិដ្ឋ ពួកគេជឿថា ពួកគេនឹងគ្មានបញ្ហាឡើយ”៕ សារុន (រាយការណ៍បន្ថែមដោយ Taylor O’Connell)