កាលពីម្សិលមិញ លោក ហ៊ុន សែន បានចេញមុខការពារការចាប់ខ្លួនលោក អ៊ុំ សំអាន តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិកាលពីថ្ងៃច័ន្ទ ទាក់ទិនសារបង្ហោះតាមហ្វេសប៊ុករាប់ខែ ដោយបញ្ជាក់ថា លោកមិនត្រូវបានការពារដោយអភ័យឯកសិទ្ធិតំណាងរាស្ត្រឡើយ ពីព្រោះបើតាមលក្ខណៈបច្ចេកទេសគឺលោកត្រូវបានចាប់ខ្លួនពេលកំពុងប្រព្រឹត្តបទល្មើស។
លោក អ៊ុំ សំអាន ត្រូវបានចាប់ខ្លួនកាលពីពេលរំលងអធ្រាត្រឈានចូលព្រឹកថ្ងៃច័ន្ទបន្ទាប់ពីវិលត្រឡប់ពីសហរដ្ឋអាមេរិក វិញក្រោយនិរទេសខ្លួនអស់រយៈពេលជាច្រើនខែ និងត្រូវបានចោទប្រកាន់កាលពីព្រឹកម្សិលមិញពីបទ “ញុះញង់ឲ្យប្រព្រឹត្តបទល្មើស បង្កចលាចលដល់សន្តិសុខសង្គម” និងបទ “ញុះញង់ឲ្យមានការរើសអើង” ថ្វីបើលោកមានអភ័យឯកសិទ្ធិក្ដី។
ដីកាមួយដែលចុះហត្ថលេខាដោយចៅក្រមស៊ើបសួរ តុប ឈុនហេង នៃសាលាដំបូងរាជធានីភ្នំពេញ ដែលបង្គាប់ឲ្យឃុំខ្លួនលោក អ៊ុំ សំអាន ជាបណ្ដោះអាសន្ននៅពន្ធនាគារព្រៃស ក្នុងរាជធានីភ្នំពេញ បញ្ជាក់ថា លោក អ៊ុំ សំអាន បានប្រព្រឹត្តបទល្មើស “នៅថ្ងៃទី១០ ខែមេសា ក្នុងប្រទេសកម្ពុជា” ជាថ្ងៃដែលលោកវិលត្រឡប់មកពីសហរដ្ឋអាមេរិកវិញ។ ទោះជាយ៉ាងណា មន្ត្រីនិយាយថា ការអះអាងទាំងនេះប្រឆាំងលោក អ៊ុំ សំអាន ពាក់ព័ន្ធសារដែលលោកបានបង្ហោះតាមអុីនធឺណិតពីសហរដ្ឋអាមេរិកកាលពីឆ្នាំមុន ដែលចោទប្រកាន់គណបក្សប្រជាជនកម្ពុជាថា ប្រើប្រាស់ផែនទីវៀតណាម សម្រាប់ការកំណត់ព្រំដែន និងអះអាងថាខ្លួនមានផែនទីដែលត្រឹមត្រូវ។
ថ្លែងក្នុងពិធីមួយរៀបចំឡើងសម្រាប់យោធិនពិការនៅខេត្តសៀមរាបកាលពីម្សិលមិញ លោក ហ៊ុន សែន បានព្យាយាមបកស្រាយពីភាពខុសគ្នានេះ។
លោកថ្លែងថា សារដែលលោក អ៊ុំ សំអាន បានបង្ហោះតាមបណ្ដាញទំនាក់ទំនងសង្គមកាលពី៦ខែមុន មិនដែលត្រូវបានលុបចោលទេ ហើយគឺនៅតែដដែល មានន័យថា តំណាងរាស្ត្ររូបនេះកំពុងបន្តប្រព្រឹត្តសបទល្មើស។
លោកបានមានប្រសាសន៍ថា “កុំនិយាយថា លោកឯងមានអភ័យឯកសិទ្ធិ ហើយគេមិនអាចចាប់ខ្លួនលោកឯងបាននោះ ព្រោះវាជាបទល្មើសជាក់ស្ដែង។ ពេលនេះម៉ោងនេះ ទំព័ររបស់លោកឯងនៅតែនិយាយអំពីផែនទីក្លែងក្លាយនៅឡើយទេ”។
បម្រាមក្នុងរដ្ឋធម្មនុញ្ញលើការចាប់ខ្លួនតំណាងរាស្ត្រដោយគ្មានការយល់ព្រមដោយសំឡេង២ភាគ៣នៃរដ្ឋសភា លើកលែងសម្រាប់ករណី ”បទល្មើសជាក់ស្ដែង” ឬត្រូវបានចាប់ខ្លួនពេលកំពុងប្រព្រឹត្តបទល្មើស ហើយលោកនាយករដ្ឋមន្ត្រីថ្លែងថា លោក អ៊ុំ សំអាន គួរតែដឹងរឿងនោះ។
លោកបានបន្តថា “ខ្ញុំមិនខ្វល់ថាលោកឯងជាសមាជិកសភា ឬសមាជិកព្រឹទ្ធសភានោះទេ។ វាជាបទល្មើសជាក់ស្ដែង ព្រោះវាជាការញុះញង់ឈានទៅរកមហន្តរាយសម្រាប់ប្រទេសជាតិ។ កុំអះអាងថា លោកឯងមានអភ័យឯកសិទ្ធិឲ្យសោះ ពេលលោកឯងប្រព្រឹត្តបទល្មើសជាក់ស្ដែង”។

លោក ហ៊ុន សែន លើកឡើងទៀតថា ការចាប់ខ្លួនលោក អ៊ុំ សំអាន តាមមាត្រាស្ដីពី “បទល្មើសជាក់ស្ដែង” មានន័យថា គណបក្សប្រជាជនកម្ពុជា មិនចាំបាច់ស្វែងរកសំឡេង២ភាគ៣នៅក្នុងរដ្ឋសភា ដើម្បីដកអភ័យឯកសិទ្ធិរបស់លោកឡើយ។ ការដកអភ័យឯកសិទ្ធិរបស់អ្នកនយោបាយបក្សប្រឆាំង គឺជាស្នៀតដែលគណបក្សប្រជាជនកម្ពុជា ចូលចិត្តប្រើក្នុងអាណត្តិកន្លងមក។
ប៉ុន្តែចាប់តាំងពីឆ្នាំ២០១៣មក គណបក្សនេះលែងទទួលបានសំឡេងភាគច្រើនលើសលប់នៅក្នុងសភា ដើម្បីធ្វើដូច្នេះទៀតហើយ នៅពេលខ្លួនទទួលបានតែ៦៨នៃអាសនៈទាំង១២៣អាសនៈរបស់រដ្ឋសភា ខណៈគណបក្សសង្គ្រោះជាតិទទួលបាន៥៥អាសនៈ។
លោក ហ៊ុន សែន បានមានប្រសាសន៍ថា “រដ្ឋសភានឹងមិននិយាយអំពីការដកអភ័យឯកសិទ្ធិរបស់លោកឯងទេ ពីព្រោះលោកឯងត្រូវបានចាប់ខ្លួនពីបទល្មើសជាក់ស្ដែង។ យើងគ្រាន់តែត្រូវស្នើទៅរដ្ឋសភាថា តើយើងដំណើរការក្ដីនេះទៅមុខទៀតឬអត់?”។
ជំហររបស់លោកនាយករដ្ឋមន្ត្រីកម្រមានការប្រឆាំងពីគណបក្សរបស់លោកជាសាធារណៈណាស់ ហើយតំណាងរាស្ត្រ៦៣រូបក្នុងចំណោមតំណាងរាស្ត្រទាំងអស់របស់ខ្លួននៅក្នុងរដ្ឋសភាកាលពីពេលរសៀល បានបោះឆ្នោតជាមួយលោកដើម្បីអនុញ្ញាតឲ្យបន្តដំណើរការករណីអភ័យឯកសិទ្ធិរបស់លោក អ៊ុំ សំអាន។
លោក ហេង សំរិន ប្រធានរដ្ឋសភាបានមានប្រសាសន៍បន្ទាប់ពីការបោះឆ្នោតថា ”ខ្ញុំសូមប្រកាសជាសាធារណៈថា សម័យប្រជុំសភាបានអនុម័តឲ្យក្រសួងពាក់ព័ន្ធធ្វើការចោទប្រកាន់ ចាប់ខ្លួន និងឃុំខ្លួនឯកឧត្ដម អ៊ុំ សំអាន ចាប់ពីពេលនេះតទៅ”។
ការបោះឆ្នោតនេះត្រូវបានតំណាងរាស្ត្រទាំង៥៥រូបរបស់គណបក្សសង្គ្រោះជាតិ ធ្វើពហិការ។
លោក សម រង្ស៊ី ប្រធានគណបក្សប្រឆាំងដែលកំពុងនិរទេសខ្លួននៅបរទេសដើម្បីគេចវេះពីការជាប់ទោសព្រហ្មទណ្ឌនៅកម្ពុជា បានថ្លែងថា ការសម្រេចធ្វើពហិការនេះគឺដើម្បីជំទាស់ការចាប់ខ្លួនលោក អ៊ុំ សំអាន។
លោកបានបន្តថា ”គណបក្សប្រជាជនចង់បញ្ជាក់ថា ការឃុំខ្លួនលោក អ៊ុំ សំអាន គឺជារឿងសមហេតុផល។ ប៉ុន្តែលោក អ៊ុំ សំអាន មិនគួរត្រូវបានចាប់ខ្លួនតាំងពីដំបូងម៉្លេះ” ដោយអះអាងថា គណបក្សប្រជាជនកម្ពុជា ចាំបាច់ត្រូវទទួលបានសំឡេងគាំទ្រ២ភាគ៣ដើម្បីដកអភ័យឯកសិទ្ធិរបស់លោក។
ទោះជាយ៉ាងណា ការឃុំខ្លួនតំណាងរាស្ត្រគណបក្សប្រឆាំងដោយគ្មានសំឡេងគាំទ្រភាគច្រើន បានក្លាយជាករណីយុត្តិសាស្ត្រកាលពីពេលថ្មីៗនេះ។
លោក ហុង សុខហួរ សមាជិកព្រឹទ្ធសភាមកពីគណបក្ស សម រង្ស៊ី ត្រូវបានដាក់ពន្ធនាគារកាលពីខែសីហា ពាក់ព័ន្ធវីដេអូមួយដែលបង្ហោះតាមប្រព័ន្ធអុីនធឺណិត។
គណបក្សប្រជាជនកម្ពុជា មានសំឡេង២ភាគ៣នៅក្នុងព្រឹទ្ធសភាដើម្បីដកអភ័យឯកសិទ្ធិរបស់លោក ប៉ុន្តែគណបក្សនេះបានសម្រេចមិនដកទេដោយអះអាងថា ការបង្ហោះវីដេអូនោះតាមអុីនធឺណិតគឺជា “បទល្មើសជាក់ស្ដែង”។
បណ្ដាអ្នកវិភាគនយោបាយបានលើកឡើងថា ការបកស្រាយដ៏ទូលំទូលាយនេះលើករណីលើកលែង ធ្វើឲ្យអភ័យឯកសិទ្ធិតំណាងរាស្ត្រគ្មានន័យ។
លោក សុន ឆ័យ តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ បានធ្វើសន្និសីទកាសែតនៅទីស្នាក់ការកណ្ដាលរបស់គណបក្សនេះក្នុងរាជធានីភ្នំពេញ កាលពីព្រឹកម្សិលមិញ ដើម្បីបញ្ចេញទស្សនៈបែបចង្អៀតជុំវិញអ្វីដែលហៅថា “បទល្មើសជាក់ស្ដែង”។
លោកបានថ្លែងថា “តាមដែលខ្ញុំដឹង បុគ្គលតំណាងរាស្ត្រអាចត្រូវចាប់ខ្លួន ប្រសិនបើគាត់សម្លាប់មនុស្ស។ យើងត្រូវបញ្ឈប់គាត់ ពីព្រោះគាត់នឹងសម្លាប់មនុស្សបន្ថែមទៀត ប្រសិនបើយើងរង់ចាំដកអភ័យឯកសិទ្ធិរបស់គាត់” ហើយក៏បានច្រានចោលការលើកឡើងថា លោក អ៊ុំ សំអាន បានប្រព្រឹត្តបទល្មើសផងដែរ។
លោកបានបន្តថា “លោក អ៊ុំ សំអាន មិនបានធ្វើអ្វីល្មើសច្បាប់ទេ ពីព្រោះគាត់គ្រាន់តែបញ្ចេញមតិក្នុងតួនាទីរបស់លោកជាតំណាងរាស្ត្រប៉ុណ្ណោះ ហើយសមត្ថកិច្ចមិនអាចបញ្ឈប់សិទ្ធិបញ្ចេញមតិនេះបានទេ”។
ទោះជាយ៉ាងណា លោក ហ៊ុន សែន ដែលថ្លែងសុន្ទរកថានៅខេត្តសៀមរាប ក្នុងពេលតំណាលគ្នានឹងសន្និសីទកាសែតរបស់លោក សុន ឆ័យ មិនយល់ស្របតាមឡើយ។
លោកបានប្រកាសថា អ្នកណាដែលប្រព្រឹត្តតាមបទល្មើសរបស់លោក អ៊ុំ សំអាន នឹងត្រូវប្រឈមជោគវាសនាដូចគ្នា។ លោកបញ្ជាក់ថា “បើលោកឯងនិយាយពីផែនទីក្លែងក្លាយ ខ្ញុំនឹងចាប់ខ្លួនលោកឯងភ្លាម”៕ សុខុម (រាយការណ៍បន្ថែមដោយ Alex Willemyns)