32.9 C
Phnom Penh

ការ​ដាក់​ពន្ធនាគារ​តំណាង​រាស្ត្រ​​បក្ស​ប្រឆាំង​​ពី​បទ​ល្មើស​ព្រហ្ម​ទណ្ឌ​ជាក់​ស្ដែង​​ ​បំពាន​​រដ្ឋធម្មនុញ្ញ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មុន​ពេល​ចាក​ចេញពី​ប្រទេស​កម្ពុជា​កាល​​ពី​​ខែ​មុន លោកស្រី រ៉ូណា ស្មីត អ្នក​រាយ​ការណ៍​ពិសេស​​របស់​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​​ប្រចាំ​ប្រទេស​កម្ពុជា ​បាន​សម្ដែង​ការ​ជំទាស់​​ទៅ​នឹង​​អ្វី​ដែល​លោកស្រី​លើក​ឡើង​ថា ​ជា​ការ​កើត​មាន​ជាទូទៅ​​​នៃ​ករណី​​​​ដែល​មាន​ ”ភាព​ខុស​គ្នា​រវាង​​​​អ្វី​ដែល​ច្បាប់​​​បាន​ចែង​ និង​​ការ​អនុវត្ត​​នៅពេល​នោះ​”។

ចាប់តាំង​ពី​លោក​ស្រី​បានចាក​ចេញទៅ​ ភាព​​​​​​​ខុស​គ្នា​នេះ​កាន់តែ​មានការ​គួរ​ឲ្យ​កត់​សម្គាល់​​​ជាង​នៅ​ក្នុង​​ការ​បក​ស្រាយ​ទាំង​​ស្រុង​​របស់​រដ្ឋាភិបាល​​នូវ​​មាត្រា​​ក្នុង​រដ្ឋធម្មនុញ្ញ​​ ដែល​ហាម​មិន​​ឲ្យ​ចាប់​ខ្លួន​សមាជិក​សភា​​ដោយ​​​​​​​គ្មាន​ការ​ឯកភាព​​ពី​សំឡេង​២ភាគ៣​នៃ​រដ្ឋសភា​។

ការ​ចាប់​​លោក អ៊ុំ សំអាន តំណាងរាស្ត្រ​​គណបក្ស​ប្រឆាំង​ដាក់​ពន្ធនាគារ​​កាលពី​សប្ដាហ៍​​​មុន​ដោយ​សារ​ការ​បង្ហោះ​​សារ​​តាម​បណ្ដាញ​ទំនាក់​ទំនង​សង្គម​កាលពី​ឆ្នាំ​មុននោះ​ ​រដ្ឋាភិបាល​​​​​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា​​ដែល​គ្មាន​​​អាសនៈ​២ភាគ៣​នៅ​​ក្នុង​រដ្ឋសភា​បាន​លើក​ឡើង​ថា ​សំឡេង​ភាគច្រើន​បែប​នេះ​មិន​​​​ចាំបាច់​ទេ ព្រោះ​​មាន​ការ​លើក​លែង​​ដែល​អនុញ្ញាត​ឲ្យ​មាន​ការ​ចាប់​ខ្លួន​ប្រសិន​បើ​សមា​ជិក​សភា​​ត្រូវ​បាន​រក​ឃើញ​ថា បាន​ប្រព្រឹត្ត​បទល្មើស​ជាក់​ស្ដែង​។

cam-photo-lawmaker-immunity_WEB-ONLY​ការ​អះអាង​បែប​នេះ​ផ្អែក​លើ​​វាក្យខណ្ឌ​​​នៅ​​​​​ក្នុង​​​មាត្រា​៨០​នៃ​រដ្ឋធម្មនុញ្ញ​ ដែល​ផ្ដល់​អភ័យ​ឯកសិទ្ធិ​ដល់​សមាជិក​សភា​រួច​​ផុត​​​ពី​ការ​ចាប់​ខ្លួន ​ប៉ុន្តែ​មាន​ករណី​លើក​លែង​ ”​នៅ​ក្នុង​​ករណី​​ណា​​មាន​បទល្មើស​​ជាក់​ស្ដែង​” គឺ​ពេល​​ដែល​គេ​ចាប់​បាន​សមាជិក​សភា​កំពុង​​ប្រព្រឹត្ត​បទ​ល្មើស​។

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​មាន​ប្រសាសន៍​ពេល​ថ្លែង​សុន្ទរកថា​កាលពី​ថ្ងៃ​​​​អង្គារ​​​​​​ថា “​កុំ​និយាយ​ថា លោក​ឯង​មាន​អភ័យ​ឯក​សិទ្ធិ​​ហើយ​គេ​មិន​អាច​ចាប់​ខ្លួន​លោក​ឯង​បាន​​​នោះ ​ព្រោះ​វា​ជា​បទល្មើស​ជាក់​ស្ដែង​”។ លោក​បាន​​​​ពន្យល់​ថា ​បទល្មើស​របស់​លោក អ៊ុំ សំអាន ​អ្នក​​​​​ទាំង​អស់​គ្នា​អាច​នៅ​មើល​ឃើញ​នៅ​ឡើយ​។ ​​​លោក​បាន​មាន​ប្រសាសន៍​បន្ថែម​ថា ”​ពេល​នេះ​​ ម៉ោង​នេះ ​​ទំព័រ​​របស់​លោក​ឯង​នៅ​តែ​និយាយ​អំពី​ផែន​ទី​ក្លែង​ក្លាយ​នៅ​ឡើយ​ទេ”។ ខ្ញុំ​មិន​ខ្វល់​ថា លោក​​ឯង​ជា​សមាជិក​សភា​ ឬ​សមាជិក​ព្រឹទ្ធសភា​នោះ​ឡើយ”។

តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​រូប​នេះ​ត្រូវ​បាន​ចោទ​​ប្រកាន់​តាមការ​គ្រោង​ទុក​​នៅ​ប៉ុន្មាន​ម៉ោង​ក្រោយ​មក​ពីបទ​ញុះញង់​កាល​​​​ពី​ថ្ងៃទី​៩ ខែ​មេសា។ លោក​ត្រូវ​បាន​ចាប់​ខ្លួន​មិន​យូរ​ប៉ុន្មាន​​​ក្រោយ​​ពេល​រំលង​អធ្រាត្រ​ឈាន​​​​​ចូល​ថ្ងៃ​ទី​១០ ខែ​មេសា ទោះបី​ជា​លោក​​​​​​បាន​ធ្វើ​ការ​​បង្ហោះ​សារ​ទាក់ទិន​ការ​កំណត់​​ព្រំដែន​ប្រហែល​៦ខែ​កន្លង​មក​ហើយ​ក៏ដោយ។

លោក ជិន ម៉ាលីន អ្នក​នាំពាក្យ​ក្រសួង​យុត្តិធម៌​បាន​លើក​ឡើង​កាលពី​សប្ដាហ៍​មុន​ថា “ទោះ​បី​ជា​វា​កើត​ឡើង​​កន្លង​ហួសទៅ​​​​ហើយ​ក្ដី ​វា​ក៏​​​នៅ​តែ​ចាត់​ទុក​ជា​បទល្មើស​ជាក់​ស្ដែង​​ដដែល ​​​​បើ​គិត​ពី​​​​ទិដ្ឋ​​​ភាព​​​​​​ផ្លូវ​ច្បាប់ និង​បច្ចេកទេស​”។

លោក​បាន​បន្ថែម​ថា ”​ខ្ញុំ​ផ្ដល់​ឧទាហរណ៍​មួយ​ថា បើ​លោក អ៊ុំ សំអាន សម្លាប់​មនុស្ស​ម្នាក់​ ហើយ​​រត់គេច​ខ្លួន​ ប៉ុន្តែ​ក្រោយ​មក​ត្រឡប់​​​មក​វិញ នគរ​បាល​អាច​ចាប់​ខ្លួន​​គាត់​បាន​ ដោយ​​​​​សារ​តែ​គាត់​បាន​ប្រព្រឹត្ត​បទល្មើស​ជាក់​ស្ដែង ហើយ​គេ​គ្រប់គ្នា​ដឹង​ថា​​គាត់​​​​បាន​​​​​​ធ្វើ​​​​​​​​​វា​​​​​ពីមុន”។

ប៉ុន្តែ​​ការ​បកស្រាយ​ដ៏ទូលំទូលាយ​អំពី​វាក្យ​​ខណ្ឌ​ស្តី​ពី​បទ​ល្មើស​ជាក់​ស្ដែង​​នេះ មិន​ដែល​​ត្រូវ​បាន​លើកឡើង​​ទេ​ពីមុន​មក​អស់​រយៈ​ពេល​​​​​២០​ឆ្នាំ​មក​ហើយ ព្រោះ​គណបក្ស​ប្រជាជន​កម្ពុជា​​​អាច​ទទួល​​បាន​​​សំឡេង​២​ភាគ​​​៣​​នៅ​ក្នុង​ការ​បោះ​ឆ្នោត​​ដើម្បី​ចាប់​​សមាជិក​សភា​​​គណបក្ស​ប្រឆាំង​ដាក់​​ពន្ធនាគារ​ ហើយ​​​​​​​ខ្លឹមសារ​​របស់វា​​មាន​មនុស្ស​ជាច្រើន​​មិន​ឯក​ភាព​​​​​ទទួល​យក​។

លោក សុន ឆ័យ ​សមាជិក​សភា​គណបក្ស​ប្រឆាំង​​ដែល​បាន​ការ​ពារ​លោក អ៊ុំ សំអាន អំឡុង​សន្និសីទ​កាសែត​មួយ​កាលពី​សប្ដាហ៍​មុន បាន​ជំទាស់​ថា ​វាក្យខណ្ឌ​នោះ​​មិន​មែន​មាន​​​​​ន័យ​ថា ​ជា​ការ​ផ្ដល់​ឱកាស​ឲ្យ​មាន​ការ​គេច​​​​​ពី​ច្បាប់​នោះ​ទេ ដោយ​អនុញ្ញាត​ឲ្យ​មាន​ការ​ចាប់​ខ្លួន​​សមាជិក​សភា​ ពេល​​អាជ្ញាធរ​អះអាង​ថា មាន​​ភ័ស្តុតាង​ច្បាស់​លាស់​នៃ​ការ​ប្រព្រឹត្ត​បទ​ល្មើស​។

​ផ្ទុយ​ទៅវិញ លោក សុន ឆ័យ ​លើក​ឡើង​ថា វាក្យខណ្ឌ​​នោះ​គឺ​មាន​បំណង​បើក​ឱកាស​ឲ្យ​មាន​លទ្ធភាព​​​ចាប់​ខ្លួន​សមាជិក​សភា​ នៅ​​​ពេល​​​មាន​ការ​ប្រព្រឹត្ត​បទល្មើស​ធ្ងន់ធ្ងរ​​ ដូច​ជា​អំពើ​មនុស្ស​ឃាត​ជាដើម​ ដោយ​អនុញ្ញាត​ឲ្យ​នគរ​បាល​ធ្វើ​អន្តរាគមន៍​ដោយ​ពុំ​ចាំបាច់​រង់ចាំ​សភា​​​​​​​បោះ​ឆ្នោត​នោះ​ទេ​។

ប៉ុន្តែ​ទោះបី​ជា​នៅ​ក្នុង​ករណី​ប្រព្រឹត្ត​បទ​ល្មើស​ “ជាក់​ស្ដែង” ​ក៏ដោយ តែ​លោក សុន ឆ័យ​ បាន​គូស​បញ្ជាក់​កាលពី​ម្សិលមិញ​ថា ការ​លើក​លែង​នេះ​គឺ​គ្រាន់​តែ​បណ្ដោះ​អាសន្ន​ប៉ុណ្ណោះ ហើយ​​មិន​អនុញ្ញាត​ឲ្យ​បន្ត​ដំណើរ​ការ​​ផ្ដន្ទាទោស​ឡើយ ដូច​ជា​នៅ​ក្នុង​ករណី​លោក អ៊ុំ សំអាន ជាដើម​។

លោក​ សុន ឆ័យ បាន​មាន​ប្រសាសន៍​ថា “​បន្ទាប់ពី​ពួកគេ​បាន​ឃាត់​ខ្លួន​គាត់​ ពួកគេ​ត្រូវ​តែ​មាន​ការ​អនុញ្ញាត​ពី​សភា​ដើម្បី​ដក​អភ័យ​ឯកសិទ្ធិ​របស់​គាត់​​ ដើម្បី​បន្ត​​ដំណើរ​ការ​ផ្ដន្ទា​ទោស​នៅ​ក្នុង​ករណី​នេះ​។ រដ្ឋធម្មនុញ្ញចែង​ថា ​ប្រសិន​បើ​ចង់​បន្ត​ត្រូវ​តែ​ដក​អភ័យ​ឯកសិទ្ធិ​ ប៉ុន្តែ​គណបក្ស​ប្រជាជន​កម្ពុជា​មិន​មាន​សំឡេង​​​​​ភាគច្រើន​ទេ”។ ​​​​​​​​​​

បដិញ្ញាដែល​​តម្រូវ​ឱ្យ​មាន​ការ​​​​អនុ​ម័ត​​​ដោយ​សំឡេង​​​​​ឆ្នោត២ភាគ​៣​នៃ​​រដ្ឋ​សភា​​ ក៏​​​មាន​​ចែង​​​ដែរ​​​នៅ​​​ក្នុង​​​មា​ត្រា​​៨០​​​នៃ​​​​​​រដ្ឋ​​​​​​ធម្មនុញ្ញ។

មាត្រា​​នេះ​​ចែង​​​​ថា “ការ​​ចោទ​​ប្រកាន់ ​ការ​​​​ចាប់​ខ្លួន​ ការឃាត់​​ខ្លួន ឬ​ការ​​ឃុំ​​ខ្លួនសមាជិក​​ណាមួយ​​នៃ​រដ្ឋ​សភា​ នឹង​អាច​​​​​​ធ្វើ​​ទៅ​​កើត​លុះ​​ត្រា​​តែ​​មាន​ការ​​​​យល់​ព្រម​​​​​ពី​រដ្ឋ​សភា ឬ​ពី​គណៈ​​​​​​​កម្មា​ធិការ​​អចិន្ត្រៃយ៍​របស់​រដ្ឋ​​សភាក្នុង​ចន្លោះ​​សម័យ​ប្រជុំ​នៃ​រដ្ឋ​សភា ​​វៀរ​លែង​តែ​​​ក្នុង​ករណី​​​​បទ​ល្មើស​​ព្រហ្ម​ទណ្ឌ​​​​ជាក់​​ស្តែង​។ ក្នុង​ករណី​​​ខាង​ក្រោយ​​​​នេះ ក្រសួង​​​មាន​​សមត្ថ​កិច្ច​ត្រូវ​​​ធ្វើ​​សេចក្តីរាយ​ការណ៍​ជូន​​​​រដ្ឋ​សភា​ ឬ​ជូន​​​គណៈ​​​កម្មាធិការ​​អចិន្ត្រៃយ៍​​របស់​​រដ្ឋ​សភា​​​ជា​​បន្ទាន់​ដើម្បី​សម្រេច។ សេចក្តី​​សម្រេចរបស់​​គណៈ​កម្មាធិការ​​អចិន្ត្រៃយ៍​​​​របស់​រដ្ឋ​សភា ត្រូវ​​​​ដាក់​ជូន​​​សម័យ​​​​ប្រជុំ​​រដ្ឋ​សភា​​ខាង​មុខ​​​ដើម្បី​​អនុម័ត​​​តាម​​​មតិ​ភាគ​​ច្រើន​​​​ ២ភាគ​​៣ នៃ​​សមាជិក​​រដ្ឋ​សភា​​ទាំង​មូល​។ ក្នុង​ករណី​​ទាំ​ង​អស់​ខាង​​លើ ​ការ​ឃុំ​ខ្លួន ការ​​ចោទ​ប្រកាន់​​តំណាង​រាស្ត្រ​​ណា​​​​មួយ​ ត្រូវ​​ផ្អាក ប្រសិន​បើ​រដ្ឋ​សភា​​​​បាន​​​បញ្ចេញ​​​​​​​​មតិ​​ឱ្យ​​ផ្អាក​​តាម​​​​មតិ​ភាគ​​ច្រើន​​ ​៣ភាគ​​៤ ​នៃ​ចំនួន​​​​សមាជិក​​​រដ្ឋ​​សភា​​​ទាំង​មូល​​”។

លោក ជិន ម៉ាលីន អ្នកនាំពាក្យ​ក្រសួង​យុត្តិ​​ធម៌​បាន​មាន​ប្រសាសន៍​កាលពី​ម្សិលមិញ​ថា វាក្យខណ្ឌ​ចុង​ក្រោយ​នៃ​មាត្រា​នេះ​​​​ចែង​​​​​​អំពី​​​មូលដ្ឋាន​​​នៃ​ការ​បោះ​ឆ្នោត​​របស់​រដ្ឋសភា​​កាលពី​សប្ដាហ៍​មុនដែល​​​អនុញ្ញាត​ឲ្យ​​បន្ត​​​​​ចោទ​​​​​​​ប្រកាន់​​​​លោក អ៊ុំ សំអាន ​ថ្វីបើ​លោក​​​មាន​​​អភ័យ​ឯកសិទ្ធិ​នៅ​ឡើយ​​​​​​​​​ក្តី​​​។

លោក​​បដិសេធ​​​ថា ការ​​​​​​គ្មាន​​​​​​​សំឡេង​ភាគ​​ច្រើន​​ ២ភាគ៣​​ ដើម្បី​អនុម័ត​ការ​​ឃុំខ្លួន​​លោក អ៊ុំ សំអាន ​​​មិន​​​បាន​រារាំង​​ចំណាត់​ការ​បែប​េនះ​​សម្រាប់​​​​ករណី​ “​បទល្មើស​ជាក់​ស្ដែង​” ​​​នោះ​​​ទេ ដោយ​​​​លោក​​​បក​ស្រាយ​ថា មក​​​ពី​​​លោក អ៊ុំ សំអាន ​មិន​ទទួល​បាន​សំឡេង​ឆ្នោត​ចាំបាច់​​ដើម្បី​ផ្អាក​ការ​​​​ចោទ​​​ប្រកាន់​​​​​​លោក។

លោក​បាន​បន្ត​ថា “​គណបក្ស​សង្គ្រោះ​ជាតិ​​យក​តែ​មួយ​ផ្នែក​ដើម្បី​មក​បកស្រាយ ប៉ុន្តែ​មិន​ប្រើ​ប្រាស់​វាក្យខណ្ឌ​​បន្ទាប់​ [ចែង​​​​អំពី​ការ​​ផ្អាក​​​​ការ​​​​​​​​​ចោទ​​​ប្រកាន់​​​​] ដើម្បី​បំពេញ​​​​អត្ថ​​​ន័យ​​​​​​ទេ ​​​ហើយ​​ប្រសិន​បើ​យើង​ចង់​យល់​​អត្ថន័យ​ទាំង​មូល យើង​ត្រូវ​អាន​វាក្យខណ្ឌ​បន្ទាប់​។ យើង​​​រក​មិន​បាន​​សំឡេង​​ឆ្នោត​​ភាគច្រើន​ ៣ភាគ​៤ ​ដើម្បី​បញ្ឈប់​នីតិវិធី​របស់​តុលាការ​ទេ ដូច្នេះ​​​

នោះ​ជាមូល​ហេតុ​ដែល​រដ្ឋសភា​អនុម័ត​​ដោយ​​​សំឡេង​៥០ភាគ​​​​​​​​​រយ​​​បូក​១​ដើម្បី​អនុញ្ញាត​ឲ្យ​សមត្ថកិច្ច​បន្ត​​ចាប់​ខ្លួន និង​ឃុំខ្លួន​លោក អ៊ុំ សំអាន។ ​​​​​​សមត្ថកិច្ច​យល់​ថា ​នេះ​គឺ​ជា​បទ​ល្មើស​​​​​​ជាក់​ស្ដែង ហើយ​ពួកគាត់​មិន​ចាំបាច់​ដក​អភ័យ​​​​ឯកសិទ្ធិ​​​ទេ”។

ទោះ​ជាយ៉ាង​ណា លោក សុន ឆ័យ បាន​មាន​ប្រសាសន៍​ថា គឺ​លោក ជិន ម៉ាលីន ទៅ​​​វិញ​​​​​​​​​​​​ទេ​ដែល​អាន​​មាត្រា​៨០​ដោយ​ចោះៗ ហើយ​​​​ថា គណបក្ស​ប្រជាជន​​កម្ពុជា​បាន​បង្កើត​នីតិ​វិធី​​​ដែល​សំឡេង​ភាគច្រើន​ធម្មតា​អាច​អនុញ្ញាត​ឲ្យ​សមត្ថកិច្ច​បន្ត​ឃុំខ្លួន​តំណាង​រាស្ត្រ​​​​​បាន​​​​​​ដោយ​​​​​​​​​​​មិន​​​​​​ចាំបាច់​​​​ដក​អភ័យឯកសិទ្ធិ​របស់​ពួកគាត់​។

លោក​​​​បាន​​​​​​​​​​​​បន្ថែម​​​​ថា “​គេ​គ្មាន​សមាជិក​ដើម្បី​​​ដក​អភ័យ​ឯកសិទ្ធិ​ទេ ដូច្នេះ​​​​ហើយ​​​គេ​ក៏​បង្កើត​​​​​ច្បាប់​ថ្មី​នេះ​ដោយ​ខ្លួន​ឯង​នៃ​អ្វី​ដែល​ហៅ​ថា ‘អនុញ្ញាត​ឲ្យ​បន្ត​’ ឃុំខ្លួន​លោក អ៊ុំ សំអាន ទាំង​គាត់​មាន​អភ័យ​ឯកសិទ្ធិ​នៅ​ឡើយ​។ វា​គួរ​ឲ្យ​អស់​សំណើច​ ហើយ​វា​មាន​ន័យ​ថា ​ពួកគេ​អស់​​​​វិធី​បំភិត​បំភ័យ​យើង​​​តាម​​​​​​ផ្លូវ​​​​ច្បាប់​។ ពេល​នេះ​​​​ពួកគេ​បំពាន​ច្បាប់​ដោយ​បើក​ចំហ​​​​​​ហើយ​​​​”។

លោក សុក សំអឿន ​ជាមេធាវីលេចធ្លោ​មួយ​រូប និង​ជា​ប្រធាន​ក្រុម​អ្នក​ច្បាប់​ការ​ពារ​សិទ្ធិ​កម្ពុជា​ ក៏​យល់​​​ស្រប​​​​តាម​​​ទស្សនៈ​របស់​លោក សុន​ ឆ័យ ​ដែរ។ កាលពី​សប្ដាហ៍​មុន លោក សុក សំអឿន បាន​បញ្ចេញ​ការវិភាគ​ផ្លូវ​​ច្បាប់​​​​​​មួយ​​​​​​ដោយ​លើក​ឡើង​ជា​ទឡ្ហីករណ៍​ថា ​ទោះ​បី​ជា​ករណី​ “បទល្មើស​ជាក់​ស្ដែង​” ក៏​ទីបំផុត​​​នៅ​តែ​តម្រូវ​ឲ្យ​​ដក​អភ័យ​ឯកសិទ្ធិ​ជា​ផ្លូវ​ការ​​​​ដដែល​​​។

លោក​បាន​សរសេរ​ថា ”​រដ្ឋធម្មនុញ្ញ​ផ្ដល់​សិទ្ធិ​សម្រាប់​ការ​ឃាត់​​​ខ្លួន​​ក្នុង​ករណី​បទ​ល្មើស​ជាក់​ស្ដែង ប៉ុន្តែ​បន្ទាប់ពី​ការ​ឃាត់​​​ខ្លួន​​ គេ​ត្រូវ​បញ្ជូន​ករណី​នោះ​​ទៅ​រដ្ឋសភា​ ដើម្បី​សម្រេច​ដក​​អភ័យ​ឯកសិទ្ធិ​របស់​គាត់​ជាមុន​សិន ​ឬ​ដើម្បី​​ផ្អាក​បទ​ចោទ​ប្រកាន់​”។

មេធាវីរូប​​​នេះ​​​​​​​​​បាន​​​​​​​​​មាន​​​​​​ប្រសាសន៍​​​​​​បន្ថែម​​​​​​ទៀត​​​តាម​​​ទូរស័ព្ទ​​​កាល​​​​​​ពី​​​ម្សិល​​​មិញ​​​​​​​​​ថា ”តាម​ការ​យល់​ឃើញ​របស់​ខ្ញុំ ប្រសិន​បើ​តំណាង​រាស្ត្រ​មាន​អភ័យ​ឯកសិទ្ធិ​នៅ​ឡើយ មិន​អាច​ចោទ​ប្រកាន់​ ឬ​ឃុំ​ខ្លួន​គាត់​បាន​ទេ គឺ​​​ត្រូវតែ​​​​​​ដោះ​​​លែង​​​​​​​​​​​​គាត់។ ប៉ុន្តែ​រដ្ឋសភា​ ឬ​តំណាង​រាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា​​ មិន​បក​ស្រាយ​​​​​​បែប​នេះ​ទេ​នៅ​ពេល​នេះ​។ នេះ​មាន​ន័យ​ថា ​អភ័យ​ឯកសិទ្ធិ​​​ឥត​​​​​​ប្រយោជន៍”៕ ស៊ុយឈាង និង សុខុម​​

 

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស