38 C
Phnom Penh

សកម្ម​​ជន​​​​​បរិស្ថានកម្ពុជា ទទួល​​​​​​​​​​​​​​​​បាន “ពាន​រង្វាន់​​វីរជន​​បរិស្ថាន”

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កា​ល​ពី​​ម្សិល​មិញ លោក អ៊ូច ឡេង សកម្ម​ជន​ និង​​ជា​​​មេធាវីការពារសិទ្ធិ​មនុស្ស​កម្ពុជា ទទួល​បាន “​​​​​ពាន​រង្វាន់​វីរជន​​បរិស្ថាន” (Goldman Environmental Prize) សម្រាប់​​​​​​​​ការ​​​​​​​​​ស៊ើប​​ការណ៍​​សម្ងាត់​របស់​លោក​លើ​​ជំនួញ​កាប់​ឈើ​​​​​​ខុស​ច្បាប់​​នៅ​​​​​​កម្ពុជា និង​ការ​ងារ​​​​តស៊ូ​​មតិ​​​​​ជា​មួយ​​សហ​គមន៍​​​នានា​​​ដែល​​​រង​​​ផល​ប៉ះ​ពាល់​​ដោយ​​​សារ​​ការ​​កាប់​បំផ្លាញ​​ព្រៃ​ឈើ ​និង​​​ការ​ចាប់​យក​​ដីធ្លី។

​ចាប់​តាំង​ពី​​ឆ្នាំ​១៩៨៩មក ពាន​រង្វាន់​ប្រចាំ​​​​ឆ្នាំ​​នេះ​​​​​​​ត្រូវ​​​បាន​​​​​​​​​​​​​​​​​​​​​ប្រគល់​​​ជូន​​​​​​​​​បុគ្គល​​​​​​​​ដើម្បី​​​​​​​ទទួល​ស្គាល់​​​ការ​ចូល​រួម​​ចំណែកដ៏​​​​​​​ធំ​​​ធេង​​​​​​ដល់​​​កិច្ច​​​​ការ​ពារ​​​​​​ពិភព​​ធម្ម​ជាតិដែល​ជា​​​ញឹក​ញាប់​​​​​ប្រឈម​​​​​​​​​​ហានិភ័យ​​ផ្ទាល់​​ខ្លួន​​​​ខ្ពស់។

ក្នុង​បទ​សម្ភាសន៍​​មួយ​​កាល​ពី​​​សប្តាហ៍​មុន​ លោក អ៊ូច ឡេង ​វ័យ៣៩ឆ្នាំ ​មាន​​ប្រសា​​សន៍​​ថា ​​ ចំណុច​​ស្នូល​នៃ​ការ​ងារ​​របស់​​លោកគឺ​​ការ​​ជឿ​​ជាក់​ថា ​​សកម្ម​ភាព​ផ្ទាល់​​​​ជា​​វិធី​ល្អ​បំផុត​​​សម្រាប់​​​​សហ​គមន៍​​​នានា​​​​​បញ្ចេញ​​សំឡេង​​​របស់​​ខ្លួន។

លោក​​​​​ថ្លែង​​​ថា “ពេល​​ខ្លះ​​ខ្ញុំ​ស្នើ​សុំឱ្យ​​ប្រជា​​ពល​​រដ្ឋ​​បិទ​​ផ្លូវ​ ដេក​​កណ្តាល​ផ្លូវ​​​ដើម្បី​​​ជំរុញ​​​​​ឱ្យ​​រដ្ឋាភិបាល​​​​​ដោះស្រាយ​​បញ្ហា​​ជូនពួកគាត់។ ​បើ​ពួកគាត់​មិន​បិទ​​ផ្លូវ​ដើម្បី​​​បង្ហាញ​បាតុកម្ម​​​តវ៉ា​​ដល់​​រដ្ឋាភិ​បាល​​​ គ្មាន​​​អ្នក​​​ចេញ​​​មុខ​​​ដោះ​ស្រាយ​​បញ្ហា​ទេ”។

cam-photo-goldman-WEB-ONLY-800x534កើត​​​ក្នុង​គ្រួសារ​​​កសិករ​ក្រី​ក្រ​នៅ​​ខេត្ត​​តាកែវ មុន​​​​ពេល​​​ខ្មែរ​ក្រហម គ្រប់​គ្រង​ប្រទេស​​​​​​កម្ពុជា​បន្តិច​ ​លោក ​អ៊ូច ឡេង បាន​​​​​​​ផ្លាស់​​ទី​លំ​នៅ​​​​មក​កាន់​​ក្រុង​​ភ្នំ​ពេញ ជា​មួយ​​​ឪពុក​​ម្តាយ​​របស់​​លោក​​​​​ក្នុង​​ឆ្នាំ​​​១៩៨០។

លោក អ៊ូច ឡេង បាន​​​​​​រំឭក​​​​​​ដល់​​​​​​អតីត​​​​​​កាល​​​​​​​​ថា កាល​ពី​នៅ​​ក្មេង​ លោក​ធ្លាប់​​​ជា​​អ្នក​​ដើរ​​រើស​​ក្រដាស​​​​​​​​​កែច្នៃ​ ហើយ​​លោក​​តែង​​តែ​​សម្លឹង​​​​មើល​​តាម​​បង្អួច​​​​​សាលា​​រៀនដើម្បី​ព្យាយាម​​​​ស្តាប់​​មេរៀន។ បន្ទាប់​ពី​លួច​​ស្តាប់​មេរៀន​​​អស់​​​​រយៈ​ពេល៣​ឆ្នាំ ​នៅ​ទី​បំផុត​លោកត្រូវបាន​​អនុញ្ញាត​ឱ្យ​​​​​​​​ចូល​​​ក្នុង​​​ថ្នាក់​​រៀន។ “ពេល​​​​​​ខ្ញុំ​​​ទៅ​រៀន យើង​គ្មាន​​​​អីហូប​​ទេ ដូច្នេះ​ហើយ​​​​ឪពុក​​ខ្ញុំ​វេច​ខ្ចប់​​តែ​បាយ​ប៉ុណ្ណោះ ព្រោះ​​​​​​​យើង​​​គ្មាន​​​ម្ហូប​”។

ថ្វីបើ​ជួប​ការ​​លំបាក​យ៉ាង​នេះ​ក្ដី ក៏​លោក អ៊ូច ឡេង ​នៅ​តែរៀន​ពូកែ​ ហើយ​ទីបំផុត​ទទួល​​​​បាន​អាហារូបករណ៍​​​បន្ត​​​ការ​​​​សិក្សា​នៅ​សាលា​ច្បាប់ មុន​ពេល​​ចូល​បម្រើការ​ងារ​​នៅ​អង្គការ​សិទ្ធិ​មនុស្ស​ក្នុង​ស្រុក​លីកាដូ​​​​​នៅ​​​ឆ្នាំ​១៩៩៩​ ​​​និង​​​​​​​​​​​​បន្ទាប់​មក​នៅ​អង្គការ​អាដហុក​ក្នុង​ឆ្នាំ​២០០៥ ដើម្បី​ស៊ើបអង្កេត​ករណី​​កាប់​ឈើ​ និង​ចាប់​យក​ដីធ្លី​ដោយ​ខុស​ច្បាប់​។

នៅ​ឆ្នាំ​២០១១​ សកម្មជន​រូប​នេះ​​​បាន​បង្កើត​​​​អង្គការ​មួយ​មាន​ឈ្មោះ​ថា ក្រុម​កិច្ច​ការ​ពិសេស​​​​​សិទ្ធិ​មនុស្ស​កម្ពុជា​ (Cambodia Human Rights Task Forces) ដើម្បី​ផ្ដោត​ការ​ស៊ើប​ការណ៍​សម្ងាត់​​​លើ​​​ឈ្មួញឈើ​​ដែល​មាន​​ឥទ្ធិពល​បំផុត​មួយ​ចំនួន​នៅ​​ក្នុង​ប្រទេស​។

នៅ​ឆ្នាំ​២០១២ លោក​បាន​​បន្លំ​ខ្លួន​ធ្វើ​ជា​បុគ្គលិក​របស់​ឧកញ៉ា ទ្រី ភាព​ ដែល​​រង​ការ​ចោទ​​​​ប្រកាន់​​​​​ពី​​​គ្រប់ទិស​ថា​​​​​​ប្រើ​ប្រាស់​​ដី​​ដ៏​ធំ​ល្វឹង​​​​​ល្វើយ​របស់​ខ្លួន​ដើម្បី​លាង​ឈើ​ខុស​ច្បាប់​​យ៉ាង​ច្រើន​សន្ធឹក​សន្ធាប់​។ តំណាង​ឧកញ៉ា​​​​​​​រូប​េនះ​​បាន​ច្រាន​ចោល​ការ​អះអាង​ទាំង​នេះ។

នៅ​ឆ្នាំ​២០១៣ ​លោក អ៊ូច ឡេង បាន​សរសេរ​របាយការណ៍​មួយ ​រៀបរាប់​ពី​​ប្រតិ​បត្តិការ​កាប់​ឈើ​ខុស​ច្បាប់​​ដែល​គ្រប់គ្រង​ដោយ​លោក ទ្រី ភាព។ ​លោក​លើក​ឡើង​ថា “​នៅ​ក្នុង​ព្រៃ​ខ្ញុំ​​​​បាន​​​ធ្វើ​ជា​អ្នក​​​​ស៊ើប​​​​​​ការណ៍​​​សម្ងាត់​អស់​៣ខែ​។ ខ្ញុំ​​​​បាន​​​សម្ភាស​កម្មករ​ និង​អ្នក​គ្រប់គ្រង​ក្រុម​ហ៊ុន​នៅ​ទីនោះ។ ខ្ញុំ​ក៏​ប្រទះ​​​​ឃើញ​មន្ត្រី​​រដ្ឋាភិបាល​ រដ្ឋបាល​ព្រៃឈើ​ មន្ត្រី​​​បរិស្ថាន​ នគរ​បាល​​​នៅ​តាម​ផ្លូវ​​​ មេឃុំ ចៅ​​​ហ្វាយ​​​​ស្រុក​​យក​លុយ​ឡាន​​​​ដឹក​​​ឈើ​ដែរ​”។

​​​​​​ក្នុង​​​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​នៃ​ការ​ស៊ើប​អង្កេត​​​របស់​​​​ខ្លួន លោក អ៊ូច ឡេង ​​​ជា​​​​មិត្តភក្ដិ​ជិត​ស្និទ្ធ​របស់​លោក ឈុត វុទ្ធី ​​​​​​សកម្មជន​បរិស្ថាន​ដែល​ត្រូវ​​ខ្មាន់​កាំភ្លើង​បាញ់​សម្លាប់​នៅ​ឆ្នាំ​​​២០១២ បាន​ប្រឈម​ការ​គំរាម​កំហែង​រាប់​មិន​អស់​ពី​សំណាក់​​អ្នក​កាប់​ឈើ​។

លោក​មាន​​​​​​ប្រសាសន៍​​​​ថា “​ខ្ញុំ​មិន​ដែល​ខ្លាច​កាំភ្លើង​ទេ។ ពេល​ខ្លះ​គេ​យក​កាំភ្លើង​ភ្ជង់​ខ្ញុំ ហើយ​ខ្មាន់​កាំភ្លើង​និយាយ​ថា ‘ហ្អែង​​រៀន​ដល់​​បរិញ្ញា​ អនុបណ្ឌិត ម៉េច​ក៏​ហ្អែង​ថត​រូប​អញ្ញ?’។ ​​​ក្នុង​ចិត្ត​ខ្ញុំ​គិត​ថា ‘អ្នក​ឯង​មាន​កាំភ្លើង​​ ម៉េច​ក៏​​មិន​បាញ់​ខ្ញុំទៅ?’”។ លោក​បាន​​រៀបរាប់​​​​បន្ត​​​ទៀត​ថា មាន​មួយ​លើក​​ណា​នោះ​ ទាហាន​ពីរ​នាក់​​បាន​គំរាម​បាញ់​លោក ខណៈ​​​​ពេល​​​លោក​​​​​​​ធ្វើ​​​ជា​ភ្នាក់​ងារ​​​ស៊ើប​​​​​​ការណ៍​​​​សម្ងាត់​នៅ​តំបន់​ការ​ពារ​មួយ​ដែល​ក្រុម​ហ៊ុន​របស់​លោក ទ្រី ភាព​ កំពុង​កាប់​ឈើ។

លោក អ៊ូច ឡេង ដែល​​ផ្លាស់​ប្ដូរ​ទីលំនៅ​ជា​ប្រចាំ​​ដោយ​សារ​ភ័យ​ខ្លាច​ការ​សង​សឹក​ពី​សំណាក់​​​​អ្នក​​​ដែល​​​​មាន​​​​​​ភាគ​​​​​​ហ៊ុន​​​​​​​​​ក្នុង​ជំនួញ​កាប់​​ឈើ​ បាន​​​​បន្ត​​​ថា ពាន​រង្វាន់​វីរជន​បរិស្ថាន​បាន​នាំ​មក​នូវ​​ការ​ទទួល​ស្គាល់​​​​​​របស់​​​​អន្តរជាតិ​ ប៉ុន្តែ​ទន្ទឹម​នឹង​នេះ​វា​ក៏​​ធ្វើ​ឲ្យ​លោក​ក្លាយ​ជា​ផ្ទាំង​ស៊ីប​ដែរ​។

លោក​ថ្លែង​ថា “គេ​​​​ចាប់​ខ្ញុំ​ដាក់​គុកមិន​​​​បាន​ទេ ព្រោះ​ខ្ញុំ​មាន​មេធាវី​ច្រើន និង​មាន​មិត្តភក្ដិ​ច្រើន​មកពី​អង្គការ​​ជាតិ និង​អន្តរជាតិ​។ គេ​ដឹង​ថា ខ្ញុំ​ធ្វើ​ការ​ងារ​​ពាក់​ព័ន្ធ​ការ​កាប់​ឈើ​​ខុស​ច្បាប់ ដូច្នេះ​អ្វី​ដែល​ពួកគេ​ត្រូវ​ការ​​​ គឺ​តាម​​​​​​​សម្លាប់​​​ខ្ញុំ​ចោល​”។

លោក​គូស​បញ្ជាក់​ថា លោក​មាន​ទុទិដ្ឋិ​និយម​​​ចំពោះ​ទិដ្ឋភាព​បរិស្ថាន​​របស់​កម្ពុជា​ក្រោម​ការ​​​​​ដឹកនាំ​របស់​​លោក​នាយក​រដ្ឋមន្ត្រី​​ ហ៊ុន សែន​។ ​​លោក​បាន​​រិះគន់​​ក្រុម​ការ​ងារ​ពិសេស​​ប្រឆាំង​​​​ការ​កាប់​ឈើ​ថ្មី​មួយ​​ដែល​លោក​នាយក​​រដ្ឋមន្ត្រី​​​បាន​បង្កើត​ឡើង​កាលពី​ដើម​ឆ្នាំ​នេះ និង​​ដែល​ដឹក​នាំ​​ដោយ​លោក សៅ សុខា ​មេបញ្ជាការ​កង​​​​រាជ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ថា ”​ខ្ញុំ​គិត​ថា រដ្ឋា​​​ភិបាល​​​​បាន​ត្រឹម​តែ​​សន្យា​ការ​ពារ​ព្រៃឈើ​​​​​​​​​​នៅ​​​​លើ​ក្រដាស​ប៉ុណ្ណោះ ដើម្បី​បោក​ប្រាស់​សហគមន៍​​​អន្តរជាតិ​ និង​ម្ចាស់​ជំនួយ ហើយ​​​​​​ក៏​​​​ដើម្បី​បោក​ប្រាស់​​​ប្រជាពលរដ្ឋ​ក្នុង​ប្រទេស​ឲ្យ​បោះ​ឆ្នោត​គាំទ្រ​គណបក្ស​ប្រជាជន​តែ​ប៉ុណ្ណោះ។ ពេល​នេះ​ គាត់​បាន​​បង្កើត​​​ក្រុម​ការ​ងារ​​នេះ​ដើម្បី​បាញ់​​រ៉ុក្កែត​​​ទៅ​លើ​អ្នក​កាប់​​​ឈើ​ខុស​ច្បាប់​ ឬ​ដើម្បី​ចាប់​ខ្លួន​ឧកញ៉ា ប៉ុន្តែ​រហូត​មក​ទល់​ពេល​នេះ​វា​មាន​រយៈ​ពេល​​ច្រើន​​​​ខែ​មក​ហើយ នៅ​តែ​គ្មាន​ការ​​ចាប់​ខ្លួន​ ហើយ​គ្មាន​អ្វី​កើត​ឡើង​ទាំង​អស់​។ បើ​យើង​ការ​ពារ​​​​​ព្រៃឈើ​​​​មិនទាន់​ពេល​វេលា​ទេ ហើយ​លោក​​ ហ៊ុន សែន ឈ្នះ​​​ការ​​​​​​បោះ​​​​ឆ្នោត​អាណត្តិ​ក្រោយ​​​​​​ អ្វីៗ​​​​នឹង​ចប់​ទាំង​ស្រុង​”។

លោក អេង ហ៊ី ​អ្នក​នាំពាក្យ​​​កង​រាជ​អាវុធ​ហត្ថ​​​លើ​​ផ្ទៃ​ប្រទេស​បាន​ចោទ​សួរ​​​​​​​​​​ជំុវិញ​​​​​​ការ​អះ​​​អាង​របស់​លោក អ៊ូច ឡេង ​​​ហើយ​​​បាន​​​​​​​​​​​​​​​លើក​​​ឡើង​​​​​​​​​ថា ​លោក​ធ្លាប់​បាន​ស្នើ​ឲ្យ​សកម្ម​ជន​រូប​នេះ​ចែក​រំលែក​​រាល់​ភ័ស្តុ​តាង​ដែល​លោក​​​​​​​​​​មាន​​​​ដើម្បី​​​​​​​បញ្ជាក់​​​​​​​​​ពី​​​ការ​បន្ត​​កើត​មាន​សកម្មភាព​កាប់​ឈើ​ខុស​ច្បាប់​។

លោក​បាន​​​បន្ថែម​​​​​​​​​​ថា “ខ្ញុំ​មិន​ដឹង​ថា គាត់​ទទួល​បានព័ត៌មាន​​​​​​​ថានៅ​​​តែ​​​​​​មាន​​​​​​ការ​​​កាប់​ឈើ​​​ខុស​ច្បាប់​​​​​​មក​​​ពី​​​ណា​​​ទេ។ ខ្ញុំ​បាន​ប្រាប់​អង្គការ​របស់​លោក អ៊ូច ឡេង ហើយ​ថា បើ​ពួកគាត់​​​ដឹង​ថាកំពុង​កើត​មានការ​កាប់​ឈើ​ខុស​ច្បាប់​​ ពួកគាត់​​​​គួរ​តែ​រាយការណ៍​មក​ក្រុម​ការ​ងារ​​ពិសេស​របស់​យើង  ហើយ​យើង​នឹង​ចាត់​វិធាន​​​ការ​ភ្លាម”។

​​​​​​​ទោះ​​​ជា​​​​​​​​​យ៉ាង​​​ណា ​​កាលពី​ម្សិលមិញ ​មន្ត្រី​ក្រសួង​បរិស្ថាន​ ក្រសួង​កសិកម្ម និង​រដ្ឋបាល​ព្រៃឈើ​ មិន​អាច​ទាក់​ទង​សុំ​​ការ​បំភ្លឺ​​​​​បាន​​​​​​​​​​​​​​​ឡើយ​​​​​ជុំវិញ​​ការ​ទទួល​បាន​ពាន​រង្វាន់​របស់​លោក អ៊ូច ឡេង ៕ សុខុម (រាយការណ៍​បន្ថែម​ដោយ អូន ភាព​)​​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស