28 C
Phnom Penh

ការចាក់បញ្ចាំង​ភាពយន្ត​ឯក​សារ​​​របស់លោក​ ឈុត វុទ្ធី​ ​ត្រូវ​បាន​លុប​​​ចោល​​​តាមសំណើ​របស់​ក្រសួង​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

យោង​តាម​អ្នក​ដឹកនាំ​ថត​ភាព​យន្ត​ឯក​សារ​​​របស់​លោក​ ឈុត វុទ្ធី ​សកម្មជន​ការ​ពារ​បរិស្ថាន​​ដែល​ត្រូវ​គេ​សម្លាប់​​​បាន​ឲ្យដឹងថា គម្រោង​ចាក់​បញ្ចាំង​​ភាព​យន្ត​ឯកសារ​​នៅ​ក្នុង​រាជធានី​ភ្នំពេញ​ក្នុង​​សប្ដាហ៍​នេះ​ស្តី​អំពី​រយៈ​ពេល​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នៃ​ជីវិត​របស់​សកម្ម​​ជន​​រូបនេះ​​​ ត្រូវ​បាន​លុប​ចោល​វិញ​​តាម​​​​សំណើ​​របស់​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ។           

កាលពី​ម្សិលមិញ​​ ក្រសួង​​បាន​​ផ្ញើ​លិខិត​មួយ​ច្បាប់​ជូន​លោក នីកូ មេស្ទ័រហាម (Nico Mesterharm) ស្ថាបនិក​និង​ជា​ប្រធាន​មជ្ឈ​មណ្ឌល​​ ​​Meta House ដែល​គ្រោង​ចាក់​បញ្ចាំង​ភាព​យន្ត​ឯកសារ​មាន​ចំណង​ជើង​ថា “​ខ្ញុំ​គឺ​ជា​ ឈុត វុទ្ធី” នៅ​ថ្ងៃ​ពុធ ដោយ​ពន្យល់​ថា ការ​ចាក់​បញ្ចាំង​​​ភាព​​យន្ត​​ឯកសារ​នេះ​មិន​អាច​បន្ត​តាម​ការ​គ្រោង​ទុក​បាន​​ទេ ព្រោះ​​គ្មាន​​ការ​អនុញ្ញាត​ត្រឹម​ត្រូវ​​​​​។

ដោយប្រើ​ឈ្មោះផ្សេង​សម្រាប់​មជ្ឈ​មណ្ឌល​​ ​​​Meta House ក្រសួង​​បាន​លើក​ឡើង​​ថា “​ខ្ញុំ​ចង់​ជម្រាប​ថា ក្រសួង​វប្បធម៌​ និង​វិចិត្រ​​សិល្បៈ ទទួល​បាន​ព័ត៌មាន​​អំពី​ការ​ចាក់​បញ្ចាំង​ភាព​យន្ត​ឯកសារ​មាន​ចំណង​ជើង​ថា ’ខ្ញុំ​គឺ​ជា ឈុត​ វុទ្ធី’ ដែល​នឹង​ចាក់​បញ្ចាំង​​នៅ​ម៉ោង​​៨​យប់​​ថ្ងៃទី​២០ ខែ​មេសា ឆ្នាំ​២០១៦ នៅ​មជ្ឈ​មណ្ឌល​​​វប្បធម៌​​កម្ពុជា-អាល្លឺម៉ង់​”។

ក្រសួង​​​លើក​ឡើង​បន្ត​ថា “​ក្រសួង​ទទួល​​​បាន​​​ដំណឹង​ថា មជ្ឈមណ្ឌល​វប្បធម៌​កម្ពុជា-អាល្លឺម៉ង់​​​នៅ​មិន​ទាន់​ទទួល​បាន​ការ​អនុញ្ញាត​​​ស្រប​តាម​​​បទប្បញ្ញត្តិ​មាន​ស្រាប់​ដែល​តម្រូវ​​ថា គ្រប់​ប្រភេទ​​​​​​​​​​​​នៃ​ភាព​យន្ត​ទាំង​អស់​ត្រូវ​​តែ​ទទួល​បាន​​​​​ការ​អនុញ្ញាត​ពី​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​​​​ជាមុននៅឡើេយទេ​ មុន​ពេល​​ចាក់​បញ្ចាំង​ជា​ សាធារណៈ​”។

មជ្ឈមណ្ឌល​ Meta House ដែល​រៀបចំ​ចាក់​បញ្ចាំង​​ភាព​យន្ត​ដ៏​សំខាន់​មួយនេះ​​នៅ​​ក្នុង​រាជ​ធានី​ភ្នំពេញ​ កាលពី​ខែ​ធ្នូ ឆ្នាំ​២០១៤ បាន​បិទ​ទ្វារ​នៅ​រៀងរាល់​ថ្ងៃ​​ច័ន្ទ ហើយ​លោក នីកូ មេស្ទ័រហាម មិន​អាច​ទាក់​ទង​សុំ​ការ​​ធ្វើ​អត្ថា​ធិប្បាយ​បាន​ទេ​។

លោក ឈុត វុទ្ធី ​ត្រូវ​បាន​គេ​បាញ់​ស្លាប់​កាលពី​ខែ​មេសា ឆ្នាំ​២០១២ ក្នុង​អាយុ​៤៦​ឆ្នាំ​ ដោយ​ធ្វើ​ឲ្យ​ខ្លួនលោក​ក្លាយ​ជា​សកម្មជន​​ម្នាក់​ក្នុង​ចំណោម​អ្នក​​ការ​ពារ​ព្រៃឈើ​ដ៏លេច​ធ្លោ​បំផុត​នៅ​ក្នុង​ប្រទេស​។ លោក​ត្រូវ​បាន​គេ​​​សម្លាប់​​​​អំឡុង​ពេល​មាន​ការ​ឈ្លោះ​ប្រកែក​​​​​គ្នា​​​ជាមួយ​កង​រាជអាវុធហត្ថ​​ ខណៈ​លោក​កំពុង​​​​​​​ស៊ើបអង្កេត​​ករណី​សង​្ស័យថាមាន​កាប់​ឈើ​ខុស​​​​​ច្បាប់​​​ជាមួយ​អ្នក​យក​ព័ត៌មាន​​មកពី​កាសែត​ ខេមបូឌា ដេលី នៅ​ក្នុង​​ខេត្ត​កោះកុង​។

ការ​ស៊ើបអង្កេត​ផ្លូវ​ការ​មួយដែល​រក​ឃើញ​ថា ​មន្ត្រី​កង​រាជអាវុធហត្ថ​ម្នាក់​ឈ្មោះ អុិន រតនា ជា​អ្នក​បាញ់​លោក ឈុត វុទ្ធី មុន​ពេល​ត្រូវ​មន្ត្រី​ម្នាក់​ទៀត​បាញ់​សម្លាប់​ដោយ​ចៃ​ដន្យ​នោះ​​​ បាន​រង​ការ​រិះគន់​យ៉ាង​ខ្លាំង​​ពី​សំណាក់​អង្គការ​សិទ្ធិ​មនុស្ស​ថា ខ្វះ​ភ័ស្តុតាង ឬ​ខ្វះ​ការ​ពន្យល់​។ ទីបំផុត​ សាលា​ដំបូង​ខេត្ត​​បាន​​ដក​​ការ​​ចោទ​ប្រកាន់​លើ​មន្ត្រី​ដែល​នៅ​រស់​​រាន​មាន​ជីវិត​រូប​នេះ។

​ក្រុម​​​​ដែល​​ថត​​ភាព​​យន្តឯកសារ ”​ខ្ញុំ​គឺ​ជា ឈុត វុទ្ធី” ​បាន​ចាប់​ផ្ដើម​ថត​ភាពយន្ត​ឯកសារ​នេះ​មុន​ពេល​សកម្មជន​រូប​នេះ​ត្រូវ​បាន​សម្លាប់​ ​​​​ហើយ​​ភាព​យន្ត​ឯកសារ​នេះ​រៀបរាប់​ចំណុច​សំខាន់ៗ​ដែល​លោក ឈុត វុទ្ធី និយាយ​​អំពី​ការ​គំរាម​កំហែង​មក​លើ​រូប​លោក និង​ស្ថាន​ភាព​ដ៏គ្រោះ​ថ្នាក់​នៃ​ការ​ងារ​របស់​លោក​។

ទោះ​បី​ជា​​ហេតុ​ផល​​ការិយាធិបតេយ្យ​​ជាមូលហេតុ​ដែល​ធ្វើ​ឲ្យ​មាន​ការ​លុប​ចោល​​ការ​​ចាក់​បញ្ចាំង​ភាព​យន្ត​ឯកសារ​នេះ​ក៏ដោយ ​​​តែ​​លោកស្រី ​ហ្វ្រង់ ឡាមប្រ៊ិក (Fran Lambrick) ​​ដែលជា​​អ្នក​ដឹកនាំ​ និង​ជា​អ្នក​​ផលិត​​បាន​លើក​ឡើង​កាលពី​ម្សិលមិញ​ថា លោកស្រី​ជឿ​ថា វា​​គឺ​ដោយ​សារ​តែ​បញ្ហា​នយោបាយ​សុទ្ធសាធ​។

លោកស្រី​​លើក​ឡើង​តាម​រយៈ​អុីម៉េល​​​​​​​មួយ​ថា “​ Meta House ​សម្រេច​មិន​ចាក់​បញ្ចាំង​​​​​​​​​​​​​​​ភាព​យន្ត​ឯកសារ​នេះ​ឡើយ​។ គ្មាន​ការ​ជូន​ដំណឹង​​​​​ថា ខ្សែភាព​យន្ត​នេះ​​​អាច​ចាក់​បញ្ចាំង​បាន​ឬ​មិន​​បាន​នោះ​ទេ​ ប៉ុន្តែ​រដ្ឋាភិបាល​​​​​​​កំពុង​តែ​បង្កើន​ការ​​ដាក់​សម្ពាធ​ទៅ​លើ​អ្នក​ការ​ពារ​បរិស្ថាន​។ ​អ្នក​ទាំង​នេះ​តាម​ពិត​ទៅ​​គឺ​ជា​មនុស្ស​ដែល​គួរ​តែ​កោត​សរសើរ និង​ផ្ដល់​កិត្តិយស​”។

លោកស្រី​ កាស៊ូមិ អារ៉ៃ (Kazumi Arai) អ្នក​​​គ្រប់​​គ្រង​ផ្នែក​​​​ទំនាក់ទំនង​​​​នៅ​មជ្ឈមណ្ឌល​សោត​ទស្សន៍​បូផាណា ដែល​​ជារឿយៗ​តែង​តែ​​​​​ចាក់​បញ្ចាំង​ភាពយន្ត​ជា​សាធារណៈ ថ្លែង​ថា ការ​ដាក់​​​​ជូន​ភាព​យន្ត​ឲ្យ​ក្រសួង​​ពិនិត្យ​​​​​គឺ​ជា​រឿង​ធម្មតា​ទៅ​ហើយ​ ហើយ​ថា ការ​សម្រេច​របស់​​​​ខ្លួន​ពាក់​ព័ន្ធ​ភាព​យន្ត​ ”​ខ្ញុំ​គឺ​ជា ឈុត​ វុទ្ធី” មិន​មែន​​​​​​ជា​រឿង​​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​នោះ​ទេ។

​លោកស្រី​បាន​មាន​ប្រសាសន៍​ថា ​”នេះ​គឺ​ជា​កម្ពុជា​​ វាតែង​តែ​អ៊ីចឹង​ហើយ​”។

លោកស្រី​បាន​បន្ថែម​ថា “មិន​ដូច​ប្រទេស​ផ្សេង​ ដូច​ជា​បណ្តា​ប្រទេស​លោក​ខាង​លិច​នោះ​ទេ។ យើង​​ព្យាយាម​អស់​ពី​លទ្ធភាព​…វា​កើត​មាន​ជា​រៀងរាល់​ថ្ងៃ​នៅ​ក្នុង​ស្ថាប័ន​ដែល​​​​ធ្វើ​ការ​សម្រាប់​វប្បធម៌​”។

លោកស្រី ចក់​ សុភាព ប្រធាន​មជ្ឈ​មណ្ឌល​​​​សិទ្ធិ​មនុស្ស​កម្ពុជា​បាន​គូស​បញ្ជាក់​ថា ក៏​ធ្លាប់​មាន​ការ​សម្រេច​ស្រដៀង​គ្នា​នេះ​ដែរ​នៅ​ក្នុង​​ការ​រារាំង​មិន​ឲ្យ​មជ្ឈមណ្ឌល​ Meta House ​ចាក់​បញ្ចាំង​​ភាព​យន្ត​ឯកសារ​ “នរណា​សម្លាប់​ ជា វិជ្ជា?” ជា​ភាពយន្ត​ឯកសារ​ស្ដីអំពី​ការ​សម្លាប់​បុរស​ម្នាក់​​ដែល​​ជា​មេដឹកនាំ​សហជីព​ដ៏ជោគ​ជ័យ​​​​​បំផុត​នៅ​ក្នុង​ប្រទេស​កម្ពុជា​ក្នុង​ឆ្នាំ​២០០៤​​។

លោកស្រី​​លើក​ឡើង​តាម​រយៈ​អុីម៉េល​​ថា ​​​”​ខ្សែភាព​យន្ត​ទាំង​ពីរ​នេះ​ព្យាយាម​ធ្វើ​អ្វី​ដែល​រដ្ឋាភិបាល​បដិសេធ​ថា ខ្លួន​ឯង​មិន​បាន​ធ្វើ​ ដើម្បី​​​​​​​ស្វែង​រក​យុត្តិធម៌​ជូន​អ្នក​ការ​ពារ​សិទ្ធិ​មនុស្ស​ដែល​​​​ត្រូវ​បាន​គេ​សម្លាប់​​ទាំង​នេះ​ និង​ក្រុម​គ្រួសារ​របស់​​​​ពួកគាត់​។ការ​ហាម​ឃាត់​នេះ​​​​បង្ហាញ​​​​ឲ្យ​ឃើញ​ពី​ឧទាហរណ៍​មួយ​ទៀត​នៃ​វប្បធម៌​និទណ្ឌ​​ភាព​ដែល​កើត​មាន​យ៉ាង​រាល​​​​ដាល​នៅ​​​កម្ពុជា​ និង​ជា​បញ្ហា​ដែល​រដ្ឋា​ភិបាល​នឹង​ថែរក្សា​​​​​វា​ឲ្យនៅ​មាន​តទៅ​មុខ​ទៀត​”៕ស៊ុយឈាង 

(រាយការណ៍​បន្ថែម​ដោយ គុច ណារ៉េន​)​​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស