35 C
Phnom Penh

មេធាវី​៖ លោក  ហ៊ុន ម៉ាណែត​​ ត្រូវ​បាន​ចេញដីកា​បង្គាប់​ឱ្យ​ចូលខ្លួន​នៅ​អាមេរិក​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មេធាវី​​​ដែល​កំពុង​រៀប​ចំករណី​នាំ​​​យក​​​លោក​​​ ហ៊ុន ម៉ាណែត កូន​​​ប្រុស​​​ច្បង​​​របស់​​​លោក​នាយក​​​រដ្ឋ​​​មន្ត្រី​​​ ហ៊ុន សែន និង​រដ្ឋា​ភិបាល​កម្ពុជា​ទៅ​​​កាត់​ទោស​​​នៅ​​​សហរដ្ឋ​​​អាមេរិក​​​ចំពោះ​​​ការ​​​ដាក់ពន្ធនាគារ​​​​មិន​​​ត្រឹម​​​ត្រូវ​​​ បាន​​​លើក​​​ឡើង​​​កាល​​​ពី​​​ម្សិលមិញ​​​ថា ​​​ដីកា​​​បង្គាប់​​​ឲ្យ​​​ចូល​​​ខ្លួន​​​មួយ​ត្រូវ​​​បាន​​​អនុវត្ត​​ផ្លូវ​​​ការ​​​ហើយ​​​បាន​​​អះ​​​អាង​​​ថា ករណី​​​នេះ​​​អាច​​​ដំណើរ​​​​​​ការ​​​ទៅ​​​មុខ​​​ក្នុង​​​រយៈ​​​ពេល​​​មួយ​​​ខែ​​​។

លោក មាជ សុវណ្ណារ៉ា មន្ត្រី​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ និង​​​ជា​ពល​រដ្ឋ​អាមេរិក​ ​​​ត្រូ​​​វ​​​បាន​​​ជាប់​​​ពន្ធនា​គារ​​​កាល​​​ពី​​​ឆ្នាំ​​​មុន​​​ពី​​​បទ​​​កុបកម្ម​​​ដោយ​​​សារ​​​វត្ត​​​មាន​​​របស់​​​លោក​​​នៅឯ​​​ការ​​​តវ៉ា​​​មួយ​​​កាល​​​ពី​​​ឆ្នាំ​​​២០១៤​​​ ដែល​​​បាន​​​ប្រែ​​​ក្លាយ​​​ជា​​​ហិង្សា​​​។ លោក​​​កំពុង​​​ដាក់​​​ពាក្យ​​​​​ប្តឹង​​​ឧត្តម​​​សេនីយ៍​​​ឯក ហ៊ុន ម៉ាណែត ​​​និង​​​រដ្ឋាភិបាល​​​​​​ទាម​​​ទារ​​​សំណង​​​ជំងឺ​​​ចិត្ត​​​ដែល​​​​​​បណ្តាល​​​មក​​​ពី​​​ “ការ​​​ធ្វើ​​​ទារុណកម្ម​​​​​​តាម​​​តែ​​​អំពើ​​​ចិត្ត​​​ ការ​​​ឃុំ​​​ខ្លួន​​​ហួស​​​ពី​​​ផ្លូវ​​​ច្បាប់ និង​​​រយៈ​​​ពេល​​​យូរ​​​”។

ថ្លែង​​​តាម​​​ទូរស័ព្ទ​​ពីទីក្រុង​​​ឡូសអែន​​​ជឺឡេស (Los Angeles) កន្លែង​​​ដែល​​​ក្រុម​​​គ្រួសារ​​​​​​របស់​​​លោក មាជ សុវណ្ណារ៉ា រស់​​​នៅ​​​និង​​​​​​ជា​​​កន្លែង​​​ដែល​​​ករណី​​​នេះ​​​ត្រូវ​​​បាន​​​ប្តឹង​​ក្នុង​​​​តុលាការ​​​សហព័ន្ធ​​​អាមេរិក​​​កាល​​​ពី​​​ព្រឹក​​​ថ្ងៃ​​​សុក្រ ​មេធាវី​ ម័រតុន សក្លា  បាន​​​និយាយ​​​​ថា ​​​អ្នក​​​ប្រគល់​​​ដីកា​​​​​​ម្នាក់​​​ឈ្មោះ ផូល ហាយ៉េស បាន​​​ប្រគល់​​​​ដីកា​​​បង្គាប់​​​ឲ្យ​​​ចូល​​​ខ្លួន​​​ទៅ​​​ឧត្តម​​​សេនីយ៍​​​​​​ឯក​ ហ៊ុន ម៉ាណែត កាល​​​ពី​​​ថ្ងៃ​​​សៅរ៍។​​​ ​​​

ឧត្តម​​​សេនីយ៍​​​ឯក ហ៊ុន ម៉ាណែត បាន​​​ធ្វើ​​​ដំណើរ​​​ទៅ​​​សហរដ្ឋ​​​អាេមរិក ដើម្បី​​​ជួប​​​ជា​​​មួយ​​​សហគមន៍​​​ខ្មែរ​​​នៅ​​​ទី​​​នោះ ហើយ​​​បាន​​​រៀប​​​ចំ​​​អាហារ​​​ពេល​​​ល្ងាច​​​នៅ​​​ភោជនីយដ្ឋាន ​​​La​​ Lune ក្នុង​​​ទី​​​ក្រុង​​​ឡុង​​​ប៊ិច កាល​​​ពី​​​យប់​​​ថ្ងៃ​​​​​​សៅរ៍ ស្រាប់​​​តែ​​​ពេលនោះ​បុរស​​​ម្នាក់​​​ត្រូវ​​​បាន​​​វាយ​​​ដំ​​​ដោយ​​​អង្គរក្ស​​​របស់​​​លោក ដែល​តម្រូវ​​​ឲ្យ​​​នគរបាល​​​មូល​​​ដ្ឋាន​​​ធ្វើ​​​អន្តរាគមន៍។

លោក សក្លា​​​ បាន​​​និយាយ​​​ថា បុរស​​​នោះ​​​គឺ​​​លោក ហាយ៉េស។ រូប​​​ភាព​​​វីដេអូ​​​តាម​​​ប្រព័ន្ធ​​​អីុនធឺណិត​​​បង្ហាញ​​​ថា នគ​​​របាល​​​ក្រុង​​​ឡុង​​​ប៊ិច​​​បាន​​​បាញ់​​​ឧស្ម័ន​​​បង្ហូរ​​​ទឹក​​​ភ្នែក​​​ដាក់​​​អង្គរក្ស​​​លោក ហ៊ុន មា៉ណែត និង​​​ក្រុម​​​អ្នក​​​តវ៉ា​​​បន្ទាប់​​​ពី​​​លោក ហាយ៉េស ត្រូវ​​​បាន​​​វាយ​​​ដំ​​​ដោយ​​​ក្រុម​​​អង្គរក្ស​​​ ខណៈ​​​ពេល​​​ប្រគល់​​​ដីកា​​​បង្គាប់​ឱ្យ​ចូល​​​ខ្លួន​​​ដល់​​​គាត់​។

លោក សក្លា បាន​​​លើក​​​ឡើង​​​ថា “ខ្ញុំ​​​បាន​​​ទៅ​​​ជួប​​​គាត់​​​នៅ​​​ថ្ងៃ​​​នេះ” ដោយ​​​ពន្យល់​​​ថា ​​​លោក​​​  ហាយ៉េស នឹង​​​ធ្វើ​​​ការ​​​ចោទ​​​ប្រកាន់​​​។ “គាត់​​​កំពុង​​​ព្យាបាល​​​បន្ទាន់​​​​​​​ ដោយសារ​រង​របួស​យ៉ាង​​​​ខ្លាំង​នៅ​ក្នុង​​​ការ​វាយ​​​ប្រហារ​​​នោះ​​​។ ​​​គាត់​​​ កំពុង​ត្រូវ​​​បាន​​​តាម​​​ដាន​​​យ៉ាង​​យកចិត្ត​ទុក​ដាក់​​​​ដោយ​​​សារ​​​របួសត្រង់​​​ឆ្អឹង​​​ខ្នង​​​ និង​​​ក្បាល” ។

លោក​បាន​បន្ថែម​ថា “​ប៉ុន្តែ ខ្ញុំ​​​ត្រូវ​​​បង្ហាញ​​​ថា ហេតុការណ៍​​​នេះ​​​បាន​​​កើត​​​ឡើង​​​​នៅ​​​ពេល​​​គាត់​​​​​ស្ថិត​​​នៅ​​​ចម្ងាយ​​​ពីរបី​​​ហ្វីតប៉ុណ្ណោះ​ពី​​​លោក ហ៊ុន ​ម៉ាណែត ហើយ​​​គាត់​​​បាន​​​ប្រាប់​​​ខ្ញុំ​​​នៅ​​​ព្រឹក​​​នេះ​ថា គាត់​បាន​​​​​ឈោង​​​​ដៃ​​​ឆ្វេង​​​របស់​គាត់​​​ហុច​​​​ឯកសារ​​​ឲ្យទៅ​​​លោក ​​​ហ៊ុន ​​​ម៉ាណែត​​​ សម្រាប់​​​រឿង​​​ក្តី​​​តុលាការ​​​នេះ។

លោក​​​បាន​​​បន្ត​​​​ថា “គាត់​​​​​​បាន​​​ហៅ​​​ឈ្មោះ ​​​ហ៊ុន ម៉ាណែត ហើយ​​​ពេល​​​នោះ​​​អង្គរក្ស​​​បាន​​​រុញ​​​គាត់​​​ដួល​​​លើ​​​ដី​​​តែ​​​ម្តង​​​។ ប៉ុន្តែ នីតិវិធី​​​ក្នុង​​​សហរដ្ឋ​​​អាមេរិក​​​តម្រូវ​​​ឲ្យ​​អ្នក​​​​ស្ថិត​​​ចម្ងាយ​​​​​​១០​​​ហ្វីតពី​​​ចុង​​​ចោទ​​​”។

លោក សក្លា ដែល​​​ផ្អែក​​​ករណី​​​របស់​​​លោក​​​​​​លើ​ការ​​​លើក​​​លែ​ង​​​នៅ​​​ក្នុង​​​ច្បាប់​​​អភ័យ​​​ឯកសិទ្ធិ​​​រដ្ឋ​​​ក្រៅ​​​ប្រទេស​​​អាមេរិក​​​​​​ ចំពោះ​​​សកម្ម​​​ភាព​​​ខុស​​​ឆ្គង​​​ដែល​​​បង្ក​​​ឲ្យ​​​ប៉ះ​​​ពាល់​​​ដល់​​​ប្រជាជន​​​អាមេរិក​​​បាន​​​លើក​​​ឡើង​​​ថា ​​​ឧត្តម​​​សេនីយ៍​​​ឯក ហ៊ុន ម៉ាណែត ​​​​​​មាន​​​ពេល​​​រហូត​​​ដល់​​​ថ្ងៃ​​​ទី​​​៩ ខែ​​​ឧសភា​​​ដើម្បី​​​បង្ហាញ​​​ប្រាប់​​​តុលាការ​​រដ្ឋ​កាលីហ្វ័រញ៉ា​​​ថា តើ​​​គាត់​​​មាន​​​គម្រោង​​​ការ​​​ពារ​​​ខ្លួន​​​ ឬ​​​យ៉ាង​​​ណា?។ លោក​បាន​បន្ថែម​ថា “លោក ​​​ហ៊ុន ​​​ម៉ាណែត ​​​ត្រូវ​​​ឆ្លើយ​​​បំភ្លឺ​​​ចំពោះ​​​ដីកា​​​កោះ​​​នេះ ​​​គាត់​​ត្រូវ​​​​​ផ្តល់​​​ការ​​​ឆ្លើយ​​​តប​​​ជា​​​លាយ​​​លក្ខណ​​​៍អក្សរ​​​ដល់​​​តុលាការ​​​ប្រឆាំង​​​​ការ​​​ចោទ​​​ប្រកាន់​​​លើ​​​រូប​​​គាត់​​​​។គាត់​​​ត្រូវ​​​និយាយ​​​ក្នុង​​​លក្ខ​​​ខណ្ឌ​​​ទូទៅ​​​ថា តើ​​​ការ​​​ឆ្លើយ​​​តប​​​របស់​​​គាត់​​​ជាអ្វី​​​”។

លោក សក្លា បាន​និយាយ​ថា ប្រសិន​​​បើ​​​​​​មិន​​​មាន​​​ការ​​​ឆ្លើយ​​​តប​​​ចំពោះ​​​ដីកា​​​បង្គាប់​​ឲ្យ​​​ចូល​​​ខ្លួន​​​ទេ​​​នោះ​​​ បញ្ហា​​​អាច​​​ធ្វើ​​​តាម​​​ការ​គ្រោង ​ទុក​ នៅ​ពេល​​​លោក ហ៊ុន សែន ត្រូវ​​​បាន​​​ប្តឹង​​​ក្នុង​​​តុលាការ​​​ក្រុង​​​ញូវយ៉ក​​​ក្នុង​​​​​​ឆ្នាំ​​​២០០៥ ​​​ចំពោះ​​​ការ​​​ជាប់​​​ពាក់​​​ព័ន្ធ​​​ក្នុង​ការ​​​វាយ​​​ប្រហារ​​​ដោយ​​​គ្រាប់​​​បែក​​​ឆ្នាំ​​​១៩៩៧​ទៅ​លើ​​​ការ​​​តវ៉ា​​​របស់​​​គណបក្ស​​​ប្រឆាំង​​​ដែល​​​បាន​​​បណ្តាល​​​ឲ្យលោក Ron Abney ​​​ជាជាតិ​អាមេរិករង​របួស​ ដែលលោក​​​​ក៏​​​​​ត្រូវ​​​បាន​​​តំណាង​​​ដោយ​​​លោក សក្លា ផង​​​ដែរ​​​។

ដោយ​​​សំដៅ​​​ដល់​​​សំណើសុំ​​​ឲ្យ​​​ចេញ​​​សេចក្តី​​​ សម្រេច​​​ប្រឆាំង​​​ចុង​​​ចោទ​​​ដែល​​​មិន​​​ឆ្លើយ​​​តប​​​លោក សក្លា​​​ បាន​​​និយាយ​​​ថា “នៅ​​​ក្នុង​​​​​​ករណី​​​នោះ​​​​​​​​​អ្វី​​​ដែល​​​បាន​​​កើត​​​ឡើង​​​ គឺ​​​លោក ​​​ហ៊ុន ​​​សែន ​​​មិន​​​បាន​​​ឆ្លើយ​​​តប​​​ក្នុង​​​រយៈ​​​ពេល​​​៣០​​ថ្ងៃ​​​ទេ ហើយ​ជា​លទ្ធផល ‘សេចក្តីសម្រេច​’ ត្រូវ​​​បាន​ធ្វើឡើង”។

លោក​​​បាន​​​និយាយ​​​ថា “ចៅ​​​ក្រម​​​ហៀបនឹង​​​​​​ចេញ​​​សាល​​​ក្រម​​​កំបាំង​​​មុខ​​​​​​ប្រឆាំង​​​​​​​​លោក ហ៊ុន ​​​សែន ​​​ទៅ​​​​ហើយ ហើយ​​​ពេល​​​​​​នោះ​​​លោក​​​​​​បាន​​​​​​​​​ជួល​​​ការិយាល័យ​​​មេធាវីដ​​​៏​​​ធំ​​​មួយ​​​ក្នុង​​​ទីក្រុង​​​ញូវយ៉ក​​​ឲ្យ​​​ការ​​​ពារ​​​គាត់​​​ ហើយ​បាន​ច្រាន​ចោល​​​​សេចក្តីសម្រេច​នោះ”។

លោក​បាន​បន្ថែមថា “នៅ​​​ក្នុង​​​រឿង​ក្តី​​​​របស់​​​គាត់​​​ មេធាវី​​​បាន​​​ផ្អែក​​​លើ​​​​​​អភ័យ​​​ឯកសិទ្ធិ​​​ជា​​​ប្រមុខ​​​រដ្ឋ​​​។ យើង​​​ជំទាស់​​​នឹង​​​ចំណុច​​​នោះនៅ​​​ក្នុង​​​តុលាការ​​​ នៅ​​​ពេល​​​លោក ហ៊៊ុន សែន និង​​​លោក សម រង្ស៊ី ឈានដល់​​​ដំណោះស្រាយ​​​ផ្ទាល់​​​ដែល​​​បាន​​​បញ្ចប់​​​រឿងក្តី​​​​នោះ​​​”។​​​

លោក Abney នៅ​ទីបំផុត​​​បាន​​​​​​ដក​​​​​​ពាក្យ​​​បណ្តឹង​​​នោះ ជា​ផ្នែក​មួួយ​​​នៃ​​​កិច្ច​​​ព្រមព្រៀង​​​ដែល​អនុញ្ញាត​​​ឲ្យ​​​លោក សម រង្ស៊ី ដែល​​​និរទេស​​​ដោយ​​​ខ្លួន​​​ឯងទទួល​​​បាន​​​ការ​​​លើក​​​លែង​​​ទោស​​​ចំពោះ​ការ​កាត់​ឲ្យ​ជាប់​ទោស​ព្រហ្ម​​​ទណ្ឌ និង​​​ត្រឡប់​​​មក​​​ប្រទេស​​​កម្ពុជា​​​វិញ។

លោក សក្លា បាន​​​​​​និយាយ​​​ថា លោក​​​ជឿ​​​ថា ​​​បណ្តឹង​​​ចុង​​​ក្រោយ​​​របស់​​​លោក​​​មាន​​​សុពល​​​ភាព​​​​​​ដោយសារតែ​​​​​​មាន​​​ករណី​​​លើក​​​លែង​​​មួយ​​​ដែល​​​មាន​​​នៅ​​​ក្នុង​​​ច្បាប់​​​អភ័យ​​​ឯកសិទ្ធិ​​​រដ្ឋ​​​ក្រៅ​​​ប្រទេស​​​អាមេរិក។

លោក​​​បាន​​​និយាយ​​​ថា “ខ នោះ​​​ចែង​​​ថា ​រដ្ឋាភិបាល​​​​​​បរទេស​​​​​​ដែល​​​បាន​​​ប្រព្រឹត្ត​​​កំហុស​​​ស៊ីវិល​​​នៅ​​​ប្រទេស​​​ក្រៅ​​​​​​ដែល​​​មាន​​​ផល​​​ប៉ះ​​​ពាល់​​​​​​នៅ​​​អាមេរិក​​​​ ច្បាប់​​​នោះ​​​មាន​​​ការ​​​លើក​​​លែង​​​តាម​​​គោលការណ៍​​​អភ័យ​​​ឯកសិទ្ធិ​​​រដ្ឋ​​​ក្រៅ​​​ប្រទេស​​​ ហើយ​​​អនុញ្ញាត​​​ឲ្យ​​​ប្តឹង​​​រដ្ឋាភិ​​​បាល​​​នោះ”។

លោក សក្លា បាន​​​និយាយ​​​ថា ទោស​​​ជាប់​​​ពន្ធនាគារ​​​២០​​​ឆ្នាំ​​​របស់​លោក មាជ សុវណ្ណារ៉ា បាន​ធ្វើ​​​ទុក្ខ​​​ទោស​​​រូប​​​គាត់​​​តាម​​​ច្រើន​​​វិធី។ លោក​​​បាន​​​និយាយ​​​ថា វិធី​​​មួយ​​​គឺ​​​ខាង​​​ហិរញ្ញវត្ថុ​​​គ្រួសារ​​​របស់​​​គាត់​​​​​​រង​​​ការ​​​ខាត​​​បង់​​​លុយ​​​កាក់​​​ច្រើន​​​ណាស់​​​ដោយសារតែ​​​ទោស​​​ជាប់​​​ពន្ធនាគារ​​​យូរ​​​របស់​​​គាត់​​​ផ្អែក​​​លើ​​​មូល​​​ដ្ឋាន​​​តាម​​​តែ​​​អំពើ​​​ចិត្ត​​​ ពួក​​​គេ​​​បាន​​​បាត់​​​បង់​​​ផ្ទះ​​​របស់​ខ្លួន។ មាន​​​ការ​​​ប៉ះពាល់​​​ខាង​​​ផ្លូវ​​​ចិត្ត​​​ធ្ងន់​​​ធ្ងរ​​​​​​ដល់​​​គ្រួសារ​​​របស់​​​គាត់”។

ឧត្តម​​​សេនីយ៍ឯក ហ៊ុន ម៉ាណែត មិន​​​បាន​​​ឆ្លើយ​​​តប​​​ទៅ​​​នឹង​​​សំណើ​​​សុំ​​​ការ​​​អត្ថាធិប្បាយ​​​ទេ​​​កាលពី​​​ម្សិលមិញ។

ក៏​​​ប៉ុន្តែ លោក​​​ ផៃ ​​​ស៊ីផាន អ្នក​​​នាំ​​​ពាក្យ​​​ទី​​​ស្តី​​​ការគណៈ​​​រដ្ឋ​​​មន្ត្រី​​​បាន​​​និយាយ​​​ថា លោក សក្លា បាន​​​ប្រឌិត​​​​​​រឿង​​​ក្តី​​​​​​​​​ស្មុគ​​​ស្មាញ​​​ពិបាក​​​យល់​​​ដើម្បី​​​រក​​​លុយ។

លោក​​​ ផៃ ស៊ីផាន បាន​​​និយាយ​​​ថា “មេធាវី​​​ រូប​​​​​​នេះ​​​​​​ចេះ​​​តែ​​​បង្កើត​​​រឿង​​​ឲ្យ​​​បាន​​​ច្រើន​​​ដើម្ប​​​ី​​​ ជំរុញ​​​វា​​​តាម​​​រយៈ​​​បណ្តាញ​​​ព័ត៌មាន​​​ក្នុង​​​បំណង​​​ប្រមូល​​​លុយ​​​ពី​​​ពល​​​រដ្ឋ​​​ខ្មែរ​​​សញ្ជាតិ​​​អាមេរិក។ ចូរ​​​គិត​​​អំពី​​​យុត្តាធិការ។ យើង​​​មាន​​​យុត្តាធិការ​​​របស់​​​យើង​​​ផ្ទាល់​​​ ហើយ​​​វា​​​ខុស​​​ពី​​​យុត្តាធិការ​​​អាមេរិក”។

លោក​បាន​និយាយ​ថា “ហ៊ុន ម៉ាណែត ក៏​​​មិន​​​មាន​​​អី​​​ពាក់​​​ព័ន្ធ​​​ជា​​​មួយ​​​ មាជ ​​​សុវណ្ណារ៉ា ​​​ហើយ​​​ពួក​​​គេ​​​​​​បាន​​​ប្រឌិត​​​បញ្ហា​​​នេះ​​​ឡើង ​​​ពីព្រោះ​​​គាត់​​​នៅ​​​ទី​​​នោះ។ ទី​​​២​​​ ខ្ញុំ​​​មិន​​​ជឿ​​​ថា​​​អាមេរិក​​​នឹង​​​បណ្តោយ​​​ឲ្យ​​​មាន​​​រឿង​​​អ្វី​​​មួយ​​​កើត​​​ឡើង​​​ចំពោះ​​​ក្រុម​​​មន្ត្រី​​​បរទេស​​​ថ្នាក់​​​ខ្ពស់​​​ដូច​​​ ហ៊ុន ម៉ាណែត ទេ”។

ឧត្តម​​​សេនីយ៍ឯក ហ៊ុន ម៉ាណែត តាម​​​ពិត​​ពី​​​មុន​​​មក​​​មិន​​​ដែល​​​​​​រង​​​ការ​​​ចោទ​​​ប្រកាន់​​​ពាក់​​​ព័ន្ធ​​​នឹង​​​ការ​​​ជាប់​​​ពន្ធនាគារ​​​របស់​​​លោក ​​​មាជ សុវណ្ណារ៉ា ទេ ហើយ​​​ករណី​​​របស់​​​លោក ​​​សក្លា ​​​មិន​​​បាន​​​ផ្តល់​​​ភ័ស្តុ​​​តាង​​​ក្រៅ​​​ពី​​​អ្វី​​​ដែល​​​ខ្លួន​​​ចាត់​​​ទុក​​​ថា ជា​​​ជំហរ​​​ល្អ​​​របស់​​​គាត់​​​ ដោយ​​​សារ​​​ការ​​​ជាប់​​​ទាក់​​​ទង​​​របស់​​​គាត់​​​ទៅ​​​នឹង​​​ឪពុក​​​របស់​​​គាត់ ក្នុង​​​ពេល​​​មាន​​​រឿង​​​ពុក​​​រលួយ​​​ក្នុង​​​កង​​​កម្លាំង​​​សន្តិសុខ។ មិន​​​ត្រឹម​​​តែ​​​ឧត្តម​​​សេនីយ៍ឯក ​​​ហ៊ុន ​​​ម៉ាណែត ដែល​​​រង​​​ការ​​​ចោទ​​​ប្រកាន់​​​ជា​​​ចុង​​​ចោទ​​​​​​នៅ​​​តុលាការ​​​ប៉ុណ្ណោះ​​​ទេ ប៉ុន្តែ ​​​រដ្ឋាភិ​​​បាល​​​កម្ពុជា​​​ក៏​​​ដូច្នោះ​​​ដែរ។

លោក​​​ សក្លា បាន​​​និយាយ​ថា​ លោក​​​កំពុង​​​ដំណើរការ​​​កោះ​​​ហៅ​​​រដ្ឋាភិបាល​​​​​​ឲ្យ​​​ចូល​​​ខ្លួន ដោយ​​​ធ្វើ​​​ការ​​​តាម​​​រយៈ​​​ក្រសួង​​​ការ​​​បរទេស​​​អាមេរិក។

ស្ថាន​​​ទូត​​​អាមេរិក​​​ក្នុង​​​ក្រុង​​​ភ្នំពេញ​​​​​​​​​​​​មិន​​​បាន​​​ឆ្លើយ​​​​​​តប​​​ទៅ​​​នឹង​​​សំណួរ​​​សុំ​​​ការ​​​អត្ថាធិប្បាយ​​​កាល​​​ពីម្សិលមិញ​​​ទេ។

លោក ផៃ ស៊ីផាន អ្នក​​​នាំ​​​ពាក្យ​​​រដ្ឋាភិបាល​​​ បាន​​​និយាយ​​​ថា “លោក​​​មិន​​​បារម្ភ​​​អំពី​​​រដ្ឋាភិបាល​​​ត្រូវ​​​គេ​​​ប្តឹង​​​នោះ​​​ទេ។ លោក​​​បាន​​​​​​និយាយ​​​ថា”គាត់​​​កំពុង​​​ព្យាយាម​​​បរិហារកេរ្តិ៍​​​យើង​​​ ដោយ​​​និយាយ​​​​​​អ្វី​​​ៗ​​​ជា​​​​​​ច្រើន​​​ ដូច​​​ ហ៊ុន ម៉ាណែត​​​ ជា​​​ភេរវជន​​ជាដើម។ ប៉ុន្តែ ​​​ហ៊ុន ម៉ាណែត​​​ បាន​​​ទទួល​​​ការ​​​អប់រំ​​​នៅ​​​ West Point។ រឿង​​​នេះ​​​គ្មាន​​​មូលដ្ឋាន​​​ទេ។ វា​​​នឹង​​​មិន​​​បាន​​​ការ​​​ទេ”។

នគរបាល​​​នៅ​​​ក្រុង​​​ឡុង​​​ប៊ិច​​​ មិន​​​បាន​​​ឆ្លើយ​​​តប​​​ទៅ​​​នឹង​​​សំណើ​​​សុំ​​​ការ​​​អត្ថាធិប្បាយ​​​អំពី​​​ថា តើ​​​ខ្លួន​​​កំពុង​​​សើុប​​​អង្កេត​​​ការ​​​អះអាង​​​ដែល​​​ថា អង្គរក្ស​​​របស់​ឧត្តម​​​សេនីយ៍​​​ឯក ហ៊ុន ម៉ាណែត វាយ​ប្រហារ​​​លោក​​​ Hayes ជា​​​អ្នក​​​ប្រគល់​​​ដីកាកោះ​​​ ឬ​​​យ៉ាង​​​ណា៕ សារុន និង និត

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស