29.3 C
Phnom Penh

ហ៊ុន ម៉ាណែត​​​ ត្រូវ​​​គេ​​​ប្តឹង​​​នៅ​​​​​អាមេរិក​​​ពី​​​បទ​​​ធ្វើ​​​ទារុណកម្ម​​​និង​​​ភេរវកម្ម​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោក មាជ សុវណ្ណារ៉ា មន្ត្រី​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​​​​ដែល​​​កំពុង​​​ជាប់​​​ពន្ធនាគារបាន​​​ដាក់​​​ពាក្យ​​​បណ្តឹង​​​​​​ក្នុង​​​តុលាការ​​​សហព័ន្ធ​​​សហរដ្ឋ​​​អា​​​មេរិក​​​​​​ប្រឆាំង​​​នឹង​​​​​​កូន​​​ប្រុស​​​ច្បង​​​លោក​​​នាយក​​​រដ្ឋ​​​មន្ត្រី ហ៊ុន សែន គឺ​​​លោក ហ៊ុន ម៉ាណែត និង​​​រដ្ឋា​​​ភិបាល​​​កម្ពុជា ដោយ​​​ចោទ​​​ពួក​​​គេ​​​ថា​​​ប្រព្រឹត្ត​​​”ភេរវកម្ម” និង​​​”​​​​​​​​​​​​ធ្វើ​​​ទារុណកម្ម​​​តាម​​​រយៈ​​​​​​ការ​​​ឃុំ​​​ខ្លួន​​​​​​ដោយ​​​ស្រេច​​​តែ​​​អំពើ​​​ចិត្ត​​​ ក្រៅ​​​ច្បាប់ និង​​​​​​រយៈ​​​ពេល​​​យូរ”។

ឧត្តម​​​សេនីយ៍​​​ឯក​​​ ម៉ាណែត​​​ នា​​​ពេល​​​នេះ​​​កំពុង​​​ធ្វើ​​​ដំណើរ​​​នៅ​​​ក្នុង​​​សហរដ្ឋ​​​អាមេរិក​​​ ហើយ​​​មាន​​​អត្ថបទ​​​មួយ​​​​​​ដែល​​​ចេញ​​​ផ្សាយ​​​​​​នៅ​​​ទី​​​នោះ​​​កាល​​​ពី​​​ថ្ងៃ​​​ច័ន្ទ​​​បាន​​​អះអាង​​​ថា ​​​តាម​​​ការ​​​ចោទ​​​ប្រកាន់​​​មាន​​​បុរស​​​ម្នាក់​​​​​​ដែល​​​ត្រូវ​​​បាន​​​វាយ​​​តប់​​​ដោយ​​​​​​អង្គរក្ស​​​របស់​​​លោក​​​ក្នុង​​​ក្រុង​​​ឡូស អាន​​​ជេឡេស​​​កាល​​​ពី​​​នៅ​​​ថ្ងៃ​​​សៅរ៍​​​​​​ គឺ​​​មាន​​​បំណង​​​​​​ប្រគល់​​​​​​ឯកសារ​​​ផ្លូវ​​​ច្បាប់​​​នៃ​​​​​​រឿង​​​ក្តី​​​​​​ឲ្យ​​​ឧត្តម​​​សេនីយ៍​​​ឯក​​​ ម៉ាណែត។

យោង​​​តាម​​​បណ្តឹង​​​​​​​​​​​​​​​ធ្វើ​​​ឡើង​​​ក្នុង​​​រដ្ឋ​​​កាលី​​​ហ្វ័រញ៉ា​​​នៅ​​​ថ្ងៃ​​​សុក្រនិង​​​ទទួល​​​បាន​​​កាល​​​ពី​​​យប់​​​មិញ​​​នោះ​​​ ក្រុម​​​មេធាវី​​​ការ​​​ពារ​​​លោក សុវណ្ណារ៉ា ដែលជាពលរដ្ឋ​​​អាមេរិកាំង​​​ គឺ​​​សុំ​​​ស្នើថា ឧត្តមសេនីយឯក ម៉ាណែត និងរដ្ឋាភិបាល​​​កម្ពុជា​​​ត្រូវកាត់ទោស​​​ចំពោះការ​​​​​​​​​ខូចខាត​​​ដែលបណ្តាល​​​មកពី​​​ការ​​​ជាប់ពន្ធនាគារ​​​របស់​​​លោក សុវណ្ណារ៉ា។

cam-photo-sovannara-channa-WEB-ONLY-800x533លោក សុវណ្ណារ៉ា​​ គឺជា​​​មន្ត្រី​​​ម្នាក់​​​ក្នុង​​​ចំណោម​​​​​​១១នាក់​​​ ដែលតុលាការ​​​រក​​​ឃើញ​​​ថា មាន​​​ទោស​​​កាលពី​​​ឆ្នាំ​​​មុន​​​ពីបទ​​​ដឹកនាំ​​​កុបកម្ម​​​ ហើយ​​​ក៏ត្រូវ​​​ផ្តន្ទា​​​ទោស​​​ឲ្យជាប់​​​ពន្ធនាគារ​​​រយៈពេល​​​២០ឆ្នាំ​​​ក្នុងពេល​​​ដែលមាន​​​បាតុកម្ម​​​របស់​​​គណបក្ស​​​ប្រឆាំង​​​នាឆ្នាំ​​​២០១៤​​​ ដែលបាន​​​ក្លាយ​​​ទៅជា​​​ការ​​​ប្រវាយប្រតប់​​​​​​គ្នា​​​តាម​​​ដង​​​ផ្លូវ​​​ដ៏ហិង្សារវាង​​​អ្នកគាំទ្រ​​​គណបក្ស​​​សង្គ្រោះជាតិ​​​ និង​​​សន្តិសុខ​​​រដ្ឋាភិបាល​​​។

​​​បណ្តឹងនោះ​​​ស្នើឲ្យបើក​​​សវនាការ​​​លើ​​​ការ​​​ទាមទារ​​​លើ​​​​​​ការ​​​ខូចខាត​​​ពីបទ​​​ “ទារុណកម្ម​​​តាម​​​រយៈ​​​ការ​​​ឃុំខ្លួន​​​ដោយស្រេច​​​តែ​​​អំពើ​​​ចិត្ត​​​ ក្រៅច្បាប់​​​ រយៈពេល​​​យូរ” “ទង្វើនៃ​​​ភេរវកម្ម​​​អន្តរជាតិ​​​” “ការបង្ក​​​​​​ឲ្យ​​​ប៉ះពាល់​​​ដោយ​​​ចេតនា​​​លើ​​​ផ្លូវចិត្ត​​​ ការ​​​វាយ​​​ដំ ការចាប់ដាក់​​​ពន្ធនាគារ និងបាត់បង់សិទ្ធិ​​​រស់នៅ​​​ជាមួយ​​​ប្រពន្ធលោក​​​។

បណ្តឹងនោះ​​​​​​និយាយថា “វិធានការ​​​របស់​​​ឧត្តមសេនីយឯក​​​ ម៉ាណែត ប្រឆាំងនឹង​​​ មាជ សុវណ្ណារ៉ា និង​​​គ្រួសារ​​​របស់​​​លោក​​​ គឺជាផ្នែក​​​នៃយុទ្ធនាការ​​​មាន​​​លក្ខណៈជាប្រព័ន្ធ​​​និង​​​យូរ​​​អង្វែង​​​ ក្នុងការ​​​ធ្វើ​​​ទុក្ខ​​​បុកម្នេញ​​​និង​​​ទារុណកម្ម ដែលធ្វើឡើង​​​ដោយ​​​រដ្ឋាភិបាល​​​លោក ហ៊ុន សែន នៅក្នុង​​​ប្រទេសកម្ពុជា”។

បណ្តឹង​​​ដែលធ្វើ​​​ឡើង​​​ដោយ​​​ លោក ម័រតុន សក្លា ជាមេធាវី​​​របស់​​​គណបក្ស​​​ប្រឆាំង​​​​​​​​​​​​លើក​​​ករណីនេះ​​​ឡើង​​​ថា ច្បាប់ស្តី​​​ពី​​​​​​អភ័យឯកសិទ្ធិ​​​រដ្ឋ​​​​​​បរទេស​​​របស់​​​សហរដ្ឋ​​​អាមេរិក ដែល​​​ហាម​​​ឃាត់​​​​​​មន្ត្រី​​​បរទេស​​​មិនឲ្យ​​​កាត់ទោស​​​នៅសហរដ្ឋអាមេរិក​​​ គឺ​​​មាន​​​ការ​​​លើក​​​លែង​​​ចំពោះ​​​កំហុសស៊ីវិល​​​ដែល​​​ស្វែងរក​​​ការ​​​ខូច​​​ខាត​​​ជាប្រាក់កាស។

បណ្តឹងនោះអះអាង​​​ថា ឧត្តមសេនីយឯក​​ ម៉ាណែត គឺទទួល​​​ខុសត្រូវ​​​ចំពោះ​​​ការប្រវាយ​​​ប្រតប់​​​​​​គ្នា​​​ដែលបាន​​​កើតឡើងនៅឯ​​​ទីលាន​​​ប្រជាធិបតេយ្យ​​​កាលពី​​​ខែកក្កដា ឆ្នាំ​​​២០១៤​​​ ចំពោះ​​​ការ​​​​​​ចាប់ខ្លួន​​​លោក សុវណ្ណារ៉ា កាលពី​​​ខែវិច្ឆិកាឆ្នាំនោះ និង​​​ចំពោះ​​​ការ​​​​​​បន្ត​​​ដាក់ពន្ធនាគារ​​​លើ​​​រូបលោក​​​នៅ​​​ក្រុងភ្នំពេញ។

បណ្តឹង​​​នោះ​​​ផ្តល់​​​ទឡ្ហីករណ៍ថា “វាស្ថិត​​​នៅក្នុង​​​សមត្ថភាព​​​ផ្លូវការ​​​របស់​​​ ហ៊ុន ម៉ាណែត និង​​​ស្ថិត​​​ក្រោម​​​អំណាច​​​ និង​​​យុត្តាធិការ​​​ និងការ​​​គ្រប់គ្រង ដែលថា ទង្វើ​​​នៃ​​ទារុណកម្ម​​​ប្រឆាំង​​​នឹង​​​ មាជ​​​ សុវណ្ណារ៉ា​​​ដែល​​​ជាប្រធានបទ​​​នៃក្តីក្តាំនេះ គឺ​​​​​​បានកើតឡើង​​​”។

បណ្តឹងនោះ​​​បន្តថា “កម្លាំង​​​យោធា​​​និង​​​សន្តិសុខ​​​ដែល​​​ ហ៊ុន ម៉ាណែត ដឹកនាំ​​​គឺជាប់​​​ទាក់ទង​​​យ៉ាង​​​សំខាន់​​​ក្នុងការ​​​រក្សាបទបញ្ជា​​​នៅឯ​​​​​​បាតុកម្ម​​​ផ្នែក​​​នយោបាយ​​​នៅលើ​​​​​​ទីលាន​​​ប្រជាធិប​​​តេយ្យ​​​កាលពី​​​ថ្ងៃទី​​​១៥ ខែកក្កដា ឆ្នាំ​​​២០១៤​​​ ហើយ​​​​​​ទាក់​​​ទង​​​នឹង​​​​​​​​​ការ​​​វាយតប់​​​ដែល​​​ធ្វើឡើង​​​ប្រឆាំង​​​នឹង​​​បាតុករ​​​ស៊ីវិល​​​នៅឯ​​​កន្លែងតវ៉ា​​​នោះ​​​”។

បណ្តឹង​​​និយាយ​​​បន្ត​​​ថា “ពួកគេ​​​ក៏ទទួល​​​ខុសត្រូវ​​​​​​ដែរ​​​លើ​​​ការ​​​ដាក់​​​បទចោទ​​​ព្រហ្មទណ្ឌ​​​ប្រឆាំង​​​ មាជ សុវណ្ណារ៉ា ដែល​​​នាំ​​​ឲ្យមានការ​​​ចាប់ខ្លួន​​​លោក​​​​​​ ការ​​​ផ្តន្ទាទោស​​​ និងការ​​​ដាក់ពន្ធនាគារ​​​រយៈពេលយូរ”។

បណ្តឹងនោះ​​​ផ្តល់​​​យោបល់​​​ជាលើក​​​ដំបូងថា ឧត្តមសេនីយឯក ម៉ាណែត ដែលជា​​​ប្រធាន​​​នៃ​​​នាយកដ្ឋាន​​​ប្រឆាំង​​​ភេរវកម្ម​​​នៃក្រសួង​​​ការពារជាតិ​​​ និង​​​ជា​​​មេបញ្ជាការរង​​​នៃ​​​អង្គភាព​​​​​​អង្គរក្ស​​​របស់​​​ឪពុកលោក បាន​​​ជាប់ពាក់ព័ន្ធ​​​នៅក្នុង​​​អំពើ​​​ហិង្សានា​​​​​​ឆ្នាំ​​​២០១៤​​​ ឬ​​​ក្នុងការ​​​ចាប់ខ្លួន​​​​​​លោក សុណ្ណារ៉ា​​​​​​​​​និងការ​​​ចាប់ដាក់ពន្ធនាគារ​​​ ទោះបីជា​​​បណ្តឹងនេះ​​​មិនបាន​​​ផ្តល់​​​ភ័ស្តុតាង​​​ដើម្បី​​​គាំទ្រ​​​ការ​​​អះអាង​​​នេះ​​​ក៏ដោយ។

ក្រៅពីនោះ ​​​បណ្តឹង​​​ផ្តល់​​​ទឡ្ហីករណ៍ថា ឧត្តមសេនីយឯក ម៉ាណែត គួរឡើងសវនាការ​​​ពីបទ​​​ភេរវកម្ម​​​អន្តរជាតិ​​​ ស្ថិតក្រោម​​​ច្បាប់​​​ប្រឆាំង​​​ភេរវកម្ម​​​របស់​​​សហរដ្ឋអាមេរិក​​​ ដោយសារ​​​តែ​​​​​​មាន​​​ការ​​​ចោទប្រកាន់ថា​​​ធ្វើទារុណកម្ម​​​លើ​​​លោក​​​ សុណ្ណារ៉ា ក្នុងពេល​​​ជាប់ពន្ធនាគារ​​​។

បណ្តឹងនោះ​​​និយាយថា ច្បាប់​​​សហរដ្ឋ​​​អាមេរិក​​​ឲ្យ​​​និយមន័យ​​​ភេរវកម្ម​​​អន្តរជាតិ​​​ថាជា​​​ទង្វើ​​​ហិង្សា​​​ ឬ​​​ទង្វើ​​​ដែល​​​គ្រោះថ្នាក់​​​ដល់អាយុជីវិតមនុស្ស​​​ ដែលរំលោភ​​​ច្បាប់​​​ព្រហ្មទណ្ឌ​​​នៃ​​​សហរដ្ឋ​​​អាមេរិក​​​ ឬ​​​ច្បាប់នៃរដ្ឋណាមួយ​​​ ឬ​​​ដែលនឹង​​​ជា​​​ការ​​​រំលោភ​​​បទ​​​ព្រហ្មទណ្ឌ​​​ ប្រសិនបើ​​​ប្រព្រឹត្តឡើង​​​ស្ថិត​​​នៅក្នុង​​​យុត្តាធិការ​​នៃ​​​សហរដ្ឋ​​​អាមេរិក​​​ ឬ​​​នៅ​​​ក្នុង​​​រដ្ឋណាមួយ”។

បណ្តឹងនោះនិយាយថា “ដោយសារ​​​តែទង្វើ​​​នៃ​​​ទារុណកម្ម​​​គឺត្រូវ​​​ទទួល​​​រង​​​ទណ្ឌកម្ម​​​ព្រហ្មទណ្ឌ [ក្នុងសហរដ្ឋអាមេរិក] ហើយ​​​ក៏មាន​​​និយមន័យថា​​​ជាការ​​​គ្របដណ្តប់​​​លើ​​​ប្រភេទ​​​នៃការប្រព្រឹត្ត​​​ដែល​​​​​​លោក សុវណ្ណារ៉ា ត្រូវទទួល​​​រង​​​ពី​​​​​​​​​​​​…​​​ហ៊ុន ម៉ាណែត និង​​​កូនចៅរបស់លោកនោះ​​​​​​ វា​​​​​​ស្ថិតក្រោម​​​និយមន័យនៃ​​​ភេរវកម្ម​​​អន្តរជាតិ”។

លោក ផៃ ស៊ីផាន អ្នកនាំពាក្យ​​​ទីស្តីការ​​​គណៈរដ្ឋមន្ត្រី​​​ បានមាន​​​ប្រសាសន៍ថា គាត់​​​មិន​​​អាច​​​ប្តឹង​​​ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានទេ។

លោក ស៊ីផាន បានមាន​​​ប្រសាសន៍ថា “គេមាន​​​សិទ្ធិ​​​ប្តឹង​​​នរណា​​​ដែលគេចង់ប្តឹង​​​ ឬ​​​ក៏ដាក់ពាក្យ​​​បណ្តឹង ប៉ុន្តែ យើង​​​ត្រូវ​​​យល់ថា មាន​​​យុត្តាធិការ​​​។ ខ្ញុំសូមពន្យល់​​​លោកថា ពលរដ្ឋអាមេរិក​​​ ប្រសិនបើ​​​អ្នកនៅក្រៅប្រទេស​​​ អ្នកដាក់ពាក្យ​​​ប្តឹង​​​នៅទីនោះបាន​​​”។

លោក ស៊ីផាន បាននិយាយថា “ប្រសិនបើ​​​មាន​​​អ្វីខុស​​​នៅប្រទេស​​​កំណើត​​​របស់ខ្ញុំ ខ្ញុំ​​​ត្រូវ​​​ដាក់ពាក្យ​​​ប្តឹង​​​នៅក្នុងប្រទេស​​​កំណើត​​​របស់​​​ខ្ញុំ​​​។ រឿងនេះ​​​គ្មានការ​​​ទាក់ទង​​​នឹង​​​ ហ៊ុន ម៉ាណែត ទេ គឺ​​​វាបាន​​​កើតឡើង​​​នៅ​​​ប្រទេស​​​កម្ពុជា​​​”។

លោកបាន​​​និយាយថា “នេះជាការ​​​អះអាង​​​មិនត្រឹមត្រូវ។ គេចង់ធ្វើករណី​​​ឆ្កួតៗនេះ​​​តាម​​​រយៈ​​​ប្រព័ន្ធ​​​សារព័ត៌មាន​​​។ វាគ្មានអ្វី​​​ទាក់ទង​​​នឹង​​​ច្បាប់​​​ទាល់តែសោះ”។

លោក សក្លា មេធាវីដែលដាក់​​​ពាក្យប្តឹង​​​ មិនបាន​​​ឆ្លើយតប​​​នឹង​​​សំណើសុំការ​​​ធ្វើ​​​អត្ថាធិ​​​ប្បាយ​​​បាន​​​ទេ​​​កាលពី​​​យប់​​​មិញ​​​។ លោក សម រង្ស៊ី មេដឹកនាំ​​​គណបក្ស​​​ប្រឆាំង បានមាន​​​ប្រសាសន៍ថា លោកមិនបាន​​​ដឹង​​​អំពី​​​ការ​​​ដាក់ពាក្យ​​​ប្តឹង​​​នេះទេ។

ដំណើរ​​​ទស្សនកិច្ច​​​របស់លោកឧត្តមសេនីយ៍ឯក​​​ ហ៊ុន ម៉ាណែត នៅក្នុងសហរដ្ឋ​​​អាមេរិក​​​ បាន​​​ចាប់ផ្តើម​​​ដោយ​​​រកាំរកូស​​​នៅថ្ងៃសៅរ៍ ដោយមាន​​​អ្នកតវ៉ា​​​ខ្មែរអាមេរិកាំង​​​ និង​​​អង្គរក្សរបស់​​​លោក​​​ដែល​​​ទំនង​​​ជាប៉ះទង្គិច​​​គ្នា​​​នៅ​​​ក្រៅ​​​ភោជនីយដ្ឋាន​​​មួយកន្លែង​​​ ដោយ​​​មាន​​​វីដេអូបង្ហាញ​​​ថា​​​មាន​​​បុរសម្នាក់​​​ដែល​​​អះអាងថា ត្រូវវាយ​​​ដោយ​​​សន្តិសុខ​​​ម្នាក់​​​។

បុរសម្នាក់នោះ​​​ដែលប្រាប់​​​ឈ្មោះថា ផូល បាននិយាយថា “ខ្ញុំ​​​បាន​​​កាន់ដីកា ហើយខ្ញុំត្រូវ​​​បាន​​​រុញឲ្យដួល​​​ដោយសន្តិសុខ​​​ ហើយ​​​ខ្ញុំក៏​​​ទង្គិច​​​ក្បាលរបស់ខ្ញុំ។ ដំបូង​​​ នៅពេល​​​ដែលរឿងនេះ​​​កើត​​​ឡើង​​​ ពេលខ្ញុំ​​​ដួលទៅ​​​នឹង​​​ដី​​​ ខ្ញុំមិន​​​អាច​​​កម្រើករួច​​​ប្រហែល​​​៣០វិនាទី​​។ ខ្ញុំមិនអាច​​​កម្រើក​​​ដៃឬជើង​​​ខ្ញុំបានទេ។ខ្ញុំក៏កម្រើក​​​លែងរួច”។

បុរសរូបនេះបាន​​​បដិសេធថា លោក​​​មិនមែន​​​ជា​​​អ្នកចូលរួម​​​តវ៉ាប្រឆាំង​​​ឧត្តមសេនីយ៍ឯក​​​ ម៉ាណែត ទេ។ លោកបាន​​​និយាយដោយ​​​បដិសេធមិន​​​បង្ហាញដីកា​​​ថា “ខ្ញុំគ្មានអ្វីទាក់ទង​​​នឹង​​​រឿងនេះទេ។ ខ្ញុំមានឯកសារ​​​ដែលខ្ញុំព្យាយាម​​​នឹង​​​ប្រគល់ឲ្យ”។ បុរសរូបនេះ​​​បាន​​​និយាយ​​​នៅក្នុង​​​វីដេអូថា “ខ្ញុំមិនអាច​​​បង្ហាញ​​​លោក​​​បាន​​​ទេ។ ខ្ញុំពិត​​​ជាមិនអាច​​​បង្ហាញបាន​​​ទេ។ ប្រហែល​​​ខ្ញុំ​​​និយាយ​​​ច្រើន​​​ណាស់ហើយ”។

អត្ថបទមួយនៅក្នុង​​​កាសែត​​​ ហាហ្វហ្វុីងតុន ប៉ុស្តិ៍ កាលពី​​​ម្សិលមិញ​​​បាននិយាយថា បុរសនោះ​​​បាន​​​ប៉ុនប៉ង​​​ប្រគល់ឯកសារ​​​ឲ្យ​​​ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត។

អត្ថបទនោះ​​​និយាយថា “កាលពី​​​រាត្រីថ្ងៃសៅរ៍ នៅខាងក្រៅភោជនីយដ្ឋាន ឡា លីន ក្នុងក្រុងឡុងប៊ិក រដ្ឋកាលីហ្វ័រញ៉ា ដែលនៅទីនោះ ម៉ាណែត កំពុង​​​បរិភោគអាហារ​​​ពេលល្ងាច​​​ ក៏​​​ស្រាប់​​​​​​​​​តែ​​​មាន​​​អ្នកកាន់ដីកាកោះ​​​​​​បាន​​​មកដល់​​​ ដើម្បី​​​ប្រគល់ឯកសារ​​​ទាក់ទងនឹង​​​រឿងក្តី”។ អ្នកកាន់ដីកា​​​​​​បាន​​ប្រាប់​​​​​​ប៉ូលិស​​​នូវអ្វីដែលលោក​​​កំពុង់តែធ្វើ​​​ ហើយគេក៏​​​អនុញ្ញាត​​​ឲ្យ​​​លោក​​​ធ្វើ​​​បន្ត”។

អត្ថបទ​​​នោះ​​​និយាយបន្តថា “អង្គរក្ស​​​របស់ ម៉ាណែត​​​មិនសប្បាយចិត្ត​​​សោះ​​​ ក៏មាន​​​ការ​​​ប្រវាយ​​​ប្រតប់គ្នា​​​​​​តែម្តង​​​។ អ្នកកាន់ដីកា​​​​​​​​​​​​ត្រូវគេ​​​រុញ​​​ខ្ទប់នឹង​​​ដីដោយ​​​អង្គរក្ស​​​ម្នាក់ ហើយ​​​ត្រូវ​​​ចំក្បាល ​​​និង​​​​​ឆ្អឹងខ្នង​​​។ ទោះជាយ៉ាងណាក៏ដោយ នគរបាល​​​ស៊ើប​​​អង្កេត​​​​​​ក្រុងឡុងប៊ិក​​​បាន​​​ធ្វើដំណើរ​​​ទៅ​​​មន្ទីរពេទ្យ​​​កាលពី​​​យប់​​​ថ្ងៃសៅរ៍ដោយ​​​សាកសួរ​​​អ្នកកាន់ដីកា​​​កោះ​​​​​​នោះ”៕​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

 

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស