27 C
Phnom Penh

ការ​​​ស៊ើប​​​អង្កេត​​​​​​​​​​​​ធ្វើ​​​ឡើង​​​​​​​​​លើ​​​​​​​​​ការ​​​អះ​​​អាង​​​​​​​​​នៃ​​​​​​ការ​​​វាយ​​​ដំ​​​ដោយ​​​អង្គរក្ស​​​របស់​​​​​​​​ម៉ាណែត

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នគរ​​​បាល​​​​​​ក្នុង​​​ក្រុង​​​ឡុង​​​ប៊ិច រដ្ឋ​​​កាលី​​​ហ្វ័រញ៉ា​​​ បាន​​​និយាយ​​​កាល​​​ពី​​​ថ្ងៃ​​​សៅរ៍​​​ថា ខ្លួន​​​បាន​​​​​​បើក​​​ការ​​​ស៊ើប​​​អង្កេត​​​​​​ទៅ​​​លើ​​​​​​​​​ការ​​​ចោទ​​​ថា​​​​​​ការ​​​វាយ​​​ដំ​​​បុរស​​​ជា​​​ជន​​​ជាតិ​​​អាមេរិកាំង​​​ម្នាក់​​​​​​​​​ដែល​​​ធ្វើ​​​ឡើង​​​ដោយ​​​​​​អង្គ​​​រក្ស​​​​​​​​​របស់​​​កូន​​​ប្រុស​​​លោក​​​នាយក​​​រដ្ឋ​​​មន្ត្រី ​​​ហ៊ុន សែន​​​ គឺ​​​លោក ហ៊ុន ម៉ាណែត។

ប៉ុន្តែ ​​​​​​ក្នុង​​​បទ​​​សម្ភាស​​​មួយ​​​​​​នៅ​​​ថ្ងៃ​​​ដដែល​​​នោះ ឧត្តម​​​សេនីយ៍​​​ឯក ម៉ា​​​ណែត​​​​​​បាន​​​មាន​​​ប្រសាសន៍​​​ថា​​​ លោក​​​ជឿ​​​ថា​​​បុរស​​​រង​​​របួស​​​គឺ​​​លោក ផូល ហេ “បាន​​​ជំពប់​​​​​​ជើង​​​​​​ហើយ​​​ដួល​​​” ហើយ​​​ថា​​​អង្គរក្ស​​​របស់​​​លោក​​​​​​នឹង​​​ត្រូវ​​​ចាប់​​​ខ្លួន​​​ ប្រសិន​​​បើ​​​​​​បុរស​​​ជន​​​ជាតិ​​​អាមេរិកាំង​​​​​​​​​នោះ​​​ត្រូវ​​​បាន​​​គេ​​​វាយ​​​​​​មែន​​​នោះ។​​​​​​​​​​​​

cam-photo-manetលោក ហេ ជា​​​អ្នក​​​ស៊ើប​​​អង្កេត​​​​​​ឯក​​​ជន​​​​​​បាន​​​ប៉ុន​​​ប៉ង​​​​​​ប្រគល់​​​ដីកា​​​​​​នៃ​​​​​​រឿង​​​ក្តី​​​សហព័ន្ធ​​​សហរដ្ឋ​​​អាមេរិក​​​​​​ឲ្យ​​​ឧត្តម​​​សេនីយ៍​​​ឯក​​​ ម៉ាណែត នៅ​​​ថ្ងៃ​​​ទី​​​៩ ខែ​​​មេសា​​​ នៅ​​​ខាង​​​ក្រៅ​​​ភោជនីយ​​​ដ្ឋាន​​​មួយ​​​ នៅ​​​ពេល​​​នោះ​​​លោក​​​អះ​​​អាង​​​ថា ​​​មាន​​​អង្គរក្ស​​​ម្នាក់​​​​​​បាន​​​ចាប់​​​លើក​​​រូប​​​លោក​​​ ហើយ​​​ក៏​​​​​​​​​បោះ​​​​​​ទៅ​​​លើ​​​​​​​​​ដី​​​ក្បាល​​​ទៅ​​​មុន​​​ ដោយ​​​ធ្វើ​​​ឲ្យ​​​ខូច​​​ឆ្អឹង​​​ខ្នង​​​របស់​​​លោក។​​​

លោក ប្រេដ ចនសុន​​​ អ្នក​​​នាំពាក្យ​​​​​​​​​នគរ​​​បាល​​​ក្រុង​​​ឡុង​​​ប៊ិច​​​បាន​​​និយាយ​​​ក្នុង​​​សារ​​​អ៊ីម៉េល​​​​​​កាល​​​ពី​​​ថ្ងៃ​​​សៅរ៍​​​ថា “​​​​​​ខ្ញុំ​​​អាច​​​បញ្ជាក់​​​បាន​​​ថា ករណី​​​នេះ​​​កំពុង​​​​​​ត្រូវ​​​គេ​​​ស៊ើប​​​អង្កេត​​​ ហើយ​​​​​​ចាត់​​​ឲ្យ​​​​​​មាន​​​អ្នក​​​ស៊ើប​​​អង្កេត​​​ម្នាក់​​​​​​​​​​​​​​​ធ្វើ​​​ការ​​​ក្នុង​​​​​​របាយការណ៍​​​លម្អិត​​​​​​នៃ​​​បទ​​​ល្មើស​​​​​​ហិង្សា​​​របស់​​​យើង”។​​​​​​

លោក ចន​​​សុន បាន​​​មាន​​​ប្រសាសន៍​​​បន្ត​​​ថា មិន​​​មាន​​​ការ​​​ចាប់​​​ខ្លួន​​​ទេ ប៉ុន្តែ​​​​​​ថា នគរ​​​បាល​​​​​​​​​មាន​​​វត្ត​​​មាន​​​ នៅ​​​ពេល​​​ដែល​​​​​​លោក ហេ ត្រូវ​​​គេ​​​វាយ​​​ដំ ដោយ​​​សារ​​​តែ​​​​​​មាន​​​ការ​​​តវ៉ា​​​ប្រឆាំង​​​ដំណើរ​​​ទស្សនកិច្ច​​​​​​មក​​​កាន់​​​សហរដ្ឋ​​​អាមេរិក​​​នា​​​ពេល​​​ចូល​​​ឆ្នាំ​​​ខ្មែរ​​​របស់​​​​​​​​​ឧត្តម​​​សេនីយ៍​​​​​​ឯក ម៉ាណែត។​​​​​​​​​

អ្នក​​​នាំ​​​ពាក្យ​​​រូប​​​នេះ​​​បាន​​​និយាយ​​​ថា “​​​នៅ​​​ថ្ងៃ​​​ទី​​​​​​៩ ខែ​​​មេសា ឆ្នាំ​​​២០១៦​​​ នៅ​​​ម៉ោង​​​​​​៥​​​និង​​​២២​​​នាទី​​​​​​ល្ងាច មន្ត្រី​​​នគរ​​​បាល​​​បានត្រៀម​​​ខ្លួន​​​​​​​​​ ដើម្បី​​​ជួយ​​​​​​រក្សា​​​ភាព​​​ស្ងប់​​​ស្ងាត់​​​​​​ក្នុង​​​ពេល​​​មាន​​​ការ​​​តវ៉ា​​​​​​តាម​​​វិថី​​​អាត់ឡង់​​​ទិក​​​​​​លេខ​​​​​​១៤០០ នៅ​​​ពេល​​​​​​នោះ ​​​​​​ពួក​​​គេ​​​​​​​​​ក៏​​​ត្រូវ​​​ទាក់​​​ទង​​​ដោយ​​​​​​ជន​​​រង​​​គ្រោះ​​​​​​ពី​​​ការ​​​វាយ​​​ដំ”។

លោក​​​បាន​​​និយាយ​​​បន្ថែម​​​ថា “​​​​​​​​​ជន​​​រងគ្រោះ [​​​លោក ហេ]​​​ បាន​​​ប្រាប់​​​ពួក​​​គេ​​​ថា លោក​​​​​​​​​​​​គឺ​​​ជា​​​អ្នក​​​ស៊ើប​​​អង្កេត​​​ឯក​​​ជន​​​ ហើយ​​​មាន​​​បំណង​​​​​​ប្រគល់​​​​​​ដីកា​​​ឲ្យ​​​ ហ៊ុន ម៉ាណែត​​​ នាយរង​​​សេនាធិការ​​​នៃ​​​កង​​​យោធពល​​​ខេមរភូមិន្ទ”។

លោក​​​បាន​​​និយាយ​​​ថា “​​​​​​នៅ​​​ពេល​​​ដែល​​​​​​លោក​​​​​​ប៉ុន​​​ប៉ង​​​​​​ប្រគល់​​​​​​ដីកា​​​ ស្រាប់​​​តែ​​​លោក​​​​​​ក៏​​​ត្រូវ​​​​​​បាន​​​រុញ​​​ឲ្យ​​​ដួល​​​ទៅ​​​លើ​​​ដី​​​​​​ដោយ​​​​​​ជន​​​សង្ស័យ​​​​​​មិន​​​ស្គាល់​​​ឈ្មោះ ហើយ​​​ក៏​​​​​​​​​ប៉ះ​​​​​​ចំ​​​ក្បាល​​​របស់​​​លោក។ ការស៊ើប​​​អង្កេត​​​​​​កំពុង​​​តែ​​​បន្ត”។​​​

លោក ហេ ដែល​​​បានទទួល​​​​​​​​​ការ​​​សង្គ្រោះ​​​បន្ទាន់​​​​​​កាល​​​ពី​​​សប្តាហ៍​​​មុន​​​​​​ ហើយ​​​​​​ក​​​របស់​​​លោក​​​នៅ​​​រុំ​​​​​​​​​​​អប​​​​​​នៅ​​​ឡើយ​​​ បាន​​​មាន​​​ប្រសាសន៍​​​​​​កាល​​​ពី​​​​​​ថ្ងៃ​​​អាទិត្យ​​​ថា លោក​​​សប្បាយ​​​ចិត្ត​​​ណាស់​​​ដែល​​​​​​នគរ​​​បាល​​​​​​បាន​​​កំពុង​​​ស៊ើប​​​អង្កេត​​​​​​ករណី​​​នេះ​​​ ប៉ុន្តែ​​​​​​លោក​​​​​​បាន​​​ដឹង​​​​​​តិច​​​​​​តួច​​​​​​អំពី​​​រឿង​​​​​​នេះ។​​​​​​

លោក ហេ បាន​​​មាន​​​ប្រសាសន៍​​​ថា “​​​នៅ​​​ពេល​​​ដែល​​​​​​ប្រពន្ធ​​​របស់​​​ខ្ញុំ​​​​​​យក​​​ខ្ញុំ​​​ចេញ​​​ពី​​​មន្ទីរ​​​ពេទ្យ​​​មក​​​ផ្ទះ​​​ ស្រាប់​​​តែ​​​នគរ​​​បាល​​​​​​ស្កាត់​​​មក​​​ជួប​​​យើង ហើយ​​​បន្ទាប់​​​មក​​​ ខ្ញុំ​​​​​​ក៏​​​ទទួល​​​បាន​​​ការ​​​ហៅ​​​ទូរ​​​ស័ព្ទ​​​ពី​​​អ្នក​​​អង្កេត​​​ម្នាក់ដែល​​​នៅ​​​ឯ​​​មន្ទីរ​​​ពេទ្យ​​​​​​កំពុង​​​​​​រក​​​ជួប​​​ខ្ញុំ​​​។ នោះ​​​ជា​​​រឿង​​​ដែល​​​ខ្ញុំ​​​បាន​​​ដឹង”។

ឧត្តម​​​សេនីយ៍​​​​​​ឯក​​​ ម៉ាណែត​​​ ​​​មិន​​​បាន​​​ឆ្លើយ​​​តប​​​នឹង​​​​​​សំណើ​​​សុំ​​​អត្ថាធិប្បាយ​​​ច្រើន​​​លើក​​​ច្រើន​​​សា​​​ទាក់​​​ទង​​​នឹង​​​លោក ហេ ឬ​​​រឿង​​​ក្តី​​​​​​​​​​​​នោះ​​​ទេ។​​​​​​​​​​​​​​​​​​​​​

ទោះ​​​ជា​​​យ៉ាង​​​នេះ​​​ក្តី​​​ ក្នុង​​​បទ​​​សម្ភាស​​​មួយ​​​​​​ជាមួយ​​​ក្រុម​​​ប្រឹក្សា​​​​​​និពន្ធ​​​នៃ​​​កាសែត​​​ ឡូវែល សាន់​​​ នៅ​​​ក្នុង​​​រដ្ឋ​​​ម៉ាស្សាជូសិត​​​​​​កាល​​​ពី​​​ថ្ងៃ​​​សៅរ៍​​​ ឧត្តម​​​សេនីយ៍​​​ឯក​​​ ម៉ាណែត​​​​​​ត្រូវ​​​បាន​​​​​​សួរ​​​អំពី​​​​​​ដីកា​​​នោះ​​​​​​ដែល​​​​​​​​​​​​ត្រូវ​​​យក​​​មក​​​​​​ប្រគល់​​​ជូន​​​ដោយ​​​លោក ហេ។​​​​​​

ឧត្តម​​​សេនីយ៍​​​ឯក ម៉ាណែត បាន​​​មាន​​​ប្រសាសន៍​​​មុន​​​នឹង​​​បដិសេធ​​​ថា អង្គរក្ស​​​​​​របស់​​​លោក​​​មិន​​​បាន​​​​​​វាយ​​​ដំ​​​លោក ហេ ថា “​​​នៅ​​​ថ្ងៃ​​​ដែល​​​ខ្ញុំ​​​មក​​​ដល់ ខ្ញុំ​​​ថែម​​​ទាំង​​​មិន​​​ដឹង​​​​​​ផង ទើប​​​​​​តែ​​​ខ្ញុំ​​​បាន​​​ឃើញ​​​​​​នៅ​​​តាម​​​ប្រព័ន្ធ​​​បណ្តាញ​​​សង្គម​​​​​​នៅ​​​ថ្ងៃ​​​បន្ទាប់​​​មក​​​ពី​​​ប្រទេស​​​កម្ពុជា គឺ​​​គេ​​​និយាយ​​​ថា គេ​​​កំពុង​​​ប្តឹង​​​អ្នក​​​ឯង​​​ពី​​​នេះ ពី​​​នោះ”។​​​​​​

ឧត្តម​​​សេនីយ៍​​​ឯក ម៉ាណែត បាន​​​មាន​​​ប្រសាសន៍​​​បន្ថែម​​​ថា “ទោះ​​​ជា​​​យ៉ាង​​​ណា គាត់​​ជំពប់​​​ជើង ដួល ហើយ​​​សូម្បី​​​តែ​​​ប៉ូលិស​​​ក៏​​​នៅ​​​ទី​​​នោះ​​​ដែរ មាន​​​មន្ត្រី​​​ប៉ូលិស​​​ពីរ​​​នាក់​​​​​​នៅ​​​​​​ទី​​​នោះ​​​។ ប្រសិន​​​បើ​​​វា​​​ជាការ​​​វាយ​​​ដំ ខ្ញុំ​​​គិត​​​ថា [អង្គរក្ស​​​] នឹង​​​ត្រូវ​​​ចាប់​​​ខ្លួន​​​ហើយ”។

រឿង​​​រ៉ាវ​​​​​​រៀប​​​រាប់​​​របស់​​​​​​ឧត្តម​​​សេនីយ៍ឯក​​​ ម៉ាណែត បង្ហាញ​​​ឲ្យ​​​ឃើញ​​​​​​​​​​​​នូវ​​​ការ​​​រៀប​​​រាប់​​​កាល​​​ពី​​​សប្តាហ៍​​​​​​មុន​​​​​​ដោយ​​​អ្នក​​​នាំពាក្យ​​​ទី​​​ស្តី​​​ការ​​​គណៈ​​​រដ្ឋ​​​មន្ត្រី ផៃ ស៊ីផាន​​​ ដែល​​​បាន​​​ស្មាន​​​ថា លោក​​​ ហេ អាច​​​ដួល​​​ ហើយ​​​បាន​​​មាន​​​ប្រសាសន៍​​​ថា លោក​​​គ្រាន់តែ​​​​​​បាញ់​​​ត្រូវ​​​ទឹក​​​ម្រេច​​​​​​ដោយ​​​អង្គរក្ស​​​ម្នាក់ បន្ទាប់​​​ពី​​​ព្យាយាម​​​​​​វាយ​​​ឧត្តម​​​សេនីយ៍ឯក​​​ ម៉ាណែត។​​​​​​​​​​​​​​​​​​

លោក ហេ បាន​​​និយាយ​​​ថា ការ​​​អះអាង​​​របស់​​​លោក ស៊ីផាន និង​​​​​​ឧត្តម​​​សេនីយ៍​​​ឯក ម៉ាណែត គឺ គួរ​​​ឲ្យ​​​អស់​​​សំណើច​​​ណាស់​​​ ហើយ​​ថា អ្នកតវ៉ា​​​នៅ​​​ទី​​​នោះ​​​​​​នឹង​​​ធ្វើ​​​ឲ្យ​​​​​​នគរបាល​​​លំបាក​​​ក្នុង​​​ការ​​​មើល​​​ឃើញ​​​នូវ​​​​​​អ្វី​​​ដែល​​​បាន​​​កើត​​​ឡើង។​​​​​​

លោក ហេ បាន​​​មាន​​​ប្រសាសន៍​​​ថា “​​​ខ្ញុំ​​​ពិត​​​ជា​​​​​​មិន​​​បាន​​​ជំពប់​​​ជើង​​​​​​ដួល​​​ទេ ហើយ​​​ជា​​​ពិសេស​​​​​​មិន​​​ដួល​​​ផ្ងារ​​​ក្រោយ​​​អ៊ីចឹងទេ។​​​ ទី​​​ពីរ បាទ មាន​​​ប៉ូលិស​​​នៅ​​​ទី​​​នោះ​​​ ប៉ុន្តែ​នៅ​​​​​កន្លែង​​​កើត​​​ហេតុ​​​​​​ជាក់​​​ស្តែង​​​មាន​​​ហ្វូង​​​មនុស្ស ដោយ​​​មាន​​​មនុស្ស​​​រាប់​​​សិប​​​នាក់​​​ឈរ​​​​​​នៅ​​​ពាសពេញ”។​​​​​​

លោក​​​បាន​​​និយាយ​​​បន្ថែម​​​ថា “មាន​​​ភាព​​​រញ៉ែរញ៉ៃ។ តើ​​​ម៉ាណែត​​​​​​រំពឹង​​​គិត​​​ថា ប៉ូលិស​​​គឺ​​​ជាអ្នក​​​មាន​​​ប្រាជ្ញា​​​ញាណ ហើយ​​​ពួក​​​គេ​​​នឹង​​​ទាញ​​​​​​​​​គេ​​​ចេញ​​​ពី​​​​​​ហ្វូង​​​មនុស្ស​​​ ក្នុង​​​ពេល​​​កំពុង​​​មាន​​​ចលាចល​​​ឬ? ខ្ញុំ​​​ចង់​​​បាន​​​ករណី​​​ហ្នឹង​​​អ៊ីចឹង​​​ដែរ។ អ្វី​​​ដែល​​​គាត់​​​​​កំពុង​​​និយាយ ​​​គឺ​​​គ្មាន​​​ន័យ​​​ទាល់​​​តែ​​​សោះ”។​​​​​​​​​​​​​​​

លោក ហេ បាន​​​ប៉ុន​​​ប៉ង​​​​​​ប្រគល់​​​​​​ជូន​​​ឧត្តម​​​សេនីយ៍ឯក ម៉ាណែត នូវ​​​​​​ដីកា​​​ទាក់​​​ទង​​​នឹង​​​​​​បណ្តឹង​​​​​​ចាប់​​​ដាក់​​​ពន្ធនាគារ​​​ដោយ​​​ខុស​​​ច្បាប់​​​ដែល​​​ដាក់​​​ប្តឹង​​​​​​នៅ​​​ក្នុង​​​តុលាការ​​​សហព័ន្ធ​​​សហរដ្ឋ​​​អាមេរិក​​​ដោយ​​​មន្ត្រីគណបក្ស​​​សង្គ្រោះ​​​ជាតិ គឺ​​​មាជ សុវណ្ណារ៉ា ជា​​​ពលរដ្ឋ​​​អាមេរិកាំង​​​ ដែល​​​​​​លោក​​​កំពុង​​​តែ​​​អនុវត្ត​​​ទោស​​​ជាប់​​​ពន្ធនាគារ​​​​​​រយៈ​​​ពេល​​​២០​​​ឆ្នាំ​​​ក្នុង​​​ក្រុង​​​ភ្នំពេញ។​​​

លោក សុវណ្ណារ៉ា ដែល​​​មាន​​​គ្រួសារ​​​របស់​​​លោក​​​​​​រស់​​​នៅ​​​ក្នុង​​​​​​ក្រុង​​​ឡុង​​​ប៊ិច​​​ គឺ​​​ត្រូវ​​​បាន​​​តុលា​​​ការ​​​រក​​​ឃើញ​​​ថា​​​មាន​​​ទោស​​​​​​កាល​​​ពី​​​ឆ្នាំ​​​មុន​​​ពី​​​បទ​​​​​​ដឹកនាំ​​​កុបកម្ម​​​ ដោយសារ​​​តែ​​​លោក​​​​​​មាន​​​វត្ត​​​មាន​​​នៅ​​​ឯ​​​ការ​​​តវ៉ា​​​ក្នុង​​​ក្រុង​​​ភ្នំពេញ​​​ ដែល​​​បាន​​​ក្លាយ​​​ទៅ​​​ជា​​​​​​ការ​​​ប្រវាយ​​​ប្រតប​​​គ្នា​​​តាម​​​ដង​​​​​​ផ្លូវ។ លោក​​​គឺ​​​កំពុង​​​តែ​​​​​​ប្តឹង​​​​​​ឧត្តម​​​សេនីយ៍​​​ឯក​​​ ម៉ាណែត​​​ និង​​​រដ្ឋាភិបាល​​​​​​កម្ពុជា​​​ពី​​​បទ​​​ធ្វើ​​​ឲ្យ​​​ខូច​​​ខាត​​​​​​ដែល​​​បណ្តាល​​​មក​​​ពី​​​​​​ការ​​​ចាប់​​​ដាក់​​​ពន្ធនាគារ​​​​​​ដែល​​​មេធាវី​​​​​​របស់​​​លោក​​​​​​និយាយ​​​ថា​​​​​​ជា​​​ការ​​​ចាប់​​​ដាក់​​​គុក​​​​​​តាម​​​តែ​​​អំពើ​​​ចិត្ត៕​​​​​​

 

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស